ក្រសួង​សុខា​ភិបាល​ស្នើ​​អាជ្ញា​ធរ​​បង្កើន​​ការ​​ការពារ​​មណ្ឌល​​ចត្តា​ឡី​ស័​ក ​

មន្ត្រីក្រសួងការងាររង់ចាំនៅមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យជម្ពូវ័ន ក្នុងថ្ងៃអនុវត្តចត្តាឡីស័កលើកម្មករ-កម្មការិនី ធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។ (Danielle Keeton-Olsen/VOD)

ក្រសួងសុខាភិបាលបាន​ស្នើ​ដល់​អាជ្ញាធរ​នៅ​តាម​បណ្តា​រាជធានី​-ខេត្ត​ទាំងអស់ បង្កើន​ការ​យាមកាម​នៅ​តាម​មណ្ឌល​ចត្តាឡីស័​កឱ្យបាន​តឹង​រ៉ឹង​បន្ថែម​ទៀត ដើម្បី​ចៀសវាង​មាន​អ្នក​រត់ចេញ​ពី​មណ្ឌល​ចត្តាឡីស័​កបន្ត​ទៀត។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន បាន​មានប្រសាសន៍​នៅ​ថ្ងៃទី៤ ខែសីហា​នេះ​ថា ការងារ​គ្រប់​គ្រង​ចត្តាឡីស័​កគឺជា​ការងារ​អន្តរ​វិស័យ ដែល​ត្រូវ​ធ្វើការងារ​រួមគ្នា​រវាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធនិង​អាជ្ញាធរ​មានសមត្ថកិច្ច។ 

លោកស្រី​បន្ត​ថា បើ​ទោះ​កន្លងមក ការ​ងារ​ចត្តាឡីស័​កមានការ​សហការ​គ្នា​យ៉ាង​ល្អ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ប៉ុន្តែ​ក៏​នៅ​មាន​បុគ្គល​ដែល​មានបំណង​រត់ចេញ​ពី​ការ​ធ្វើ​ចត្តាឡីស័​កនេះ បាន​រិះរក​គ្រប់​នី​តិ​វិធី ដើម្បី​រត់ចេញ ដែល​ករណីនេះទាមទារ​ឱ្យមានការ​ពង្រឹង​ការងារ​យាមកាម​នេះ​បន្ថែម​ទៀត។

លោកស្រី​បាន​ថ្លែង​ថា៖ «ស្នើសុំ​ឱ្យអាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​មានសមត្ថកិច្ច បង្កើន​នូវ​លទ្ធភាព​យាមកាម​ឱ្យបាន​តឹង​រ៉ឹង​បន្ថែម​ទៀត ដើម្បី​ចៀសវាង​នូវ​ការ​រត់ចេញ​ពី​មណ្ឌល​ចត្តាឡីស័​កនេះ»។ 

លោកស្រី ឱ វណ្ណ​ឌីន ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ដែល​កំពុង​ធ្វើ​ចត្តាឡីស័​ក ត្រូវ​មានការ​អត់ធ្មត់និង​អនុវត្ត​តាម​គោលការណ៍​វិធាន​សុខាភិបាល ដើម្បី​សុខភាព​ផ្ទាល់ខ្លួននិង​ឱ្យប្រាកដ​ថា ខ្លួន​មិន​ពាំនាំ​នូវ​វីរុស​កូ​វីដ១៩ទៅ​ចម្លង​ដល់​ក្រុម​គ្រួសារនិង​សហគមន៍។

លោកស្រី​បាន​បន្ថែម​ថា៖ «យើង​មាន​អនុក្រឹត្យ​លេខ១២៩ ក្រសួងសុខាភិបាល ស្នើ​អាជ្ញាធរ​បង្កើន​ការ​ការពារ​មណ្ឌល​ចត្តាឡីស័​ក ចុះ​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ដូច្នេះ​បើសិនជា​បងប្អូន​ព្យាយាម​រត់គេច​ពី​ការ​ធ្វើ​ចត្តាឡីស័​កនេះ គឺជា​កំហុសឆ្គង ហើយ​អាជ្ញាធរនិង​មន្ទីរ​សុខាភិបាល នឹង​ធ្វើការ​សួរនាំនិង​វាយតម្លៃ​ទៅតាម​កម្រិតនិង​ទំហំ​នៃ​ទង្វើ​របស់​យើង ហើយ​ក្រុមការងារ​នឹង​សម្រេច​ធ្វើការ​ដាក់​ពិន័យ​អន្តរការណ៍​ទៅតាម​នោះ»។

បើ​តាម​អ្នកនាំពាក្យ​រូប​នេះ អ្នក​ធ្វើ​ចត្តាឡីស័​កដែល​រត់ចេញ​ពី​មណ្ឌល​ចត្តាឡីស័​ក នឹង​ត្រូវ​ពិន័យ​អន្តរការណ៍​ពី២សែន​រៀលទៅ១លាន​រៀលទៅតាម​ទំហំ​នៃ​បទល្មើស ហើយ​ក្នុងករណី​អ្នក​ដែល​រត់​ពី​មណ្ឌល​ចត្តាឡីស័​កមាន​ផ្ទុក​នូវវីរុស​កូ​វីដ១៩ ដែល​អាច​មានលទ្ធភាព​ចម្លង​ទៅ​អ្នកដទៃ​ក្នុង​សហគមន៍ នឹង​ត្រូវ​ចាត់​ចូលក្នុង​បទល្មើស​ព្រហ្មទណ្ឌ។ 

ការ​ស្នើ​នេះបាន​ធ្វើឡើង​ក្រោយពី​មាន​បុរស​ជនជាតិ​ខ្មែរ​ពីរ​នាក់ដែល​មក​ពី​ប្រទេស​ម៉ាឡេស៊ី បាន​រត់ចេញ​ពី​មណ្ឌល​ចត្តាឡីស័​កនៅ​វិទ្យាល័យ ហ៊ុន សែន កំពង់លាវ ខេត្តព្រៃវែង កាលពី​យប់​ថ្ងៃទី៣ ខែសីហា ប៉ុន្តែ​ត្រូវ​បាន​រក​ឃើញ​វិញ​នៅ​យប់​ថ្ងៃ​ដដែល។ 

ដោយឡែក កាលពី​ថ្ងៃទី១៧ ខែកក្កដា ក៏​មាន​ស្ត្រី​ខ្មែរសញ្ជាតិ​អាមេរិក​ម្នាក់ទៀត ធ្លាប់​បាន​រត់ចេញ​ពី​មណ្ឌល​ចត្តាឡីស័​កនៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញនិង​ត្រូវ​បាន​មន្ត្រី​សុខាភិបាល​​រក​ឃើញ​វិញនៅ​ខេត្ត​កំពង់ចាម ហើយ​ស្ត្រី​រូប​នោះត្រូវ​បាន​មន្ត្រី​សុខាភិបាល​ខេត្ត​សម្រេច​ផាកពិន័យ​អន្តរការណ៍​ចំនួន១លាន​រៀល។ 

អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង លោក​វេជ្ជបណ្ឌិត ហ៊ន់ រិទ្ធ បាន​មានប្រសាសន៍​ថា ក្រោយពី​មាន​ករណី​មនុស្ស​ពីរ​នាក់បាន​រត់គេច​ចេញពី​មណ្ឌល​ចត្តាឡីស័​កនេះ អាជ្ញាធរ​ខេត្តបាន​ណែនាំ​ដល់​កម្លាំង​សមត្ថកិច្ច​បន្ថែម​កម្លាំង​ដើម្បី​ការពារ​បន្ថែម​ទៅតាម​ការ​ស្នើ​របស់ក្រ​សួង​។ 

លោក​បាន​ថ្លែង​ថា៖ «ក្នុង​កិច្ចប្រជុំ​ព្រឹកមិញ​នេះ អភិបាលខេត្ត លោក​បាន​ស្នើសុំ​កម្លាំង​សមត្ថកិច្ច កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ការពារ​មណ្ឌល​ចត្តាឡីស័​កបន្ថែម​ ហើយអាជ្ញាធរ​កំពុង​ពង្រឹង​លើ​ការងារ​នេះ​បន្ថែម»។

ចំណែកអភិបាលរងខេត្ត​ព្រៃវែង លោក ចាន់ ថា បាន​ឱ្យដឹង​ថា បុរស២នាក់ដែល​បាន​រត់គេច​ពី​មណ្ឌល​ចត្តាឡីស័​កនៅ​ខេត្តព្រៃវែង​នោះ មានឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ចន កំ​សាន អាយុ៣២ឆ្នាំ បាន​ធ្វើ​ចត្តាឡីស័​ករយៈពេល១២ថ្ងៃ​មក​ហើយនិង​បាន​ធ្វើតេស្ត​រក​វីរុស​កូ​វីដ១៩ចំនួន៣ដង​មក​ហើយ ដោយ​លទ្ធផល​អវិជ្ជមាន។ 

លោក​បន្ត​ថា ពួក​គេ​ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ​វិញ​នៅ​យប់​ថ្ងៃ​ដដែលនៅផ្ទះ​របស់​ពួក​គេ ក្នុង​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃទទឹង និង​ភូមិ​ព្រែក​សណ្តែក ឃុំ​ព្រែក​ចង្ក្រាន ស្រុក​ស៊ីធរកណ្តាល ហើយក៏​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ចត្តាឡីស័​កវិញ។ 

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​មាន​ចំនួន២៤១នាក់ ក្នុង​នោះ​មាន២០០នាក់​បាន​ជាសះស្បើយ និង៤១នាក់​ទៀតកំពុង​សម្រាក​ព្យាបាល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ