កម្ពុជា​ថា​ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជា​មួយ​ចិន​​មិន​មែន​ជំនួស​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA ​របស់​អឺរ៉ុប​ឡើយ​

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ្ត ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ហៅកាត់ជាភាសាអង់គ្លេសថា FTA មិនមែនធ្វើឡើងដើម្បីជំនួសឱ្យការបាត់បង់ចំណែក២០​ភាគរយ​នៃ​ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ» ឬ EBA នោះទេ ប៉ុន្តែជាការជំរុញពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែប្រសើរនិងសម្បូរបែបបន្ថែមទៀត។

ការអះអាងនេះ ក្រោយពេលរដ្ឋាភិបាលកម្ពុជាប្រកាស​អំពីការបញ្ចប់កិច្ចចរចារវាងភាគីទាំងពីរលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន​ជាផ្លូវការ​កាលពីថ្ងៃទី២០ ខែកក្កដា​កន្លងទៅ ដោយរង់ចាំការ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាផ្លូវការរវាងរដ្ឋាភិបាលទាំងពីរនៅពេលខាងមុខប៉ុណ្ណោះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃនេះ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ្ត មានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន​ មិនអាចជំនួសការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប២០ភាគរយនោះ​ឡើយ។

ប៉ុន្តែលោកមិនបកស្រាយឡើយ​ចំពោះចម្ងល់ថា តើកិច្ចព្រមព្រៀងនេះធ្វើឡើងដើម្បីស្រោចស្រង់ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយឬយ៉ាងណានោះ​?

លោកមានប្រសាសន៍ថា៖ «អ៊ីចឹង អានេះ[FTA] វាមិនមែនជំនួស[EBA]ទេ។ បានន័យថា យើងនាំអាទាំងអស់ហ្នឹងទៅចិន បើគេព្យួរស្ករស ខោអាវយឺត ឬខោអាវមួយចំនួនទៅអឺរ៉ុប ហើយស្រាប់តែយើងថាជំនួស​ដោយការនាំទៅចិន ម៉េចបាន? ព្រោះចិន វាផលិតអាហ្នឹងដែរ។ អានេះជាគោលនយោបាយធ្វើពិពិធកម្មទាំងទីផ្សារទាំងផលិតផល»។

ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្ដិ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន លោក ចុង ស្សាន (Zhong Shan) បានប្រកាសជាផ្លូវការនៃការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនតាមប្រព័ន្ធវីដេអូ conference។

តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមចរចាផ្នែកទំនិញ លោក ​ចាន់ សុភាព មានប្រសាសន៍​ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចនិងសង្គមជាច្រើនដល់កម្ពុជា ដោយលោកបដិសេធការលើកឡើងថា កិច្ចព្រមព្រៀងនេះផ្តល់ប្រយោជន៍ច្រើនដល់ភាគីចិន ដែលនេះលោកថា ជាគំនិតអវិជ្ជមានប៉ុណ្ណោះ។

ជាក់ស្តែងលោកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កម្ពុជានឹងនាំទំនិញប្រមាណ​១ម៉ឺនមុខទំនិញឬស្មើជិត៩៨ភាគរយ ចូលទៅកាន់ទីផ្សារចិនលើបន្ទាត់ពន្ធឬភាគីចិនសម្រុតពន្ធ លើផលិតផលកសិកម្មនិងផលិតផលសម្រេចដែលចេញពីវិស័យឧស្សាហកម្មកែច្នៃ។

ចំណែកផលិតផលដែលភាគីចិននឹងនាំចូលទំនិញមកកម្ពុជា លោកថា មានតែ៩០ភាគរយដែលភាគីកម្ពុជាសម្រុតពន្ធ ប៉ុន្តែលោកមិនបានបង្ហាញពីទំហំទឹកប្រាក់រួចពន្ធដែលភាគីទាំងពីរចំណេញពីកិច្ចព្រមព្រៀងនេះឡើយ។

លោកបន្តថា៖ «អ៊ីចឹងបានថា កុំឱ្យមានទុទ្ទិដ្ឋិនិយម គំនិតថាចិនមានផលប្រយោជន៍ពី FTA នេះច្រើនជាងកម្ពុជា មិនមែនទេ!»

​ក្នុងវេទិកាតុមូលអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ​ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជានារសៀលថ្ងៃ​ទី២៨ ខែកក្កដា អ្នកជំនាញផ្នែកសេដ្ឋកិច្ច លោក គី សិរីវឌ្ឍន៍ ថាការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ ជាការស្វែងរកទីផ្សារពាណិជ្ជកម្មសម្រាប់កម្ពុជាបន្ថែមទៀត  ។

លោកបន្តថា ពាណិជ្ជកម្មសេរីនេះអាចនឹងធ្វើឱ្យទំហំនាំចេញទំនិញរវាងប្រទេសទាំងពីរឡើងប្រហាក់ប្រហែលគ្នា ប្រសិនបើកម្ពុជាចេះឆក់ឱកាសនិងចេះកែច្នៃធនធានរបស់ខ្លួនឱ្យ​កាន់តែប្រសើរ ព្រមទាំងបើកឱ្យប្រទេសទីបីចូលមកវិនិយោគ បើពុំនោះសោត កម្ពុជានៅតែជាកន្លែងបង្ហូរទំនិញពីចិនដដែល។

លោក គី សិរីវឌ្ឍន៍៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺបានបង្កើតឱ្យកម្ពុជាធ្វើពិពិធកម្មនៃឧស្សាហកម្ម ដែលយើងអាចងាកចេញពីវិស័យកាត់ដេរតែមួយមុខគត់ ឱ្យទៅវិស័យផ្សេង។ ទី២ យើងអាចបង្កើតការវិនិយោគកសិ​កម្មនិងវិស័យកសិ​-ពាណិជ្ជកម្ម គឺជាឱកាសដែលយើងផ្តល់ឱ្យកម្ពុជាធ្វើកសិពាណិជ្ជកម្ម។ ទី៣ រដ្ឋាភិបាលគួរតែកែលម្អច្បាប់ បទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធពាណិជ្ជកម្មសេរីនេះ ឱ្យកាន់តែប្រសើរឡើង។ បើមិនដូច្នេះទេ ការផលិតរបស់យើងនៅតែមានការរារាំងដដែល។»

អ្នកជំនាញដដែលលើកឡើងថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិនកាលពីឆ្នាំ២០១៩ មានចំនួនជាង៨ពាន់លានដុល្លារ។ ក្នុងនោះ លោកថា កម្ពុជានាំចេញទៅទីផ្សារចិនក្នុងចំនួនតិចតួចនៅឡើយ ដោយ​មានប្រមាណ១ពាន់លានដុល្លារ ខណៈចិននាំទំនិញចូលមកកម្ពុជាក្នុងទំហំពាណិជ្ជកម្មជាង៧ពាន់លានដុល្លារ។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត សេង សារី យល់ថា ជារឿងពិបាកប្រៀបធៀបចំពោះផលប្រយោជន៍បានមកពីប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយរបស់អឺរ៉ុប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនពេលនេះ ប៉ុន្តែលោក​ថា បើកម្ពុជាអាចចាប់យកផលប្រយោជន៍ទាំងពីរដោយមិនឱ្យបាត់បង់ផលប្រយោជន៍ណាមួយ គឺជារឿងកាន់តែល្អប្រសើរ។

លោកមានប្រសាសន៍ថា៖ «អ្វីដែលសំខាន់ហ្នឹង នៅពេលយើងមានទាំងពីរ [EBA& FTA] គឺជាការល្អ។ ផលិតផលកសិកម្មយើងនាំចេញទៅខាងចិនទៅ ហើយផលិតផលវាយនភណ្ឌយើងនាំចេញទៅខាងអឺរ៉ុបទៅ។ បើយើងមានមួយជំនួសមួយ វាមិនមែនជាគំនិតដែលល្អទេ ប៉ុន្តែបើយើងមានទាំងពីរកាន់តែល្អ»

​លោក សុខ សុភ័ក្ត្រ អះអាងថា ដំណើរ​កិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីកម្ពុជា-ចិន ចាប់ផ្តើមជាផ្លូវការចំនួន៣លើករួចមកហើយ គិតចាប់តាំងពីខែមករារហូតដល់ខែមិថុនា ឆ្នាំ២០២០ មុននឹងមានការប្រកាសបញ្ចប់កិច្ចចរចាជាផ្លូវការពីភាគីប្រទេសទាំងពីរកាលពីថ្ងៃទី២០ ខែកក្កដា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ