កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​អឺរ៉ុប​-​វៀត​ណាម​ចាប់​អនុវត្ត​នៅ​ដើម​ខែ​ក្រោយ​

កម្មការិនីកាត់ដេរនៅក្នុងរោងចក្រមួយ នៅប្រទេសវៀតណាម។ (វេបសាយបរទេស)

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម ឬហៅកាត់ EVFTA នឹងចាប់មានសុពលភាពពីថ្ងៃទី១ ខែសីហាខាងមុខ ក្រោមការរំពឹងពីរដ្ឋាភិបាលក្រុងហាណូយថា វានឹងជួយជំរុញកំណើនការនាំទំនិញ​ចេញទៅអឺរ៉ុប២០ភាគរយបន្ថែមទៀតនៅឆ្នាំ២០២​០។

តាមរយៈកិច្ចព្រមព្រៀងនេះ សហភាពអឺរ៉ុប (EU) និងវៀតណាមអាចនាំទំនិញទៅនិងមកដោយរួចពន្ធនាំចូល៩៩ភាគរយ និងជួយកាត់បន្ថយរបាំងពន្ធត្រួតគ្នា ធានាកិច្ចការពារកម្មនិមិត្តសញ្ញាភូមិសាស្រ្ត និងបើកចំហទីផ្សារសេវាកម្មនិងលទ្ធកម្មសាធារណៈ​ជាដើម។

ប្រភពពីគេហទំព័រព័ត៌មានធុរកិច្ច Just-Style ចុះផ្សាយនៅថ្ងៃម្សិលមិញ ឱ្យដឹងថា វៀតណាមចាត់ទុកអឺរ៉ុបគឺជាទីផ្សារសក្តានុព​លដ៏សម្បូរបែបធំមួយសម្រាប់ទំនិញនាំចេញរបស់វៀតណាម និងជាប្រភពវិនិយោគបរទេសដ៏សំខាន់ស​ម្រា​ប់ជំ​រុញកំណើនសេ​​​​ដ្ឋកិច្ចជាតិ។

តាមប្រភពដដែល រដ្ឋមន្រ្តីពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមលើកឡើងថា កិច្ចព្រមព្រៀង EVFTA នឹងជំរុញកំណើននៃការនាំទំនិញចេ​ញរបស់វៀតណាម​ទៅអឺរ៉ុប ទ​ន្ទឹ​មនឹងការបើកឱកាសឱ្យវៀតណាមពង្រីកកិច្ចសហប្រតិបត្តិការជាមួយ​ស​មាជិកសហភាពអឺរ៉ុបទាំង២៧ប្រ​ទេស។

តាមការវាយតម្លៃរបស់ធនាគារពិភពលោកនិងរដ្ឋាភិបាលក្រុងហាណូយ ក្រោមកិច្ចព្រមព្រៀងនេះ វៀតណាមនឹ​ងអាចបង្កើនការនាំចេញទៅអឺរ៉ុប២០ភាគរយនៅឆ្នាំ២០២០ ហើយនឹងបង្កើនដល់៤០ភាគរយនៅឆ្នាំ២០២៥ ព្រមទាំងជួយបង្កើនកម្លាំងព​ល​កម្មជំនាញ១២ភាគរយ និងប្រាក់ខែកម្មករទូទៅ១៣ភាគរយ។

តាមការប៉ាន់ប្រមាណដដែល កិច្ចព្រមព្រៀងដែលមានសុពលភាព១០ឆ្នាំនេះ នឹងជួយបង្កើនផលិតផលក្នុងស្រុកសរុប GDP របស់វៀតណាមពី២,១៨ភាគរយ ដល់៣,២៥ភាគរយ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ និងដល់៤,៥៧ភាគរយ ទៅ៥,៣០ភាគរយ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨។

វៀតណាមគឺជាដៃគូពាណិជ្ជកម្មធំបំផុតលំដាប់ទី២ក្នុងតំបន់អាស៊ានរបស់សហភាពអឺរ៉ុប បន្ទាប់ពីសិង្ហបុរី ដោយមានទំហំទឹកប្រា​ក់៥១,៥ពាន់លានអឺរ៉ូ នៅឆ្នាំ២០១៩ ដែល​ក្នុងនោះវៀតណាមនាំទំនិញទៅអឺរ៉ុបបានប្រមាណ៣៤,៤ពាន់លានអឺរ៉ូ ឯសហភាពអឺរ៉ុបនាំទំ​និញទៅវៀតណាមវិញបានប្រមាណ១១,១ពាន់លានអឺរ៉ូ។

កន្លងមក វៀតណាមនិងសហភាពអឺរ៉ុប បានអនុគ្រោះពន្ធលើទំនិញចេញនិងចូលរវាងគ្នាប្រមាណជាង៤០ភាគរយ ប៉ុន្តែបន្ទាប់ពីកិច្ចព្រមព្រៀងថ្មីចូលជាធរមាន ភាគីទាំង២នឹងបើកឱ្យដៃគូនាំទំនិញចូលប្រទេសនិងតំបន់របស់ខ្លួនដោយមិនចាំ​បាច់បង់ពន្ធស្ទើរតែទាំងស្រុង។

តាមប្រភពពីគេហទំព័រគណៈកម្មការអឺរ៉ុបឱ្យដឹងថា ទំនិញសំខាន់ដែលអឺរ៉ុបនាំទៅវៀតណាមក្រោមកិច្ចព្រមព្រៀងមានដូចជា ផលិតផលបច្ចេកវិទ្យាជាន់ខ្ពស់ ដែលរាប់បញ្ចូលម៉ាស៊ីននិងបរិក្ខារអេឡិចត្រូនិក យន្តហោះ យានយន្ត និងថ្នាំពេទ្យ។ ឯទំនិ​ញ​សំ​ខាន់​របស់វៀតណាមនាំទៅអឺរ៉ុបក្រោមកិច្ចព្រមព្រៀងនេះវិញ រួមមាន គ្រឿងបង្គុំទូរសព្ទ ផលិតផលអគ្គិសនី ផលិតផលស្បែ​កជើង កាត់ដេរ និងសម្លៀកបំពាក់ កាហ្វេ អង្ករ គ្រឿងសមុទ្រ និងគ្រឿងសង្ហារឹម។  

វៀតណាម មានដៃគូកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរីជាមួយប្រទេសចំនួន៥១រួចមកហើយ គិតចាប់ពីឆ្នាំ១៩​៩​៣។ ប្រទេសទាំង៥១នោះ គឺឋិតក្នុងតំបន់អឺរ៉ុប អាស៊ី និងអាមេរិកឡាទីន។

ដោយឡែកថៃ ក៏កំពុងព្យាយាមបង្កើតកិច្ចព្រមព្រៀង FTA ជាមួយអឺរ៉ុបផងដែរ បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានផ្អាកការច​រចាជាមួយប្រទេសនេះ ក្រោយរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅឆ្នាំ២០​១៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ