ក្រុម​អង្គ​ការ​ស្នើ​រដ្ឋា​ភិបាល​ដោះ​ស្រាយ​បញ្ហា​យឺត​យ៉ាវ​ការ​​ចុះ​បញ្ជី​ដី​សមូហ​ភាព​ជន​ជាតិ​ដើម​ភាគ​តិច​

បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។ (ជន ចាន់រ៉ែន)

ក្រុមអង្គការសង្គមស៊ីវិលលើកឡើងថា ការចុះបញ្ជីកម្មសិទ្ធិដីជាសមូហភាពឱ្យជនជាតិដើមភាគតិច ដំណើរការទៅយឺត មិនដូចការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ធ្វើឱ្យជនជាតិដើមភាគតិចជួបហានិភ័យដីធ្លីនិងវប្បធម៌ប្រពៃណីដូនតា​របស់​ពួកគេ។

ក្នុង​ទិវា​អន្តរជាតិ​ជនជាតិដើម​ភាគតិច​ពិភពលោក​​លើក​ទី​២៦ នៅ​ថ្ងៃ៩ ខែ​សីហា មជ្ឈ​មណ្ឌ​ល​សិទ្ធិ​​មនុស្ស​កម្ពុជា បានចេញផ្សាយ​បណ្ណ​ព័ត៌មានមួយ​ស្តីពី​​បច្ចុប្បន្ន​នៃ​ការទទួលបាន​បណ្ណកម្មសិទ្ធិ​ដី​សមូហភា​​ព​រប​ស់​​​ស​ហ​​​គម​ន៍​ជនជាតិដើម​ភា​គតិច​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មួយ​នេះ និយាយថា ​ជិត៣ឆ្នាំ(៣៤ខែ)មកនេះ ពោលគឺ​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៧ រហូតដល់ខែមេសា ឆ្នាំ​២០២០​នេះ មាន​បណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ចំនួន១២សហគមន៍ ត្រូវបាន​ផ្ដល់​ឱ្យ​សហគមន៍​ជនជាតិដើម​ភាគតិច ខណៈឆ្នាំ២០១៧​កន្លង​មក ក្រសួងដែនដី ​ប្រកាសថា នឹងពន្លឿនការចុះបញ្ជីសម្រា​​ប់ជនជាតិដើមភាគតិចឱ្យបាន១០សហគមន៍​ក្នុង១ឆ្នាំ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ និយាយទៀតថា ខ្លួនគាំទ្រការប្តេជ្ញាចិត្តនេះ តែសំណូមពរ​ឱ្យក្រសួង​ចាត់វិធានការ​បន្ថែម​ទៀត ​ដើ​ម្បី​ព​​​ន្លឿ​ន​ការចុះបញ្ជី ព្រមទាំង​ដោះស្រាយ​បញ្ហា​ប្រឈម​នានាដែ​​លរារាំង​សហគមន៍​ជ​នជា​តិដើម​ភាគតិចមានបំណង​ចុះបញ្ជី​ដីធ្លី។​

អង្គការនេះរកឃើញថា ឧបសគ្គនៃការចុះបញ្ជីដីសមូហភាពសម្រាប់ជនជាតិដើមភាគតិចមកពី​ទិដ្ឋភាពច្បា​ប់​ស្មុគស្មាញ កង្វះខាតធនធានក្នុងសហគមន៍ និងការយល់ដឹងរបស់អាជ្ញាធរ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សថា៖ «ការអនុវត្តច្បាប់មិនបានល្អ ដំណើរការស្មុគស្មាញ និងរយៈពេលវែងភាគច្រើ​​នចំណា​យ​ពេលយ៉ាងតិច៦ឆ្នាំ។ កង្វះខាតធនធានក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចនិងក​ង្វះ​ខាតការយល់ដឹងរបស់អាជ្ញាធរ»

អ្នកសម្របសម្រួលធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត ឱ្យដឹងបន្ថែមថា គិតត្រឹមឆ្នាំ២០២០ ការចុះបញ្ជីដីជាសមូហភាពទើបបាន៣០សហគមន៍ប៉ុណ្ណោះ​ ក្នុងចំណោមសហគមន៍៤៥៨​នៅ​ទូទាំង​ប្រទេស។

អ្នកឃ្លាំមើលរូបនេះនិយាយទៀតថា ការដែលជនជាតិដើមភាគតិចមិនបានចុះបញ្ជីដីជាដីសហគមន៍ទេ ពួកគេនឹងជួបហានិភ័យដូចជាការបាត់បង់ចម្ការវិលជុំ ដីកប់សព ព្រៃអារក្ស ជាដើម ពីការរំលោភបំពានពីក្រុមហ៊ុន ការកាត់ទន្ទ្រានយកពីមន្ត្រីមានអំណាច ព្រោះដីពួកគាត់មិនត្រូវបានរដ្ឋាភិបាលកំណត់ព្រំប្រទល់ឱ្យនៅឡើយ។

លោក វណ្ណ សូផាត ប្រាប់ថា៖ «ដោយសារតែគាត់មិនមានព្រំប្រទល់ជាផ្លូវការ ថាដីហ្នឹងជាដីរបស់សហគមន៍ជនជាតិដើមដែលទទួលស្គាល់ពីក្រសួងដែនដី នគរូបនីយកម្ម [និងសំណង់] អ៊ីចឹងវាងាយនឹងការទន្ទ្រាននិងរំលោភយកពីក្រុមហ៊ុននិងអ្នកមានអំណាច ឈ្មួញអីជាដើមហ្នឹង»

លោក វណ្ណ សូផាត ឱ្យដឹងដែរថា សហគមន៍ជនជាតិដើម​ភាគតិចយ៉ាងតិច៤ខេត្តដែលមិនទាន់ទទួលបានកម្មសិទ្ធិដីសមូហភាព បានរងការរំលោភបំពានលើដីចម្ការវិលជុំនិងដីប្រពៃណីដូនតារបស់ពួកគេ ដូចជា ប៉ះសហគមន៍ជនជាតិដើមភាគតិចពូនង ស្ថិត​ក្នុង​ឃុំប៊ូស្រា នៅខេត្តមណ្ឌលគិរី ភូមិចឹង ស្រុកស្នួល ខេត្តក្រចេះ និងសហគមន៍ជនជាតិដើមភាគតិចកួយនៅឃុំប្រមេរ ស្ថិត​នៅ​ក្នុង​ខេត្តព្រះវិហារ។

តំណាងជនជាតិដើមភាគតិចពូនង នៅស្រុកប៊ូស្រា លោក គ្រឿង តុលា និយាយថា ដីសហគមន៍មួយចំនួនកំពុងរងការឈូសឆាយរំលោភយកពីក្រុមហ៊ុន កាប់ទន្ទ្រានយកពីអ្នកភូមិមកពីខេត្តផ្សេង ខ្លះទៀតពីមន្ត្រី ដែលលោកថា ដូចជាសហគមន៍​ឃុំស្រែខ្ទុមមានតែប្លង់ដីនៅលើក្រដាស តែ​ដីជាក់ស្តែងសម្រាប់ធ្វើពិធីអារក្សអ្នកតា អត់មាន។

តំណាងជនជាតិដើមភាគតិចរូបនេះ អះអាងថា បើរដ្ឋាភិបាលមិនពន្លឿនការចុះបញ្ជីដីសមូហភាពដល់ជនជាតិដើមបានទេ រដ្ឋាភិបាលអាចនឹងឃើញជនជាតិដើម​ភាគ​តិច​កាន់តែច្រើនទៅតវ៉ានៅភ្នំពេញ ព្រោះពួកគេគ្មានជម្រើសក្រៅពីទៅរកកិច្ចអន្តរាគមន៍ពីថ្នាក់ជាតិដើម្បីការពារ​វប្បធម៌ដូនតា។

លោក គ្រឿង តុលា ប្រាប់ថា៖ «ជនជាតិដើមភាគតិច គាត់ផ្សារភ្ជាប់ទៅនឹងដីធ្លីព្រៃឈើ វប្បធម៌របស់ពួកគាត់។ ពួកគាត់​ជឿទៅលើព្រៃអារក្សអ្នកតា គាត់ជឿទៅលើភ្នំ គាត់ជឿទៅលើជ្រោះ​អី​។ អ៊ីចឹងកាលណាវាបាត់អាទាំងអស់ហ្នឹង គឺវប្បធម៌របស់ពួកគេវាបាត់ វារលួយដោយស្វ័យប្រវត្តិតែម្តង»

បើតាមសេចក្តីប្រកាស សហគមន៍ជនជាតិដើមភាគតិចមាន​៤៥៨ តំណាងឱ្យជនជាតិដើមភាគតិច២៤អំបូរផ្សេងគ្នា​នៅតាម​បណ្ដា​ខេត្តចំនួន១៥ ប៉ុន្តែភាគច្រើននៅភាគឦសានប្រទេស​កម្ពុជា ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែងជាដើម។

អគ្គនាយក​​នៃ​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ​ នៃ​ក្រសួង​រៀបចំដែនដី លោក​ សួន សូផា បាន​ប្រាប់​ថា ដំណើរការ​ចុះ​បញ្ជី​ដី​សមូហភាព​របស់​ក្រុម​ជន​ជាតិដើម​ភាគ​តិច សម្រេច​បាន៣០​ទីតាំង​​ហើយ​គិត​មក​ដល់​ពេល​នេះ ហើយ​រដ្ឋាភិបាល​គ្រោង​ចុះ​បញ្ជី​ដី​សមូហភាព​សរុប៨០​នៅ​ទូទាំង​ប្រទេស។

មន្ត្រី​រូប​នេះ​បាន​លើក​ឡើង​ពី​​​បញ្ហា​ប្រឈម​មួយ​ចំនួន ដូចជា វិវាទ​ក្នុង​សហគមន៍និង​គ្រាប់​មីន​មិន​ទាន់​ផ្ទុះ​នៅ​សេស​សល់​ក្នុង​ដី​សហគមន៍ ប៉ុន្តែលោក​ប្រាប់​ថា ក្រសួង​ប្ដេជ្ញា​ចុះ​បញ្ជី​ដី​សមូហភាព​ឱ្យ​បាន​យ៉ាង​តិច១០សហគមន៍​ក្នុង​មួយ​ឆ្នាំ។

លោក សួន សូផា ប្រាប់​ថា​៖ «បាទ! រឿងភាសាហ្នឹង គាត់លើកឡើងរាល់តែពេល តែការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល បើគិតទៅ ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលហ្នឹង វាខ្ពស់ណាស់។ បើយើងធៀបទៅនឹងប្រទេសក្នុង​តំបន់ ដូចជាមិនអាច​ធៀបជាមួយ​កម្ពុជាកើតទេ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ