ពលរដ្ឋ​២​ខេត្ត​​ដែល​​រង​​ផល​​ប៉ះ​ពាល់​​ពី​​គម្រោង​​អភិ​វឌ្ឍ​ន៍​​ព្រលា​ន​យន្តហោះ​​សុំ​​អន្តរា​គមន៍​​ពី​​នាយក​​រដ្ឋ​មន្ត្រី​​

ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ប្រជាពលរដ្ឋ​ជាង៥០នាក់មក​ពី​ខេត្តកណ្តាលនិង​ខេត្តតាកែវ ប្រមូលផ្ដុំដាក់ញត្តិជាថ្មីនៅភូមិគ្រឹះលោក ហ៊ុន សែន ក្នុងក្រុងតាខ្មៅ ករណីប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី។ (ហ៊ី ឆាយ)

ប្រជាពលរដ្ឋ​ជាង៥០នាក់មក​ពី​ខេត្តកណ្តាលនិង​ខេត្តតាកែវ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី នៅ​ថ្ងៃអង្គារ​នេះ បាន​ប្រមូល​ផ្តុំគ្នា​នៅ​ក្បែរ​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្រុង​តាខ្មៅ ដើម្បី​សុំ​ឱ្យ​លោក​ជួយ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ពួក​គេ។

អ្នកស្រី អ៊ុន សឿន អាយុ៦៨ឆ្នាំ មក​ពី​ខេត្តតាកែវ ប្រាប់​វី​អូ​ឌី​កន្លែង​ប្រមូល​ផ្តុំ​ថា គម្រោង​អភិវឌ្ឍ​ន៍​ព្រលា​នយន្តហោះថ្មីនេះ បាន​ធ្វើឱ្យប៉ះពាល់​ដីស្រែ​ពលរដ្ឋ​ចំនួន២៥០នាក់ នៅ​ឃុំ​ពុត​ស ស្រុក​បាទី ដោយ​អ្នកខ្លះ​ប៉ះពាល់​កន្លះ​ហិ​កតានិង​ខ្លះទៀត​មួយ​ហិ​កតា។

ស្រ្តី​រូប​នេះឱ្យ​ដឹង​ទៀត​ថា កន្លងមក ក្រុមហ៊ុន​បាន​ដោះស្រាយ​ជាគោល​នយោបាយ ដោយ​ផ្តល់​សំណង​ចន្លោះពី៣ដុល្លារទៅ៨ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​សំណង​នេះ​ពួក​គាត់​ពុំ​អាច​ទទួលយក​បានទេ ដោយ​ពួក​គាត់​ទាមទារ​សំណង​តាម​តម្លៃ​ទីផ្សារនិង​សុំ​បើក​ប្រព័ន្ធ​ប្រឡាយ​ទឹក​ឱ្យ​ពួក​គាត់​មាន​ទឹក​សម្រាប់​បង្កបង្កើនផល​ឡើងវិញ។

អ្នកស្រី​បន្ថែម​ថា៖ «សុំ​ឱ្យ​សម្តេច ​[ហ៊ុន សែន​] ជួយ​ដោះស្រាយ​កូនចៅ​ឱ្យ​បាន​តម្លៃ​សមរម្យ ដើម្បី​ឱ្យ​កូនចៅ​បាន​លុយ​អាច​ទៅ​ទិញ​ដី​បាន​សម្រាប់​បង្កបង្កើនផល ​ចិញ្ចឹម​កូនចៅ​តទៅមុខ​ទៀត កុំឱ្យ​ដូច​ពាក្យ​មន្ត្រី​សុ​រិយោ​ដី លោក​ថា ដី​ហ្នឹង​បើ​យើង​អត់​លក់៨ដុល្លារ​ហ្នឹង​ទេ រដ្ឋ​នឹង​ដក​យក»។

ពលរដ្ឋ​នៅ​ឃុំ​ពុត​សម្នាក់​ទៀត អ្នកស្រី ក្រាញ់ ចាន់​ឌី និយាយ​ថា គម្រោង​អភិវឌ្ឍ​ន៍​ព្រលា​នយន្តហោះ​ភ្នំពេញថ្មី បាន​ធ្វើ​ឱ្យប៉ះពាល់​ទាំង​ដី​ជាប់​ក្នុង​ព្រលា​ននិង​ដី​នៅ​ក្រៅ​ព្រលា​ន។ អ្នកស្រី​បញ្ជាក់​ថា ដី​ក្រៅ​ព្រលា​នគឺ​ពលរដ្ឋ​មិន​អាច​បង្កបង្កើនផល​បានទេ ដោយសារ​អាជ្ញាធរ​បិទ​ប្រព័ន្ធ​ប្រឡាយ​ទឹក ខណៈ​ដី​ក្នុង​ព្រលា​នគេ​ឱ្យតម្លៃថោក។

អ្នកស្រី​បន្ថែម​ថា៖ «ឥលូវ​គេ​បិទ​ស្ទឹង គេ​ទប់ទឹក​ អត់​ទម្លាក់​ទឹក​ឱ្យ​ពួក​យើង ហើយ​អត់មាន​ទឹក​ធ្វើស្រែ​ទៀត ឥលូវ​កំពុង​ពិបាកចិត្ត ដេក​គិត​រហូត ព្រោះ​ខ្ញុំ​មាន​ដី​តែ​ប៉ុណ្ណឹង ហើយ​ត្រូវ​ចិញ្ចឹម​កូន៥នាក់ ហើយ​ខ្លួន​ឈឺ​ទៀត»។

ក្រៅពី​ពលរដ្ឋ​នៅ​ខេត្តតាកែវ​នេះ ក៏​មាន​ពលរដ្ឋ​មួយ​ក្រុម​ទៀត​នៅ​ខេត្តកណ្តាល ដែល​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍ​ន៍​ព្រលា​នយន្តហោះ​ថ្មី ទៅ​ប្រមូល​ផ្តុំ​នៅមុខ​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី​ផង​ដែរ ដើម្បី​តាមដាន​ញត្តិ​របស់​ពួក​គេ​ដែល​ធ្លាប់​បាន​ដាក់​កន្លងមក។

អ្នកស្រី ឆន ចាន់​ថុល មក​ពី​ឃុំ​បឹងខ្យាង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និយាយ​ថា ការដែល​ពួក​គាត់​ឡើង​ទៅ​សុំ​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​ជាថ្មី​នេះ ដោយសារ​ការ​ដាក់​ញត្តិ​របស់​ពួក​គាត់​នា​ពេល​កន្លងមកនៅ​ពុំ​ទាន់​មានការ​ឆ្លើយតប។

អ្នកស្រី​បន្ថែម​ថា៖ «រហូតមកដល់​ថ្ងៃនេះ មាន​រយៈពេល​ច្រើនថ្ងៃ​ហើយ អត់​ឃើញ​ខាង​ខេត្ត​គេ​ជូនដំណឹងនិង​ហៅ​ពួក​យើង​ទៅ​ដោះស្រាយ​ទេ អីចឹង​ឥលូវ​បងប្អូន​យើង​មករ​កស​ម្តេច​ម្តង​ទៀត ដើម្បី​សុំ​ឱ្យ​សម្តេច​ជួយ​ដោះស្រាយ​ក្នុង​រឿង​ហ្នឹង ព្រោះ​វា​ជាប់ពាក់ព័ន្ធ​ច្រើនណាស់»។

ការ​ប្រមូល​ផ្តុំ​ដាក់​ញត្តិ​របស់​ប្រជាពលរដ្ឋ​ទាំងពីរ​ក្រុម​នេះ ត្រូវ​បាន​មន្ត្រី​យាម​នៅ​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ដែល​សុំ​មិន​ប្រាប់​ឈ្មោះ បញ្ជាក់​ថា មន្ត្រី​បាន​ទទួល​ញត្តិ​របស់​ពលរដ្ឋ​ហើយនិង​ផ្តល់​ដំណឹង​ដល់​ពលរដ្ឋ​វិញ​ក្នុង​ពេល​ឆាប់​ៗនេះ។

មន្ត្រី​យាម​ភូមិគ្រឹះ​នាយក​រដ្ឋមន្ត្រី និយាយ​ថា៖ «អីចឹង​! មីង​ៗអញ្ជើញ​ទៅផ្ទះ​វិញ​ចុះ ពីព្រោះ​មន្ត្រី​យើង​បាន​ទទួល​ឯកសារ​ហើយ អីចឹង​មីង​ចាំ​ទទួល​លទ្ធផល​ចុះ! គាត់​តេ​ប្រាប់ មិនយូរ​ទេ»។

វី​អូ​ឌី មិនអាច​សុំ​ការ​អត្ថា​ធិប្បាយ​ពីអ​ភិបាល​ខេត្តតាកែវ លោក អ៊ូច ភា និង​អភិបាលខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ បានទេ នៅ​ថ្ងៃអង្គារ​នេះ។

ប៉ុន្តែលោក គង់ សោភ័ណ្ឌ ធ្លាប់​បញ្ជាក់​កាលពី​ពេល​ថ្មី​ៗនេះ​ថា រដ្ឋបាល​ខេត្ត​និង​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ពិចារណា​ដោះស្រាយ​ករណីនេះ​ហើយ។

ក្នុង​លិខិត​មួយ​របស់​រាជរដ្ឋាភិបាលកាលពី​ចុងឆ្នាំ២០១៧ បានឱ្យ​ដឹង​ថា គម្រោង​សាងសង់​អាកាសយាន​ដ្ឋាន​ភ្នំពេញ​អន្តរជាតិ​ថ្មី មានតម្លៃ​ប្រមាណ១,៥០០លាន​ដុល្លារ ស្ថិត​លើ​ផ្ទៃដី​ទំហំ២,៦០០ហិ​កតា ក្នុង​ភូមិសាស្ត្រ​ស្រុក​កណ្ដាលស្ទឹងនិង​ស្រុក​ស្អាង ខេត្ត​កណ្ដាល និង​មួយ​ផ្នែក​នៃ​ស្រុក​បាទី ខេត្តតាកែវ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ