សកម្ម​ជន​​ព្រៃ​​ឈើ​​ម្នាក់​​ខក​​ចិត្ត​​ក្រោយ​​ត្រូវ​​បាន​​កោះ​​ហៅ​ ខណៈ​​មិន​​ឃើញ​​តុលា​ការ​​​ចាត់​ការ​​បណ្ដឹង​​របស់​​គាត់​

លោក ឆន ផល្លា ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការខុមហ្វ្រែល ក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន)

សកម្មជន​ព្រៃឈើ​មួយ​រូប​នៅ​ខេត្តរតនគិរី បាន​បង្ហាញ​ការ​ខក​ចិត្ត​ទៅ​នឹង​តុលាការ​ខេត្ត​នេះ ដែល​បាន​យក​បណ្ដឹង​ប្រឆាំង​រូបលោកមក​ដំណើរការ​នីតិវិធី​មុន​បណ្ដឹង​លោក​ទៅ​វិញ។

ក្នុង​ដីកា​កោះ​ចេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ​ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​ខេត្ត​រតនគិរី លោក រ៉ា បូរ៉ាន់ឌី បាន​កោះ​ហៅ​សកម្មជន​ព្រៃ​ឈើ លោក ឆន ផល្លា ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា​ខាង​មុខ ជុំ​វិញ​បណ្ដឹង​មួយ​ដែល​ចោទ​ថា សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះបាន​​«អុក​ឡុក​»​វេទិកាសាធារណៈ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​​ស្រុក​លំផាត់​កាល​ពី​ថ្ងៃ​ទី​៨ ខែកក្កដា។

អភិបាលស្រុកលំផាត់ លោក នូ ថេរ សុំមិនធ្វើការបកស្រាយជុំវិញសំណួរអ្នកសារព័ត៌មាន ដែលចោទសួរថា តើអ្នកណាជាអ្នកប្តឹងលោក ឆន ផល្លា ហើយលោកបង្វែរសំណួរនេះឱ្យ​ទៅសួរតុលាការវិញ។

​ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​ខេត្ត​រតនគិរី លោក រ៉ា បូរ៉ាន់ឌី ប្រាប់​ថា បណ្ដឹង​ប្រឆាំង​នឹង​លោក ផល្លា មាន​ប្រភព​ចេញ​ពី​​រដ្ឋបាល​ស្រុក​លំផាត់ ប៉ុន្តែលោក​ប្រាប់​ថា​ លោក​ត្រូវ​ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​ជុំ​វិញ​បណ្ដឹង​នេះ។

លោក ឆន ផល្លា ប្រាប់វីអូឌីនៅថ្ងៃ​នេះថា លោកនឹងចូលបំភ្លឺនៅ​ក្នុង​តុលាការ ដោយ​រក្សា​ជំហរ​ថា លោកមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

លោក ឆន ផល្លា ប្រាប់ថា៖ «វាអត់មានយុត្តិធម៌ទេ​សម្រាប់ខ្លួនខ្ញុំ ប៉ុន្តែខ្ញុំនៅតែការពារព្រៃប​ន្តទៀត។ ខ្ញុំនឹងធ្វើការតតាំងជាមួយគាត់នៅស្ថាប័នតុលាការបន្តទៅទៀត ដើម្បីវែកមុខរកជនល្មើសពិតប្រាកដ ដើម្បីធ្វើតាមនីតិវិធីច្បាប់»

សកម្មជនព្រៃឈើរូបនេះបាន​ប្រាប់​វីអូឌី​ថា លោក​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ព្រួត​វាយ​​​កាល​ពី​ថ្ងៃ​ទី៨ ខែ​កក្កដា នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​នៅ​ចំពោះ​មុខ​អភិបាល​ស្រុក​លំផាត់ លោក នូ ថេរ។

មួយ​ថ្ងៃ​ក្រោយ​មក សកម្មជន​ព្រៃ​ឈើ​ម្នាក់​ទៀត លោក កែវ ហ្វើញ រស់នៅ​ក្នុង​ភូមិ​សាមុត្រក្រោម នៅ​ឃុំ​សេដា ត្រូវ​បាន​រក​ឃើញ​មាន​របួស​ពោះ​នៅ​ឯ​ចម្ការ​របស់​គាត់ ដោយសារ​រង​សម្ពាធ ក្រោយចូលរួម​ក្នុង​វេទិកា​សាធារណៈ​នោះ​ជាមួយ​លោក ផល្លា ផង​ដែរ។

លោក ឆន ផល្លា និង​អ្នក​ភូមិ៦​នាក់​ផ្សេង​ទៀត​ដែល​ចូលរួម​ដាក់ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​បទ​ល្មើស​ព្រៃឈើ​នៅ​ឃុំ​សេដា បាន​គេច​ខ្លួន​ចេញ​ពី​ភូមិ​របស់​ពួកគេ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

លោក ផល្លា បាន​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​រតនគិរី​​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា​នេះ ប្រឆាំង​នឹង​​​​មនុស្ស១៦​នាក់ ក្នុង​នោះ​មាន​មន្ត្រី​មូលដ្ឋាននិង​ពលរដ្ឋ​​នៅ​ស្រុក​លំផាត់ ដោយ​ចោទ​ថា បាន​ប្រើ​អំពើ​ហិង្សានិង​គំរាម​កំហែង​ទៅ​លើ​រូប​លោក។

សកម្មជន​ព្រៃ​ឈើ​រូបនេះ បាន​បង្ហាញ​អារម្មណ៍​ខក​ចិត្ត​បន្ទាប់​ពី​បាន​ឃើញ​តុលាការ​ខេត្ត​រតនគិរី​ចាត់​ការ​បណ្ដឹង​ប្រឆាំង​រូប​លោក ខណៈ​​លោក​មិន​ទាន់​បាន​ឃើញ​បណ្ដឹង​របស់​លោកត្រូវ​បាន​តុលាការ​ចាត់​ការ​នោះ​ឡើយ។

លោក រ៉ា បូរ៉ាន់ឌី ប្រាប់​ថា តុលាការ​នឹង​ពិនិត្យ​បណ្ដឹង​ផ្សេង​ទៀត​ដូច​គ្នា ប៉ុន្តែលោក​ថា លោក​មិន​បាន​ដឹង​ថា តុលាការ​បាន​បញ្ជូន​ចេញ​ហើយ​ឬនៅ​ទេ។

លោក រ៉ា ប៉ូរ៉ាន់ឌី ប្រាប់​ថា​៖ «​ដាក់មក គេទទួលហើយ ប៉ុន្តែគ្រាន់តែថា ខាងរដ្ឋបាលបញ្ជូនចេញឬនៅ ខ្ញុំមិនទាន់ដឹងទេ ឃើញគាត់ប្តឹងប៉ុន្មាននាក់ហើយ ចូលមកតុលាការ លោកព្រះរាជអាជ្ញាគាត់បានចាត់តាំងតំណាងអយ្យការ។ ដូចគ្នា! យើងធ្វើការចាត់ការដូចគ្នា យើងពិនិត្យលើអង្គហេតុ ពិនិត្យលើភស្តុតាងដូចគ្នា»

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក ស៊ឹង សែន​ករុណា ដែលតាមដានករណីនេះ អះអាងថា លោក ឆន ផល្លា មិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ ដោយសារនៅក្នុងវេទិកាផ្សព្វផ្សាយនិង​​ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក​នោះ អ្នកសម្របសម្រួលវេទិកាបានអនុញ្ញាតឱ្យលោក ផល្លា លើកពីបញ្ហា​ប្រឈមនានា ដូចជា ការបំផ្លាញព្រៃឈើនិង​ការលក់​​ដី​​សហគមន៍ជនជាតិដើមភាគតិច។

អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ បា​ន​ជំរុញទៅស្ថាប័នពាក់ព័ន្ធ​ឱ្យ​បង្កើតក្រុម​ស៊ើប​អង្កេត​ឯករាជ្យមួយ ចុះស្រាវជ្រាវ​ករណី​នេះប្រកប​ដោយ​គោលការណ៍​អព្យាក្រឹត្យ​ឥតលម្អៀង ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។

លោក ស៊ឹង សែនករុណា និយាយថា៖ «បើសិនជាទៅ [អាជ្ញាធរពាក់ព័ន្ធនៅថ្នាក់ជាតិ] ចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតឱ្យបានច្បាស់លាស់ ត្រឹមត្រូវ អនុវត្ត និងចាត់វិធានការច្បាប់តាមតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ ខ្ញុំគិតថា យុត្តិធម៌សម្រាប់ក្រុមអ្នកភូមិដែលជាអ្នកការពារព្រៃឈើឬក៏លោក ផល្លា អាចរកបានយុត្តិធម៌ហើយ។ បើសិនជាមិនបានធ្វើអ៊ីចឹងទេ ខ្ញុំគិតថា រឿងទាំងអស់វាមិនខុសគ្នាទេ តាំងពីថ្នាក់ក្រោមជាតិមកដល់ថ្នាក់ជាតិ គឺក្រុមគេមើលឃើញថាជាក្រុមតែមួយ»

មាន​វ័យ៤២ឆ្នាំ លោក ឆន ផល្លា បាន​ចូលរួម​ការពារ​ព្រៃឈើ​តាំងពី​ឆ្នាំ២០១៦។ ចាប់តាំងពី​ឆ្នាំ២០១៧មក លោក​អះអាង​ថា បាន​ដាក់ពាក្យ​ប្តឹង​ដល់ទៅ៨ករណី​ទៅ​តុលាការ​ប្រឆាំង​នឹង​មន្ត្រី​​មូលដ្ឋាន និង​ពលរដ្ឋ​មួយចំនួន​ទៀត​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃឈើ និង​ការ​ទន្រ្ទាន​ដី​សហគមន៍ ប៉ុន្តែលោក​ថា ប្រមាណ៤ឆ្នាំ​មកនេះ គ្មាន​បណ្ដឹង​ណា​មួយ​របស់​លោក​ត្រូវ​បាន​ចាត់ការ​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ