ក្រសួងសុខាភិបាលរំលឹកដល់ពលរដ្ឋ​ការពារខ្លួនពីជំងឺគ្រុនឈីក

ក្រុមអាជ្ញាធរក្រុងប៉ោយប៉ែតនិងក្រុមគ្រូពេទ្យចុះពិនិត្យអ្នកជំងឺគ្រុនឈីក នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត អំឡុងខែកក្កដា ឆ្នាំ២០២០។ (ហ្វេសប៊ុក សាលាក្រុងប៉ោយប៉ែត)

ក្រសួងសុខាភិបាល ក្រើន​រំលឹក​ដល់​ប្រជាពលរដ្ឋទាំងអស់ រួម​និង​អាជ្ញាធរ​មូល​ដ្ឋាន​​ ត្រូវ​បង្កើន​ការ​ចូលរួម​ចល​នា​លុប​បំបាត់​ជម្រក​មូសខ្លា និង​ទប់ស្កាត់​ការ​កកើតសត្វ​មូស ដើម្បីការ​ពារ​សុខ​ភាព ខណៈករណី​សង្ស័យ​ជំងឺគ្រុន​ឈីក បាន​កើនឡើង​ដល់ជាង​២០០០ករណី នៅខេត្ត​ចំនួន​១៥។

យោងតាមសេចក្តីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃសៅរ៍​នេះ បានឱ្យ​ដឹងថា គិត​ត្រឹម​​ថ្ងៃទី​០៦ ខែសីហា ការ​រកឃើញ​ករណីសង្ស័យ​ជំងឺគ្រុន​ឈីកសរុប​មានចំនួន ២០៤៧​នាក់​ ដែលបានរាយការណ៍តាមរយៈប្រព័ន្ធ​ឃ្លាំ​មើល​ជំងឺគ្រុន​ឈាម​ពីមន្ទីរ​សុខាភិបាល​ខេត្ត​ចំនួន​១៥ រួមមាន ប៉ៃលិន បន្ទាយមានជ័យ ឧត្តរ​មានជ័យ ព្រះវិហារ​ សៀមរាប កំពង់ចាម ត្បូង​ឃ្មុំ ស្ទឹងត្រែង​ កំពត ពោធិ៍សាត់ កណ្តាល​ កំពង់ធំ តាកែវ បាត់ដំបង និង​ខេត្តព្រះសីហនុ។

ក្រសួង​បន្តថា អ្នកជំងឺ​ប្រមាណ ៧២,៤០% នៃ​ករណីសង្ស័យ​សរុប មានជំងឺគ្រុនឈីក។

ក្រសួង​បញ្ជាក់ថា៖ «ចំនួនអ្នកឈឺ ៨០% នៃករណីសង្ស័យ​សុរប មកពី​ខេត្ត​បន្ទាយ​មានជ័យ សៀម​រាប កំពង់ចាម និង​តាកែវ។ អ្នកជំងឺ​ប្រមាណ៩០%ក្នុង​ចំណោម​អ្នកជំងឺ​សរុបបានជា​សះ​ស្បើយ​ ហើយ​នៅសល់​១០%កំពុង​បន្តការព្យាបាល​នៅ​មន្ទីរពេទ្យរដ្ឋ»។

បើតាម​ក្រសួង​សុខាភិបាល​ ក្នុង​ចំណោម​ករណី​សង្ស័យជំងឺនេះ មាន ៥៨% (ស្មើនឹង​១១៨៥នាក់) កើត​មាន​លើ​មនុស្ស​ពេញវ័យ​, ចំនួន ៣០,៣% ជាកុមារអាយុលើសពី៥ឆ្នាំ និង​១១,៧% ជា​កុមារ​អាយុ​ក្រោម​៥ឆ្នាំ។

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ម៉ម ប៊ុន​ហេង បាន​ក្រើន​រំលឹក និង​លើក​ទឹក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប និង​អាជ្ញាធរ​មូលដ្ឋានថ្នាក់ក្រោម​ជាតិ ត្រូវ​បង្កើន​ការ​ចូលរួម​ចល​នា​លុប​បំបាត់​​ជម្រក​មូសខ្លា និង​ទប់ស្កាត់​ការ​កកើតឡើង​វិញ​​សត្វ​មូស ដោយ​ត្រូវ​ទម្លាប់​រស់​នៅ​ស្អាត ធ្វើ​អនាម័យ​ផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូលគ្រប់គ្រាន់ ​លុបបំបាត់ព្រៃ​ស៊ុបទ្រុប​ជុំវិញ​ផ្ទះ និង​ត្រូវ​ដាក់​ថ្នាំ​អាបែតក្នុងពាង​ឬ​អាងឬវត្ថុស្តុកទឹក​ជាដើម។

លោក​បន្តថា​៖ «អំឡុង​ពេល​ថ្ងៃចាំបាច់ ត្រូវ​ស្លៀក​សំលៀកបំពាក់​មានដៃវែង​ជើង​វែង សម្រាន្ត​ក្នុង​មុង​ជា​ប្រចាំ ទាំង​ថ្ងៃទាំង​យប់ និង​មិន​ត្រូវ​អង្គុយ​​លេង​នៅជិត​ទីកន្លែង​ងងឹងៗនោះទេ។ ត្រូវ​សកម្មចូលរួម​កម្ចាត់ដង្កូវទឹកនៅតាមទីកន្លែង​ឬ​វត្ថុដែលមានទឹកដក់ ដែលទុក​ចោល​មិន​ប្រើប្រាស់»។

លោក​រដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ក្នុងករណីមានអាការៈមិនស្រួល​ខ្លួន ដូចជា ក្តៅខ្លួន​លើសពី៣៨អង្សា ចេញកន្ទួលក្រហមលើខ្លួនប្រាណ ឬនៅដៃ ឬមានបញ្ហាសុខភាព ត្រូវ​ប្រញាប់​ទៅស្វែងរកការពិគ្រោះពិនិត្យព្យាបាល​នៅតាមន្ទីរពេទ្យរដ្ឋដែលនៅជិតបំផុត។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោកវេជ្ជបណ្ឌិត គឹម សួរភីរុណ បានមានប្រសាសន៍ថា​ ចាប់តាំងពីដើមឆ្នាំមក ក្នុងខេត្តកំពង់ចាម មានអ្នកកើតជំងឺគ្រុនឈីកសរុបចំនួន ២៩២នាក់​ ក្នុងនោះ មានអ្នកសះស្បើយប្រមាណ ២៨០នាក់ និង​អ្នកកំពុងសំរាកព្យាបាលប្រមាណ១២នាក់។

លោកបានបន្តថា បើទោះជាខេត្តនេះ នៅមិនទាន់មានអ្នកឈឺធ្ងន់ធ្ងរ ដោយសារជំងឺនេះក៏ដោយ ក៏អាជ្ញាធរ​ខេត្ត ខិតខំចុះអប់រំ និងផ្សព្វផ្សាយ​​ដល់ប្រជាពលរដ្ឋ ឲ្យ​មានការ​យល់ដឹងពីការ​​សំអាតបរិស្ថានជុំវិញផ្ទះ ព្រមទាំងលុបបំបាត់ទឹកដក់ក្បែរ​ផ្ទះ និងត្រូវ​គេងក្នុងមុងជាដើម។ ​

លោកប្រាប់ថា៖«យើងខិតខំទប់ស្កាត់បង្ការ! តែខ្ញុំជឿជាក់ថាវាអាចនឹងមានបន្តទៀត ព្រោះខែនេះជាខែរដូវវស្សា ចឹង!វាមានមូសមានអី អាចកើតមូសកើតអីឆ្លង តែមន្រ្តីសុខាភិបាលយើងខិតខំចូលរួម អប់រំ ផ្សព្វផ្សាយ និងដាក់អាបែតហើយដើម្បីទប់ស្កាត់ជំងឺនេះ»៕

វីអូឌីសូមធ្វើការកែតម្រូវកថាខណ្ឌទី៥៖« បើតាម​ក្រសួង​សុខាភិបាល​ ក្នុង​ចំណោម​ករណី​សង្ស័យជំងឺនេះ មាន ៨៥% (ស្មើនឹង​១១៨៥នាក់) កើត​មាន​លើ​មនុស្ស​ពេញវ័យ…»។ ខ្លឹមសារ​ដែលត្រឹមត្រូវ​គឺ«បើតាម​ក្រសួង​សុខាភិបាល​ ក្នុង​ចំណោម​ករណី​សង្ស័យជំងឺនេះ មាន ៥៨% (ស្មើនឹង​១១៨៥នាក់) កើត​មាន​លើ​មនុស្ស​ពេញវ័យ…»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ