សង្គម​ស៊ីវិល​និង​យុវជន​ស្នើ​ព្រឹទ្ធ​សភា​កែ​ប្រែ​​ខ្លឹម​សារ​​មាត្រា​ខ្លះ​ក្នុង​សេចក្ដី​​ព្រាង​​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​

ក្រុមសង្គមស៊ីវិលនិងក្រុមយុវជនចូលរួមក្នុងជំនួបមួយជាមួយខាងមន្ត្រីរដ្ឋាភិបាលនៅព្រឹទ្ធសភា អំពីច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។ (ណាត សុភាព)

អង្គការសង្គមស៊ីវិលនិងក្រុមយុវជនមកពីបណ្តារាជធានី-ខេត្តមួយចំនួន ស្នើទៅព្រឹទ្ធសភាឱ្យ​កែប្រែខ្លឹមសារ​ក្នុង​មាត្រាមួយចំនួននិងលុបចោល​ចំណុចខ្លះ​ក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដើម្បីឱ្យស្របតាមស្តង់ដារច្បាប់អន្តរជាតិ។

ក្នុងជំនួប​ពិគ្រោះយោបល់នៅក្នុងព្រឹទ្ធសភា​នាព្រឹកថ្ងៃនេះ នាយកប្រតិបត្តិ​វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ លោក ឡាំ សុជាតិ បានថ្លែងថា ខ្លឹមសារ​ស្ថិត​ក្នុង​មាត្រា​ចំនួន៦នៃ​សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានដែលបច្ចុប្បន្ននៅក្រសួងព័ត៌មាន នៅខ្វះចន្លោះនិងមានការឹតត្បិតសេរីភាពក្នុងការទទួលយកព័ត៌មាន។

ករណីនេះ​ លោក សុជាតិ ស្នើសុំទៅថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានស្រាវជ្រាវនៃព្រឹទ្ធសភា ដាក់បញ្ចូលខ្លឹមសារថ្មីមួយចំនួន ដូចជា​ការស្នើសុំព័ត៌មានពីស្ថាប័នជាតិ​ត្រូវមានការឆ្លើយតប១៥ថ្ងៃ មកនៅយ៉ាងច្រើន៥ថ្ងៃ​វិញ ស្នើសុំបញ្ជាក់ពីការទទួលទណ្ឌកម្មខាងវិន័យនិងស្នើសុំលុបចោលចំណុចទី៧ ក្នុងមាត្រា២០ ដែលនិយាយទាក់ទងនឹងព័ត៌មានសម្ងាត់ដទៃទៀត ត្រូវស្ថិតនៅក្នុងបទប្បញ្ញត្តិហាមឃាត់ ដើម្បីឱ្យស្របតាមស្តង់ដារច្បាប់អន្តរជាតិ ហើយធ្វើឱ្យពលរដ្ឋទទួលបានព័ត៌មានល្អប្រសើរ។

លោកថ្លែងថា៖ «ច្បាប់ហ្នឹងវាអន្តរវិស័យ ហើយវាសម្រាប់មនុស្សគ្រប់រូប យើងធ្វើម៉េចច្បាប់ហ្នឹងធ្វើម៉េចហ្នឹងវាមានការឆ្លើយតបទៅនឹងតម្រូវការយុវជន មនុស្សចាស់ត្រូវការព័ត៌មានផ្សេង ធ្វើម៉េចឱ្យច្បាប់ហ្នឹងឱ្យឆ្លើយតបនឹងគ្រប់វិស័យ អ៊ីចឹងហើយបានយើងត្រូវជជែកបង្ហាញ ពន្យល់ ហេតុផលនិងស្តង់ដារអន្តរជាតិ ឱ្យស្ថាប័នប្រតិបត្តិខាងក្រសួងព័ត៌មាននិងក្រសួងពាក់ព័ន្ធ និងស្ថាប័ននីតិបញ្ញត្តិ ទាំងសភា ព្រឹទ្ធសភា ដើម្បីឱ្យគាត់បានយល់ពីអ្វី ដែលសង្គមស៊ីវិលចង់បានអ្វី ប្រជាពលរដ្ឋចង់បានអ្វី ដើម្បីយើងយកកែលម្អហ្នឹង»។

កញ្ញា ប៉ា សុភ័គចរិយា ដែលអះអាងថាតំណាងយុវជននៅភ្នំពេញ និយាយថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននាពេលបច្ចុប្បន្ននេះ ចែងមកមិនទាន់មានភាពល្អប្រសើរនៅឡើយ។ កញ្ញាស្នើទៅព្រឹទ្ធសភាពិចារណាកែតម្រូវចំណុចខ្លះក្នុងមាត្រា១៥នៃសេចក្តីព្រាងនេះផងដែរ។

កញ្ញា សុភ័គចរិយា និយាយថា៖ «ចំណុចស្នើសុំព័ត៌មាន វាមានរហូតដល់ទៅ១៥ថ្ងៃ។ តាមថ្នាក់ក្រោមជាតិ ព័ត៌មានវាមិនមានលក្ខណៈសាំញុំា វាបែងចែកជាលក្ខណៈឃុំសង្កាត់ ព័ត៌មានគាត់ងាយស្រួល មានតាមដំណាក់កាល។ បងប្អូនប្រជាពលរដ្ឋនៅពេលដែលពួកគាត់ត្រូវការ ពួកគាត់ទៅសុំតែម្តង គួរណាតែយើងសុំត្រឹមតែ៣ទៅ៥ថ្ងៃល្អ»

យុវជន សុទ្ធ ពៅសំណាង មកពីខេត្តពោធិ៍សាត់ បាននិយាយថា ក្រុមយុវជនចង់ឱ្យសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធទទួលបាន​​ព័ត៌មានលេចរូបរាងនាពេលឆាប់ៗខាងមុខនេះ ដើម្បីផ្តល់ប្រយោជន៍ច្រើនដល់អ្នកទទួលសេវា។

យុវជន ពៅសំណាង និយាយថា៖ «យើងដឹងស្រាប់ហើយថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការទទួលបានព័ត៌មានគឺជាសិទ្ធិមូលដ្ឋានរបស់ប្រជាជនទូទៅ នៅតែទទួលបានពីស្ថាប័នសាធារណៈទូទៅ ដំណើរការការអនុវត្តច្បាប់ធ្វើម៉េចឱ្យច្បាប់នេះកាន់តែប្រសើរឡើងនិងធ្វើយ៉ាងណាឱ្យពន្លឿនអនុម័តនាពេលឆាប់ៗខាងមុខនេះ»

អគ្គនាយិកា​នៃអគ្គនាយកដ្ឋានស្រាវជ្រាវ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា លោកស្រី សួន ពុធថាវី ថ្លែង​ក្នុង​ជំនួប​នោះថា ក្រុមការងារជំនាញនឹងយកសំណើរបស់មន្ត្រីសង្គមស៊ីវិលនិងក្រុមយុវជន ពិនិត្យនិងពិចារណាដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់នេះមុននឹងអនុម័តឱ្យប្រើប្រាស់ជាផ្លូវការ។

លោកស្រី សួន ពុធថាវី ថ្លែងថា៖ «យើងនឹងទទួលយកយោបល់ដែលលើកឡើងដោយវិទ្យាស្ថានតស៊ូមតិ [API] រួមទាំងមតិយោបល់របស់ប្អូនៗតំណាងយុវជនតាមខេត្ត ដើម្បីសំយោគ ហើយនិងបញ្ចូលទៅក្នុងឯកសារ ពិនិត្យសិក្សាទៅលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន នៅពេលដែលមកដល់ព្រឹទ្ធសភា ជូនទៅគណៈកម្មការក៏ដូចជាអង្គព្រឹទ្ធសភា ដើម្បីជាមូលដ្ឋានក្នុងការពិនិត្យនិងអនុម័តសេចក្តីព្រាងច្បាប់នេះ»

​​អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ ប្រាប់​ថា ក្រសួង​នឹង​ពិនិត្យ​ពិចារណា​ទៅ​លើ​សំណើ​លើក​ដោយ​ភាគី​សង្គម​ស៊ីវិល​ទៅ​តាម​នីតិវិធី​បន្ត​បន្ទាប់​ទៀត។

លោកមានប្រសាសន៍ថា៖ «យើងបានធ្វើការកត់សម្គាល់លើបញ្ហាទាំងអស់ហ្នឹងហើយ ហើយការពិនិត្យសម្រេចគឺវាអនុវត្តតាមនីតិវិធីបន្តទៀត»។

សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះមាន១០ជំពូក ៣៦មាត្រា ហើយ​ការ​តាក់តែង​សេចក្តី​ព្រាងច្បាប់​នេះបាន​ធ្វើឡើង​តាំងពី​ឆ្នាំ២០០៤ ពោល​គឺ​ជាង១០ឆ្នាំ​មក​ហើយ។

ក្នុងជំនួបលើកទី៣​ជាមួយអ្នកសារព័ត៌មាន​កាលពីដើម​ឆ្នាំ​២០១៩​កន្លង​មក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​គាំទ្រនិងធានាឱ្យមានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានក្នុងនីតិកាលទី៦នេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ