ស្ថាន​ទូត​​អាមេរិក​​ប្រចាំ​​កម្ពុជា​៖ ពុំមាន​​​ករណី​​វិជ្ជមាន​​វីរុស​​កូ​វីដ​​-​១៩​ក្នុង​​សហគមន៍​​នៃ​​ស្ថានទូត

អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Patrick Murphy ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយរវាងកម្ពុជា-អាមេរិក ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជាបាន​អះអាង​ថា គិត​មកដល់​ថ្ងៃពុធ​នេះ មិន​មាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩នៅក្នុង​សហគមន៍​នៃ​ស្ថានទូត​ទេ។

យោង​តាម​ការ​ចុះផ្សាយ​ក្នុង​ទំ​ព័រ​ហេ្វ​សប៊ុ​ករបស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​រសៀល​នេះ បាន​ឱ្យដឹង​ថា សមាជិក៤នាក់​នៃ​សហគមន៍ក្នុង​ស្ថានទូត​សហរដ្ឋអាមេរិក ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ បន្ទាប់ពី​បាន​មកដល់​ប្រទេស​កម្ពុជា ហើយ​ពួក​គេ​ត្រូវ​បាន​ដាក់ឱ្យ​នៅ​ដាច់ដោយឡែកសម្រាប់​ការ​ធ្វើ​ចត្តាឡីស័​ក។ ស្ថានទូតបាន​បន្ត​ថា ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័​កនោះ អ្នក​ទាំង៤នាក់ពុំ​មាន​ចេញ​រោគសញ្ញា​ណាមួយ​ទេ ហើយ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ពីរ​ដង​រួចមក ឃើញថា លទ្ធផល​អវិជ្ជមាន​ទាំងពីរ​ដង។

ស្ថានទូត​អាមេរិកបាន​បញ្ជាក់​ថា៖ «ស្ថានទូត​អាមេរិកយកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ការពារនិង​ទប់ស្កាត់​ការ​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩។ យើង​គោរព​តាម​លក្ខខណ្ឌ​ទាំងអស់​របស់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​មកដល់ ការ​ធ្វើតេស្ត និង​ការ​ធ្វើ​ចត្តាឡីស័​កនៃ​បុគ្គលិក​ស្ថានទូតនិង​សមាជិក​គ្រួសារ​ទាំងអស់​របស់​ពួក​គេ»។

ស្ថានទូតបាន​បន្ថែម​ថា៖ «បុគ្គលិក​ទាំងអស់​របស់​ស្ថានទូតត្រូវតែ​មាន​លទ្ធផល​តេ​ស្ត​អវិជ្ជមាន​កូ​វីដ​-១៩ មុន​ពេល​ធ្វើដំណើរ​មក​កម្ពុជា ត្រូវ​បាន​ដាក់ឱ្យ​នៅ​ដាច់ពីគេ ហើយ​ត្រូវ​បាន​ធ្វើតេស្ត​ឡើងវិញ​នៅពេល​មកដល់ ហើយ​ត្រូវ​ធ្វើតេស្ត​ម្តង​ទៀត​មុន​ពេល​បញ្ចប់​ចត្តាឡីស័​ក»។

ស្ថានទូត​អាមេរិកក៏បាន​បង្ហាញ​ឆន្ទៈ​បន្ត​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​នានា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩ ខណៈ​ដែល​សហរដ្ឋអាមេរិកបាន​រួមចំណែក​នូវ​ជំនួយ​ជាង១១លាន​ដុល្លារ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​នៅ​កម្ពុជា។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល​ជាបន្តបន្ទាប់ បាន​ឱ្យដឹង​ថា កាលពី​ថ្ងៃទី១៦ ខែកក្កដា មាន​ជនជាតិ​អាមេរិកាំង​ចំនួន២នាក់ បាន​រក​ឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ បន្ទាប់ពី​ពួក​គេ​បាន​ធ្វើដំណើរ​តាម​ជើង​យន្តហោះ​ឆ្លងកាត់​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ នៅ​ថ្ងៃទី២៩ ខែកក្កដា ជនជាតិ​អាមេរិក​ម្នាក់ទៀត តេ​ស្ត​វិជ្ជមាន​វីរុស​កូ​វីដ១៩ និង​នៅ​ថ្ងៃទី៣ ខែសីហា មាន​បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់ទៀត ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​វីរុស​កូ​វីដ១៩​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ