Update: រលំ​ដងស្ទូចលើផ្ទះពលរដ្ឋ​នៅ​​ក្រុង​​ប៉ោយ​ប៉ែត បណ្តាលឱ្យ​មនុស្ស​ ៥នាក់​​ស្លាប់ និង​៤​នាក់​​រង​របួស

ទីតាំងកើតហេតុបាក់ដងសន្ទូចនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅការដ្ឋានមួយកន្លែងមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ (ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ/អាត់ ខែម)

យ៉ាងហោចណាស់ មាន​មនុស្ស​ ៥នាក់ បានស្លាប់ និង ៤នាក់ផ្សេង​ទៀត បានរងរបួសធ្ងន់ ក្នុង​ហេតុការណ៍​ដួល​រលំ​ដង​សន្ទូច​​​នៅ​​ការ​ដ្ឋាន​សំណង់​មួយ​កន្លែង មក​លើ​ផ្ទះប្រជាពលរដ្ឋ​ នៅ​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ស្នងការ​នគរ​បាល​ខេត្តបន្ទាយ​មានជ័យ លោក​អាត់ ខែម មាន​ប្រសាសន៍ថា នៅម៉ោង​ប្រមាណ ៣រសៀល​ថ្ងៃពុធនេះ មានករណីដួលរំលំដងស្ទូចដែក​ប្រវែងប្រមាណ៤០ម៉ែត្រ ដែល​កំពុងស្ទូចបន្ទះ​ដុំបេតុងនៅក្រុម​ហ៊ុនដឹផាកស៊ីធី សង្កត់​ទៅ​លើ​ផ្ទះប្រជាពលរដ្ឋ​មួយ​ខ្នងដែល​នៅក្បែរ​នោះ។

លោក​បន្តថា ហេតុការណ៍នេះ បានបណ្តាល​ឲ្យ​ប្រជាពលរដ្ឋដែលអង្គុយ​លេង​នៅមុខ​ផ្ទះ​​ជាប់របងការដ្ឋានសំណង់នោះចំនួន ៥នាក់​ស្លាប់ និង៤នាក់ទៀត​រង​របួស​ធ្ងន់។

លោកអាត់ ខែម បាន​និយាយ​ថា៖ «ប្រហែលមានការ​ស្រុតដីនៅក្រោម​កង់ច្រវ៉ាក់របស់គ្រឿង​​ចក្រ​ស្ទូច​ហ្នឹង ហើយ​​ដងស្ទូច​​វា​វែងទៀត ក៏ដួលចឹង​ទៅ វា​ដួល​ថ្មហ្នឹង វាធ្លាក់ទៅលើផ្ទះប្រជាជន​នៅខាងក្រៅជាប់របងក្រុម​ហ៊ុន​ហ្នឹង»។

បើតាមស្នងការ​រូបនេះ ជនរង​គ្រោះដែល​ស្លាប់ទាំង​៥នាក់ ជា​ស្ត្រី ក្នុងនោះមាន​ឈ្មោះ ឈាន ហុង, យាយ ឡឹក, សេង មុយគា, ចៅ លី និង ឌឹម សុខណាក់ ខណៈជនរងគ្រោះ ៤នាក់ មានឈ្មោះ ផល សុដាលីន, កា សុម៉ាមាន, ស្រីពេជ្រ និងខឿន ចាន់ឌី ត្រូវបាន​បញ្ជូន​ទៅព្យាបាលនៅមន្ទីរ​ពេទ្យបង្អែកដីថ្មី ក្រុង​ប៉ោយប៉ែត។

ភ្លាមៗក្រោយ​ហេតុការណ៍នោះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏​បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបង្ហាញ​សោកស្តាយចំពោះហេតុការណ៍ដែលកើតមានឡើង បណ្តាលឱ្យមានជនរងគ្រោះស្លាប់ និងរងរបួសនេះផងដែរ។

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ ក៏មានករណី​បាក់​អគារកម្ពស់ ៧ជាក់ នៅការដ្ឋាន​សាង​​សង់មួយកន្លែង ក្នុង​​ខេត្ត​កែប ​ បណ្តាល​ឲ្យ​មនុស្ស​ ៣៦នាក់​ស្លាប់ និង​២៣នាក់ទៀត​ រងរបួសធ្ងន់ស្រាល។  

មុនហេុតការណ៍នោះបន្តិច កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ក៏មានករណីបាក់រលំពិដានសាលាឆាន់ នៅវត្តប្រាសាទគោកចក ក្រុង​សៀមរាប ខេត្តសៀមរាប បាន​បណ្តាល​ឱ្យមនុស្ស​៣នាក់ស្លាប់ និង​១៣នាក់​ផ្សេង​ទៀត​ បាន​រងរបួស។

ដោយ​ឡែក កាលពីខែមិថុនា​ឆ្នាំ​មុន អគារកម្ពស់ ៧​ជាន់​ នៅក្រុងព្រះសីហនុ បានបាក់​រលំ​សង្កត់​​មនុស្សស្លាប់ ២៨នាក់ និងរបួស ២៦​នាក់។

បន្ទាប់ពីនោះ រដ្ឋាភិបាលបានបង្កើតឱ្យមានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅទូទាំងប្រទេស ហើយសំណង់ខុសច្បាប់ មិន​គោរពស្តង់ដាសុវត្ថិភាព ត្រូវបានរកឃើញ និងតម្រូវឱ្យរុះរើចេញជាបន្ទាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ