អ្នក​គាំ​ទ្រ​​និង​​សាច់​ញាតិ​​លោ​ក រ៉ុង​ ឈុន​ ខក​ខាន​​ដាក់​​ញត្តិ​​នៅ​​ស្ថាន​ទូត​​ជប៉ុន​​ដោយ​សារ​​មាន​ការ​​រារាំង​

សមត្ថកិច្ចរារាំងអ្នកគាំទ្រនិងសាច់ញាតិលោក រ៉ុង ឈុន មិនឱ្យធ្វើដំណើរថ្មើរជើងយកញត្តិទៅដាក់នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅចំណុចស្ពានអាកាសក្បាលថ្នល់ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

​អ្នក​គាំ​ទ្រនិង​សាច់ញាតិ​របស់លោក រ៉ុង ឈុន បាន​បរាជ័យ​ក្នុង​ការ​ដាក់​ញត្តិ​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ចន្ទ​នេះ ក្រោយ​អាជ្ញាធរ​ខណ្ឌចំការមនរារាំង​មិន​ឱ្យពួក​គេ​ដើរ​ដោយ​ថ្មើរជើង​ទៅកាន់​ស្ថានទូត។

តំណាង​យុវជន សហជីព និង​ពលរដ្ឋ រួម​ទាំង​សាច់ញាតិ​លោ​ក រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ប្រមាណ៣០នាក់ បាន​នាំគ្នា​ដាក់​ញត្តិ​នៅ​ការិយាល័យ​ឧត្តម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា (UNHCR​) ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដើម្បី​សុំ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ដោះលែងលោក រ៉ុង ឈុន និង​អ្នកជាប់ពន្ធ​នា​គារ​មួយចំនួន​ទៀត។

ក្រោយ​ដាក់​ញត្តិ​នៅ​ការិយាល័យ UNHCR រួច ពួក​គេ​បាន​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ឆ្ពោះទៅ​កាន់​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរនិង​សន្តិសុខ​ខណ្ឌចំការមនរារាំង​នៅ​លើ​កំណាត់ផ្លូវ​លេខ២៧១ ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់។

លោក អែម ប៉ុ​នណា​រិទ្ធ ដែល​អះអាង​ថាជា​សហការី​របស់​លោក រ៉ុង ឈុន បាន​និយាយ​ថា ដោយសារ​មានការ​រារាំង​ពីសំណាក់​អាជ្ញាធរ បាន​ធ្វើ​ឱ្យ​ពួក​គាត់​សម្រេចចិត្ត​មិនទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​ជប៉ុន​ទេ ដើម្បី​ចៀសវាង​ការ​កើតមាន​នូវ​បា​តុ​ភាព​ផ្សេង​ៗឬការ​ប៉ះទង្គិច​គ្នា​ណាមួយ​ជាមួយ​អាជ្ញាធរ។ លោក​បាន​ចាត់ទុក​ការរារាំង​ពីសំណាក់​អាជ្ញាធរ​ថា ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់។

លោក​ថា៖ «ការរារាំង​នេះ វា​បង្ហាញ​រូបភាព​អាក្រក់និង​រូបភាព​មួយ​នៃ​ការ​ធ្លាក់ចុះ​នូវ​ការគោរព​សិទ្ធិមនុស្ស ហើយ​បង្ហាញ​ឱ្យ​អន្តរជាតិ​មើលឃើញ​ថា ខ្មែរយើង​ពិតជា​ធ្លាក់ចុះ​នូវ​លទ្ធិប្រជាធិបតេយ្យ​រហូត​ដល់​សូន្យ»។

លោក ឡុង រឹម អះអាង​ថា​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ចូលរួម​ដាក់​ញត្តិ​ដែរ​នោះ បាន​និយាយ​ថា លោក រ៉ុង ឈុន ជា​មនុស្ស​សកម្ម​ក្នុង​ការ​ជួយការ​ពារ​ផលប្រយោជន៍​គ្រូបង្រៀននិង​កម្មករ ព្រមទាំង​ឈឺឆ្អាល​លើ​បញ្ហា​ព្រំដែន។

លោក​បន្ត​ថា៖ «រដ្ឋាភិបាលនិង​មន្ត្រី​រាជការ​មួយចំនួនបាន​លើកឡើង​​ថា យើង​ជា​ប្រទេស​នីតិរដ្ឋ ចុះ​ហេតុអ្វីបានជា​ចូល​ទៅ​ចាប់​លោក​[រ៉ុង ឈុន​]ទាំង​កណ្តាល​យប់​បែបនេះ វា​ជា​អំពើ​មួយ​អសីលធម៌​ដែល​យើង​មិន​អាច​ទទួលយក​បានទេ»។

អភិបាលរង​ខណ្ឌចំការមន លោក កែវ សំណាង បាន​ប្រាប់​វី​អូ​ឌី​នៅកន្លែង​រារាំង​ថា អាជ្ញាធរ​មិនបាន​ហាមឃាត់​រឿង​ពលរដ្ឋ​ដាក់​ញត្តិ​នោះ​ទេ ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​មានការ​ដើរ​ហែ​ក្បួនដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ។

លោក​និយាយ​ថា៖ «ពួក​គាត់​ដាក់​ញត្តិ គាត់​ដាក់​នៅ​អង្គការ​សហ​ប្រជាជា​តិ​រួចហើយ ប៉ុន្តែ​ពួក​គាត់​ចង់ទៅ​ទូត​ជប៉ុន​ទៀត អីចឹង​យើង​ចង់​ឱ្យពួក​គាត់​ជិះកង់​បី​ទៅ កុំ​ឱ្យដើរ​ វា​ប៉ះពាល់​សណ្តាប់​ធ្នាប់និង​ស្ទះចរាចរណ៍។ យើង​សំណូមពរ​ឱ្យជិះកង់​បី​តែ​ប៉ុណ្ណឹង​ទេ»។

វី​អូ​ឌី ពុំ​អាច​សុំ​ការ​បញ្ជាក់​ពី​តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជាបានទេ​នៅ​ថ្ងៃនេះ។

កន្លងមក អ្នក​គាំ​ទ្រនិង​សាច់ញាតិ​របស់លោ​ក រ៉ុង ឈុន បាន​ដាក់​ញត្តិ​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ស្ថានទូត​បារាំង និង​សហគមន៍​អឺរ៉ុប ហើយ​ពួក​គេ​ថា នឹង​បន្ត​ដាក់​ញត្តិ​នៅ​អង្គការ​អន្តរជាតិ និង​ស្ថានទូត​នៃ​បណ្តា​ប្រទស​ដែល​គោរព​សិទ្ធិមនុស្សនិង​ប្រជា​ធិប​តេយ្យ​ផ្សេង​ៗទៀត ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក រ៉ុង ឈុន ជាបន្ទាន់និង​ឥត​លក្ខខណ្ឌ។ 

តែ​យ៉ាងណា អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន ធ្លាប់​បាន​បញ្ជាក់​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃទី១៩ ខែសីហា​ថា តុលាការជា​ស្ថាប័ន​ឯករាជ្យ គ្មាន​ជន​ណា​ឬក្រុម​អង្គការ​អន្តរជាតិ​ណាមួយ​អាច​ដាក់​សម្ពាធនិង​បង្គាប់បញ្ជា​មក​លើ​តុលាការ​បាន​នោះ​ទេ។ 

លោក​បន្ត​ថា ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ដាក់​សម្ពាធនិង​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ជនជាប់ចោទនិង​ទម្លាក់​ចោល​បទ​ចោទ មិនមែន​ជា​មធ្យោបាយ​ស្របច្បាប់​ក្នុង​ការ​ការពារ​ជនជាប់ចោទ​នោះ​ទេ ហើយក៏​នឹង​មិន​មាន​ឥទ្ធិពល​អ្វី​ដែរ​ទៅលើ​ការសម្រេច​របស់​តុលាការ​។

លោក រ៉ុង ឈុន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១ ខែសីហា ក្រោម​បទ​ចោទ​ថា «ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន»។

នៅ​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ យុវជន​ចំនួន៦នាក់​ដែល​សកម្ម​ក្នុង​ការ​ទាមទារ​ឱ្យ​មានការ​ដោះលែង​លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ក្នុង​នោះ​មាន៤នាក់​ត្រូវ​បាន​ដោះលែង​វិញ ក្រោយ​ពួក​គេ​ព្រម​ចុះ​កិច្ចសន្យា​ឈប់​តវ៉ា រីឯ២នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​បណ្តោះអាសន្ន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ