សកម្ម​ជន​​ការពារ​​ព្រៃ​ឈើ​​ខេត្ត​រតន​គិរី​​ប្តឹង​​អាជ្ញាធរ​​មូល​ដ្ឋាន​និង​​ឈ្មួញ​​ឈើ​​ពី​​បទ​​ហិង្សា​និង​​គំរាម​កំហែង​​

លោក ឆន ផល្លា ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការអង្គការខុមហ្វ្រែល ក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន)

សកម្មជន​ព្រៃឈើ​មួយ​រូប​នៅ​ខេត្តរតនគិរី លោក ឆន ផល្លា បានឱ្យ​ដឹង​ថា លោក​បានសម្រេច​ដាក់ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​មន្ត្រី​មូលដ្ឋាននិង​ពលរដ្ឋ​សរុប១៦នាក់​នៅក្នុង​ស្រុក​លំផាត់ ដោយ​ចោទ​ពួក​គេ​ថា ​បាន​ប្រើ​អំពើ​ហិង្សា អំពើ​មនុស្សឃាត​ដោយ​អចេតនា និង​ការ​គំរាមកំហែង​មក​លើ​រូបលោក។

លោក ឆន ផល្លា ឱ្យ​ដឹង​ថា លោក​បាន​ដាក់ពាក្យ​បណ្ដឹងតាមរយៈមេធាវីរបស់សមាគមអាដហុក​ទៅ​សាលាដំបូង​ខេត្តរតនគិរី​កាលពី​ថ្ងៃទី២០ ខែកក្កដា​នេះ ហើយ​បាន​ប្ដឹង​មនុស្ស១៦នាក់ រួមមាន ​អាជ្ញាធរ​មូលដ្ឋាន​ចាប់ពី​អនុប្រធាន​ភូមិ​រហូតដល់​អភិបាលស្រុក ប្រធាន​សហគមន៍ ប្រជា​ការពារ​ភូមិ កម្មករ ឈ្មួញ​លក់ដូរ​ដី និង​ឈ្មួញ​ឈើ។

សកម្មជន​ព្រៃឈើ​រូប​នេះ អះអាង​ថា លោក​បានសម្រេច​ដាក់ពាក្យ​បណ្ដឹង​ប្រឆាំង​មនុស្ស​ទាំងនេះ ក្រោយពី​លោក​រង​ការ​វាយដំនិង​គំរាមកំហែង​នៅក្នុង​វេ​ទិ​កា​សាធារណៈ​មួយ​កាលពី​ថ្ងៃ៨ ខែកក្កដា ព្រមទាំង​គំរាម​សម្លាប់​លោកប្រសិនបើ​លោក​មិនព្រម​ដក​ពាក្យ​បណ្តឹងនៅតុលាការដែល​លោក​ប្តឹង​ទៅ​ក្រុម​អាជ្ញាធរ​ស្រុក ជុំវិញការ​បណ្តែតបណ្តោយ​ឱ្យ​មាន​បទល្មើស​ព្រៃឈើ​កន្លងមក។

លោក​ ឆន ផល្លា បន្ថែម​ថា៖ «ដូច្នេះហើយ​បាន​ជា​ខ្ញុំ​សម្រេច​ដាក់ពាក្យ​ប្តឹង​ទៅ​តុលាការ​ហ្នឹង ហើយរឿង​ដែល​គាត់​[តុលាការ​]ដោះស្រាយឬមិន​ដោះស្រាយ អាហ្នឹង​ជា​ស្ថាប័នឬភារកិច្ច​របស់​គាត់​ទេ ព្រោះ​គាត់​កាន់​តួនាទី​ជា​ស្ថាប័ន​ឯករាជ្យ ជា​ស្ថាប័ន​ដែល​យុត្តិធម៌ ដើម្បី​ឱ្យ​ជនរងគ្រោះ​ទទួល​បាន​នូវ​សំណង នូវ​ភាពល្អ​ប្រសើរ​ឡើងវិញ»។

ក្នុង​ពាក្យ​បណ្តឹង លោក ផល្លា ក៏បាន​ទាមទារ​ឱ្យ​តុលាការ​ផ្តន្ទា​ទោស​អ្នក​ប្រព្រឹត្ត និង​ទាមទារ​សំណង​ជំងឺចិត្ត​ក្នុង​ម្នាក់​ចំនួន១២០លាន​រៀល។ 

អនុប្រធាន​ភូមិ​សា​មុ​ត្រ​ក្រោម លោក ប៊ុ​ន ធាន​សឿន ដែល​មានឈ្មោះ​នៅ​បណ្ដឹង​របស់​លោក ផល្លា នោះ បាន​ច្រានចោល​ការចោទប្រកាន់​នេះ។

លោក ប៊ុ​ន ធាន​សឿន ប្រាប់ថា៖ «បាទ! អត់មាន​គំរាមកំហែង​គាត់​ទេ ខ្ញុំ​ប្រាប់​ត្រង់។ ខាងនេះ​ជា​ជនជាតិ​ ដូច​ដឹង​ហើយ អត់​ចេះ​ភូតភរ​អី​ទេ។ បាទ​! បាន​ហើយ​ពូ​អើយ អរគុណ​ច្រើន»។

ប្រធាន​សហគមន៍​សា​មុ​ត្រ​ក្រោម លោក ថាន ម្លែល បដិសេធ​ការ​ឆ្លើយតប​បញ្ហា​នេះ ខណៈ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​សេដា លោក ឆោម ចំរើន និង​មេឃុំ​សេដា លោក អង់ ប៊ុ​នធៀង ដែល​មានឈ្មោះ​ក្នុង​ពាក្យ​បណ្តឹ​ងនោះ វី​អូ​ឌីមិន​អាច​ទាក់ទង​បាន​ឡើយ​នៅ​ថ្ងៃនេះ។

អភិបាលស្រុក​លំផាត់ លោក នូ ថេ ដែល​មានឈ្មោះ​នៅក្នុង​បណ្ដឹង​របស់​លោក ឆន ផល្លា ផង​ដែរ​នោះ បាន​ប្រាប់​ថា ពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ប្ដឹង ប៉ុន្តែសំខាន់លើការស្រាវជ្រាវ​របស់​តុលាការ ។

លោក នូ ថេ ប្រាប់​ថា៖ «ប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់ ប្តឹង​ពីណា​ប្តឹង​ទៅ ដល់ពេល​សំខាន់​ខាង​តុលាការ​ស្រាវជ្រាវ»។ 

ប្រធាន​លេខាធិការ​ដ្ឋាន និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តរតនគិរី លោក កែវ ពិសុទ្ធ បញ្ជាក់​ថា ខាង​លោក​បាន​ទទួល​ពាក្យ​បណ្តឹ​ងរ​បស់ លោក ឆន ផល្លា​ហើយ ប៉ុន្តែ លោក​មិន​ចាំ​ថ្ងៃ​ទទួល​នោះ​ទេ។

នៅពេល​សាកសួរ​អំពី​ពេលវេលា​ជាក់លាក់​នៃ​ការ​ចាប់ផ្ដើម​នីតិវិធី​នៃ​បណ្ដឹង​នេះ លោក កែវ ពិសុទ្ធ មិនបាន​បញ្ជាក់​ច្បាស់លាស់​នោះ​ទេ ដោយ​គ្រាន់តែ​ប្រាប់​ថា «មិនយូរ»ទេ។

លោក កែវ ពិសុទ្ធ បន្ថែម​ថា៖ «ប្រហែលជា​មិនយូរ​ទេ​លូវ ព្រោះ​ខាង​ឯកឧត្តម​រដ្ឋមន្ត្រី គាត់​ឱ្យ​ពន្លឿ​ការងារ​កុំឱ្យ​កកស្ទះ។ មិន​យូរ​ទេៗ ប៉ុន្តែ បើ​កំណត់ពេលវេលា ខ្ញុំ​មិន​អាច​បញ្ជាក់​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ថា ដាក់​[បណ្តឹង​]ប៉ុន្មាន​ថ្ងៃ​ត្រូវ​ចាត់​កា​រអ៊ីី​ចឹង ប៉ុន្តែ ខ្ញុំ​ជឿជាក់​ថា មិនយូរ​ទេ»។

ក្រោយពី​រង​អំពើ​ហិង្សា​ហើយ​នោះ លោក ឆន ផល្លា ប្រាប់​ថា រោង​ចាំចម្ការ​របស់​លោក ត្រូវ​បានជនមិនស្គាល់មុខដុត​បំផ្លាញ​ចោល​កាលពី​ថ្ងៃទី១៩ ខែកក្កដា។ លោក ផល្លា ប្រាប់​ថា លោក​បាន​គេច​ចេញពីផ្ទះ​សម្បែង​នៅក្នុង​ភូមិ មក​ស្នាក់នៅ​កន្លែងមាន​សុវត្ថិភាព។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​(ADHOC​) លោក ស៊ឹង សែន​ករុណា បាន​ជំរុញ​ទៅ​តុលាការ​ឱ្យ​ផ្ដល់​យុត្តិធម៌​ដល់​សកម្មជន​ព្រៃឈើ​រូប​នេះ ដើម្បី​ធានា​ដល់​សុវត្ថិភាព​ដល់​លោក និង​អ្នកភូមិ​ផ្សេងទៀត ដែល​កំពុង​គេច​ចេញពីផ្ទះ​សម្បែង​របស់​ពួក​គេ​ទៅ​រក​កន្លែង​សុវត្ថិភាព។

លោក ស៊ឹង សែន​ករុណា បន្ត​ថា៖ «កាលណា​ផ្តល់​យុត្តិធម៌​ដល់​រូប​គាត់​[លោ​កឆន ផល្លា​] គាត់​អាច​វិលត្រឡប់​ទៅដល់​ភូមិឋាន​គាត់​វិញ​ហើយ គឺ​មិនជា​បញ្ហា​ទេ។ ក៏ប៉ុន្តែ បើសិនជា​ចំណាត់ការ​តាមផ្លូវ​ច្បាប់​ដោយ​មិន​រក​យុត្តិធម៌​ឱ្យ​គាត់​បាន អ៊ីចឹង​លោក ផល្លា និង​ប្រជាពលរដ្ឋ​ផ្សេងទៀត​ដែល​កំពុង​ភៀសខ្លួន​ចេញពី​ភូមិ​ហ្នឹង នៅតែ​មិន​អាច​ចូល​ទៅ​ភូមិ​បានទេ ដោយសារ​ជន​ប្រព្រឹត្ត​ទាំងអស់​ហ្នឹង នៅ​ក្រៅ​សំណាញ់​ច្បាប់​ដដែល បាទ»។

ក្រៅពី​ប្តឹង​ទៅ​តុលាការ លោក ឆន ផល្លា ក៏បាន​ស្នើ​ទៅ​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​ចាត់វិធានការ​ស៊ើបអង្កេត​លើ​ករណី​ហិង្សា និង​គំរាមកំហែង​លើ​រូប​គាត់ ត្បិត​លោក​គ្រាន់តែ​ចូលរួម​ការពារ​ព្រៃឈើ​តាម​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ប៉ុណ្ណោះ ប៉ុន្តែ ត្រូវ​ក្លាយជា​ជនរងគ្រោះ។ 

មាន​វ័យ ៤២ឆ្នាំ លោក ឆន ផល្លា បាន​ចូលរួម​ការពារ​ព្រៃឈើ​តាំងពី​ឆ្នាំ២០១៦។ ចាប់តាំងពី​ឆ្នាំ២០១៧មក លោក​អះអាង​ថា បាន​ដាក់ពាក្យ​ប្តឹង​ដល់ទៅ ៨ករណី​ទៅ​តុលាការ​ប្រឆាំង​នឹង​មន្ត្រី​មួយចំនួន និង​ពលរដ្ឋ​មួយចំនួន​ទៀត ប៉ុន្តែ លោក​ថា ប្រមាណ ៤ឆ្នាំ​មកនេះ គ្មាន​អ្នក​ជាប់​បណ្តឹង​ណា​ម្នាក់ ត្រូវ​បាន​ចាត់វិធានការ​ផ្លូវច្បាប់​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ