អតីត​​សកម្ម​ជន​​បក្ស​​ប្រឆាំង​៤​នាក់​​ទៀត​​ត្រូវ​​ចាប់​ខ្លួន​​

លោក សំ សុគង់ សហមេធាវីការពារក្ដី។

មេធាវីការពារក្តីឱ្យអតីតសកម្មជនបក្សប្រឆាំង និយាយថា សកម្មជន៤នាក់ទៀតត្រូវសមត្ថកិច្ចចាប់ខ្លួននៅរាជធានីភ្នំពេញ ក្រោយពីមានការតវ៉ាទាមទារឱ្យដោះលែងសមាជិកក្រុមប្រឹក្សាឃ្លាំមើ​លកម្ពុជា លោក រ៉ុង ឈុន។

លោកមេធាវី សំ សុគង់ ប្រាប់VODនៅថ្ងៃនេះថា លោក អ៊ុក សំអូន អ្នកស្រី ឈិន សុ វណ្ណា លោក ឈួ ផេង និងលោក ជុំ ពុទ្ធី ត្រូវសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនបន្តបន្ទាប់គឺថ្ងៃទី៤ ទី៥ និងទី៦ ខែសីហានេះ។

មេធាវីរូបនេះអះអាងថា តាមក្រុមគ្រួសារសកម្មជន ការចាប់ខ្លួនធ្វើឡើងក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈពួកគេព្យាយាមជួបព្រះសង្ឃ៨អង្គដែលអាជ្ញាធរនាំព្រះកាយមកវត្តថាន់ឱ្យចុះកិច្ច​សន្យា​​ឈប់តវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន។

លោកថា៖ «គាត់ចេះតែឈឺឆ្អាលរឿងសង្គម ឱ្យតែមានការចាប់ខ្លួនឬក៏មានបាតុកម្មទាមទារ គាត់តែងតែ​ចូលរួម អ៊ីចឹងហើយបានមានការចាប់ខ្លួនពីអាជ្ញាធរនៅពេលនេះ»។

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត និយាយថា ជនសង្ស័យ៤នាក់ដែលបានចាប់ខ្លួន ពីរនាក់ត្រូវអប់រំនិងពីរនាក់ទៀតត្រូវបញ្ជូនទៅតុលាការ។

លោក ស ថេត ឱ្យដឹងដែរថា ពីរនាក់ដែលរងការចោទនោះមានលោក ឈួ ផេង និងលោក ជុំ ពុទ្ធី ចូលក្នុងបទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ។

លោកថា៖ «ហេតុអីបានចោទអ៊ីចឹង ព្រោះអីពួកគាត់ពីរនាក់នេះបានទទួលផែនការយ៉ាងច្បាស់​លា​ស់​​​ពី​ថ្នាក់ដឹកនាំរបស់គាត់ ទាំងខាងក្នុងទាំងខាងក្រៅ ឱ្យប្រមូលផ្តុំកម្លាំងរបស់ពួកគាត់នៅតាមសង្កាត់ ១សង្កាត់៣នាក់ ដើម្បីតវ៉ាសុំឱ្យដោះលែងលោក រ៉ុង ឈុន»។

ភរិយាលោក ឈួ ផេង គឺអ្នកស្រី ដុស គីមទៀង អះអាងថា ប្តីគាត់មិនបានធ្វើអ្វីខុសដូចការចោទប្រ​កា​ន់ទេ ដោយអះអាងថា ច្រើនឆ្នាំមកនេះ ប្តីអ្នកស្រីរកស៊ីធម្មតាមិនបានធ្វើនយោបាយអ្វីឡើយ។

អ្នកស្រីថា៖ «ខ្ញុំសុំណូមពរឱ្យដោះលែងប្តីខ្ញុំមកវិញមក ព្រោះអីប្តីខ្ញុំអត់មានកំហុសអីទេ គាត់ជាបង្គោ​ល​គ្រួ​សារមួយ។ ដូចដឹងអ៊ីចឹង ខ្ញុំដូចនៅកណ្តាលទន្លេអ៊ីចឹង»

ស្ត្រីអាយុ៤២ឆ្នាំរូបនេះ អះអាងថា គាត់មានកូនស្រី៣នាក់ ម្នាក់ទើបនឹងរៀនចប់មហាវិទ្យាល័យ ម្នាក់រៀនឆ្នាំទី១ និងម្នាក់ទៀតរៀនថ្នាក់ទី៥។

កូនលោក ជុំ ពុទ្ធី គឺលោក ជុំ ពុទ្ធោ អាយុ១៩ឆ្នាំ ដែលអះអាងថាមានបងប្អូន៦នាក់ ក៏ទទូចឱ្យដោះលែងឱពុកដែរ ដោយថា ឱពុកខ្លួនមិនបានមានសកម្មភាពនយោបាយអ្វីទេ ប្រកបមុខរបររត់កង់បីច្រើនឆ្នាំមកហើយ។

អ្នកស្រាវជ្រាវសង្គម លោកបណ្ឌិត សេង សារី និយាយថា វិធានការចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធី ជាបន្តបន្ទាប់ ជាសញ្ញាព្រួយបារម្ភមួយ ខណៈពលរដ្ឋជួបបញ្ហាជីវភាពដោយសារកូវីដ១៩ បញ្ហាព្រំដែន និងវិបត្តិនយោបាយអូសបន្លាយ។

លោកថា៖ «នៅពេលដែលបញ្ហាកើតឡើងផ្ទួនៗ ហើយរដ្ឋាភិបាលមិនប្រើយន្តការដោះស្រាយ បែរជាចាប់ចងបន្ថែមបញ្ហាបែបនេះទៀត ខ្ញុំមើលឃើញវិបត្តិសង្គមវានឹងកើតឡើងហើយវិបត្តិផ្លូវចិត្តរបស់សង្គមក៏ជាវិបត្តិមួយដែរ »។

លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅយប់ថ្ងៃទី៣១ ខែកក្កដា។​ មួយថ្ងៃបន្ទាប់ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារបណ្តោះអាសន្ន ចោទពីបទញុះញង់ធ្វើឱ្យមានបទឧក្រិដ្ឋជាអាទិ៍។

ការចាប់ឃុំខ្លួនលោក រ៉ុង ឈុន ក្រោយពីគាត់ចុះជួបពលរដ្ឋនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោយមក លោកបង្ហាញរបាយការណ៍មួយថា ពលរដ្ឋ១០៦គ្រួសារនៅខេត្តជាប់ព្រំដែននោះប្រឈមនឹងបាត់ដីសម្រាប់អាស្រ័យផល ដោយសារវៀតណាមបោះបង្គោលឡាក់ព្រំដែនលេខ១១៤និង១១៩ ចូលដីខ្មែរប្រមាណជា៥០០ម៉ែត្រ។

យ៉ាងណា កាលពីសប្តាហ៍មុន អង្គការសមាគម១១៤បានចេញសេចក្តីថ្លែងការណ៍រួមចាត់ទុកការចាប់ខ្លួននិងចោទប្រកាន់លោក រ៉ុង ឈុន ថាជាការរំលោភសិទ្ធិបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញនិងទាមទារឱ្យដោះលែង។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) កាលពីថ្ងៃទី៤ តាមរយៈសេចក្តីថ្លែងការណ៍ទាមទារ​ទៅអាជ្ញាធររដ្ឋាភិបាលទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក រ៉ុង ឈុន ជា​បន្ទាន់ ដោយចាត់ទុក​​ការ​ចោទ​ប្រកាន់​នោះថា «ចោទប្រកាន់បែប​ប្រឌិត»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ