តុលាការ​​កំពូល​​ប្រកាស​​សាល​ក្រម​​រឿង​​អតីត​​ស​កម្ម​​ជន​​បក្ស​​ប្រឆាំង​​នៅ​​សប្តាហ៍​​ក្រោយ​

ក្រុមស្ត្រីជាភរិយានិងសាច់ញាតិអតីតសកម្មជនបក្សសង្គ្រោះជាតិ ឈរនៅខាងក្រៅរបងតុលាការ បំណងសុំជួបអ្នកជាប់ឃុំតែត្រូវបានហាមឃាត់ពីសមត្ថកិច្ច ក្នុងថ្ងៃសវនាការលើសកម្មជនទាំងនោះនៅតុលាការកំពូល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ (ខាន់ លក្ខិណា)

តុលាការ​កំពូលនឹង​ប្រកាស​សាលក្រម​ករណី​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន១០នាក់នៅ​ថ្ងៃសុក្រ​សប្តាហ៍​ក្រោយ ក្រោយពី​បើកសវនាការ​សួរដេញដោល​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​ការពារ​ក្តី​ឱ្យពួក​គាត់។

លោក សំ សុ​គង់ មេធាវី​ការពារ​ក្ដី​ឱ្យ​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង១០រួប ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃសុក្រ​នេះ​ថា មូលហេតុ​ដែល​កូនក្ដី​របស់​លោក​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយសារតែ​ពួក​គាត់​មួយចំនួន​មាន​បញ្ហា​សុខភាពដូចជា ជំងឺលើសឈាម ឡើងជា​តិ​អាស៊ីត និង​ឈឺសន្លាក់។ 

លោក​ថា៖ «ស្ថានភាព​សុខភាព​ធ្ងន់ធ្ងរ​ជាងគេគឺ​មាន​លោក កែវ ថៃ ដែល​លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ គឺ​គាត់​មាន​ជំងឺលើសឈាម​! ឈាម​របស់​គាត់​ដើរមិនស្រួល ហើយ​គាត់​ឡើងជា​តិ​អាស៊ីត ហើយ​ឥលូវគាត់​ក៏​ឈឺបំពង់ក​ដែរ។ លោក ជុំ ចាន់ ក៏​គាត់​មាន​ជំងឺ​ដែរ លោក ​ញ៉ែម វាន ក៏​មាន​ជំងឺ​ដែរ ហើយ​អ្នក​មាន​ផ្សេង​ៗក៏​មាន​ជំងឺ​ប្រហាក់​ប្រហែលគ្នា​ដែរ»។

លោក សំ សុ​គង់ បាន​បន្ថែម​ថា បន្ទាប់ពី​សវនាការ​ជិត២ម៉ោង​នៅ​ព្រឹកមិញ​នេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល លោក និល ណុល បានសម្រេច​លើកពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ 

បើ​តាម​មេធាវី​រូប​នេះ គិត​ចាប់តាំងពី​ដើមឆ្នាំ២០២០មក មាន​អតីត​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន១៧នាក់​ហើយដែល​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ រួមគំនិតក្បត់ និង​បទ​ញុះញង់​ឱ្យ​យោធា​មិន​ស្ដាប់បង្គាប់»។ 

វី​អូ​ឌីពុំ​អាច​ស្វែងរក​ការ​អត្ថា​ធិប្បាយ​បញ្ជាក់​ពីលោក​ចៅក្រម និល ណុល បានទេ។

ខណៈ​តុលាការ​កំពូលកំពុង​បើកសវនាការ​នោះ ក្រុម​គ្រួសារនិង​សាច់ញាតិអតីត​សកម្មជន​គណបក្ស​ប្រឆាំង​ប្រហែល៥០នាក់ ក៏បាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​នៅមុខ​តុលាការ ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះលែង​អ្នកជាប់ឃុំ​ទាំង១៧នាក់។ ក្រៅពីនោះ ពួក​គេ​ក៏បាន​ស្នើសុំ​ជួប​ស្វាមីនិង​សាច់ញាតិដើម្បី​យក​អាហារ​ទៅ​ឱ្យ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​បដិសេធ។ 

អ្នកស្រី សំ ចិន្តា ជា​ភរិយាលោក​ កែវ ថៃ អតីតប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពង់ឆ្នាំងនិង​ជា​គ្រូបង្រៀន បាន​សម្ដែង​ការ​ខកចិត្ត​ចំពោះ​អាជ្ញាធរ​ដែល​មិន​អនុញ្ញាត​ឱ្យ​អ្នកស្រី​ជួបនិង​យក​អាហារ​ឱ្យ​ស្វាមីដែល​កំពុង​មាន​ជំងឺ។ 

អ្នកស្រី​ថា៖ «ប្ដី​ខ្ញុំ​ស្រែក​ប្រាប់​ថា ខ្ញុំ​ឈឺ​មាត់​និង​បំពង​់ក ហើយក៏​អយុត្តិធម៌​ម៉្លេះ គេអ្នក​ផ្សេង​អាច​អង្គុយ​ហូបបាយ អត់ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ទេ ប្ដី​អ្នកធ្វើ​នយោបាយ​ដែល​ត្រូវ​បាន​គេ​រំលាយ​អស់ហើយ ហេតុ​អី​មិន​ឱ្យ​ប្រពន្ធ​ជួប»។

តែ​យ៉ាងណា មន្ត្រី​​ក្រសួងមហាផ្ទៃ លោក រិទ្ធី ឌី​ណា បាន​ប្រាប់​ទៅ​ក្រុម​គ្រួសារ​អ្នកជាប់ឃុំក្នុងអំឡុងពេល​ប្រមូល​ផ្តុំ​នៅមុខ​តុលាការ​ថា ការដែល​លោក​មិន​អនុញ្ញាត​ឱ្យក្រុម​គ្រួសារ​ជួប​អ្នកជាប់ឃុំ​នោះ គឺ​ធ្វើតាមបញ្ជា​ថ្នាក់លើ។

លោក​បាន​និយាយ​ថា៖ «ឥលូវ​ខ្ញុំ​ជួយ​យក ​[អាហារ​ឱ្យ] បើសិនជា​ព្រម ខ្ញុំ​មិន​មាន​សិទ្ធិ​សម្រេច​ទេ អាហ្នឹង​អាស្រ័យ​ទៅលើ​តុលាការនិង​មណ្ឌល​អប់រំ​កែប្រែ ព្រោះ​ខ្ញុំ​កម្លាំង​ក្រសួងមហាផ្ទៃ គ្រាន់តែ​មក​ជួយការ​ពារ​សុវត្ថិភាព​ទាំងអស់គ្នា អត់មាន​សិទ្ធិ​សម្រេច​ឱ្យ​គាត់​ជួបឬមិន​ជួប ទាល់តែ​ឆ្លង​យោបល់​ថ្នាក់លើ​សិននិង​ខាង​មណ្ឌល​អប់រំ​កែប្រែ​ទៀត»។

នាយករង​អង្គការ​លី​កាដ​ូ លោក ​អំ សំអាត មានប្រសាសន៍​ថា ប្រសិនបើ​អ្នកជាប់ឃុំ​ទាំងនោះ មាន​ជំងឺ​មែន អាជ្ញាធរ​គួរតែ​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារនិង​សាច់ញាតិ​របស់​ពួក​គេ​ជួប ដើម្បី​បានដឹង​ពី​សុខទុក្ខនិង​ទទួល​ថ្នាំ​សម្រាប់​ព្យ​ាបាល​ជំងឺ។

លោក​ថា៖ «ពីព្រោះ​ពួក​គាត់​ជា​ជនជាប់ចោទ [ត្រូវ​បាន​] កាត់​អស់​សិទ្ធិ​មួយចំនួន​ហើយ ត្រង់ថា តុលាការ​ដកហូតដូចជាសិទ្ធិ​ដើរហើរនិង​សិទ្ធិ​អី​ផ្សេង ហើយ​សិទ្ធិ​ផ្សេងទៀតដែល​តុលាការ​មិនបាន​ដកហូត គាត់​នៅតែ​មាន​សិទ្ធិ​ដូច​ពលរដ្ឋ​ដទៃ ហើយ​កាលណា​មិន​អនុញ្ញាត​ឱ្យ​ជួប​ វា​ជា​ការរំលោភ​សិទ្ធិ​គាត់​វិញ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ