ពលរដ្ឋ​ជាង​៧០០​នាក់​ស្នើ​​ឱ្យ​អាជ្ញា​ធរ​ខេត្ត​កោះ​កុង​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​ជូន​ពួក​គាត់​

ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីជាង៧០០នាក់ បានប្រមូលផ្តុំនៅមុខសាលាខេត្តកោះកុងទាមទារដំណោះស្រាយករណីវិវាទដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋ​ដែលមាន​បញ្ហាដីធ្លី​ជាង៧០០នាក់ បាន​ប្រមូល​ផ្តុំនៅមុខ​សាលា​ខេត្តកោះកុងនៅថ្ងៃពុធនេះ ដើម្បី​ទាម​ទារឱ្យអាជ្ញាធរខេត្តពន្លឿនការ​​ដោះស្រាយបញ្ចប់វិវាទដីធ្លីជាមួយនឹងក្រុម​ហ៊ុន​ចំនួន​២។

អ្នកស្រី ដេត ហួរ ដែលអះអាងថាជាតំណាងពលរដ្ឋមកពីស្រុកស្រែអំបិល បានប្រាប់វីអូឌីថា ប្រជាពលរដ្ឋ​ចំនួន១៩៧គ្រួសារ រស់នៅឃុំជីខលើ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុនហេងហ៊ុយតាំងពីឆ្នាំ២០០៧មក​ដល់​បច្ចុប្បន្ន​។ អ្នកស្រីបាន​បន្តថា ក្នុងអំឡុងពេល​មានជម្លោះនេះ ក្រុម​ហ៊ុនបាន​ដាក់គ្រឿងចក្រឈូសឆាយដីស្រែចម្ការរបស់ពួកគាត់ ដោយមិនបានដោះស្រាយសំណងឱ្យ​បាន​សមរម្យដល់ពួកគាត​់​ឡើយ។

អ្នកស្រីបាន​និយាយ​ថា៖ «លោក ហេង ហ៊ុយ [ម្ចាស់ក្រុម​ហ៊ុន]​ គាត់មិនបានឱ្យសំណងអីមកពួកយើងទេ គាត់បាន​ត្រឹមតែគំរាមកំហែងនិងបង្ខិតបង្ខំឱ្យពលរដ្ឋទទួលយកសំណងតិចតួចប៉ុណ្ណោះ […] ពួកយើងមកសាលាខេត្តនេះជាលើកចុងក្រោយហើយ បើគាត់​អត់មានដំណោះស្រាយសម្រាប់ពួកយើងទេ ពួកយើងនឹងឡើងទៅផ្ទះសម្តេច [នាយក​រដ្ឋមន្ត្រី​] ជួយអន្ត​រាគមន៍»

ក្រុមប្រជាពលរដ្ឋទាំងនោះបាន​ស្នើ​ឱ្យអាជ្ញាធរ​ខេត្តកាត់ឆ្វៀលដីទំហំ៤២១ហិកតាចេញពីដីក្រុមហ៊ុន ដើម្បីបែងចែកទៅឱ្យប្រជាពលរដ្ឋវិញនិងសុំប័ណ្ណកម្មសិទ្ធិដីធ្លី។ នេះបើតាមការបញ្ជាក់របស់​អ្នកស្រី ដេត ហួរ។

ចំណែកលោក ឈឹម សុផាន ដែល​អះអាងថា​ជាតំណាងពលរដ្ឋ៧៤៣គ្រួសារ បាននិយាយថា ពួកគាត់មានជម្លោះ​ដីធ្លីជាមួយក្រុមហ៊ុន​ស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០០៦មក និង​ធ្លាប់បាន​ស្វែងរកកិច្ចអន្តរា​គមន៍​ពីអាជ្ញាធរពាក់ព័ន្ធ​នៅថ្នាក់ខេត្តនិងថ្នាក់ជាតិជាច្រើនលើក​មក​ហើយ ប៉ុន្តែមក​ដល់​ពេល​នេះ​នៅតែពុំទាន់​​មានដំណោះស្រាយ​បញ្ចប់​ករណីវិវាទដីធ្លីនេះ​នៅឡើយ​។

តំណាងរូបនេះបន្ត​​ថា កន្លងមក ប្រជាពលរដ្ឋបានផ្ញើសាលាកប័ត្រព័ត៌មាន​ក្បាលដីទៅរដ្ឋបាល​ខេត្ត ដើម្បីស្នើ​ឱ្យរដ្ឋបាលខេត្តបញ្ជូនបន្តទៅក្រសួងរៀបចំដែនដី ពិនិត្យនិងរកដំណោះស្រាយ​ ប៉ុន្តែពុំទទួលបាន​លទ្ធផល​ណាមួយ​ទេ។

លោកថា៖ «អីចឹងលទ្ធផលគឺអាជ្ញាធរខេត្តកោះកុងមិនបានបញ្ចូលសាលាកប័ត្រព័ត៌មានក្បាលដីដែលអាជ្ញាធរភូមិឃុំចុះហត្ថលេខាទៅក្រសួងរៀបចំដែនដីទេ គឺទើរត្រឹមខេត្ត។ ដូច្នេះពួក​យើង​សំណូមពរទៅលោកជំទាវអភិបាល​ខេត្ត​ បញ្ជូនឯកសារនិងដោះស្រាយដីធ្លីជូនពួកខ្ញុំ​ដែលឧកញ៉ា លី យ៉ុងផាត់ បានរំលោភយក»

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បាន​បដិសេធអត្ថាធិប្បាយ ដោយប្រាប់ថាជាប់ប្រជុំ។

ប៉ុន្តែបើតាម​​វីដេអូឃ្លីបរបស់​ក្រុម​ប្រជាពលរដ្ឋដែល​បានថត​ក្នុង​កិច្ច​ប្រជុំរវាង​តំណាង​ប្រជាពលរដ្ឋនិង​អាជ្ញាធរ​ខេត្ត លោក ទូ សាវុធ អភិបាលរងខេត្ត បាន​មានប្រសាសន៍​ថា ​លោក​នឹង​ពាំនាំសំណើរបស់​ប្រជាពលរដ្ឋ​ទៅកាន់​អភិ​បាល​​ខេត្តដើម្បីពិនិត្យ។

លោកថា៖ «លោកជំទាវ [អភិបាលខេត្ត​]​ មានភារកិច្ច​ប្រជុំនៅភ្នំពេញ ដូច្នេះ​ខ្ញុំជាអភិបាលរងខេត្ត ខ្ញុំ​ទទួល​យកសំណើនិងសំណូមពរ​ពីបង​ប្អូន ហើយ​សំណើនិងសំណូមពរទាំងនេះ ខ្ញុំនឹងដាក់ជូនគាត់​ឱ្យពិចារណា​មើលនិង​ចាត់ចែងរកដំណោះស្រាយ»។

មន្រ្តីសម្របសម្រួលអង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន មានប្រសាសន៍ថា ជម្លោះ​ដីធ្លីនៅខេត្តកោះកុងនៅតែបន្តកើនឡើង ដោយសារតែមានករណីខ្លះ ​ប្រជា​ពលរដ្ឋ​បាន​ទទួល​យកសំណង​តិ​​​​ចតួចនិង​ដោយ​បង្ខំ ទើបធ្វើ​ឱ្យ​ពួកគាត់​ផ្ទុះ​ការតវ៉ា​ឡើងវិញ ខណៈ​វិវាទខ្លះទៀត​ អាជ្ញាធរខេត្តនិងថ្នាក់ជាតិ ហាក់មិនសូវយកចិត្តទុកដាក់ដោះស្រាយជូនពលរដ្ឋ ដែលធ្វើ​ឱ្យ​ជម្លោះអូសបន្លាយ​មកដល់​បច្ចុប្បន្ន។

លោកថា៖ «ទំនាស់ដ៏រ៉ាំរ៉ៃមិនសូវបានដោះស្រាយ ពិតជាធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ស្ថានភាពសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋ។ ពួកគាត់ត្រូវចំណាយពេលវេលា ថវិកា និងជួនកាលឡើងមកតវ៉ា ត្រូវបានអាជ្ញាធររារាំងនិងរើសអើងថែមទៀត។ ហើយវាក៏ប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលដែលបានបង្ហាញថា រដ្ឋាភិបាលអត់មានឆន្ទៈឬសមត្ថភាពដោះស្រាយជម្លោះរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុន ខណៈដែលខ្លួនជាអ្នកសម្រេចផ្តល់ដីឱ្យក្រុមហ៊ុនអភិវឌ្ឍន៍»

បើតាម​កំណត់ហេតុប្រជុំ​រវាងតំណាងពលរដ្ឋនិងអាជ្ញាធរខេត្តនៅព្រឹក​ថ្ងៃពុធនេះ​ ក៏មានពលរដ្ឋ​មក​​ពីសហគមន៍ផ្សេងៗជាច្រើន​នាក់ បាន​​ចូលរួម​​ប្រមូល​ផ្តុំតវ៉ា​​នៅមុខ​សាលា​ខេត្តនេះដែរ ដោយពលរដ្ឋ​ខ្លះ​បាន​ស្នើទៅអាជ្ញាធរ​ខេត្ត​ជួយ​សម្រប​សម្រួលទៅ​សាលាដំបូង​ខេត្តឱ្យមានការ​​ដោះលែងនិងទម្លាក់ការចោទប្រកាន់លើពលរដ្ឋ​ដែលរងការចោទប្រកាន់ដោយសារជម្លោះដីធ្លី និងពលរដ្ឋ​ខ្លះទៀតស្នើសុំដីសង្គមកិច្ចពីរដ្ឋផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ