ពលរដ្ឋ​​មាន​​បញ្ហា​​ដី​ធ្លី​​នៅ​​ខេត្ត​​ត្បូង​ឃ្មុំ​ ស្នើ​​ក្រសួង​​យុត្តិ​ធម៌​​អន្តរា​គមន៍​​ដោះ​លែង​​តំណាង​​ខ្លួន​

អ្នកស្រី យេន ណេន ពលរដ្ឋដែលមកតវ៉ានៅក្រសួងយុត្តិធម៌ ថ្លែងប្រាប់ដល់អ្នកកាសែតពាក់ព័ន្ធនឹងករណីជម្លោះដីធ្លីនៅសហគមន៍ពួកគេក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ប្រជាពលរដ្ឋ​ប្រមាណ៣០នាក់​មក​ពី​ខេត្ត​ត្បូងឃ្មុំ បាន​នាំគ្នា​ប្រមូល​ផ្តុំ​នៅមុខ​ក្រសួង​យុត្តិធម៌​នៅ​ថ្ងៃនេះ ដើម្បី​ស្នើ​ក្រសួង​ជួយ​អន្តរាគមន៍​ឱ្យ​មានការ​ដោះលែង​តំណាង​ពួក​គាត់ ដែល​ត្រូវ​បាន​តុលាការខេត្ត​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន។

លោក ថា លីដា ដែល​អះអាង​ជា​តំណាង​ពលរដ្ឋ៩៨គ្រួសារ​នៅ​សហគមន៍​ស្រែប្រាំង ស្ថិត​ក្នុង​ស្រុក​តំបែរ បាន​ប្រាប់​វី​អូ​ឌី​ថា តំណាង​អ្នកភូមិ៣នាក់ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជាបន្តបន្ទាប់​ទៅតាម​បណ្ដឹង​របស់​ក្រុមហ៊ុន​មួយ​នេះ​ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​រ៉ាំរ៉ៃជាមួយ​ក្រុមហ៊ុន​ចិន ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន (Harmony Win Investment​) ជិត១០ឆ្នាំ​មក​ហើយ​នោះ។

ពលរដ្ឋ​រូប​នេះប្រាប់​ថា ក្រុម​អ្នកភូមិ​បានសម្រេច​ស្វែងរក​អន្តរាគមន៍​ពី​ក្រសួង​យុត្តិធម៌​នៅ​ព្រឹក​នេះ ដើម្បី​ទាមទារ​ឱ្យ​ដោះលែងនិង​ទម្លាក់​ការចោទប្រកាន់​តំណាង​របស់​ពួក​គេ ក្រោយ​សំណើ​ទៅ​ក្រសួងនិង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត​រួចមក​ហើយ​នោះមិន​ឈាន​ដល់​ដំណោះស្រាយ​ណាមួយ​នោះ។

ថា លីដា
លោក ថា លីដា ពលរដ្ឋដែលមកតវ៉ានៅក្រសួងយុត្តិធម៌ ថ្លែងប្រាប់ដល់អ្នកកាសែតពាក់ព័ន្ធនឹងករណីជម្លោះដីធ្លីនៅសហគមន៍ពួកគេក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

លោក ថា លីដា ប្រាប់​ថា៖ «វា​អយុត្តិធម៌ គេ​យក​ដី​យើង​ហើយ គេ​ចាប់​តំណាង​យើង​ដាក់គុក​ទៀត។ លោក សែម សាង មិន​មាន​កំហុស​ដូច​ការចោទប្រកាន់​នោះ​ទេ»។

តំណាង​អ្នកភូមិ លោក សែម សាង និង​លោក ផុន ឈឿន ត្រូវ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​សម្រេច​ផ្តន្ទា​ទោស​ឱ្យ​ជាប់ពន្ធ​នា​គារ​ម្នាក់៧ឆ្នាំ​កាលពីដើម​ខែមិថុនា ក្រោម​បទ​ចោទ​ថា​«បាន​កំហែង​យក​ដោយមាន​អាវុធ»ទៅ​តាម​បណ្តឹង​ក្រុមហ៊ុន។ ចំណែក​លោក ហឿន ស៊ី​នាថ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី៤ ខែសីហា​នេះ ទៅតាម​ដីកា​តុលាការ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា បាន​ដឹកនាំ​ពលរដ្ឋ​តវ៉ានិង​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន បាន​ប្រាប់​ថា ក្រសួង​នឹង​ពិនិត្យមើល​ពាក្យបណ្ដឹង​ទៅតាម​នីតិវិធី​ច្បាប់ នៅពេល​ណា​ទទួលពាក្យ​បណ្ដឹង ហើយ​ការ​ឆ្លើយតប​នឹង​ត្រូវ​ធ្វើឡើង​នា​ពេលក្រោយ។

លោក ជិន ម៉ា​លីន ប្រាប់​តាម​តេឡេក្រាម​ថា៖ «ក្រសួង​យុត្តិធម៌ បើកាលណា​ទទួលពាក្យ​បណ្ដឹង គេ​នឹង​ធ្វើការ​ពិនិត្យមើល​ទៅតាម​នីតិវិធី​ច្បាប់ ហើយ​លទ្ធផល​យ៉ាងម៉េច គេ​នឹង​ឆ្លើយតប​ទៅវិញ»។

ក្រុម​ពលរដ្ឋ​ដែល​ឡើង​មក​តវ៉ា​នៅ​ថ្ងៃនេះ ស្ថិត​ក្នុងចំណោម​អ្នកភូមិ​ប្រមាណ២០០គ្រួសារ នៅ​ភូមិ​ស្រែប្រាំងនិង​ភូមិ​បុស្ស​ស្នោ ក្នុង​ឃុំ​ត្រពាំងព្រីង មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន ចាប់តាំងពី​ឆ្នាំ២០១២មក ​លើ​ទំហំដី​ជាង១ ២០០ហិ​កតា។

ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ប្រជាពលរដ្ឋ​ប្រមាណ៣០នាក់នៅ​ស្រុក​តំបែរ ​ខេត្ត​ត្បូងឃ្មុំ បាន​នាំគ្នា​ប្រមូល​ផ្តុំ​នៅមុខ​ក្រសួង​យុត្តិធម៌ ដើម្បី​ស្នើ​ក្រសួង​ជួយ​អន្តរាគមន៍ករណីជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ចិន។ (ហ៊ី ឆាយ)

អ្នកស្រី យេន ណេន ពលរដ្ឋ​ម្នាក់​មក​ពី​ភូមិ​ស្រែប្រាំង និយាយ​ថា ពួក​គាត់​ជាង៣០នាក់​បាន​រត់គេច​ចេញពី​ភូមិ​រយៈ​ពេលជិត១០ថ្ងៃហើយ ក្រោយ​អាជ្ញាធរ​ចាប់ខ្លួន​ពលរដ្ឋ​ជាង២០នាក់​កាលពី​ថ្ងៃទី៣ ខែសីហា និង​ព្រមាន​ចាប់ខ្លួន​អ្នក​ផ្សេងទៀត។

អ្នកភូមិ​រូប​នេះ​បាន​អះអាង​ថា ក្រុមហ៊ុន​បាន​ប្រើប្រាស់​កម្លាំង​កងរាជអាវុធហត្ថនិង​នគរបាល​ទៅ​គំរាមកំហែងលើ​ពលរដ្ឋ​មិន​ឱ្យ​ចូល​ទៅលើ​ដីធ្លី​ដែល​ខ្លួន​កំពុង​អាស្រ័យផល និង​ប្រើប្រាស់​គ្រឿងចក្រ​ឈូស​ឆាយ​ផលដំណាំ​ជាដើម។

អ្នកស្រី យេន ណេន ប្រាប់​ថា៖ «អាជ្ញាធរ​គំរាមកំហែង​ប្រជាពលរដ្ឋ​មិន​ឱ្យ​ចូល ប៉ុន្តែគេ​ឱ្យ​ក្រុមហ៊ុន​ចូល​ទៅ​ឈូស​ឆាយ​នៅ​លើ​ដី​ហ្នឹង។ ខ្ទម​ចាំចម្ការនិង​របស់របរ​អីវ៉ាន់​ផ្សេង​របស់​ពួក​ខ្ញុំ គេ​បំផ្លិច​បំផ្លាញ​អស់»។

ស្ត្រី​ម្នាក់​បាន​អះអាង​ថាជា​តំណាង​ក្រុមហ៊ុន ហា​ម៉ឹ​នី វីន អ៊ី​នវេ​សមេន ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ មានប្រសាសន៍​ថា ក្រុមហ៊ុន​មក​វិនិយោគ​នៅ​តំបន់​នោះគឺ​មានការ​អនុញ្ញាត​ពី​រដ្ឋាភិបាលនិង​មាន​បណ្ណ​កម្មសិទ្ធិ​កាន់កាប់​ត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់។

តំណាង​ក្រុមហ៊ុន​រូប​នេះចោទ​ពលរដ្ឋ​ថា បាន​ចូល​ទៅ​បង្កបង្កើនផល​លើ​ដី​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​រួចរាល់ ហើយ​កន្លងមក​ពលរដ្ឋ​បាន​ប្រើ​អំពើ​ហិង្សានិង​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​ថែមទៀត។

អ្នកស្រី​បន្ថែម​ថា៖ «អាជ្ញាធរ​ស្រុក​ក៏​គេ​បាន​ជូនដំណឹង ខេត្ត​ក៏​គេ​បាន​ជូនដំណឹង ​ថាកុំឱ្យ​ពលរដ្ឋ​ទាំងនោះចូល​ទៅ​ទន្ទ្រាន​នៅ​លើ​ដី​ក្រុមហ៊ុន​បន្ត​ទៀត ពីព្រោះ​ក្រុមហ៊ុន​គេ​មាន​ឯកសារ​ស្របច្បាប់ ប៉ុន្តែពួក​គាត់​នៅតែ​ចូល​ទៅទៀត អីចឹង​ខាង​រដ្ឋអំណាច​គេ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ហើយ»។

នាយក​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ ឌុង មានប្រសាសន៍​ថា ដី​ដែល​ពលរដ្ឋ​កំពុង​ចូលកាន់​កាប់និង​អាស្រ័យផល​នោះ​ ជា​ដី​ស្របច្បាប់​របស់​ក្រុមហ៊ុន​មួយ​នេះ។ លោក​ថា ពលរដ្ឋ​ដែល​កំពុង​តវ៉ា​នោះ គឺ​មាន​អ្នក​ញុះញង់​នៅ​ពីក្រោយ។

លោក ម៉ៅ ឌុង ប្រាប់​ថា៖ «ដី​ហ្នឹង​ជា​ដី​ស្របច្បាប់​របស់​ក្រុមហ៊ុន។ កិច្ចការ​ហ្នឹង​វា​បាន​កើតឡើង​យូរហើយ។ យើង​បាន​ដោះស្រាយ យើង​បាន​ពន្យល់​ពួក​គាត់​កុំឱ្យ​ទៅ​យក​ដី​កម្មសិទ្ធិ​របស់​គេ ប៉ុន្តែ​គាត់​នៅតែ​ចូល​ទៅ គាត់​ធ្វើ​រោង ហើយ​កន្លងមក​ទៅ​បំផ្លាញ​សម្ភារ​របស់​គេ​ទៀត»។

កាលពី​ខែកក្កដា ឆ្នាំ២០១៩ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បដិសេធ​មិន​ដោះស្រាយ​ជម្លោះដីធ្លី​នេះ​ឡើយ ដោយ​ថា ពលរដ្ឋ​បាន​លក់ដី​របស់​ពួក​គេ​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​មួយ​នេះ​តាំងពី​ឆ្នាំ២០១១មក​ម៉្លេះ ហើយ​ក្រសួង​បាន​ចុះបញ្ជី​ជូន​ក្រុមហ៊ុន​រួចរាល់​ហើយ​ដែរ។

មន្ត្រី​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​ត្បូងឃ្មុំ លោក ឡេង សេង​ហាន ប្រាប់​ថា ជម្លោះដីធ្លី​នេះ​នឹង​មិន​អាច​ឈាន​ដល់​ដំណោះស្រាយ​នោះ​ទេ ខណៈ​ពលរដ្ឋ​រង​ការ​គំរាមកំហែង ចោទប្រកាន់ និង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​នោះ។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ស្នើ​ឱ្យ​មានការ​ស្រាវជ្រាវ​ពី​ស្ថាប័ន​ថ្នាក់​ជាតិ​ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​ជូន​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ ដោយសារតែ​ការ​កាន់កាប់​កម្មសិទ្ធិ​ដីធ្លី​ពីសំណាក់​ក្រុមហ៊ុន​កំពុង​មាន​ជម្លោះ​ជាមួយ​ពលរដ្ឋ។

លោក ឡេង សេង​ហាន ប្រាប់​ថា៖ «ប្រសិនបើ​រឿង​ហ្នឹងនៅតែ​បន្ត​អូស​បន្លាយ​បែបហ្នឹង យើង​គិតថា មិនមែន​ជា​មធ្យោបាយ​ល្អ​ទេ​សម្រាប់​ភាគី​ទាំងអស់គ្នា។ អីចឹង​គ្រាន់​ជា​តែ​ការ​ស្នើសុំ​ទេ ឱ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​លោក​ត្រូវតែ​ស្រាវជ្រាវឬក៏​ចុះ​ដោះស្រាយ​ជូន​ពលរដ្ឋ​ទៅ ពីព្រោះ​សុទ្ធតែ​ពលរដ្ឋ​ខ្លួនឯង​ទេ មិនមែន​ពលរដ្ឋ​ដទៃ​ទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ