ពលរដ្ឋ​​ជាង​៣០​គ្រួសារ​​នៅ​​ខេត្ត​កំពង់​ធំ​ ចោទ​​អាជ្ញាធរ​​ថា​​ឃុប​ឃិត​​គ្នា​​យក​​ដី​​ពួក​​គេ​​ធ្វើ​​កម្ម​​សិទ្ធិ​

បុរសម្នាក់ក្នុងចំណោមពលរដ្ឋ​ប្រមាណ១០នាក់ តំណាង​ឱ្យ៣៦គ្រួសារ មក​ពី​ស្រុក​ស្ទោងនិង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតពាក់ព័ន្ធករណីចោទថា មន្ត្រីអាជ្ញាធរឃុបឃិតជាមួយឈ្មួញបន្លំឯកសារយកដីពួកគេ នៅពេលពួកគេមកដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។ (សំ ដារ៉ា)

ពលរដ្ឋ​ប្រមាណ១០នាក់ តំណាង​ឱ្យ៣៦គ្រួសារ មក​ពី​ស្រុក​ស្ទោងនិង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ស្នើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី ដោយ​ពួក​គាត់​បាន​ចោទ​អាជ្ញាធរ​ថា​ បាន​ឃុបឃិតជាមួយ​ឈ្មួញក្លែងបន្លំ​ឯកសារ​យក​ដី​របស់​ពួក​គាត់​ធ្វើ​កម្មសិទ្ធិ។

ក្នុង​ញត្តិ​ដាក់​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រីនៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រុម​ប្រជាពលរដ្ឋ​បាន​ចោទ​ថា លោក ភិន សំ​អុល អតីត​មេឃុំ​ដំរីស្លាប់​ លោក គី សាវុ​ថា អភិបាលរងស្រុក​កំពង់ស្វាយ និង​លោក សៀន ឆេង​កូ ជា​ឈ្មួញដី បាន​ឃុបឃិត​គ្នា​ក្លែងបន្លំ​ឯកសារ​យក​ដីធ្លី​អ្នកភូមិ​ជា​បន្ត​បន្ទាប់​តាំងពី​ឆ្នាំ២០១៥មក ក្នុង​ទំហំដី​សរុប​ជាង៧៤ហិ​កតា។

ញត្តិ​ដដែល​នេះបាន​បញ្ជាក់​ថា ដី​ដែល​មាន​ជម្លោះ​នោះជា​ប្រភេទ​ដីស្រែដែល​អ្នកភូមិ​បាន​ចូល​ទៅ​អាស្រ័យផល​តាំងពី​ឆ្នាំ១៩៧៩ និង​មាន​លិខិតបញ្ជាក់​ការ​កាន់កាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ។

លោក សយ សៀ ដែល​អះអាង​ថាជា​តំណាង​ពលរដ្ឋ បាន​ប្រាប់​វី​អូ​ឌី​ក្រោយ​ដាក់​ញត្តិ​ថា លោក គី សាវុ​ថា បាន​បង្ខិតបង្ខំ​ឱ្យពលរដ្ឋ​ទទួលយក​សំណង​បន្តិចបន្តួចនិង​បាន​គំរាមកំហែង​ចាប់ខ្លួន​ពលរដ្ឋ​ណា​ដែល​ហ៊ាន​តវ៉ា​ថែមទៀត។

លោក​បន្ត​ថា អភិបាលរងស្រុក​រូប​នេះក៏បាន​ដាក់​កម្លាំង​សមត្ថកិច្ច​ចុះ​ការពារ​ដី​ជម្លោះ ដោយ​មិន​ឱ្យប្រជាពលរដ្ឋ​ណា​ចូល​អាស្រ័យ​បាន​ឡើយ ប៉ុន្តែ​បាន​អនុញ្ញាត​ឱ្យឈ្មួញដី ឈ្មោះ សៀន ឆេង​កូ អាច​ដាក់គ្រឿង​ចក្រ​ឈូស​ឆាយនិង​បង្កបង្កើនផល​បាន​ទៅវិញ។

លោក​បន្ថែម​ថា៖ «ឥលូវ​ពួក​ខ្ញុំ​ចូល​ទៅ​ក្នុង​ដី​ទំនាស់​នោះ​អត់​បានទេ [បើសិនចូល]តែ​ចូល ​គាត់​[អភិបាលរងស្រុក​]ឱ្យប៉ូលិស​ចាប់។ គេ​ឱ្យ​ប៉ូល​ិសនិង​សន្តិសុខ​ភូមិចេញ​មក​ការពារ​ដី​ហ្នឹង​ទាំងអស់ អីចឹង​ហើយ​បាន​ជា​ពួក​ខ្ញុំ​ចេះតែ​ភ័យ ហើយ​ឡើង​មក​សុំ​ឱ្យសម្តេច​[ហ៊ុន សែន​]ជួយ»។

អ្នកស្រី ប៊ុ​ន នាន រស់នៅ​ឃុំ​ព្រះដំរី ស្រុក​ស្ទោង ដែល​អះអាង​ថាបាន​បាត់បង់​ដំណាំស្រូវ​អស់៥ហិ​កតា ដោយសារ​ការ​ឈូស​ឆាយ​ពីសំណាក់​អាជ្ញាធរ​ស្រុកនិង​ឈ្មួញ​ដីកាលពី​ឆ្នាំ២០១៩ បាន​និយាយ​ថា កន្លងមក អ្នកភូមិ​ធ្លាប់​ដាក់​ញត្តិ​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ខេត្ត ក្រសួង​រៀបចំ​ដែនដី និង​ស្ថាប័ន​ផ្សេង​ៗទៀត​ដែរ ប៉ុន្តែ​រហូត​ពេលនេះ នៅតែ​ពុំ​មាន​ដំណោះស្រាយ​នៅឡើយ។

អ្នកស្រី​បន្ថែម​ថា៖ «សូមឱ្យសម្តេច ​[ហ៊ុន សែន​] ជួយ​ដល់​ពួក​ខ្ញុំ​ផង កុំឱ្យ​ខ្ញុំ​ស៊ីប​បរ​ដូច​ជំនាន់ ប៉ុ​ល ព​ត ទៀត! ព្រោះ​ខ្ញុំ​មាន​ដី​តែ​បន្តិចបន្តួច​នេះ​សម្រាប់​បង្កបង្កើនផល សូម​សម្តេច​ជួយ​ពួក​ខ្ញុំ​ឱ្យ​បាន​ដី​ធ្វើស្រែ​ចិញ្ចឹម​កូនចៅ​បន្ត​ទៀតផង»។

មន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី គឺ​លោក គង់ ចំរើន បាន​ទទួល​ញត្តិ​ពី​តំណាង​ប្រជាពលរដ្ឋនិង​បាន​ចារ​លិខិត​មួយទៀតឱ្យតំណាង​ពលរដ្ឋ​យក​ទៅ​ដាក់​នៅ​សាលាខេត្ត​កំពង់ធំ​ផង​ដែរ។

អភិបាលរងស្រុក​កំពង់ស្វាយ​ លោក គី សាវុ​ថា និង​អតីត​មេឃុំ​ដំរីស្លាប់ លោក ភិន សំ​អុល និង​ឈ្មួញ​ដី បាន​ច្រានចោល​ទាំងស្រុងចំពោះ​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ទាំងនោះ។

លោក គី សាវុ​ថា បាន​លើកឡើង​ថា ពលរដ្ឋ​ដែល​កំពុង​តវ៉ា​នេះជា​អ្ន​កសុំដីរបស់លោក សៀន ឆេង​កូ ដើម្បី​អាស្រ័យផល​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​បែរជា​យក​ដី​នោះ​ធ្វើជា​កម្មសិទ្ធិនិង​បាន​ប្តឹង​ម្ចាស់ដី​ថែមទៀត។

លោក​បញ្ជាក់​ថា៖ «អីចឹង​បាន​ថា​! ពួក​គាត់​ប្តឹង​ក៏​ប្តឹង​ទៅ ចោទប្រកាន់​ខ្ញុំ​ម៉េច​ក៏​ចោទ​ទៅ សុំ​ឱ្យមន្ត្រី​ខុទ្ទកាល័យ​សម្តេច​ចុះ​មក​វាយតម្លៃ​មក បើ​ខ្ញុំ​ខុស​នោះ»។

បើ​តាម​អភិបាលរងស្រុក​រូប​នេះ អាជ្ញាធរ​ក៏​ធ្លាប់​បាន​សម្របសម្រួល​ដោះស្រាយ​ស្ទើរ​ចប់​ទាំងស្រុង​ហើយ គឺ​នៅសល់​តែ​ពលរដ្ឋ​ប្រមាណ៣ទៅ៤គ្រួសារ​ប៉ុណ្ណោះដែល​មិនព្រម​ទទួលយក​ការ​ដោះស្រាយ ដោយសារតែ​ពួក​គេ​ស្តាប់​តាម​ការ​ញុះញង់​ពី​បុគ្គល​មួយចំនួន។

អភិបាលខេត្ត​កំពង់ធំ លោក​ សុខ លូ បាន​មានប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាន​ទទួ​លប​ណ្តឹង​ពី​ក្រុម​ប្រជាពលរដ្ឋ​ហើយ ហើយ​លោក​នឹង​ចាត់​មន្ត្រី​ចុះ​ស្រាវជ្រាវឱ្យបាន​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​បញ្ចប់​វិវាទ​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ។

លោក​ថា៖ «និយាយរួម​ឱ្យតែ​មាន​ពាក្យ​បណ្តឹង​មក គឺ​យើង​នឹង​ចាត់​ក្រុមការងារ​ទៅ​ដោះស្រាយ​ជាក់ស្តែង​ដល់​មូលដ្ឋាន​តែម្តង ហើយ​សម័យនេះ​ហើយ​គ្មាន​អ្នកណា​ទៅ​យក​ដី​ពួក​គាត់​ទេ»។

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍​ថា ការដែល​ពលរដ្ឋ​នាំគ្នា​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​នេះ ទំនងជា​ពួក​គាត់​អស់ជំនឿ​លើ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ហើយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធគួរតែ​ធ្វើការ​ស៊ើបអង្កេតនិង​បង្ហាញ​តម្លាភាព​នៃ​ការ​ដោះស្រាយ បើមិនដូច្នោះទេ ពលរដ្ឋ​នៅតែ​បន្ត​ឡើង​ទៅ​តវ៉ា​ដល់​ថ្នាក់​ជាតិ​ដដែល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ