លោក ជិន ម៉ាលីន ថា ការព្យាយាមស្នើឱ្យជប៉ុន«ដាក់សម្ពាធ»កម្ពុជាពីបញ្ហាសិទ្ធិនុស្សនឹងបរាជ័យ

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកកាសែត នៅសាលាយុត្តិធម៌ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហេង វិចិត្រ)

អ្នកនាំពាក្យក្រសួងយុត្តិធម៌របស់កម្ពុជា លោក ជិន ម៉ាលីន បាន​លើក​ឡើង​ដោយ​មិន​បញ្ចេញឈ្មោះថា ក្រុមណាមួយព្យាយាមស្នើឱ្យជប៉ុនដាក់សម្ពាធកម្ពុជា​ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស នឹងបរាជ័យយ៉ាងអាម៉ាស់។

ការបង្ហាញទស្សនៈរបស់មន្ត្រីជាន់ខ្ពស់នៅក្រសួងយុត្តិធម៌កម្ពុជានេះ ធ្វើឡើងមុន ១ថ្ងៃ​នៃដំណើរទស្សនកិច្ចផ្លូវការណ៍របស់រដ្ឋមន្ត្រីការបរទេសថ្មីជប៉ុន លោក តូសឺមីតស៊ូ ម៉ូតេហ្គិ​(Toshimitsu Motegi)មកកាន់កម្ពុជា។

លោក ជិន ម៉ាលីន សរសេរ​នៅ​លើហ្វេសប៊ុក​របស់លោកកាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ឆ្លងតាមបទពិសោធន៍នៃការសិក្សា និងរស់នៅប្រទេសជប៉ុនជាច្រើនឆ្នាំកន្លងមក លោកថា រដ្ឋាភិបាលជប៉ុន​មានគោលនយោបាយការបរទេសជួយដល់ប្រទេសដ៏ទៃដោយផ្តោតលើការអភិវឌ្ឍជាធំ គោរពនូវអធិបតេយ្យភាព និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃឡើយ។

អ្នកនាំពាក្យរូបនេះអះអាងថា៖ «ដូច្នេះ ការដែលក្រុមណាមួយព្យាយាមស្នើសុំឱ្យជប៉ុនដាក់សម្ពាធ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យ នឹងច្បាស់ជាទទួលរងនូវភាពបរាជ័យយ៉ាងអាម៉ាស់ជាក់ជាមិនខាន»

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ បាន​ជំរុញ​ទៅ​ប្រមុខ​ការទូត​ជប៉ុន​ឱ្យ​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​មក​ជជែក​ជាមួយ​សម​ភាគី​កម្ពុជា​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​កម្ពុជា​នៅ​ចុង​សប្ដាហ៍​នេះ។

​ក្រសួង​ការបរទេស​កម្ពុជា ប្រកាសថា រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន លោក តូសឺមីតស៊ូ ម៉ូតេហ្គិ (Toshimitsu Motegi) នឹងមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈ​ពេល ៣​ថ្ងៃ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី​២៣ ខែ​សីហា​នេះ។

ក្រសួងឱ្យដឹងដែរថា ក្នុងដំណើរទស្សនកិច្ចនោះ លោក តូសឺមីតស៊ូ ម៉ូតេហ្គិ ​មានគម្រោង​ជួប​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន។

ប៉ុន្តែ ពីរ​ថ្ងៃ​មុន​ដំណើរទស្សនកិច្ចរបស់ភាគីជប៉ុន​មកកាន់កម្ពុជា​​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) បាន​ផ្ញើ​លិខិត​ទៅ​ប្រមុខ​ការទូត​ជប៉ុន​ ជំរុញ​ឱ្យ​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​ទៅ​ជជែក​ជាមួយ​មេដឹកនាំ​កម្ពុជា។

Human Rights Watch ​លើក​ឡើង​ថា​៖ «កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​សិទ្ធិ​មនុស្ស» មានការបង្ក្រាប​​សកម្មជន ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​រំលាយ​ចោល​គណបក្ស​សង្គ្រោះ​ជាតិ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះ បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អនុម័ត​ច្បាប់​នានា ដែល​គាប់​សង្កត់​​ទៅ​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ការ​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី និង​សេរីភាព​សមាគម។

HRW ​ជំរុញ​ទៅរដ្ឋមន្ត្រីការបរទេសថ្មីរបស់ជប៉ុន​ លោក ម៉ូតេហ្គិ ឱ្យ​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​​ ដូចជា ទាមទារ​ឱ្យ​ដោះ​លែងដោយ​ឥត​លក្ខខណ្ឌ​នូវ​​សកម្មជន អ្នក​ការពារ​សិទ្ធិ​មនុស្ស អ្នក​សារព័ត៌មាន និង​សមាជិក​គាំ​ទ្រ​បក្ស​ប្រឆាំង​។

អតីតគណបក្សសង្គ្រោះជាតិមានអ្នកគាំទ្រជាង ៤០ភាគរយត្រូវបានតុលាការកំពូលកម្ពុជាចេញសាលដីការំលាយកាលចុងឆ្នាំ២០១៧។

មន្ត្រីបក្សនេះ ១១៨នាក់ ត្រូវ​បាន​ហាមធ្វើនយោបាយរយៈ​ពេល ៥ឆ្នាំ អាសនៈជាប់​ឆ្នោត​ចំនួន ៥០០៧នៅ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និងអាសនៈក្នុងសភាចំនួន ៥៥ ត្រូវបានរឹបអូសចែកឱ្យទៅគណបក្សផ្សេង។

ចំណែកប្រធានគណបក្សនេះ គឺលោក កឹម សុខា ក៏ត្រូវចាប់ឃុំខ្លួន ក្រោមបទចោទថា ឃុបឃិតជាមួយសហរដ្ឋអាមេរិកចង់ផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ