ពលរដ្ឋ​ជាង​៣០​គ្រួសារ​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ​រក​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​

អ្នក​តវ៉ា​ម្នាក់​មក​ពី​សហគមន៍​ស្វាយចេក​ថ្មី ក្នុង​សង្កាត់​គោ​ករ​ការ​ លើក​បដាមួយ បង្ហាញ​ខ្លឹមសារ​ស្នើ​សុំឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ពួក​គេកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។ (រូបថត៖ ផ្តល់​ឲ្យ​ដោយ​សហគមន៍​ស្វាយចេក​ថ្មី​)

ប្រជាពលរដ្ឋ ៣៣គ្រួសារនៅសហគមន៍មួយ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយដោះស្រាយវិវាទដីធ្លីជូនពួកគេ។

ប្រជាពលរដ្ឋប្រហែលជាង ៣០នាក់ ​នៅថ្ងៃនេះ បានប្រមូលផ្តុំគ្នាឈរលើកបដារូបថតលោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និងភរិយា​របស់​លោក នៅមុខវត្តបុទុមវតី ជាកន្លែងដែលមន្ត្រីខុទ្ទកាល័យចាំទទួលញត្តិពីប្រជាពលរដ្ឋមានបញ្ហាផ្សេងៗ។

ញត្តិដែល​ដាក់ទៅខុទ្ទល័យ បានឱ្យដឹងថា ប្រជាពលរដ្ឋ ៣៣គ្រួសារ ត្រូវបានបុគ្គលម្នាក់ឈ្មោះ សុខ ហេង ប្តឹងទៅតុលាការ ដោយចោទថា អ្នកភូមិទាំងនេះ បានរំលោភយកដីរបស់ខ្លួនទំហំ ១,៦០០ម៉ែត្រការ៉េ ស្ថិតក្នុងភូមិស្វាយចេក សង្កាត់គោករកា។

ញត្តិដដែលបញ្ជាក់ថា អ្នកភូមិទាំង​នោះ បានរស់នៅលើដីទំហំ​នោះ​តាំងពីឆ្នាំ ២០០៤ ក្រោយពីសាលារាជធានីភ្នំពេញ បានទុកដីនោះសម្រាប់បែងចែកឱ្យពួកគេនៅសហគមន៍ស្វាយចេកថ្មី ប៉ុន្តែ នៅឆ្នាំ២០២០នេះ បុគ្គលឈ្មោះ សុខ ហេង ចេញមកអះអាងថា ដីនោះជាដីរបស់ខ្លួន និងបានប្តឹងពលរដ្ឋទៅតុលាការថែមទៀត។

លោក ខៀវ ផល្លី ដែលអះអាងថា ជាតំណាងប្រជាពលរដ្ឋប្រាប់វីអូឌីបន្ថែមលើញត្តិថា ប្រជា​សហគមន៍​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​បុគ្គល សុខ ហេង ដោយ​ថា ដី​ទំហំ ១,៦០០ម៉ែត្ររ៉េនោះ ជាដីរបស់សហគមន៍ស្វាយចេកថ្មី។

លោក ខៀវ ផល្លី បន្ថែមថា៖ «សុំឱ្យសម្តេចជួយ និងរកយុត្តិធម៌ ពីព្រោះលោក សុខ ហេង បានប្តឹងប្រជាពលរដ្ឋពីបទលួចចូលកាន់កាប់អចលវត្ថុខុសច្បាប់ដែលជាដីរបស់គាត់។ ប្រជាពលរដ្ឋមិនបានទៅលួចទេ គឺពលរដ្ឋទៅនៅលើដីរបស់សហគមន៍ទេ។អ៊ីចឹង សុំឱ្យតុលាការ និងសម្តេចជួយចាត់វិធានការលើបុគ្គលម្នាក់នេះ»

បើ​តាម​លោក ខៀវ ផល្លី ញត្តិ​របស់​ប្រជាសហគមន៍​ត្រូវ​បាន​ទទួល​យក​ដោយ​លោក គង់ ចំរើន មន្ត្រីខុទ្ទល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ លោក ផល្លី ថា លោក គង់ ចំរើន មិនសន្យាអ្វីជាមួយពលរដ្ឋនោះទេ។

វីអូឌីបានព្យាយាមសុំការឆ្លើយតបពី លោក សុខ ហេង តាមរយៈប្រព័ន្ធទូរស័ព្ទដែលផ្តល់ដោយអ្នកភូមិដែរ និងទូរស័ព្ទចូលច្រើនដងត្រូវបានចុចផ្តាច់វិញ។

អភិបាល​រង​ខណ្ឌ​ព្រែកព្នៅ លោក ជា ខេមា បាន​ប្រាប់​ថា លោក​កំពុង​ជាប់​រវល់​ប្រជុំ ហើយ​មិន​អាច​បក​ស្រាយ​បាន​នោះ​ឡើយ។ ចំណែក​អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី បាន​លើក​ទូរស័ព្ទ​ដែល​វីអូឌី​ស្វែង​រក​ការ​បក​ស្រាយ​នោះ​ឡើយ​នៅ​ថ្ងៃ​នេះ។

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា ករណីនេះ ប្រជាពលរដ្ឋត្រូវរកឯកសារ និងប្រមូលភុស្ភតាងឱ្យបានច្បាស់លាស់ ដើម្បីបង្ហាញទៅស្ថាប័នពាក់ព័ន្ធឱ្យជួយដោះស្រាយ។

អ្នកសិទ្ធិមនុស្សរូបនេះ លើកឡើងថា បច្ចុប្បន្ន លោកសង្កេតឃើញបញ្ហាវិវាទដីធ្លីបានផ្ទុះឡើងវិញ ដោយសារអ្នកមានលុយមានអំណាចមួយចំនួនបានរំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋ។

លោក វណ្ណ សុផាត បន្ថែមថា៖ «អ៊ីចឹង ប្រជាពលរដ្ឋហ្នឹងគួរតែស្វែងរកឯកសារឱ្យច្បាស់លាស់ជាភុស្ភតាងសម្រាប់យើងដាក់ទៅក្រសួងពាក់ព័ន្ធគេជួយដោះស្រាយ ជាពិសេសក្រសួងរៀបចំដែនដី ដើម្បីជួយពិនិត្យមើលរឿងហ្នឹង ពីព្រោះអីពលរដ្ឋអះអាងថា ដីហ្នឹងសាលារាជធានីភ្នំពេញបានរក្សាទុកឱ្យពួកគាត់ហើយ»

ញត្តិ​អ្នកភូមិអះអាងថា ដីទំហំ ១,៦០០ម៉ែត្ររ៉េ គឺជាដីរបស់សាលារាជធានីភ្នំពេញទុកចែកជូនសហគមន៍ស្វាយចេកថ្មី ដោយសហគមន៍មានប័ណ្ណសំគាល់រួម និងផែនទី ហើយមានការឯកភាពពីមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ និងអតីតអភិបាលរាជធានីភ្នំពេញលោក កែប ជុតិម៉ា កាលឆ្នាំ២០០៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ