បុគ្គលិក​​​ធ្វើការ​នៅភូមិ​វប្បធម៌កម្ពុជា បន្តការ​តវ៉ា​ទាមទារ​លក្ខខណ្ឌការ​​ងារ​​៣​ចំណុច​​

កម្មករនិយោជិតធ្វើការ​នៅក្រុម​ហ៊ុន​ភូមិវប្បធម៌​កម្ពុជា តវ៉ានៅមុខ​ក្រុម​ហ៊ុន នៅ​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (រូបថតពី​តំណាងកម្មករ​និយោជិតដែលតវ៉ា លោក លឹម សុផា)

កម្មករនិយោជិត​ជាង ៤០នាក់ ធ្វើការនៅ​ភូមិវប្បធម៌កម្ពុជា ខេត្ត​សៀមរាប​ បាន​បន្តការ​​​តវ៉ា​​នៅថ្ងៃចន្ទ​នេះ ដើម្បី​ទាម​ទារ​ឱ្យខាងភាគីក្រុម​ហ៊ុនភូមិ​វប្បធម៌កម្ពុជា​​ សងប្រាក់​ឈ្នួល២០ភាគរយ ​និង​ប្រាក់​ថ្លៃអាហារ​ប្រចាំខែ ដែលភាគីក្រុម​ហ៊ុន​បាន​កាត់​ពីពួកគេ​​​កន្លង​មក រួម​និ​ងលក្ខ​ខណ្ឌ​​ការ​ងារ​​​មួយ​ចំនួនទៀត។

អ្នកស្រី រិទ្ធ ស៊ីមល អាយុ ៣៦ឆ្នាំ ជាគ្រូសម្ដែងរបាំបុរាណនៅភូមិវប្បធម៌កម្ពុជា​ បានប្រាប់​វីអូឌី​ថា ពួកគាត់​បាន​នាំគ្នា​ធ្វើ​កូដកម្ម​តវ៉ា ចាប់តាំងពីថ្ងៃទី១៤ និង​ទី១៥ ខែសីហាមក ដោយ​​ទាមទារ​ឱ្យ​ភាគីក្រុម​​ហ៊ុន ដោះស្រាយ​វិវាទការ​ងារ​ ៣ចំណុច។

អ្នកស្រីបន្តថា ការ​ទាមទារ​៣ចំណុច​របស់​កម្មករនិយោជិត រួមមាន ទាមទារឱ្យ​និយោជក​​ចូលចរចា​អនុសញ្ញារួម​ជាមួយសហជីពដោយស្មោះត្រង់, រក្សា​ការិយាល័យសិល្ប: និង​តួនាទីរបស់​កម្មករនិយោជិតចំនួន ៥នាក់ ដែលធ្វើការក្នុងការិយាល័យនោះនៅដដែល ដោយគ្មានការ​ផ្លាស់​​​ប្តូរ និងទាមទារ​ប្រាក់ថ្លៃអាហារ​ប្រចាំខែ ២៥ដុល្លារ និងប្រាក់ខែ ២០ភាគរយ​ ដែលក្រុមហ៊ុន​បានកាត់ពីកម្មករនិយោជិតកន្លងមក។

អ្នកស្រីបានបញ្ជាក់ថា៖ «ពួកខ្ញុំទាំងអស់គ្នាតាំងចិត្តថាតវ៉ាទាល់តែមានដំណោះស្រាយ»។

អ្នកសម្ដែងសិល្បៈមួយ​រូប​ទៀត អ្នកស្រី សុខ ស្រីមុំ បាន​ឱ្យដឹង​ដែរថា ចាប់តាំងពីកម្មករនិយោជិតបាន​​ធ្វើការ​តវ៉ានោះមក ខាង​អាជ្ញាធរ​ខេត្ត ក៏បាន​សម្រប​សម្រួល​ឱ្យ​មានការ​​​ចរចារវាងភាគីទាំងពីរដែរ ប៉ុន្តែ​​នៅមិនទាន់មានលទ្ធផល​នៅឡើយ ទើបពួកគាត់​បន្ត​ការ​​តវ៉ា នៅថ្ងៃចន្ទនេះទៀត ដើម្បីជំរុញឱ្យមានដំណោះស្រាយ​ឆាប់ៗ។

អ្នកស្រី បាន​និយាយ​ថា៖​ «បញ្ហាបីខាងលើនេះ និយាយរួមទៅ គាត់អត់ទាន់មានដំណោះស្រាយ​​​អីឱ្យ​ពួកខ្ញុំទេ! បើមានក៏ពួកខ្ញុំអត់មកអង្គុយស្រែកអីចឹងដែរ។

អតីតប្រធានការិយាល័យភូមិវប្បធម៌កម្ពុជា លោក លឹម សុផា បានប្រាប់វីអូឌីថា គិត​​មក​ដល់​រសៀល​ថ្ងៃចន្ទនេះ ខាងភាគី​​​ក្រុមហ៊ុននៅមិនទាន់ការ​ឆ្លើយ​តបណាមួយចំពោះការ​ទាមទាររបស់​​កម្មករ​នៅឡើយ។

អនុប្រធានមន្ទីរការ​ងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប លោក អ៊ឹម ចំរើន បានបដិសេធអត្ថាធិប្បាយ ដោយប្រាប់ថាជាប់ប្រជុំរកដំណោះស្រាយ​លើករណីនេះ​។

វីអូឌី ពុំអាចស្វែង​រក​ការ​បញ្ជាក់ពីប្រធានគ្រប់គ្រង​ទូទៅក្រុម​ហ៊ុនភូមិ​វប្បធម៌កម្ពុជា លោក​ស្រី លឹម សុភ័ក្រ និង​​អនុប្រធានគ្រប់​គ្រងទូទៅ លោក ទូច សុជាតិ បាន​ទេ។

ប៉ុន្តែតំណាង​ភាគីនិយោជក​ក្រុម​ហ៊ុន​ភូមិវប្បធម៌ទាំងពីររូប​នេះ បានបញ្ជាក់ប្រាប់សារ​ព័ត៌​​មាន​ Fresh News កាលពីថ្ងៃម្សិល​មិញថា​ ភាគីនិយោជក មិនមានចេតនា​ណាមួយ​គេចវេស​ការ​ដោះស្រាយ​ជាមួយកម្មករ​នោះទេ ខណៈការ​ចរចា​រកដំណោះស្រាយ​បាន​ធ្វើឡើង​​ជាបន្តបន្ទាប់​ ប៉ុន្តែនៅពុំទាន់មានការ​ឯកភាពគ្នា។​

ភាគីក្រុម​ហ៊ុន បាន​បន្តថា និយោជក​ភូមិ​វប្បធម៌កម្ពុជា នៅតែបង្ហាញគោលជំហរក្នុង​ការ​​ចូល​រួមដោះស្រាយ​​វិវាទការងារនេះឱ្យបាន​ឆាប់បំផុត។

ភាគីក្រុម​ហ៊ុន បាន​បញ្ជាក់ពីមូលហេតុ​ថា ដោយសារ​បញ្ហ​ាជំងឺកូវីដ​១៩ បាន​ធ្វើ​ឱ្យចំណូល​​ក្រុម​ហ៊ុនមានការ​ធ្លាក់ចុះ ប៉ុន្តែដើម្បីរក្សាការងារ​របស់កម្មករ​និយោជិតជាង ៣០០នាក់ ដែល​ធ្វើ​ការ​នៅទីនោះ ទើប​ខាង​ក្រុម​ហ៊ុនសម្រេចផ្តល់​ប្រាក់​​បៀវត្សរ៍៨០% និងកាត់បន្ថយម៉ោងការងារពី ៨ម៉ោង មក​៦ម៉ោងកន្លះក្នុងមួយ​ថ្ងៃ ដោយមានការ​យល់ព្រម​ពីកម្មករ​និយោជិត​ភាគច្រើន​ លើកលែងតែកម្មករ​និយោជិតជាង ៤០នាក់ ដែលផ្ទុះកា​រតវ៉ានេះ៕


ចំណាំ​៖ «ការស្រាវជ្រាវ​នេះ​ ផលិត​ឡើង​ដោយមាន​ការ​គាំទ្រ​ពី​មូលនិធិ​ Rosa​ Luxemburg​ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់ក្រ​សួង​សហព័ន្ធ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​»។

គាំទ្រដោយ៖

ROSA LUXEMBURG STIFTUNG
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ