អាជ្ញាធរ​​អះ​អាង​​ថា​ អ្នក​ភូមិ​២០​នាក់​​មាន​​ជម្លោះ​ដី​ធ្លី​​ជា​មួយ​​ក្រុម​ហ៊ុន​​ចិន​​កំពុង​​សាក​សួរ​​នៅ​​ស្នង​ការ​​ដ្ឋាន​​នគរ​បាល​​ត្បូង​ឃ្មុំ​

ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ កងកម្លាំងសមត្ថកិច្ចឃុំត្រពាំងព្រីង សម្ថកិច្ចស្រុកតំបែរ ចុះអន្តរាគមន៍ក្រោយពេលពលរដ្ឋចុះរារាំងគ្រឿងចក្រក្រុមហ៊ុនចិន ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន ស្ថិត​ក្នុង​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំងព្រីង។ (ព័ត៌មានសហគមន៍ដីធ្លីភូមិស្រែប្រាំងខេត្តត្បូងឃ្មុំ)

​អាជ្ញាធរ​អះអាង​ថា ប្រជា​សហគមន៍​ខ្ទង់២០នាក់​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​មួយនៅ​ស្រុក​តំបែរ សមត្ថកិច្ច​កំពុង​បន្ត​សាកសួរ​ទៀត​នា​ថ្ងៃនេះនៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ។

នាយក​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ ឌុង ប្រាប់​វី​អូ​ឌី​ថា កាលពី​ម្សិលមិញ​នេះ គឺ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ពលរដ្ឋ២០នាក់ ដោយ​អះអាង​ថា ពលរដ្ឋ​ទាំងនោះបាន​តវ៉ា​ប្រឆាំង​មន្ត្រី​រាជការ​ចុះ​អនុវត្ត​ដីកា​រក្សា​ការពារ​ដីធ្លី​ជូន​ក្រុមហ៊ុន។

លោក ម៉ៅ ឌុង បញ្ជាក់​ថា រហូតមកដល់​ម៉ោង៩ព្រឹក​ថ្ងៃអង្គារ​នេះ សមត្ថកិច្ច​ពុំ​ទាន់​ដោះលែងឬបញ្ជូន​ពលរដ្ឋ​ណា​ម្នាក់​ទៅ​តុលាការ​នៅឡើយ​ទេ ដោយ​ថា កំពុង​ស្ថិត​ក្រោម​ការសាកសួរ​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេ​ត្ត​ត្បូង​ឃ្មុំ​នៅឡើយ។

កាលពី​ម្សិលមិញ​នេះ អ្នកភូមិ២០នាក់​ដែល​កំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន ស្ថិត​ក្នុង​ឃុំ​ត្រពាំងព្រីង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​អំឡុង​ពេល​អាជ្ញាធរ​ចុះ​អនុវត្ត​ដីកា​រក្សា​ការពារ​ដីធ្លី​ជូន​ក្រុមហ៊ុន ស្ថិត​ក្នុង​ភូមិ​ស្រែប្រាំងនិង​ភូមិ​បុស្ស​ស្នោ​រ។

លោក សែម ចំណាន ដែល​អះអាង​ថា​ជា​តំណាង​ពលរដ្ឋ​ធ្លាប់​ប្រាប់​វី​អូ​ឌី​ថា អ្នកភូមិ១២៩គ្រួសារ មាន​ដី​រួម​សហគមន៍៧៨៥ហិ​កតា​ មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន តាំងពី​ឆ្នាំ២០១២​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ