មន្ត្រី​ក្រសួង​បរិស្ថាន៖ ការប្រើ​ថង់​ប្លាស្ទិក​ជាង​១០​លាន​ថង់​ក្នុង​មួយ​ថ្ងៃ​នឹង​ប៉ះ​ពាល់​បរិស្ថាន​បើ​ទប់​ស្កាត់​មិន​បាន​

ទិដ្ឋភាពទីតាំង ដែលសំរាមត្រូវបានគេបោះចោល នៅក្បែរស្ពានមុនីវង្ស (រូបភាព៖ ណាត សុភាព)

មន្ត្រីក្រសួងបរិស្ថានបានថ្លែងថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញប្រើប្រាស់ថង់ប្លាស្ទិកជាង១០លានថង់ក្នុងមួយថ្ងៃ ប៉ុន្តែក្រសួងអះអាងថា នឹងរកវិធានការទប់ស្កាត់ឱ្យទាន់ពេលដើម្បីការពារកុំឱ្យប៉ះពាល់ដល់បរិស្ថានកាន់តែធ្ងន់ធ្ងរ។

សន្និសីទសារព័ត៌មាន​ស្ដីពី​«ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា» អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ថ្លែងនៅព្រឹកថ្ងៃនេះថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ប្រើប្រាស់ថង់ប្លាស្ទិកជាង១០លានថង់ក្នុងមួយថ្ងៃ។ មន្ត្រីរូបនោះបង្ហាញការព្រួយបារម្ភថា បើទុកឱ្យដល់ឆ្នាំ២០៥០ កាកសំណង់ថង់ប្លាស្ទិកនៅលើភពផែនដីនឹងកើនដល់៣៤ប៊ីលានតោន ហើយកាន់តែធ្វើឱ្យប៉ះពាល់ដល់បរិស្ថានកាន់តែធ្ងន់ធ្ងរ។

ករណីនេះ លោក នេត្រ ភក្ត្រា អះអាងថា​ នឹងពង្រឹងការអនុវត្តអនុក្រឹត្យរបស់រដ្ឋាភិបាល​ស្តីពីការ​គ្រប់គ្រងប្លាស្ទិក ដើម្បីទប់ស្កាត់កុំឱ្យប៉ះពាល់ដល់បរិស្ថាន។

លោក នេត្រ ភក្ត្រា អះអាងថា៖ «ដើម្បីចូលរួមកាត់បន្ថយ យើងត្រូវធ្វើអ្វី នៅក្នុងនោះរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក អញ្ចឹងបានយើងឃើញនៅតាមទីផ្សារទំនើបមួយចំនួនបានដាក់តម្លៃបន្ថែម៤០០រៀលទៅលើការប្រើប្រាស់ប្លាស្ទិក ហើយយើង ហើយយើងឃើញថា ការដាក់កំណត់តម្លៃនេះ ការអប់រំផង ជាការកាត់បន្ថយឱ្យថយផង ហើយការកាត់បន្ថយនេះមានកម្រិតរហូតដល់ជាង៣០% ចន្លោះពី៣០%ទៅ៤០% នៅតាមទីផ្សារទំនើបដែលយើងបានដាក់ពាក្យបណ្តឹង»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ថែមពីនេះ លោកបញ្ជាក់ថា ក្រសួង​នឹង​បញ្ជូនក្រុមការងារចុះស្រាវជ្រាវប្រមូលសំណល់ប្លាស្ទិកពីខេត្តនៅឯ​នាយសមុទ្រ រួមមាន ខេត្តកែប កំពត និងខេត្តព្រះសីហនុជាដើម ដើម្បីទប់ស្កាត់កុំឱ្យហូរចូលសមុទ្រធ្វើឱ្យប៉ះពាល់ដល់បរិស្ថានផងដែរ។

សាស្ត្រាចារ្យដេប៉ាតឺម៉ង់​បរិស្ថាននៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ស្ពាន់ វិន ប្រាប់​ថា ដើម្បីទប់ស្កាត់កាកសំណល់ប្លាស្ទិកបាន រដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់និងធ្វើការអប់រំដល់ក្មេងៗជំនាន់ក្រោយ ទើបទទួលបានផលវិជ្ជមាន។

សាស្ត្រាចារ្យ ស្ពាន់ វិន មាន​ប្រសាសន៍ថា៖ «យើងជំរុញនិងការអនុវត្តច្បាប់​គ្រប់គ្រងថង់ប្លាស្ទិក​នៅក្នុងផ្សារឬក៏ម៉ាតឱ្យបានច្រើន ហើយទីពីរ ជំរុញនូវការកែច្នៃថង់ប្លាស្ទិកតាមរយៈនៃការជំរុញ និងការដាក់តម្លៃប្រើ វិធានការសេដ្ឋកិច្ច ដើម្បីជំរុញឱ្យអ្នកផលិតគាត់ផលិតនូវថង់ប្លាស្ទិកដែលងាយនឹងមានការកែឆ្នៃឡើងវិញ ហើយអាចគេប្រើសម្រាប់ជាប្រយោជន៍សម្រាប់ប្រើឡើងវិញ ហើយទីបី ជំរុញក្នុងការអប់រំទៅលើអ្នកជំនាន់ក្រោយ ក្មេងនៅសាលារៀន ឱ្យយល់ដឹងពីការចូលរួមនិងកាត់បន្ថយ»

របាយការណ៍​សិក្សា​មួយ​ដែលបង្ហាញ​ក្នុង​វេទិកា​ស្ដី​ពី​កាក​សំណល់​នៅ​កម្ពុជា​​កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ និយាយថា ប្រទេសកម្ពុជា​ទាំងមូល​បង្កើតកាក​សំ​ណល់​​សំរាមជាង១ម៉ឺន​តោន​ជារៀងរាល់ថ្ងៃ ឬ​ជាង៣​លាន៦​សែន​តោននៅក្នុងមួយឆ្នាំ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ គ្រាន់តែរាជធានីភ្នំពេញមួយ បានបង្កើតឱ្យមានកាកសំណល់ក្នុងបរិមា​ណច​ន្លោះពី២ពាន់​ទៅដល់៣​ពាន់​​តោនជារៀងរាល់ថ្ងៃ ដែលក្នុងនោះមាន៦00​តោនគឺជាកាកសំណល់ប្លាស្ទិក។

តួលេខដែលផ្ដល់ដោយទីលានចាក់សំរាមនៅរាជធានីភ្នំពេញ បង្ហាញថា ក្នុងខែសីហា​ ឆ្នាំ២០១៩ កន្លង​ទៅ ​សំរាមប្រមូលបាននៅភ្នំពេញ មាន​ចំនួន​ជិត៣ពាន់តោនក្នុង១ថ្ងៃ ខណៈដែលទីលានចាក់​សំរាមនេះអាចទ្រទ្រង់សំរាមបានដល់ត្រឹមឆ្នាំ២០៣០៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ