រដ្ឋា​ភិបាល​​ច្រាន​ចោល​​ការ​​ចោទ​​ថា​ បូរណ​ភាព​ទឹក​ដី​​កម្ពុជា​​កំណត់​​ដោយ​​វៀត​ណាម​​

មន្រ្តីនគរបាលកម្ពុជាឈរយាមខណៈប្រជាជនវៀតណាមគ្រវីទង់ជាតិរបស់ពួកគេនៅព្រំដែនកម្ពុជា-វៀតណាមក្នុងដំណើរទស្សនកិច្ចដឹកនាំដោយអតីតគណបក្សសង្គ្រោះជាតិនៅខេត្តស្វាយរៀង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥។ (REUTERS/Samrang Pring)

​រដ្ឋាភិបាល​ច្រានចោល​ការចោទប្រកាន់​របស់​អតីត​បក្ស​ប្រឆាំង​ជុំវិញ​ការកំណត់​ព្រំដែន​កម្ពុជា​-វៀតណាម​ដោយ​ផ្អែក​តាម​ផែនទី​ថ្មី​ខ្នាត«១លើ២៥ពាន់»ដែល​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​ទទួលយក​នា​ពេល​ថ្មី​ៗនេះ។

កាលពី​ថ្ងៃទី១ ខែសីហា រដ្ឋាភិបាល​កម្ពុជានិង​វៀតណាម​បាន​ព្រមព្រៀង​រក្សា​ទុ​ករៀង​ៗខ្លួន​នូវ​ផែនទីឋានលេខា​ព្រំដែន​ខ្នាត ១លើ២៥ពាន់​ ចំនួន៥០០ផ្ទាំង ដែល​ផែនទី​នោះ​កំណត់​ខ្សែបន្ទាត់​ព្រំដែន​គោក​ដែល​ប្រទេស​ទាំងពីរ​បោះបង្គោល​សម្រេច​បាន៨៤ភាគរយ។

គណបក្ស​សង្គ្រោះ​ជាតិដែល​ត្រូវ​បាន​រំលាយ​ចោល​នោះ និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី៣ ខែសីហា​ថា ផែនទី​ថ្មីសន្លាង​នេះ៖

«ប្រៀប​ដូចជា​ការ​ទទួលយក​ប្លង់ដី​ថ្មី​នៃ​ប្រទេស​កម្ពុជា​ដែល​គូស​ដោយ​វៀតណាម។ ក្នុង​ន័យ​នេះ បូរណភាពទឹកដី​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​កំណត់​ដោយ​វៀតណាម»។

គណបក្ស​នេះបកស្រាយ​ថា ផែនទី​ខ្នាត​ថ្មី​ដែល​រដ្ឋាភិបាល​ទើប​ទទួលយក​ពី​វៀតណាម​នោះ ត្រូវ​បាន​គូសវាស​ដោយ​ប្រទេស​វៀតណាម​ផ្អែក​តាម​សន្ធិសញ្ញា​កំណត់ព្រំដែន​ឆ្នាំ១៩៨៥និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ២០០៥ ដែល​បក្ស​ប្រឆាំង​ចាត់ទុកថា ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​បូរណភាពទឹកដី​ទៅ​ប្រទេស​វៀតណាម។

ប៉ុន្តែគណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល តាម​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី៤ ខែសីហា​ម្សិលមិញ បាន​ប្រកាស​ថា ខ្លួន​សូម​ទាត់ចោល​សេចក្តី​ថ្លែងការណ៍​របស់​អតីត​គណបក្ស​ប្រ​ឆំា​ងនេះ។

រដ្ឋាភិបាលចាត់ទុក​ការចោទប្រកាន់​នេះ​ថា មាន​«ចេតនា​ទុច្ចរិត»ក្នុង​គោលបំណង​បំភ័ន្ត​សាធារណមតិ​ជាតិនិង​អន្តរជាតិ ឱ្យ​យល់​ច្រឡំ​មក​លើ​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល។

រដ្ឋាភិបាល​ពន្យល់​ថា ខ្សែបន្ទាត់​ព្រំដែន​ដែល​បង្ហាញ​នៅ​លើ​ផែនទី​ខ្នាត ១/២៥ ០០០ បង្ហាញ​ពី​លទ្ធផល​ដែល​ភាគី​កម្ពុជានិង​វៀតណាម​សម្រេច​បាន​លើ​ការងារ​ព្រំដែន​ប្រមាណ​ជា៨៤ភាគរយ។

រដ្ឋាភិបាល​ថា ផែនទី​នេះផលិត​ឡើង​តាម​បែប​បច្ចេកវិទ្យា​ថ្មី​ទំនើប មាន​ភាព​ជាក់លាក់ ត្រឹមត្រូវ តប​តាម​ផែន​ទី​បោន ១/១០០ ០០០០ បោះ​ពុម្ពដោយក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន «ស្របតាម​មាត្រា២នៃ​រដ្ឋធម្មនុញ្ញ មិន​បាត់បង់​ដី​ទៅ​វៀតណាមដូច​ការចោទប្រកាន់​របស់​ក្រុមប្រឆាំង​នោះ​ទេ»។

លិខិត​ឆ្លើយឆ្លង​រឿង​ព្រំដែន​នេះបាន​កើតឡើង​ក្រោយពី​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ដែល​ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញបង្គាប់​ឱ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃសកាលពី​ថ្ងៃសៅរ៍​សប្តាហ៍​មុន ក្រោម​ការ​ចោទ​ថា «ញុះញង់​ធ្វើ​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»។

ចំណាត់ការ​នេះបាន​ធ្វើឡើង​ក្រោយពី​លោក រ៉ុង ឈុន និយាយ​ក្នុង​របាយការណ៍​ចុះ​ថ្ងៃទី២០ ខែកក្កដា​ថា បង្គោល​ឡាក់​ព្រំដែនលេខ១១៤ដល់១១៩ នៅ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​បោះ​ចូល​ដី​កម្ពុជា​ប្រមាណ​ជា៥០០ម៉ែត្រ ដែល​នាំ​ឱ្យ​ពលរដ្ឋ​កម្ពុជា១០៦គ្រួសារមិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​បង្កបង្កើនផល​ដំណាំ​ទៀត​នោះ​ឡើយ។

ពលរដ្ឋ​មួយ​រូប​ដែល​អះអាង​ថា ​រស់នៅ​ភូមិ​ត្រពាំងផ្លុង ស្ថិត​ក្នុង​ស្រុក​ពញាក្រែក ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​បារម្ភ​ពី​សុវត្ថិភាព​ក្រោយ​មានការ​ចាប់​ឃុំខ្លួន​លោក រ៉ុង ឈុន នោះ អះអាង​ថា ដីស្រែ​គាត់​ទំហំ៦០ហិ​កតាដែល​ធ្លាប់​អាស្រ័យផល​តាំងពី​ដូនតា​មក ត្រូវ​បាន​អាជ្ញាធរ​កម្ពុជានិង​វៀតណាមហាមឃាត់​ដូចគ្នា មិន​ឱ្យ​ចូល​ទៅ​ដាំដុះ​បាន​នោះ​ឡើយ​ចាប់ពី​មាន​កា​រវាស់​វែង​កំណត់​ខ្សែបន្ទាត់​ព្រំដែន​នា​ប៉ុន្មាន​ឆ្នាំ​មកនេះ។

អ្នក​រស់នៅ​ព្រំដែន​រូប​នេះ អះអាង​ថា ពួក​គេ​បានសម្រេច​ចូល​ទៅ​ធ្វើស្រែ​នៅ​លើ​ដី​ហាមឃាត់​នោះ​បាន២ឆ្នាំ​ឡើងវិញ ក្រោយពី​រក​អន្តរាគមន៍​ពី​ក្រសួង​ពាក់ព័ន្ធ​នៅ​ថ្នាក់​ជាតិ​ចំនួន៥លើក​រួចមក​ មិន​ទទួល​បានការ​ឆ្លើយតប។

អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​ឈ្នះ លោក យិន ឈឿន និយាយ​ថា គណបក្ស​នេះ​នឹង​ចុះទៅ​ទីតាំង​ដែល​លោក រ៉ុង ឈុន អះអាង​ថា វៀតណាម​បាន​បោះបង្គោល​ព្រំដែន​រំលោភ​ចូល​ដីខ្មែរ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ។

មន្ត្រី​រូប​នេះ អះអាង​ថា គម្រោង​ចុះទៅ​ព្រំដែន​ក្នុង​តំបន់​ដែល​ពលរដ្ឋ​អះអាង​ថា​ប្រឈម​នឹង​បាត់​ដី​នេះ គឺ​ដើម្បី​ចង់​ដឹង​ថា តើ​លិខិត​ច្រានចោល​របស់​រដ្ឋាភិបាល វា​ពិត​កម្រិត​ណានិង​ជាផ្នែក​មួយ​ក្នុង​ការ​ប្រមូល​ភស្តុតាង​ជួយ​ជំរុញ​ឱ្យ​មាន​យុត្តិធម៌​ដល់​លោក រ៉ុង ឈុន កំពុង​ជាប់ឃុំ។

លោក យិន ឈឿន និយាយ​ថា៖ «យើង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ជាបន្ទាន់​រាល់​ទង្វើ​ចាប់ខ្លួន ការ​គំរាមកំហែង​ដល់​សកម្មជន​គណបក្ស​នយោបាយ​ សកម្មជន​អង្គការ​សង្គម​ស៊ីវិល​អី​ផ្សេង​ៗដែល​ទាក់ទង​បញ្ហា​ព្រំដែន​ហ្នឹង ប៉ុន្តែត្រូវ​ព្យាយាម​បង្ហាញ​ពី​តម្លាភាព​នៃ​ការ​បោះបង្គោល​ព្រំដែន​ឱ្យ​មាន​ភាព​ត្រឹមត្រូវ​ទាំងអស់គ្នា ឱ្យ​ពលរដ្ឋ​យល់ព្រមនិង​សុខចិត្ត​ទាំងអស់គ្នា​ដែរ»។

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណ​រ៉ា និយាយ​ថា បញ្ហា​ព្រំដែន​ជា​អាយុជីវិត​ជាតិ ដែល​រដ្ឋាភិបាល​ត្រូវ​ពន្យល់​ពលរដ្ឋ​ឱ្យ​យល់ថា ការ​បោះបង្គោល​កំណត់ព្រំដែន​បច្ចុប្បន្ននិង​ផែនទី​ដែល​បន្សល់ទុក​ពី​បា​រំាង​វា​ខុសគ្នា​យ៉ាងដូច​ម្តេច បើ​មាន​អ្នក​អះអាង​ថាពួក​គេ​បាន​បាត់បង់​ដីស្រែ​ចម្ការ​ដោយសារ​ការកំណត់​ខ្សែបន្ទាត់​ព្រំដែន​បច្ចុប្បន្ន​នោះ ដើម្បី​កុំឱ្យ​បញ្ហា​នេះ​ក្លាយជា​ជម្លោះ​ប្រវត្តិសាស្ត្រ​ដល់​ក្មេង​ជំ​នាន់​ក្រោយ។

លោក ឯម សុវណ្ណ​រ៉ា ប្រាប់​ថា៖ «រឿង​កិច្ចការ​ជាតិ​យើង​[រដ្ឋាភិបាល​]មិន​អាច​លាក់បាំង​បានទេ។បើ​យើង​លាក់បាំង​ថ្ងៃ​ហ្នឹង ថ្ងៃខាងមុខ​យើង​លាក់​ម៉េច​បាន វា​ចៀស​មិន​ផុត​ពី​ការ​បើក​កកាយ​ឱ្យ​ស្របច្បាប់​ទេ​ព្រោះ​ជា​កិច្ច​ព្រមព្រៀង​នៃ​ប្រទេស​ពីរ អ៊ីចឹង​ពលរដ្ឋ​គាត់​ត្រូវតែ​ចង់​ដឹង​ហើយ​ព្រោះ​គាត់​ជា​ម្ចាស់​អំណាច»។

កម្ពុជា-វៀតណាម មានព្រំប្រទល់ដីគោកប្រវែង១២៧០គីឡូម៉ែត បច្ចុប្បន្នបោះបាន៨៤ភាគរយនៅសស់១៤ភាគរយទៀតមិនទាន់ឯកភាពគ្នា ដែលភាគីទាំងពីររង់ចាំការគូរចម្លងផែនទីពីភាគីបារាំងពីខ្នាត «១លើ១០០ពាន់» មកខ្នាត «១លើ៥០ពាន់» វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ