ក្រសួងរំលឹកម្ចាស់រថយន្តឈ្នួលនិងអ្នកដំណើរអនុវត្តវិធានការពារកូវីដ១៩អំឡុងថ្ងៃឈប់សងចូលឆ្នាំ​

អ្នកបើកបរម្នាក់កំពុងបាញ់អាល់កុលដល់អ្នកដំណើរដែល​នឹងចេញដំណើរពីភ្នំពេញទៅខេត្តពោធិ៍សាត់និងបាត់ដំបង នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។ (រូបថត៖ណាត សុភាព)

ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យម្ចាស់រថយន្តឈ្នួល រួមទាំងអ្នកដំណើរទាំង​អស់​ពង្រឹងការអនុវត្តវិធានការការពារកូវីដ១៩ អំឡុងពេលធ្វើដំណើរនៅថ្ងៃ​ឈប់សម្រាក​សង​ចូលឆ្នាំ។

ក្នុងសេចក្តីណែនាំចុះផ្សាយកាលពីថ្ងៃទី៧ ខែសីហា ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់​សមាគម​​ដឹកជញ្ជូនអ្នកដំណើរ ម្ចាស់ក្រុមហ៊ុន ម្ចាស់យានយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ អ្នកបើកបររថយន្ត និងអ្នកបម្រើភ្ញៀវលើរថយន្ត ព្រមទាំងអ្នកដំណើរ​ទាំងអស់​ដែល​ត្រូវធ្វើ​ដំណើរ​នៅថ្ងៃឈប់សងបុណ្យចូលឆ្នាំខ្មែរចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃ២១ ខែសីហាខាងមុខនេះ ត្រូវយក​ចិត្តទុក​ដាក់​អនុវត្តវិធានការទប់ស្កាត់ការរីករាតត្បាតនៃជំងឺកូវីដ១៩។ សេចក្តីណែនាំនោះបាន​អំពាវឱ្យអ្នកដំណើរ​ជៀសវាងការប្រើប្រាស់មធ្យោបាយសាធារណៈដែលដឹកមនុស្សច្រើន។ ប្រសិន​​បើជាករណីចាំបាច់ត្រូវប្រើប្រាស់មធ្យោបាយសាធារណៈ អ្នកដំណើរត្រូវពាក់ម៉ាស រក្សា​គម្លាតពីគ្នាឱ្យបានមួយម៉ែត្រកន្លះ ហើយត្រូវយកអាល់ឬទឹកលាងដៃតាមខ្លួន។ក្រសួងក៏បាន​សំណូមពរ​ឱ្យពលរដ្ឋកុំ​ធ្វើដំណើរប្រសិនបើពួកគេមាន​អាការៈក្តៅខ្លួន ក្អក ពិបាក​ដកដង្ហើម ឬមានបញ្ហាសុខភាព។

សម្រាប់អ្នកបើកបរ ក្រសួងបានស្នើឱ្យ​បើកបង្អួចរថយន្តឱ្យមានខ្យល់ចេញចូល កាត់បន្ថយការ​ប្រើម៉ាស៊ីនត្រជាក់​ លាងសំអាតរថយន្តជាប្រចាំដោយប្រើសាប៊ូ និងអាល់សំអាតនៅតាមធ្នាក់​កៅអី និងទីតាំងដែលមនុស្សប៉ះពាល់។ អ្នកបើកបរត្រូវលើកទឹកចិត្តឱ្យអ្នកដំណើរពាក់ម៉ាស និងមានអាល់កុល ឬជែលលាងដៃ ដើម្បីឱ្យអ្នកដំណើរសម្អាតដៃមុនពេលឡើងលើរថយន្ត។ ក្រសួងបានបន្ថែម​ទៀតថាសម្រាប់អ្នកបើកបរដែលមានរោគសញ្ញាគ្រុនក្តៅ ផ្តាសាយ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវផ្អាកការបើកបរជាបណ្តោះអាសន្ន ហើយត្រូវទៅមន្ទីរពេទ្យរដ្ឋ​ដើម្បីពិនិត្យ​សុខភាព។

អ្នកបើករថយន្តដឹកអ្នកដំណើរម្នាក់នៅម្តុំផ្សារទូឡាំពិក លោក សុង វឌ្ឍនៈ បាន​និយាយ​ថា​លោកបាន​ទិញឧបករណ៍វាស់កម្តៅ និងអាល់កុលលាងដៃតាមការណែនាំ​របស់ក្រសួង​សាធារណៈ​​ការ និងដឹកជញ្ជូន និងក្រសួងសុខាភិបាលរូចរាល់ហើយ។ លោកបន្តថាលោកតែង​តែវាស់កម្តៅ និងបាញ់អាល់កុលលាងដៃអ្នកដំណើរ មុនពេលពួកគេឡើងលើរថយន្ត។

លោកបានប្រាប់ថា៖ «ខ្ញុំប្រយ័ត្នណាស់ មុនឱ្យអ្នកដំណើរគាត់ឡើងជិះរថយន្ត ខ្ញុំដឹងតែវាស់កម្តៅ​ពួក​គាត់​សិន ហើយបើមិនស្រួល ដូចថា កម្តៅឡើងខ្លាំងលើសពី៣៧អង្សារឡើងទៅ គឺមិន​ឱ្យជិះ​តែ​ម្តង ដើម្បីទប់ស្កាត់កុំឱ្យចម្លងជំងឺហ្នឹង»។

ចំណែកអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនពេញចិត្តដឹកអ្នកដំណើរ នៅម្តុំផ្សារដើមគ លោក ឃឹម បូរ៉ាន់ បានប្រាប់ស្រដៀងគ្នានឹងលោក សុង វឌ្ឍនៈ ថាមុនពេលអនុញ្ញាតឱ្យអ្នកដំណើរឡើងជិះរថយន្ត បុគ្គលិកក្រុមហ៊ុនលោកឈរចាំនៅច្រកទ្វារថយន្តវាស់កម្តៅ និងបាញ់ទឹកអាល់កុលលាង​ដៃអ្នក​ដំណើរ។

ទោះយ៉ាងណាក៏ដោយ លោក បានកត់សម្គាល់ថាពេលនេះអ្នកដំណើរភាគ​ច្រើនមិនបាន​ពាក់ម៉ាស់ទេ បើទោះបីជាក្រុមហ៊ុនរបស់លោកណែនាំឱ្យពាក់មុននឹងឡើងជិះរថយន្តក៏ដោយ។

លោកមានប្រសាសន៍ថា៖ «ដំបូងៗឃើញអ្នកដំណើរពាក់ម៉ាស់សឹងតែទាំងអស់ តែ​ឥឡូវលែង​ពាក់​ហើយ មានអារម្មណ៍ថា គាត់អត់ឃើញមានអ្នកឆ្លង គាត់ស៊ាំ គាត់លែងសូវខ្លាច និយាយ​ទៅប្រហែលជា៣ខែហើយគាត់លែងពាក់ និយាយទៅយើងណែនាំគាត់ដែរ តែគាត់អត់ពាក់»។

ដៃបីកូនអាយុជាង២ខួប អ្នកនាង សេង ចិត្រា ដែលរៀបនឹងជិះរថយន្តឈ្មួល​ទៅខេត្តពោធិ៍សាត់ បាននិយាយថាគាត់ធ្វើដំណើរមិនពាក់ម៉ាស់ទៀតទេ ដោយសារតែគាត់យល់​ថាអ្នកដែលឡើ​ង​ជិះ​​លើរថយន្តក្រុងបានវាស់កម្តៅ និងលាងដៃអាល់កុលរួចហើយ។

អ្នកនាងបានលើកឡើង​ថា៖ «ពីមុនខ្ញុំពាក់ម៉ាស់ដែរ តែឥឡូវខ្ញុំអត់ពាក់ទេ។ គ្មានជំងឺអឺទេ​មើល​ទៅ អត់អីទេធម្មតា ព្រោះអីគេបាញ់អាល់កុល ហើយគេវាស់កម្តៅទៀត អញ្ចឹងអត់បារម្ភអីទេ»។ 

អ្នកដំណើរម្នាក់ទៀត កញ្ញា ហុង ចាន់ថា ជាអ្នកដំណើរមកពីខេត្តបាត់ដំបង បានប្រាប់ថាចាប់​ពីមានករណីឆ្លងកូវីដ១៩ រហូតមកដល់សព្វថ្ងៃនេះនៅពេលធ្វើដំណើរទៅណា គាត់​តែងតែ​ពាក់ម៉ាស់ជានិច្ច ជាពិសេសមុនពេលឡើងជិះរថយន្ត និងទៅប្រជុំជន។

កញ្ញានិយាយថា៖ «ខ្ញុំមិនដែលភ្លេចទេ ទៅណាក៏ខ្ញុំពាក់ម៉ាស់ដែរ ព្រោះធ្វើចឹង ដូចធ្វើតាមការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ១៩»។

ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណៈការ​និង​ដឹកជញ្ជូន​ លោក ហ៊ាង សុទ្ធាយុត្តិ បានលើកទឹកចិត្តដល់សមាគម ក្រុមហ៊ុនដឹកអ្នកដំណើរ ម្ចាស់រថយន្ត និងអ្នកដំណើទាំងអស់ពង្រឹងការអនុវត្តតាមការណែនាំរបស់ក្រសួង ដើម្បីរួមគ្នាទប់​ស្កាត់​​ជំងឺឆ្លងកូវីដ១៩។

លោកបានមានប្រសាសន៍បន្ថែម​ថា៖ «បញ្ហាកូវីដនេះ វាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចក្រុមហ៊ុន​ខ្លួនឯង​ដែរ បើសិនជាមានការលេចធ្លោយ ឬគ្រប់គ្រងមិនបាន ហើយវាកើតឡើងនៅក្នុងរថយន្ត​ដឹកដំណើរណាមួយ ក្រុមហ៊ុននោះត្រូវមានទំនួលខុសត្រូវទៅតាមហ្នឹងដែរ​ »។

ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋ​​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព  លោក យង់​ គឹមអេង យល់ថា ដើម្បី​ឱ្យ​ការណែនាំរបស់ក្រសួង​មានប្រសិទ្ធិភាព លុះត្រាតែរដ្ឋាភិបាលដាក់មន្ត្រីជំនាញតាមដាន​ការ​អនុវត្តរបស់ក្រុមហ៊ុនដឹកអ្នកដំណើរទាំងអស់ បើរកឃើញកំហុសត្រូវដាក់ទណ្ឌកម្ម​។

លោកផ្តល់ជាអនុសាសន៍ដូចនេះថា៖ «បើក្រុមហ៊ុនដឹកអ្នកដំណើរមិនអនុវត្តតាមទេ អាចផ្អាក​ការដឹកជញ្ជូនរបស់គាត់ចាប់ពីពេលហ្នឹងទៅ។ គ្រាន់តែជាការណែនាំ គ្រាន់តែជាការក្រើនរំឮក ហើយគ្មានវិធានការ ខ្ញុំគិតថា គ្មានប្រសិទ្ធិភាពទេ ហើយវាអាចបង្កហានិភ័ខ្ពស់ដែរ​សំរាប់ការ​ចម្លងកូវីដ១៩ នៅក្នុងការឈប់សំរាកនៅក្នុងសប្តាហ៍ខាងមុខនេះ»។

ទោះយ៉ាងណាក៏ដោយ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃ​ក្រសួងសាធារណការនិងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បញ្ជាក់ថាបើសិនជារថយន្ត​ដឹក​អ្នកដំណើរណាមិនគោរពតាមការណែនាំរបស់ក្រសួង ពួកគេអាចប្រឈមនឹងទណ្ឌកម្មផ្អាក ឬដកអាជីវកម្ម មិនឱ្យដំណើរការបន្តទៀត។

បើតាមក្រសួង​សុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃ៩ ខែសីហា ឆ្នាំ២០២០នេះ មាន​មនុស្ស​ចំនួន ២៤៨នាក់​ហើយ ដែល​ត្រូវ​បាន​រក​ឃើញ​ឆ្លង​វីរុស​កូ​វីដ១៩ នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​អ្នកជំងឺ២១៧នាក់ ​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ និង​អ្នកកំពុង​សម្រាក​​​ព្យាបាលនៅក្នុង​មន្ទីរ​ពេទ្យ​រដ្ឋ​ និង​ឯកជន​ចំនួន ៣១នាក់​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ