ពល​រដ្ឋ​​រង​​ផល​​ប៉ះពាល់​​ពី​​គម្រោង​​អភិវឌ្ឍ​ន៍​​ព្រលា​ន​យន្ត​ហោះ​​ថ្មី​​សុំ​​អន្តរា​គមន៍​​ពី​​នាយក​​រដ្ឋ​មន្ត្រី

ពលរដ្ឋ​ជាង២០នាក់តំណាង​ឱ្យ​ជាង២០០គ្រួសារ នៅ​ឃុំ​បឹងខ្យាង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ជួបនិយាយជាមួយអ្នកយាមគេហដ្ឋានលោក ហ៊ុន សែន ខណៈដែលពួកគេមានគម្រោងយកញត្តិទៅដាក់ជូនលោក ហ៊ុន សែន នៅគេហដ្ឋានលោកក្នុងក្រុងតាខ្មៅ ពាក់ព័ន្ធគម្រោងសាងសង់ព្រលានយន្តហោះ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ (ឃុត សុគន្ធ)

ពលរដ្ឋ​ជាង២០នាក់តំណាង​ឱ្យ​ជាង២០០គ្រួសារ នៅ​ឃុំ​បឹងខ្យាង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែល​អះអាង​ថា កំពុង​រង​ផល​ប៉ះពាល់​ដីធ្លី​ពី​គម្រោង​អភិវឌ្ឍ​ន៍​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី បាន​ប្រមូល​ផ្តុំគ្នា​នៅ​ក្បែរ​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្រុង​តាខ្មៅ ដើម្បី​សុំ​ឱ្យ​លោក​ជួយ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ពួក​គេ។

អ្នកស្រី ឆន ចាន់​ថុល មក​ពី​ភូមិ​កំពង់​តា​ឡុង ឃុំ​បឹងខ្យាង បាន​ប្រាប់​វី​អូ​ឌី​នៅកន្លែង​តវ៉ា​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​ថា ពលរដ្ឋ​ចំនួន២០៣គ្រួសារ​ មាន​ក្បាលដី​សរុប៧៨៣ក្បាលដី មាន​ជម្លោះ​រយៈពេល៣ឆ្នាំ​ហើយ​ជាមួយ​ក្រុមហ៊ុន OCIC ដែល​ទទួល​បាន​សិទ្ធិ​លើ​ការ​អភិ​វឌ្ឍ​ព្រលា​នយន្តហោះ​ភ្នំពេញថ្មីពី​រាជរដ្ឋាភិបាល។

អ្នកស្រី​បន្ត​ថា ការ​ពន្យារ​ពេល​ដោះស្រាយ​នេះ បាន​ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព​របស់​ពួក​គាត់ ដោយសារ​មិន​អាច​ចូល​បង្កបង្កើនផល មិន​អាច​ទិញ​លក់ និង​ដោះដូរ​ដី​នោះ​បាន​ឡើយ ហើយ​ក្រុមហ៊ុន​ក៏បាន​និង​កំពុង​ដាក់គ្រឿង​ចក្រ​ឈូស​ឆាយ​ប៉ះពាល់​ដីធ្លី​របស់​អ្នកភូមិ​ផង​ដែរ។ 

អ្នកស្រី​បន្ថែម​ថា៖ «ផល​ប៉ះពាល់​គឺ​ក្រុមហ៊ុន​បាន​បង្ខាំង​ដី​មិន​ឱ្យពួក​យើង​ដាក់​ដី​ហ្នឹង​ទៅ​ឈ្មួញ​ផ្សេង​បាន។ គេ​ទុក​ដី​ហ្នឹង​តែម្តង។ យើង​បង្កបង្កើនផល​អត់​បានទេ ព្រោះ​ទឹក​អត់​គ្រប់គ្រាន់ ដោយសារ​មន្ទីរ​ធនធានទឹក​អត់​ទម្លាក់​ឱ្យប្រើប្រាស់​ដូច​កាលពីមុន។» 

បើ​តាម​ស្រ្តី​រូប​នេះ កន្លងមក ក្រុមហ៊ុន​បាន​ដោះស្រាយ​ជាគោល​នយោបាយ ដោយ​ផ្តល់​សំណង​ចន្លោះ​ពី៣ដុល្លារ​ទៅ៨ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ប៉ុន្តែ​សំណង​នេះ​ពួក​គាត់​ពុំ​អាច​ទទួលយក​បានទេ។

អ្នកស្រី​ថា៖ «ដំណោះស្រាយ គឺ​ពួក​យើង​ចង់បាន​តម្លៃ​ទីផ្សារ​ឱ្យ​សមរម្យ តម្លៃ​បច្ចុប្បន្ន១ម៉ែត្រការ៉េ១០០ដុល្លារ»។

ពាក់ព័ន្ធ​នឹង​ការ​ដាក់​ញត្តិ​នេះ មន្ត្រី​យាម​ផ្ទះ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនបាន​ទទួលយក​ញត្តិ​ពី​ក្រុម​ពលរដ្ឋ​នោះ​ទេ ដោយ​បង្វែរឱ្យ​ពលរដ្ឋ​យក​ញត្តិ​ទៅ​ដាក់​នៅ​សាលាខេត្ត​កណ្តាល​វិញ។

ក្នុង​ពេល​ប្រមូល​ផ្តុំ​នោះ បុរស​ម្នាក់​ដែល​មិន​ប្រាប់​ឈ្មោះនិង​អះអាង​ថាជា​អ្នកយាម​នៅ​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ទៅ​ពលរដ្ឋ​ថា មន្ត្រី​នៅ​ភូមិគ្រឹះ​ទទួល​តែ​ញត្តិ​ពលរដ្ឋ​មក​ពី​ខេត្ត​ផ្សេង​ប៉ុណ្ណោះ។ ចំណែក​ពលរដ្ឋ​ក្នុង​ខេត្តកណ្តាល​ជាមួយគ្នា គឺ​ត្រូវ​រុញ​ទៅ​អាជ្ញាធរ​ខេត្ត​ជា​អ្នកពិនិត្យនិង​ដោះស្រាយ។

លោក​បាន​និយាយ​ថា៖ «បង​ឯង​មក​អង្គុយ​នៅ​ទីនេះ៥ឆ្នាំ​ទៀត ក៏​មិនមាន​ដំណោះស្រាយ​ដែរ គេ​មាន​របៀបរបប​ធ្វើការ​តាម​ដំណាក់កាល​របស់​គេ។ បើ​បងប្អូន​មក​ផ្លូវកាត់​អីចឹង ​ម៉េច​កើត! អីចឹង​គេ​ចាំបាច់​បង្កើត​សាលាឃុំ សាលាស្រុក សាលាខេត្ត​ធ្វើ​អី។»

អភិបាលខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ មានប្រសាសន៍​ថា រដ្ឋបាល​ខេត្តបាន​ទទួលយក​សំណើ​របស់​ប្រជាពលរដ្ឋ​ទៅ​ពិចារណា​ក្នុង​ការ​ដោះស្រាយ​ហើយ។ 

លោក​បន្ត​ថា៖ «សំណូមពរ​របស់​បងប្អូន​យើង គឺ​គាត់​ទាមទារ​ដោះស្រាយ​តាម​តម្លៃ​ទីផ្សារ​សព្វថ្ងៃ អីចឹង​យើង​នៅ​ប្រឈម​កន្លែង​ហ្នឹង​បន្តិច​ទេ។ យើង​នឹង​ពិនិត្យ​កិច្ចការ​នេះ​ជាមួយ​ក្រសួង​រៀបចំ​ដែនដីដែល​លោក​ទទួលបន្ទុក​ផ្ទាល់​ក្នុង​ការស្រាវជ្រាវនិង​ដោះស្រាយ»។

មេឃុំ​បឹងខ្យាង ​លោក ណៃ ចាន់​ឌី ឱ្យដឹង​ថា គម្រោង​អភិវឌ្ឍ​ន៍​ព្រលា​នយន្តហោះ​ភ្នំពេញថ្មី​នៅ​ខេត្តកណ្តាល បាន​ធ្វើឱ្យប៉ះពាល់​ដី​ពលរដ្ឋ​ជាង២ពាន់​ក្បាលដី ប៉ុន្តែ​លោក​ពុំ​បានដឹង​ច្បាស់​ពី​ចំនួន​គ្រួសារ​ទេ។ 

លោក​បន្ថែម​ថា៖ «ការ​ដោះស្រាយ​របស់​ថ្នាក់លើ​កន្លងមក​ហ្នឹងគឺ​ពី៣ដុល្លារ​ដល់៨ដុល្លារ ១ម៉ែត្រការ៉េ ដល់​អីចឹងពលរដ្ឋ​គាត់​អត់​ព្រម»។

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍​ថា យោង​តាមច្បាប់ រាល់​ការ​អភិវឌ្ឍ​តម្រូវឱ្យ​មានការ​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាននិង​សង្គម ហើយ​រាជរដ្ឋាភិបាលត្រូវ​ចរចា​ដោះស្រាយ​ផល​ប៉ះពាល់​ដោយ​ផ្តល់​តម្លៃ​សមរម្យ​អាច​ទទួលយក​បាន​ទាំងអស់គ្នា។

លោក​ថា៖ «នៅពេល​ដែល​ចរចា​តម្លៃ​សមរម្យ​មួយ​ដែល​គាត់​[ពលរដ្ឋ​]អាច​ទទួលយក​បាន គាត់​អាច​ទៅ​ទិញ​ផ្ទះ ទិញ​ដី​នៅកន្លែង​ផ្សេង​បាន ដើម្បី​ធ្វើ​កសិកម្ម​ទ្រទ្រង់​ជីវភាព​បាន នោះ​គាត់​ទទួលយក​ហើយ ប៉ុន្តែ​ប្រសិនបើ​ដោះស្រាយ​ឱ្យគាត់​ក្នុង​តម្លៃ​មួយ​កំណត់​ដោយ​រដ្ឋ​អីចឹង ពេល​ដែល​គាត់​មិន​អាច​ទទួលយក​បាន អាហ្នឹង​ជា​សិទ្ធិ​របស់​គាត់​ក្នុង​ការ​ទាមទារ​ឱ្យរដ្ឋាភិបាលឬក៏​ក្រុមហ៊ុន​ហ្នឹង​ត្រូវតែ​ចរចា​បន្ត​ទៀត ដើម្បី​ដោះស្រាយ​តម្លៃ​មួយ​ដែល​គាត់អាច​ទទួលយក​បាន»។

ក្នុង​លិខិត​មួយ​របស់​រាជរដ្ឋាភិបាល កាលពី​ចុងឆ្នាំ២០១៧ បាន​ឱ្យដឹង​ថា គម្រោង​សាងសង់​អាកាសយាន​ដ្ឋាន​ភ្នំពេញ​អន្តរជាតិ​ថ្មី មានតម្លៃ១,៥០០លាន​ដុល្លារ ស្ថិត​លើ​ផ្ទៃដី​ទំហំ២,៦០០ហិ​កតា នៅ​ភូមិសាស្ត្រ​ស្រុក​កណ្ដាលស្ទឹងនិងស្រុក​ស្អាង ខេត្ត​កណ្ដាល និង​មួយ​ផ្នែក​នៃ​ស្រុក​បាទី ខេត្តតាកែវ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ