មន្ត្រី​​សុខា​ភិបាល​​ថា​ ពលរដ្ឋ​​កម្ពុជា​​ម្នាក់​​ស្លាប់​​នៅ​ក្នុង​​មណ្ឌល​​ស្នាក់​នៅ​​ដាច់​ដោយ​ឡែក​​ក្នុង​​ខេត្ត​​ត្បូង​ឃ្មុំ​​

ក្រុមគ្រូពេទ្យចុះទៅពិនិត្យនៅមណ្ឌលចត្តាឡីស័ក នៅក្នុងអនុវិទ្យាល័យស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោយពេលបុរសម្នាក់ស្លាប់អំឡុងពេលធ្វើចត្តាឡីស័ក កាលពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។ (ទូរទស្សន៍ជាតិកម្ពុជា)

ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ លោក កែវ វណ្ណៈ អះអាង​ថា បុរស​កម្ពុជា​ម្នាក់​បាន​ស្លាប់​នៅក្នុង​មណ្ឌល​ចត្តាឡីស័​ក ឬមណ្ឌល​ស្នាក់នៅ​ដាច់ដោយឡែក​មួយ ស្ថិតនៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ កាលពី​យប់​ថ្ងៃម្សិលមិញ​នេះ។

លោក កែវ វណ្ណៈ បាន​ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា បុរស​អាយុ២១ឆ្នាំដែល​ជា​ពលករ​ធ្វើដំណើរ​តាមផ្លូវគោក​ត្រឡប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ឆ្លងកាត់​ប្រទេស​ថៃ​ចូល​មកដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី១៥ ខែកក្កដា តាម​ច្រកប៉ោយប៉ែត​នោះ បាន​ស្លាប់​កាលពី​យប់​ថ្ងៃពុធ​ម្សិលមិញ​នេះ នៅក្នុង​មណ្ឌល​ចត្តាឡីស័​កស្វាយឃ្លាំង ស្ថិត​ក្នុង​ស្រុក​ក្រូចឆ្មារ។

លោក កែវ វណ្ណៈ បានឱ្យ​ដឹង​ថា ការ​ស្លាប់​របស់​កម្ពុជា​រូប​នេះត្រូវ​បាន​សន្និដ្ឋាន​ជាបឋម​ថា បណ្ដាលមកពី​ខ្យល់គរ ដោយ​គាត់​មានអាកា​រ​ត្រជាក់​រាងកាយ សន្លប់​បាត់ស្មារតី មុននឹង​ស្លាប់។ លោក​បញ្ជាក់​ថា ក្រោយ​ទទួលមរណភាព ក្រុម​វេជ្ជបណ្ឌិត​បាន​យក​សំណាក​ពី​សព​បុរស​នោះ បញ្ជូន​មក​ត្រួតពិនិត្យ​រក​វីរុស​កូ​រ៉ូ​ណា​ជាថ្មី​នៅ​ឯវិទ្យាស្ថាន​ប៉ាស្ទ័រ នៅ​រាជធានី​ភ្នំពេញ។

មន្ត្រី​សុខាភិបាល​រូប​នេះ បានឱ្យ​ដឹង​ថា បុរស​កម្ពុជា​រូប​នេះ ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ដោយក្រុម​គ្រូពេទ្យ​នៅ​ក្រុង​ប៉ោយប៉ែត​ចាប់ពី​ថ្ងៃទី១៦ ខែកក្កដា ប៉ុន្តែរក​មិនឃើញ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នោះ​ឡើយ មុននឹង​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ដោយខ្លួនឯង​ទៅកាន់​ស្រុកកំណើត​ស្ថិតនៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ នៅ​ថ្ងៃទី១៩ ខែកក្កដា។

លោក កែវ វណ្ណៈ បន្ថែម​ថា បុរស​កម្ពុជា​រូប​នេះបាន​ស្ម័គ្រចិត្ត​ចូល​ស្នាក់នៅ​ដាច់ដោយឡែក​រយៈពេល១៤ថ្ងៃ​ចាប់តាំងពី​ថ្ងៃទី១៩ ខែកក្កដា នៅក្នុង​អនុវិទ្យាល័យ​ស្វាយឃ្លាំង។ លោក​បន្ថែម​ថា មនុស្ស៩នាក់​ផ្សេងទៀតក៏​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិតនៅ​ដាច់ដោយឡែក​នៅ​ទីនោះ​ផង​ដែរ ប៉ុន្តែលទ្ធផល​តេ​ស្ត​សំណាក​លើ​ពួក​គេ រក​មិនឃើញ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នោះ​ឡើយ។

បើ​តាម​លោក កែវ វណ្ណៈ មនុស្ស២៧១នាក់ កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ស្នាក់នៅ​ដាច់ដោយឡែក​នៅ​តាម​មណ្ឌល​ចត្តាឡីស័​កនានា ដែល​ត្រូវ​បាន​រៀបចំឡើង​ដោយ​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ក្នុង​នោះ​មាន​ស្ត្រី១០២នាក់។

សេចក្ដីប្រកាស​ព័ត៌មាន​ក្រសួងសុខាភិបាល បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជា​មាន​អ្នក​ឆ្លង​សរុប​ចំនួន១៩៨នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​សរុប​ចំនួន១៤២នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ចំនួន៥៤នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ