មនុស្ស​៤​នាក់​បាន​​រង​​របួស​ធ្ងន់​​និង​​ស្រាល​​ក្នុង​ករណី​​ផ្ទុះ​​គ្រាប់​​នៅ​​ខេត្ត​ពោធិ៍​សាត់​​

គ្រាប់មិនទាន់ផ្ទុះដែលត្រូវបានពលរដ្ឋនៅភូមិខ្សាច់អំពិល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប យកមកធ្វើជាចង្ក្រានដាំស្ល ត្រូវបានសមត្ថកិច្ចនិងអ្នកជំនាញចុះទៅពិនិត្យនិងយកមករក្សាទុកកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។ (អាជ្ញាធរមីន – Cambodian Mine Action Authority)

កុមារ៣នាក់និង​យុវជន​ម្នាក់ បាន​រង​របួសធ្ងន់និង​ស្រាល​ក្នុងករណី​ផ្ទុះ​គ្រាប់​សំណល់​ពី​សង្គ្រាម ក្រោយពី​ពួក​គេ​បាន​យក​គ្រាប់​នោះ​មក​គប់​លេង​ជាច្រើន​សារ​បណ្តាល​ឱ្យ​ផ្ទុះ​ត្រូវ។

អាជ្ញាធរ​មីន​កម្ពុជាបានឱ្យ​ដឹង​នៅក្នុង​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួនកាលពី​ថ្ងៃម្សិលមិញ​ថា ហេតុការណ៍​ផ្ទុះ​គ្រាប់​មិន​ស្គាល់ឈ្មោះ​នេះ បាន​កើតឡើង​នៅ​ចំណុច​ភូមិ​សង្គមថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បណ្តាល​ឱ្យ​មនុស្ស៤នាក់បាន​រង​របួស។ 

អាជ្ញាធរ​មីនបាន​បន្ត​ថា ជនរងគ្រោះ​ទាំងនោះមានឈ្មោះ សយ តុលា ភេទប្រុស អាយុ១៥ឆ្នាំ រង​របួសធ្ងន់​, ឈ្មោះ សយ កុម្ភៈ ភេទប្រុស អាយុ១៣ឆ្នាំ របួសធ្ងន់​, ឈ្មោះ សយ ស៊ី​ណាត ភេទប្រុស អាយុ១០ឆ្នាំ របួសស្រាល និង​ឈ្មោះ កួយ តាំង​យូរ ភេទប្រុស អាយុ២២ឆ្នាំ របួសធ្ងន់ ហើយ​បច្ចុប្បន្នពួក​គេ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍​សា​ត់់។

ចំណែកលោក ​ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ (ស៊ី​ម៉ាក់​) បាន​លើកឡើង​ក្នុង​ហ្វេសប៊ុក​របស់​លោក ដោយ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​ដែល​ប្រទះឃើញ​គ្រាប់មីននិង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ត្រូវ​ចៀសវាង​ប៉ះពាល់និង​យក​ទៅ​វាយដំឬយក​ទៅ​គប់​លេង ដែល​អាច​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់។

លោក​ថា៖ «សូម​អំពាវ​នាវ​ហេីយ​អំពាវនាវ​ទៀត សូមកុំ​វាយដំ​និង​លេង​គ្រាប់ ព្រោះ​គ្មាន​គ្រាប់​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ស្អុយ​នោះ​ទេឬមិន​ផ្ទុះ​នោះ​ទេ មានតែ​អ្នកជំនាញ​អាច​វាយ​តម្លៃ​គុណភាព​គ្រាប់​ទាំងឡាយ​នោះ​បាន។ ដូចនេះ​នៅ​ឃេីញ​គ្រាប់​សំណល់​ជាតិផ្ទុះ​ពី​សង្គ្រាម សុំ​ប្រញាប់​ប្រញាល់​ទាក់ទង​កម្លាំង​ប៉​ូលិស អាជ្ញាធរ​មូលដ្ឋាន កម្លាំងដោះ​មីន ជាពិសេស​កម្លាំង​អង្គ​ភា​ពសុី​ម៉ា​ក់ដេីម្បី​ជួយ​បោសសម្អាតជូន​! ហាម​ប៉ះពាល់​!»

កាលពី​ថ្ងៃទី៤ ខែសីហាថ្មី​ៗនេះ ក្នុង​ខេ​ត្ត​ពោធិ៍សាត់ ក៏​មាន​បុរស២នាក់បាន​ស្លាប់នៅក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់​មិនទាន់​ផ្ទុះ នៅ​ចំណុច​ភូមិ​ដីក្រហម ឃុំ​អន្លង់រាប ស្រុក​វាលវែង ខណៈ​ដែល​ពួក​គេ​បាន​យក​គ្រាប់​មិនទាន់​ផ្ទុះ​នោះទៅ​ដំ​លេង​នៅក្នុង​រោង​ឈើ​ក្នុង​ចំការ។ 

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​មីន បាន​ឱ្យដឹង​ថា ក្នុងរយៈពេល៦ខែ​ឆ្នាំនេះ មាន​មនុស្ស​ចំនួន៩នាក់បាន​ស្លាប់ និង២៧នាក់បាន​រង​របួសធ្ងន់និង​ស្រាល ដោយសារ​គ្រាប់មីននិង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ។ តួលេខ​នេះមានការ​ថយ​ចុះ៤២ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​មាន​អ្នក​ស្លាប់និង​របួស​រហូតដល់៦២នាក់។

របាយការណ៍​ដដែលបាន​បន្ត​ថា ខេត្ត​ដែល​រក​ឃើញនិង​មាន​ករណី​ផ្ទុះ​មីននិង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ពោធិ៍សាត់ ក្រចេះ ព្រះវិហារ ប៉ៃលិន ត្បូងឃ្មុំ មណ្ឌលគិរី ស្ទឹងត្រែង និង​ឧត្តរមានជ័យ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ