បទ​​យក​ការណ៍​៖ ទឹក​ឡើង​​យឺត​​ធ្វើ​​ឱ្យ​​ប្រជា​​នេសាទ​​នៅ​​កំពង់​ចាម​​ប្រឈម​​នឹង​​បំណុល​​ព្រោះ​​រក​​ត្រី​​មិន​សូវ​​បាន​​

បុរសប្រជានេសាទម្នាក់កំពុងបំពេញការងារនៅទីតាំងបឹងធំ ស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានសភាពស្ងួតហួតហែងដីបែកក្រហែង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។

អ្នកស្រី ភៀន ផល មករ​កត្រី លៀស ខ្ចៅ នៅ​បឹងធំ ស្ថិតនៅ​ភូមិ​ក្តី​បឹង ឃុំ​វិហារធំ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​ បាន២ឆ្នាំ​ហើយ ដោយ​ក្តី​រំពឹង​ថា ​ជីវិត​និង​គ្រួសារ​គាត់​នឹង​មាន​ភាព​ប្រសើរ​ជាង​មុនបន្ទាប់​ពី​បរាជ័យពេល​ធ្វើជា​ពលករ​ចំណាកស្រុក​អស់​រយៈ​ពេលជាច្រើន​ឆ្នាំ។ ក្តី​រំពឹង​របស់​ស្រ្តី​វ័យ៤៥ឆ្នាំ​រូប​នេះមិនបាន​ដូច​បំណង​នោះ​ទេ​ដោយសារ​អ្នកស្រី​ក៏​មាន​បំណុល​ថ្មី​ផង ហើយ​ការងារ​នេសាទ​នេះ​ក៏​មិន​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ដែរ​ដោយសារតែ​បឹង​មាន​ទឹក​តិច​ជាង​រាល់​ឆ្នាំ។

បឹងធំ​មាន​សភាព​ស្ងួត​ហួតហែង​ក្តៅ​និង​ដី​បែក​ក្រហែង​ ហើយ​រមណីយ​ដ្ឋាន​នៅ​ជិត​បឹង​ដែល​មាន​កញ្ចុះញុាំ​អី​សម្រាប់​ភ្ញៀវ​ទេសចរក៏​មាន​ភាព​ស្ងាត់​ខ្លាំង​ណាស់​ដែរ​នៅពេល​អ្នក​សារ​ព័ត៌​មាន​ចុះទៅ​នា​ពេល​ថ្មី​ៗនេះ។

ទូកមួយចតទុកចោលនៅបឹងធំក្រោយពីទឹកបឹងរីងដោយសារមិនមានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ ស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។

ចម្ងាយ​ប្រហែលជា១៤គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ចាម បឹងធំ​បាន​ទទួល​ទឹក​ពី​ទន្លេមេគង្គ​នារ​ដូវ​វស្សា​ក៏ប៉ុន្តែ​អ្នកនេសាទ​ជាច្រើន​នាក់​បាន​អះអាង​ក្នុង​កិច្ច​សម្ភាស​ន៏​នា​ពេល​ថ្មី​ៗនេះ ទឹក​នៅ​បឹង​មានកម្រិត​ទាប​នៅ​ឆ្នាំនេះ​ដែល​ជា​កត្តា​មួយ​នៃ​ការ​លំបាក​ខ្លាំង​ដល់​ការ​នេសាទ ដោយសារ​ត្រី​មិនសូវ​មាន​ដូច​កាលពី​ឆ្នាំ​ដែល​មាន​ទឹក​ច្រើន​នោះ​ទេ។

កម្រិត​ទឹកទន្លេ​មេគង្គ​ចាប់ពី​ខែមិថុនា​ដល់​ខែកក្កដា​គឺ​ស្ថិត​ក្នុងចំណោម​កម្រិតទាប​បំផុត​ជា​ប្រវត្តិសាស្ត្រ ប៉ុន្តែ​គេ​រំពឹង​ថា​ ស្ថានការណ៍​នឹង​ធូរស្រាល​នៅ​ចុងខែ​កក្កដា។ នេះ​បើ​យោង​តាម​គណៈកម្មការ​ទន្លេមេគង្គ (MRC​)។ MRC បាន​អះអាង​ថា​ បញ្ហា​នេះ​គឺ​ដោយសារ​មិន​មាន​ទឹកភ្លៀង​ធ្លាក់​គ្រប់គ្រាន់និង​ទឹកហូរ​ចេញពី​ផ្នែក​ខាងលើ​នៅ​ខាង​ប្រទេស​ចិន​ក៏​មិន​គ្រប់គ្រាន់​ដែរ។

អ្នកស្រី ភៀន ផល បាន​ចាប់ផ្តើម​ជំពាក់​ថ្លៃ​ដី​និង​ផ្ទះ​ដែល​គាត់​ទិញ​ពី​អ្នកភូមិ​ក្តី​បឹង​កាលពី​ខែតុលា ឆ្នាំ២០១៩។ អ្នកស្រី​បានឱ្យ​ដឹង​ថា ​ដើម្បី​មាន​ប្រាក់​សង​ត្រលប់​ទៅ​ម្ចាស់បំណុល​វិញ​ចំនួន៣០០ដុល្លារ​ក្នុង​មួយ​ខែ ខណៈ​ដែល​ការ​នេសាទ​មិនសូវ​បាន​ផល​នោះ អ្នកស្រី​ត្រូវ​ដើរ​ខ្ចី​លុយ​ពី​អ្នកភូមិ​ជាមួយគ្នា​បង្វិល​សង​ទៅ​ម្ចាស់បំណុល​ផ្សេង ក៏ដូចជា​រក​លៀស​ឬខ្យង​ខ្ចៅ​បន្ថែម​ទៀត។ 

អ្នកស្រី ភៀន ផល អាយុ៤៥ឆ្នាំ អង្គុយផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅមាត់បឹងធំ នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។

ជាមួយនឹង​ទឹកមុខ​នឿយហត់ អ្នកស្រី ភៀន ផល បាន​បន្ត​ថា៖ «ឆ្នាំទៅ​ វា​ដូច​ថា​បាន៩០ភាគរយ​ឆ្នាំនេះ​បានតែ១០ភាគរយ​ទេ​ […] គិតជា​លុយ​មួយថ្ងៃសល់​បាន១ម៉ឺន ១ម៉ឺន​ជាង​អីហ្នឹង ​ជិត ២ម៉ឺន​អីហ្នឹង​ឆ្នាំ​ហ្នឹង។ បើ​ឆ្នាំទៅ​ យើង​ទាំង​ជំនួញ​ទាំង​រក​ខ្លួនឯង​បាន១០ម៉ឺន ១០ម៉ឺន​ជាង​អី​អញ្ចឹង​ដែរ​ […] យើង​រក​ដល់២ទូក ២នាក់​ឪកូន​ អញ្ចឹង​ដល់ពេល​ឆ្នាំ​ហ្នឹង​មក​ត្រឹម៥ទៅ៦ខែ​នេះ ប៊ិះ​នឹង​រក​អង្ករ​បបរ​ហូប​អត់​បាន»។

អ្នកស្រី ភៀន ផល បាន​បន្ថែម​ថា​ ប្រាក់​ដែល​រកបាន​ប្រហែល១ម៉ឺន​ទៅ២ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​ ត្រូវ​ចំណាយ​លើស​មា​ជិ​កគ្រួសារ៦នាក់ ដោយ​អ្នកស្រី​ថា​ ជាមធ្យម​ត្រូវ​ចំណាយ​ប្រហែល​ជាង២ម៉ឺន​រៀល​លើ​ថ្លៃ​អង្ករនិង​ម្ហូប។ 

មុន​ការ​នេសាទ​នេះ អ្ន​កស្រី​ ភៀន ផល គឺជា​ពលករ​ចំណាកស្រុក​នៅ​ប្រទេស​ថៃក្នុង​អំឡុង ឆ្នាំ២០០៨ និង​បាន​ដើរ​ធ្វើជា​កម្មករ​សំណង់​និង​ធ្វើតាម​ចម្ការគេ​នៅ​បណ្តា​ខេត្ត​នានា ​រួមមាន ខេត្តមណ្ឌលគិរី​និង​រតនគិរី។ នៅ​ឆ្នាំ២០១៨ អ្ន​កស្រី ​ភៀន ផល បាន​លក់​ផ្ទះ​របស់​គាត់​នៅ​ភូមិ​ក្តី​បឹង ដដែល បាន​តម្លៃ៥៧០០ដុល្លារ ដើម្បី​ក៏បាន​យក​លុយ​ចំនួន​ភាគច្រើន​នោះ​មក​សងបំណុល​មីក្រូហិរញ្ញវត្ថុ​មួយនៅ​ខេត្ត​កំពង់ចាមដែល​គាត់​បាន​ខ្ចី​ពេល​កូន​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​មិន​មានលទ្ធភាព​សង​បន្ត​បាន។ 

ទើប​ឡើង​ពី​ទូក​នេសាទ​ក្រោម​កម្ដៅ​ថ្ងៃ​ដ៏​ក្តៅ មក​អង្គុយ​ក្នុង​រោង​ក្បែ​រមាត់បឹង ​អ្នកស្រី ភៀន ផល បាន​បន្ត​ថា ​ប្រសិនបើ​ត្រី​នៅតែ​មិនសូវ​មាន​ដោយសារតែ​មិន​មាន​ទឹកឡើង​ចូល​បឹង​ដូច​រាល់​ឆ្នាំ​ទេ​នេះ ជីវភាព​អ្នកស្រីក៏ដូចជា​ពលរដ្ឋ​នឹង​កាន់តែ​ពិបាក​ព្រោះ​ត្រូវ​ប្រឈម​ទាំង​បញ្ហា​បំណុល​និង​ម្ហូបអាហារ​ប្រចាំថ្ងៃ។

អ្នកស្រី​បាន​អះអាង​ថា ​គាត់​ធ្លាប់​បាន​ស្នើ​ម្ចាស់បំណុល​គាត់​ឱ្យ​ពន្រយា​ពេល​សង​ប្រាក់​ដែរ ប៉ុន្តែ​អ្នកលក់​ដី​ឱ្យ​អ្នកស្រី​នោះ​ប្រាប់​ថា ​គាត់​ក៏​ជំពាក់​លុយ​ធនាគារ​មួយ​ដែរ ហើយ​ភាគី​​ធនាគារ​ក៏​មិន​ព្រម​ពន្យារពេល​សង​ដែរ។ អ្នកស្រី​ថា​ ដូច្នេះហើយ​បាន​ជា​ម្ចាស់ដី​មិនព្រម​តាម​ការ​ស្នើ​របស់​គាត់។

គាត់​បាន​និយាយ​បន្ថែម​ថា៖ «តែ​សឹងតែ​គេ​យក [ដីនិង​ផ្ទះ​] វិញ​ហើយ ​គ្រូ​អើយ​! បើ​រក​អត់​បាន បង់​ឱ្យ​គេ​បានតែ​ប៉ុន្មាន​ខែ»។

ស្លៀក​តែ​ខោខ្លី​ត្រឹម​ជង្គង់អត់​អាវ លោ​ក ភៀន ភៃ អាយុ៥៣ឆ្នាំ​ ដែល​បាន​ប្រកបរបរ​នេះ​តាំងពី​អាយុ១៥ឆ្នាំ​ បាន​និយាយ​ថា ​ដោយសារ​ការ​រក​ត្រី​ពិបាក​ខ្លាំង​ក្នុងរយៈពេល៥ឆ្នាំ​ចុងក្រោយ​នេះ លោក​ក៏បាន​ងាក​មករ​កកំពឹស​និង​លៀស​បន្ថែម ដោយ​ថ្ងៃ​ខ្លះ​សល់​លុយ៧ពាន់​រៀល​ ហើយថ្ងៃ​ខ្លះ​ជំ​ពាក់​សំាង​គេ​ទៀត។

លោក ភៀន ភៃ អាយុ៥៣ឆ្នាំ អង្គុយផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅមាត់បឹងធំ នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។

លោក ភៀន ភៃ បាន​និយាយ​ដូច្នេះ​ថា៖ «ឆ្នាំនេះ​ទឹក​រាំង​យូរ ​[…] រាល់​ឆ្នាំ​ខែ​ហ្នឹង​ទឹកហូរ​កាត់តាម​ហ្នឹង​មក​ហើយ។ [ទឹកភ្លៀង]មក​ឆ្នាំ​ហ្នឹងរាង​យូរ សូម្បីតែ​ដើមឈើក៏​ងាប់​តាម​ៗផ្ទះ​ដែរ»។ 

ជាមួយនឹង​ការ​លំបាក​រកចំណូល លោ​ក ភៀន ភៃ និង​ភរិយា​របស់​គាត់គឺ​អ្នកស្រី ​សុខ ទូច អាយុ៦០ឆ្នាំ មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយក្នុងចំនួនទឹកប្រាក់៤ពាន់​ដុល្លារ​ ដែល​ត្រូវ​បង់​ត្រលប់​ទៅវិញ៥០ម៉ឺន​រៀល​ក្នុង​មួយ​ខែ។

អ្នកស្រី សុខ ទូច បាន​និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​រក​នៅនឹង​បឹង​ហ្នឹង​ខ្លះ​ៗ ហើយ​ដូច​ថា​ខ្ចីគេបន្ត​លិច​បន្ត​កើត​អញ្ចឹង​ទៅណា ​[…] ខ្ចី​ដូច​ថា​ជា​លុយ​អាទិត្យគេ​អញ្ចឹង​ ទៅ​បង់​លិចបង់​កើត​អញ្ចឹង បង់​ឯណេះ បង់​ឯណោះ​ […] បើ​ថ្ងៃណា​អស់​ដី​អស់​ផ្ទះ​អស់​ទៅ ​បើ​មិនដឹង​ធ្វើ​ម៉េច​ផង»។

អ្នកស្រី សុខ ទូច បាន​បន្ត​ថា ​រាល់ថ្ងៃ​គ្រួសារ​ដែល​មាន​គ្នា៤នាក់​របស់​អ្នកស្រី​ ត្រូវ​ចំណាយ​មួយថ្ងៃ​ប្រហែល១ម៉ឺន​រៀល​លើ​ថ្លៃ​ម្ហូប​និង​អង្ករ។ បើ​ទោះបីជា​គ្រួសារ​អ្នកស្រី​រកចំណូល​បាន​តិចតួច​ក៏ដោយ​រហូតមកដល់​ពេលនេះ អ្នកស្រី ​សុខ ទូច មិនបាន​ដាក់ពាក្យ​សុំ​ពន្យា​រពេល​សង​ប្រាក់កម្ចី​ទៅ​គ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​នោះ​វិញ​ទេ។ 

ទូកមួយចតទុកចោលនៅបឹងធំក្រោយពីទឹកបឹងរីងដោយសារមិនមានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ ស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០។

ប្រជា​នេសាទ​ម្នាក់ទៀត​នៅ​បឹងធំ​នេះ​ដែរ អ្នកស្រី ស៊ឹម ហុង បាន​និយាយ​ថា ​ដោយសារតែ​ទិន្នផល​ត្រី​មានការ​ធ្លាក់ចុះ​ខ្លាំង​ឆ្នាំនេះ អ្នកស្រី​ក៏បាន​ប្តូរ​ពី​ការ​រក​ត្រីមករ​កកំពឹសនិង​លៀសវិញ គ្រាន់បាន​ចិញ្ចឹមជីវិត។ ស្ត្រី​វ័យ៣៦ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា ​កាលពីមុនគាត់​អាច​រកចំណូល​បាន​ពី៥ម៉ឺន​រៀល​ទៅ៦ម៉ឺន​រៀលក្នុង​មួយថ្ងៃ​ ក៏ប៉ុន្តែ​ឆ្នាំនេះ​ក្នុង​មួយថ្ងៃ​ចុះ​មក​ត្រឹមតែ១ម៉ឺន​រៀល​តែប៉ុណ្ណោះ។ 

អ្នកស្រី​បាន​និយាយ​ថា៖ «ឆ្នាំ​ហ្នឹង ឲដូច​ខ្សត់​ខ្សោយ​ខ្លាំង​ណាស់​ត្រី​នោះ អត់​ដូច​ឆ្នាំទៅ។ ឆ្នាំទៅ យើង​គ្រាន់​បាន​រាយមង​បាន​អី តែ​ឆ្នាំ​ហ្នឹង​មង​ដូច​គ្មាន​អ្នកណា​រាយ​បានទេ ផ្អើល​តែ​ម្នា​ក់ៗ​រក​កំពឹស»។

ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក កាំង តុង​ងី បាន​បញ្ជាក់​ថា​យោង​តាម​សារាចរ​របស់​ធនាគារជាតិ​ដែល​ចេញ​កាលពី​ខែមីនា ឆ្នាំ២០២០ ការរៀបចំ​ឥណទាន​ឡើងវិញ​ធ្វើឡើង​ចំពោះតែ​អ្នក​ដែល​រង​ផល​ប៉ះ​ពាល់​ដោយសារ​កូ​វីដ១៩។ លោក​ថា ​អ្នកនេសាទ​ដែល​រកចំណូល​មិនសូវ​បាន​ មិន​ចូលក្នុង​លក្ខខណ្ឌ​ដែល​មាន​ក្នុង​សារាចរ​នោះ​ទេ។

ទោះជា​យ៉ាង​ណាក៏ដោយ​ លោក​ថា ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នី​មួយ​ៗមាន​គោលការណ៍​ក្នុង​ការសម្រប​សម្រួល​ចំពោះ​អតិថិជន​ដែល​ចំណូល​របស់​ពួក​គេ​ធ្លាក់ចុះ ប៉ុន្តែ​ការសម្រប​សម្រួល​នោះ​ត្រូវ​ធ្វើឡើង​ដោយ​ប្រុងប្រយ័ត្ន បើ​ពុំ​ដូច្នេះ​ទេវា​នឹង​ប៉ះពាល់​ដល់​វិន័យ​ឥណទាន។

លោក​បាន​បន្ថែម​ថា៖ «ករណី​អ្នកនេសាទ​នេះ​ អាច​ទៅ​និយាយ​ជាមួយ​គ្រឹះស្ថាន​បាន គឺ​ផ្តោត​ទៅលើ​ករណី​ជា​ក់​ស្តែង​ចឹងណា​ស់។ ហើយ​បង​ជឿ​ថា បើ​គេ​រក​ឃើញ​គាត់​ពិតជា​រង​ផល​ប៉ះពាល់ ហើយ​គាត់​ពិតជា​អត់មាន​ប្រភព​ចំណូល​អី​ផ្សេងទៀត ប្រហែលជា​គ្រឹះស្ថាន​ហ្នឹង​គេ​នឹងអាច​សម្របសម្រួល​ឱ្យ​កូនបំណុល​របស់​គាត់​ដែរ។ […] តែ​ដូច​បង​ថា​អញ្ចឹង​ថា​ គេ​ធ្វើ​ដោយ​ការ​ប្រុងប្រយ័ត្ន»។ 

អភិបាលខេត្ត​កំពង់ចាម លោក ​អ៊ុន ចាន់​ដា បាន​មានប្រសាសន៍​ថា ​ត្រី​មានការ​ថយចុះ​គឺ​ដោយសារ​តម្រូវការ​ទីផ្សារនិងការកែច្នៃ​ងៀត​និង​វេច​ខ្ចប់​ផ្សេង​ៗមានការ​កើនឡើង។

លោក ​អ៊ុន ចាន់​ដា បាន​អះអាង​ដូច្នេះ​ថា៖ «អញ្ចឹង​ទេគឺ​តម្រូវការ​ខ្ពស់ ​បរិមាណ​ត្រី​មិន​អាច​ឆ្លើយតប​ដល់​តម្រូវការ​ហ្នឹង​បានទេ។ ជា​វិធានការ​គឺ​យើង​មានតែ​ខិតខំប្រឹងប្រែង​ទប់ស្កាត់​នៅ​រដូវវស្សា រដូវ​ហាម​នេសាទ គឺ​ទប់ស្កាត់​កុំឱ្យ​បងប្អូន​នេសាទ​ត្រី ព្រោះ​ជារ​ដូវ​ខែ​ត្រី​ពង។ យើង​មាន​វិធានការ​ដោះស្រាយ​ហើយ ទប់ស្កាត់​កុំឱ្យ​មានការ​នេសាទ​ត្រី​ខុសច្បាប់»។

វិធានការ​មួយទៀត​ដែល​លោក​អភិបាលខេត្ត​រូប​នេះ​បាន​អះអាងគឺ​ការ​ចិញ្ចឹម​ត្រី​ ការ​ធ្វើ​វារីវប្បកម្ម ដោយ​ប្រជាពលរដ្ឋ​ដែល​គាត់​មានលទ្ធភាព​ក្នុង​ការ​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ។

លោក​ ចាន់ យុត្ថា រដ្ឋលេខាធិការនិង​ជា​អ្នកនាំពាក្យ​ក្រសួងធនធានទឹក​ និងឧតុនិយម បាន​លើកឡើង​ថា ​ករណី​ទឹកឡើង​យឺត​នេះ​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​តិចតួច។ 

លោក ​ចាន់ យុត្ថា​ បាន​និយាយ​ដូច្នេះ​ថា៖ «យើង​ឃើញ​មាន​ភាព​រអាក់រអួល​បន្តិច​[ករណី]ភ្លៀង​ ជាពិសេស​នៅក្នុង​ដើមខែ៧នេះ។ ប៉ុន្តែ​ចាប់​ពី​សប្តាហ៍​កន្លងមក ​ឃើញ​ចុង​ពាក់​កណ្តាល​សប្តាហ៍​កន្លងមក​ ហើយ​និង​សប្តាហ៏​នេះ ​ភ្លៀង​បាន​បន្ត​ធ្លាក់​រាយប៉ាយ​ឡើងវិញ ហើយ​​វា​មានការ​ប៉ះពាល់​ប៉ុន្តែ​អត់មាន​ការខូចខាត​ទេ»។

លោក ​ចាន់ យុត្ថា ​ថា​ក្រសួង​បាន​ធ្វើ​អន្តរា​គម​ន៍ជាបន្តបន្ទាប់​រួចហើយ​ចំពោះ​បញ្ហា​ខ្វះ​ទឹក​នេះ ​រួមមាន ​ការប្រើ​គ្រឿងចក្រ​កាយ​ប្រឡាយ​នាំ​ទឹក​បន្ថែម​សម្រាប់​ការប្រើ​ប្រាស់​ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ