មនុស្ស​មួយ​ចំនួន​ដែល​​ប៉ះ​ពាល់​ស្រ្តី​​មាន​ផ្ទុក​​កូវីដ​​១៩​នៅ​ខេត្ត​កណ្តាល​ត្រូវ​បាន​ហៅ​មក​ធ្វើ​តេស្ត​

ក្រុម​គ្រូពេទ្យ​កំពុងធ្វើការ​ពិសោធន៍​លើ​សំណាក​ជន​សង្ស័យ​ឆ្លង​មេរោគ​កូ​វីដ១៩ នៅ​មន្ទីរពិសោធន៍។ (នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC​)

មនុស្សមួយចំនួនដែល​ប៉ះពាល់ស្រ្តី​មានផ្ទុក​កូវីដ​១៩នៅខេត្តកណ្តាល​ ត្រូវបានមន្ទីរសុខាភិបាល​​ហៅមកធ្វើតេស្ត។ នេះ​បើ​តាម​ការបញ្ជាក់របស់ប្រធានមន្ទីរសុខាភិបាល​ខេត្តកណ្ដាល លោក គុយ ប៊ុនធឿន ដែលថ្លែងប្រាប់​វីអូឌីនៅថ្ងៃទី១០ ខែសីហា។

ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល លោក គុយ ប៊ុនធឿន ឱ្យដឹងថា លទ្ធផលតេស្ត​លើស​មាជិក​​គ្រួសាររបស់ស្ត្រីរូបនោះ បង្ហាញថា ពួកគេ​ទាំង៩នាក់នោះ​មិន​មាន​ផ្ទុកកូវីដ​១៩ទេ។

លោក​ថា ជំនាញសុខាភិបាលកំពុងធ្វើរឿងនេះ​ដោយយកចិត្តទុកដាក់ ដើម្បីបង្ការការរីករាល​ដាល​នៃមេរោគកូវីដ១៩។

លោក គុយ ប៊ុនធឿន មានប្រសាន៍ថា៖ «៩នាក់ហ្នឹងលទ្ធផលអវិជ្ជមានទាំង៩។ យើង​បន្តស្រាវជ្រាវថា តើអ្នកណាខ្លះមាន​ពាក់ព័ន្ធជិតស្និទ្ធជាមួយគាត់? ដើម្បីធ្វើ​តេស្ត​ ដើម្បីធ្វើតេស្តបន្តទៀតតាម​នីតិវិធី តាមការផ្ដល់ព័ត៌មានពីក្រុមគ្រួសារគាត់ តាមការបញ្ជាក់គាត់»។

ទាក់ទងនឹងបញ្ហានេះ ចៅសង្កាត់សិត្បូ ក្រុងតាខ្មៅ លោក អ៊ុំ ឡេង បានសរសេរ​របាយ​ការណ៍មួយដាក់ជូនអភិបាលក្រុងតាខ្មៅ ដោយបញ្ជាក់ថា ពលរដ្ឋជាច្រើន​នៅសិត្បូមាន​ការបារម្ភ​បន្ទាប់ពីរកឃើញស្ត្រីឆ្លងមេរោគកូវីដ១៩។

ចៅសង្កាត់រៀបរាប់ក្នុងលិខិតថា ស្ត្រីរូបនោះមកដល់ផ្ទះកាលពីថ្ងៃទី៣០ ខែកក្កដា និងបានជួបមនុស្សជាច្រើន រាប់តាំង​ពីចែកប្រាក់​ឱ្យក្មេងៗ​ក្នុងភូមិ ធ្វើចង្ហាន់ប្រគេនព្រះ​សង្ឃនៅវត្ត ចែកប្រាក់ឱ្យចាស់ៗជាដើម។

ចៅសង្កាត់បន្ថែមថា សាម៉ីខ្លួនថែម​ទាំង​ហៅពេទ្យចាក់ថ្នាំនិងផ្សំថ្នាំលេប ព្រមទាំងទៅធ្វើតេស្ត​នៅមន្ទីរពេទ្យជ័យ​ជម្នះទៀតផង។

ទោះជាយ៉ាងណាក្ដី ប្រធានមន្ទីរសុខាភិបាល លោក គុយ ប៊ុនធឿន លើកឡើងថា ការធ្វើ​របាយការណ៍​របស់ចៅសង្កាត់សិត្បូហាក់លឿនពេក ដែលអាចនាំឱ្យមានការយល់ច្រឡំ។ លោកអំពាវនាវឱ្យពលរដ្ឋថែរក្សាសុខភាពពីកូវីដ១៩និងជឿជាក់លើចំណាត់​ការរបស់ផ្នែក​សុខាភិបាល។

ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ដ្រីដែលរកឃើញថាផ្ទុកមេរោគកូវីដ១៩នៅ​ភូមិព្រែកត្រែង ឃុំសិត្បូ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល ជាកងកម្លាំងមួកខៀវ​របស់កម្ពុជា​ប្រចាំនៅអង្គការសហ​ប្រជាជាតិ មកពីប្រទេសម៉ាលី ស្ថិតនៅតំបន់​អាហ្វ្រិកកណ្ដាល។

គិតត្រឹមចន្ទនេះ​ កម្ពុជា​រកឃើញ​អ្នកឆ្លង​មេរោគកូវីដ១៩ ចំនួន២៥១នាក់ ក្នុង​នោះអ្នកជាសះ​ស្បើយចំនួន២១៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ