វៀត​ណាម​សង្ឃឹម​ទ​ទួល​​បាន​​អ្នក​​វិនិ​យោគ​​កើន​ឡើង​​ចាប់​ពី​​ខែ​សីហា​​

(ឆ្វេង) ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប លោកស្រី Cecilia Malmstrom (កណ្ដាល) លោក Stefan Radu Oprea រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសរ៉ូម៉ានី និង(ស្ដាំ) រដ្ឋមន្រ្តីឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh ផ្លាស់ប្តូរឯកសារក្នុងពេលចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប – វៀតណាម នៅការិយាល័យរដ្ឋាភិបាលទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ (REUTERS/Kham)

រដ្ឋាភិបាល​វៀតណាម​បាន​បង្ហាញ​ក្តី​សង្ឃឹមថា ចាប់ពី​ដើមខែ​សីហា​នេះ​ជា​ពេល​ដែល​ចាប់ផ្តើម​អនុវត្តកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មិន​ជាប់ពន្ធ​ជាមួយ​អឺរ៉ុប នឹង​ទទួល​បានការ​វិនិយោគ​កើនឡើង ជួយ​ទាំង​សេដ្ឋកិច្ច​ជាតិ​និង​បង្កើត​ការងារ​ឱ្យ​ពលរដ្ឋ។

នៅក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាមនិងសហភាព​អឺរ៉ុប ​(EVFTA​) ដែលកាត់​បន្ថយពន្ធ​នៃ​ការ​នាំ​ទំនិញ​ឆ្លងដែន​ភាគី​ទាំងពីរបាន​រហូតដល់៩៩ភាគរយ​នោះ គឺ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃទី១ ខែសីហា​ ឆ្នាំ២០២០។ កិច្ច​ព្រមព្រៀង​នេះមាន​សុពលភាព​អនុវត្តន៍​បាន​រយៈពេល១០ឆ្នាំ។

ប្រភេទ​ទំនិញ​ដែល​វៀតណាម​ចាប់ផ្តើម​នាំចេញ​ទៅកាន់​សហភាព​អឺរ៉ុប​រួមមាន ទូរសព្ទ​ដៃ គ្រឿង​អេ​ឡិច​ត្រូនិច សម្លៀកបំពាក់ ទ្រនាប់ជើង និង​ផលិតផល​កសិកម្ម។ ផលិតផល​កសិកម្ម​ផ្តោត​ពិសេសលើ​អង្ករ គ្រឿង​សមុទ្រ និងកាហ្វេ។

ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​វៀតណាម VNA ចុះផ្សាយ​នៅ​ថ្ងៃទី៦ ខែសីហា កិច្ច​ព្រមព្រៀង​វៀតណាមនិង​អឺរ៉ុប​នេះ បាន​ផ្តល់​ទំនុកចិត្ត​កាន់តែ​ខ្លាំង​ថែម​លើ​ការ​វិនិយោគ ការ​បង្កើនផលិតផល​ក្នុង​ស្រុក និង​នាំចេញ។ ការអនុវត្ត​កិច្ច​ព្រមព្រៀង​នេះ ធ្វើ​ឱ្យ​ក្រុម​អ្នក​វិនិយោគ​មាន​ឱកាស​ចំ​នេញ​ច្រើននិង​បង្កើន​ការ​វិនិយោគ​នៅក្នុង​ប្រទេស​វៀតណាម ហើយក៏​អាចប​ង្កើត​ការងារ​បាន​ចំនួន​ច្រើនឡើង​ថែមទៀត។

បច្ចុប្បន្ន​ក្រុម​អ្នក​វិនិយោគ​របស់​សហភាព​អឺរ៉ុប កំពុងតែ​ដំណើរការ​នៅក្នុង​សេដ្ឋកិច្ច​ចំនួន១៨វិស័យ នៅក្នុង​ខេត្ត​ចំនួន៥២ក្នុងចំណោម​ខេត្ត​ទាំងអស់​របស់​វៀតណាម​ចំនួន៦៣។ ភាគច្រើន​ដែល​អ្នក​វិនិយោគរបស់​​អឺរ៉ុប​ធ្វើសកម្មភាព​នៅ​វៀតណាម​ គឺ​ផ្តោត​លើ​អេ​ឡិច​ត្រូនិចនិងអចលនទ្រព្យ។

រដ្ឋាភិបាល​វៀតណាម​ព្យាករ​ថា កិច្ច​ព្រមព្រៀង​ជាមួយ​អឺរ៉ុប​នេះនឹង​ធ្វើ​ឱ្យ​ការនាំចេញ​ទៅ​អឺរ៉ុប​កើន៤២,៧ភាគរយ សេដ្ឋកិច្ច​របស់​វៀតណាម​រីកចម្រើន​ឡើង៤,៦ភាគរយ​បន្ថែម​ទៀត គិត​ត្រឹម​ឆ្នាំ២០២៥។ ចំណែក​គណៈកម្មការ​អឺរ៉ុប​ព្យាករ​ថា សេដ្ឋកិច្ច​របស់​អឺរ៉ុប​កើនឡើង​ចំនួន២៩,៥ប៊ី​លាន​ដុល្លារ បាន​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​វៀតណាម គិត​ត្រឹម​ឆ្នាំ២០៣៥។ នេះ​បើ​តាម​របាយការណ៍​ចុះផ្សាយ​ដោយ Vietnam Briefing

វៀតណាម​ក្លាយជា​ប្រទេស​ទី២នៅ​តំបន់​អាស៊ាន​ដែល​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​អឺរ៉ុប​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរីបន្ទាប់ពី​ប្រទេស​សិង្ហបុរី។ វៀតណាម​ក៏​ក្លាយជា​ប្រទេស​ធំ​ទី២គិត​លើ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប ដោយ​វ៉ា​ដាច់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​និង​ថៃ។

ដំណើរការ​ចរចា​ស្វែងរក​កិច្ច​ព្រមព្រៀង​រវាង​វៀតណាមនិង​អឺរ៉ុប​នេះ ចាប់ផ្តើម​តាំងពី​ខែតុលា​ឆ្នាំ២០១០ ដែល​ដំណើរការ​ចរចា​រីកចម្រើន​រហូត តែ​ដល់​ឆ្នាំ២០១៥ទើប​ដំណើរការ​យឺត​វិញ​ព្រោះ​ត្រូវ​លម្អិត​លើ​ពន្ធ​ដែល​ត្រូវ​លុបចេញ។ ដំណើរការ​ចរចា​ចាប់ផ្តើម​ស្ទុះ​លឿន​ជាថ្មី​ទៀត​នៅ​អំឡុង​ខែវិច្ឆិកា​ ឆ្នាំ២០១៩ រហូតដល់​ថ្ងៃទី១ ខែសីហា ​ឆ្នាំ២០២០ ទើប​មាន​អនុវត្តន៍​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការ​៕

អត្ថបទពាក់ព័ន្ធ

កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​អឺរ៉ុប​-​វៀត​ណាម​ចាប់​អនុវត្ត​នៅ​ដើម​ខែ​ក្រោយ​
វៀតណាមហាក់មិនបារម្ភ EU និង US ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ