Update៖​ អាជ្ញាធរចាប់ខ្លួនយុវជន៦នាក់ ​ដែលសកម្ម​ក្នុងការ​តវ៉ាទាមទារដោះលែងលោក រ៉ុង ឈុន

លោក ហ៊ុន វណ្ណៈ យុវជនខ្មែរថាវរៈ ប៉ះទង្គិចជាមួយ​អាជ្ញាធរខណ្ឌ​៧​មករា ពេលចុះទៅប្រមូល​ផ្ដុំតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ទាមទារតុលាការ​ដោះលែងលោក រ៉ុង ឈុន ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

មន្ត្រីសិទ្ធិ​មនុស្ស និង​អាជ្ញាធរ​រាជធានីភ្នំពេញ បាន​ឱ្យដឹងថា យ៉ាង​ហោចណាស់​ មនុស្ស​ចំនួន ៦នាក់ ដែលសកម្ម​ក្នុងការ​​តវ៉ា​ទាមទារ​ឱ្យដោះលែង ​លោក​រ៉ុង ឈុន ត្រូវ​បានចាប់ឃាត់ខ្លួន ​នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍នេះ។

អ្នកនាង ណាលី ពីឡូក នាយិកា​អង្គការ​ការ​ពារសិទ្ធិមនុស្ស​លីកាដូ បាន​ប្រាប់វីអូឌីថា តាមព័ត៌​មាន​​ដែលអ្នកនាងទទួលបាន គឺមានសកម្មជនជា​យុវជន​​ចំនួន ៦នាក់ ដែលអាជ្ញាធរ​បាន​ចាប់ឃាត់​ខ្លួន​​នៅរសៀលនេះ រួមមាន ឈ្មោះ ហ៊ុន វណ្ណៈ, ឈឿន ដារ៉ាវី, សំណាង, ឡាវី, សៀងហៃ និងគន្ធីន ដែលក្នុង​ចំណោមពួកគេភាគច្រើនជាសមាជិកក្រុមយុវជនថាវរៈ។

ស្នងការ​នគរបាល​រាជធានីភ្នំពេញ លោក ស ថេត មានប្រសាសន៍ថា សមត្ថកិច្ច្​ពិតជាបាន​ចាប់​ខ្លួន​មនុស្ស​ទាំង​ ៦នាក់​នោះពិត​មែន ក្នុង​នោះ មានម្នាក់​ត្រូវ​បានចាប់ខ្លួន​តាមដីកា​របស់តុលាការ​ និង​៥នាក់ទៀត ជា​បទល្មើសជាក់ស្តែង។

លោកថា៖ «មក​ដល់ពេលនេះ[ម៉ោង​ជាង​៦ល្ងាចនេះ] យើង​ឃាត់​បាន ៦នាក់​ហើយ ក្នុងនោះ​ប្រុស៣នាក់ ស្រី៣នាក់។ មានម្នាក់​យើងចាប់តាមដីកា ហើយ​ប៉ុន្មាននាក់ទៀត​នោះ ជាបទ​ល្មើស​ជាក់ស្តែង ដោយសារ​ពួកគេបង្ក​ភាពរញ៉េរញ៉ៃ និងបង្ក​អសន្តិសុខ​[សង្គម] ដូច​ជា​ទៅ​Live​ទៅអីហ្នឹង​»។

លោក រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ត្រូវ​បាន​សមត្ថកិច្ចចាប់​ខ្លួន កាល​ពីថ្ងៃ​ទី៣១ ខែកក្កដា និង​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានីភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្តោះអាសន្ន​​​នៅពន្ធនាគារ​ព្រៃស នៅថ្ងៃបន្ទាប់ ក្រោម​បទ​ចោទ​ថា ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន។

ក្រោយ​ការឃុំខ្លួន​លោករ៉ុង ឈុន ក្រុម​សាច់ញាតិ និង​យុវជនខ្មែរ​ថាវរៈ ព្រមទាំងសកម្ម​ជន​មួយ​ចំនួន បាន​នាំគ្នាទៅប្រមូល​ផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ​និង​ធ្វើ​យុទ្ធនាការតាមដង​វិថីមួយចំនួន ដើម្បីទាម​ទារឱ្យមានការ​ដោះលែងលោក រ៉ុង ឈុន។  

ពាក់ព័ន្ធនឹង​ករណីនេះ កាលពីថ្ងៃទី៣ ខែសីហា រដ្ឋបាលរាជធានីភ្នំពេញ​ បានចេញសេចក្តីណែនាំមួយ ដោយ​ចាត់ទុក​​​សកម្ម​ភាពជួប​ជុំ​ប្រមូល​ផ្តុំ​នៅមុខ​សាលាដំបូង​នោះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​​​ដល់​ប្រក្រតីភាព​សង្គម សណ្តាប់ធ្នាប់សាធារណៈ លំហូរចរាចរណ៍ និង​ប្រាស​ចាស​ពី​គោល​​ការណ៍​ច្បាប់ស្តីពីការ​ធ្វើ​បាតុ​កម្ម​ដោយស​ន្តិ​វិធី។

រដ្ឋបាល​រាជធានីភ្នំពេញ បាន​បន្តថា រាល់​ការ​ជួប​ប្រជុំ​ប្រមូល​​ផ្តុំ​តវ៉ា​ទាំង​អស់ ត្រូវ​ជូនដំណឹង​ជា​លាយ​​លក្ខណ៍អក្សរ​ទៅកាន់រដ្ឋបាល​រាជធានីភ្នំពេញ ស្រប​តាម​ច្បាប់​ និង​​ការ​ណែនាំ​​នានា ស្តីពី កា​រ​បង្ការ-ទប់ស្កាត់​ការ​រីករាលដាល​ការ​ចម្លង​វីរុស​កូវីដ​១៩។

រដ្ឋបាលរាជធានីភ្នំពេញ បានបន្ថែម​​ថា៖ «រាល់​សកម្ម​ភាពជួបប្រជុំប្រមូល​ផ្តុំ​ ដែលគ្មានការ​ជូនដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ​មក​រដ្ឋបាល​រាជ​ធានីភ្នំពេញ ត្រូវ​ចាត់ទុក​ជា​ទង្វើ​ខុស​ច្បាប់​[ស្តីពីការ​ធ្វើ​បាតុ​កម្ម​ដោយស​ន្តិ​វិធី] ដែលអាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​តាម​​ច្បាប់ជា​ធរ​មាន»។

នៅព្រឹក​ថ្ងៃព្រហស្បតិ៍នេះ ក្រុម​​យុវនខ្មែរ​ថាវរៈ សាច់ញាតិលោករ៉ុង ឈុន និង​សកម្ម​ជន​ប្រមាណ ៥០នាក់​ រួម​ទាំង​ប្រធាន​គណបក្សខ្មែរ​ឈ្នះ លោកសួង សុភ័ណ្ឌ បាននាំគ្នាទៅប្រមូល​ផ្តុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារ​ឱ្យស្ថាប័ន​មួយ​នេះ ដោះលែង​លោក​រ៉ុង ឈុន ប៉ុន្តែត្រូវ​បានអាជ្ញាធរ និង​សន្តិសុខ​ខណ្ឌ៧មករា រារាំង និង​រុញច្រានចេញពីទីនោះ។

ក្នុង​អំឡុងពេល​ប៉ះទង្គិចគ្នានោះ កញ្ញា ឈឿន ដារ៉ាវី អាយុ ២៩ឆ្នាំ បាន​អះអាង​ថា ក្រុមសន្តិសុខ​​ខណ្ឌ​ បាន​ទាញ​យកកាបូបរបស់​គាត់​ទៅបាត់ ដោយ​ក្នុងការបូបនោះមានលុយនិង​សម្ភារៈមួយចំនួន ទើបនៅ​រសៀលនេះ ពួកគេនៅបន្ត​រង​ចាំនៅមុខសាលាដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បីទាមទារ​យកកាបូបនោះមកវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ