ជន​ជាតិ​ដើម​ភាគ​តិច​ពូនង​នៅ​ក្រចេះ​ស្នើ​ក្រសួង​យុត្តិធម៌​ជួយ​រក​យុត្តិធម៌​ជុំ​វិញ​​វិវាទ​​ដី​ធ្លី​​របស់​​ពួក​គេ​

សន្និសីទកាសែតសហគមន៍ជនជាតិដើមភាគតិចពូនង(ព្នង) ភូមិចឹង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ជនជាតិដើមភាគតិចពូនងចំនួន៥នាក់​ នៅស្រុកស្នួល ខេត្តក្រចេះ រកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ឱ្យជួយរកយុត្តិធម៌ ដោយអះអាងថា មានជនមួយក្រុមជាអាជ្ញាធរបានរំលោភយកដីធ្លី និងប្តឹងពួកគេទៅតុលាការថែមទៀត។

ជនជាតិដើមភាគតិចពូនងចំនួន៥នាក់ បានដាក់ញត្តិនៅក្រសួងយុត្តិធម៌កាលពីម្សិលមិញនេះ ដើម្បីសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ជួយអន្តរាគមន៍ទៅតុលាការខេត្តក្រចេះឱ្យទម្លាក់ចោលការចោទប្រកាន់លើពួកគេ និងដកហូតដីប្រគល់ជូនពួកគេបានអាស្រ័យផលវិញ។

លោក មឿន ទូច ជាជនជាតិដើមភាគតិចពូនង និងកំពុងជាប់បណ្តឹងនៅតុលាការ យំបណ្តើររៀបរាប់បណ្តើរនៅក្នុងសន្និសីទកាសែតមួយនៅភ្នំពេញកាលពីម្សិលមិញថា ជនជាតិដើមភាគតិចពូនងចំនួន៨គ្រួសារបានប្រើប្រាស់និងអាស្រ័យផលជាចម្ការវិលជុំលើដីទំហំ៥៩៨១ហិកតា ស្ថិតនៅភូមិចឹង ឃុំឃ្សឹម តាំងពីដូនតារហូតមកដល់ឆ្នាំ២០១៩ ទើបមានជនមួយក្រុមនៅក្រៅភូមិមកអះអាងថា ដីនោះជារបស់ខ្លួននិងបានប្តឹងសមាជិកជនជាតិដើមភាគតិច៥នាក់ទៅតុលាការថែមទៀត។

ជនជាតិដើមភាគតិចពូនងរូបនេះ បញ្ជាក់ថា ជនមួយក្រុមដែលរំលោភយកដីធ្លីនិងប្តឹងពួកគេទៅតុលាការនោះ គឺមានគ្នា៤នាក់ រួមមានឈ្មោះ ម៉ែ សុផល ដែឡជនជាតិដើមភាគតិចទាំងនេះអះអាងថា ជាប៉េអឹមស្រុកស្នួល, លោក ហាប់ វុន ជាអនុប្រធានសន្តិសុខភូមិចឹង, លោក អ៊ុក ម៉ៅ ជាពលរដ្ឋនៅទីរួមស្រុកស្នួល និងលោក ព្រំ ភីរម្យ ស្មៀនឃុំក្នុងស្រុកស្នួល។

លោក មឿន ទូច អះអាងថា ដីដែលជនជាតិដើមភាគតិច៨គ្រួសារកំពុងមានជម្លោះជាមួយបុគ្គលមួយក្រុមនោះគឺ តុលាការខេត្តក្រចេះចេញដីការក្សាការពារមិនឱ្យជនណាធ្វើសកម្មភាពលើដីនោះឡើយ ប៉ុន្តែលោកថា សព្វថ្ងៃក្រុមលោក ព្រំ ភីរម្យ ដែលជាអាជ្ញាធរស្រុកស្នួលបានយកគ្រឿងចក្រឈូសឆាយ ដោយពុំមានចំណាត់ការពីតុលាការខេត្តក្រចេះឡើយ។

បើតាមលោក មឿន ទូច ក្រុមជនជាតិដើមភាគតិចពូនងបានដាក់ញត្តិមួយទៅក្រសួងយុត្តិធម៌ ដើម្បីស្នើទៅស្ថាប័នមួយនេះជួយរកយុត្តិធម៌ដោយផ្តល់ដីនិងឱ្យតុលាការខេត្តក្រចេះទម្លាក់ចោលការចោទប្រកាន់លើសមាជិកជនជាតិដើម៥នាក់។

លោកបន្ថែមថា៖ «ខ្ញុំដាក់ញត្តិនៅក្រសួងយុត្តិធម៌ គឺខ្ញុំចង់ឱ្យក្រសួងជួយជំរុញទៅតុលាការខេត្តក្រចេះដោះស្រាយឱ្យពួកខ្ញុំ ពីព្រោះខ្ញុំជាម្ចាស់ដី។ វាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំ ត្រូវគេមករំលោភយកដីហើយ គេប្តឹងទៅពួកខ្ញុំទៅតុលាការទៀត។ អីចឹងខ្ញុំចង់ឱ្យក្រសួងជួយរកយុត្តិធម៌ដល់ពួកខ្ញុំ»។

ជនជាតិដើមភាគតិចម្នាក់ទៀត លោក ឌិន ម៉ាប់ ដែលកំពុងជាប់បណ្តឹងនៅតុលាការដែរនោះ បាននិយាយថា តុលាការខេត្តក្រចេះបានកោះហៅសមាជិកជនជាតិដើមភាគតិច៥នាក់ទៅសួរចម្លើយចំនួន៤លើកហើយទៅតាមបណ្តឹងរបស់ជនមួយក្រុមដែលអះអាងថា ភាគច្រើនជាមន្ត្រីអាជ្ញាធរស្រុកស្នួល ដែលមានបុគ្គលឈ្មោះ ព្រំ ភីរម្យ ជាតំណាង។

ជនជាតិដើមភាគតិចពូនងរូបនេះ ឱ្យដឹងថា នៅពេលឡើងតុលាការម្តងៗគឺតុលាការខេត្តក្រចេះហាក់មានភាពលម្អៀងទៅភាគីដើមបណ្តឹង ដោយថា តុលាការខេត្តមួយនេះតែងតែដាក់បន្ទុកមកលើពួកគាត់ថា គ្មានប័ណ្ណបញ្ជាក់ការកាន់កាប់ដីធ្លីត្រឹមត្រូវ ហើយថា ភាគីដើមបណ្តឹងមានប័ណ្ណកម្មសិទ្ធ ខណៈតុលាការមិនបានចុះស្រាវជ្រាវឬពិនិត្យមើលថា ការធ្វើប្លង់នោះត្រឹមត្រូវឬក៏អត់។

លោក ឌិន ម៉ាប់ អះអាងថា ប្លង់ដីដែលក្រុមដើមបណ្តឹងបង្ហាញក្នុងតុលាការនោះ គឺជាប្លង់ធ្វើឡើងមិនត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ ដោយថា ប្លង់នោះគឺក្រុមរបស់បុគ្គលឈ្មោះ ព្រំ ភីរម្យ ឃុបឃិតគ្នាលួចធ្វើប៉ុណ្ណោះ។

លោកបន្ថែមថា៖ «ជនជាតិពូនងធ្វើស្រែចម្ការវិលជុំតាំងពីដូនតាមក អត់ដែលមានប្លង់ធ្វើទូទៅ សូម្បីតែមេភូមិសព្វថ្ងៃនេះ ក៏ធ្វើស្រែអត់មានប្លង់ដែរ។ តែតុលាការនៅអះអាងថា ដើមបណ្តឹងមានប្លង់កាន់កាប់ត្រឹមត្រូវ។ ខ្ញុំសួរតុលាការថា តើក្រុមលោក ព្រំ ដែលប្តឹងខ្ញុំនោះមានសិទ្ធិធ្វើប្លង់លើដីព្រៃផង។ ចុះហេតុអ្វីពួកខ្ញុំជាជនជាតិពូនងស្រុកកំណើតកើតជានៅទីនេះ ហេតុអីអត់មានកម្មសិទ្ធិ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិត ម៉ាលីន មានប្រសាសន៍ថា លោកមិនទាន់ទទួលញត្តិក្រុមជនជាតិដើមភាគតិចនោះទេ ប៉ុន្តែលោកថា បើករណីនេះចូលដល់តុលាការហើយ គឺក្រសួងមិនមានអំណាចបង្គាប់បញ្ជាលើកិច្ចការរបស់តុលាការបានទេ។

លោកបន្ថែមថា៖ «ជាគោលការណ៍នីតិវិធីច្បាប់ កាលណាមានបណ្តឹងនៅតុលាការ គឺជានីតិវិធីរបស់តុលាការ អ្វីៗត្រូវដំណើរទៅតាមនីតិវិធីរបស់តុលាការដែលមានជាធរមាន។ តែយ៉ាងណា ក្រសួងនឹងពិនិត្យមើលតាមការជាក់ស្តែង ព្រោះអីក្រសួងមិនមានអំណាចណាទៅបង្គាប់បញ្ជារបស់តុលាការបានទេ»។

បើលោក មឿន ទូច គឺកាលពីម្សិលមិញនេះ មន្ត្រីក្រសួងយុត្តិធម៌បានទទួលញត្តិពីប្រជាពលរដ្ឋ និងសន្យាបញ្ជូនញត្តិទៅថ្នាក់លើដើម្បីពិនិត្យ ហើយថា ពលរដ្ឋអាចមកតាមដានញត្តិផងដែរប្រសិនបាត់ដំណឹងយូរ។

ចំណែកបុគ្គល៤នាក់ មានលោក ម៉ែ សុផល លោក ហាប់ វុន ជា លោក អ៊ុក ម៉ៅ និងលោក ព្រំ ភីរម្យ ដែលជនជាតិពូនងអះអាងថាបានរំលោភយកដីធ្លីនិងប្ដឹងពួកគេទៅតុលាការទៀតនោះ គឺវីអូឌីមិនអាចរកការទំនាក់ទំនងដើម្បីសុំការឆ្លើយតបបាននៅឡើយទេ។

ក្នុងដីកាកោះចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តក្រចេះ លោក ជា សុភ័ក្ត្រ កោះហៅជនជាតិដើមភាគតិច លោក ឌិត ម៉ាប់ ឱ្យចូលបំភ្លឺទៅតាមបណ្តឹងរបស់លោក ព្រំ ភីរម្យ ដែលប្តឹងពីបទ «ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»

បើតាមជនជាតិដើមភាគតិចពូនង លោក ឌិន ម៉ាប់ គឺសមាជិកជនជាតិដើមភាគតិច៤នាក់ផ្សេងទៀត ក៏ត្រូវបុគ្គលឈ្មោះ ព្រំ ភីរម្យ ប្តឹងពីបទ «ប្រើអំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»ដូចគ្នា។

អតីតអភិបាលស្រុកស្នួល និងបច្ចុប្បន្នជាអភិបាលរងខេត្តក្រចេះ លោក គង់ គឹមនី អះអាងថា លោកមិនទាន់ទទួលបានព័ត៌មានពាក់ព័ន្ធជម្លោះដីធ្លីរវាងជនជាតិដើមភាគតិចនិងជនមួយក្រុមដែលអះអាងថាជាមន្ត្រីអាជ្ញាធរនៅឡើយទេ។

វីអូឌីមិនអាចរកការបញ្ជាក់ពីអ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ លោក ជា សុភ័ក្ត្រ បានទេពាក់ព័ន្ធករណីនេះ។

ក្នុងលិខិតបញ្ជាក់មួយសរសេរដោយដៃនិងបោះត្រាឈ្មោះមេភូមិ អតីតមេភូមិចឹង លោក ឆាំង ស្មី បានបដិសធនិងមិនទទួលស្គាល់ចំពោះការធ្វើប្លង់របស់លោក ព្រំ ភីរម្យ នោះទេ ដោយថា លោកមិនបានបោះត្រានិងមិនទទួលដឹងលឺនោះដែរ។

អតីតមេភូមិរូបនេះបញ្ជាក់ក្នុងលិខិតថា ដីដែលបុគ្គលឈ្មោះ ព្រំ ភីរម្យ ធ្វើប្លង់នោះគឺជាដីបម្រុងទុករបស់សហគមន៍ជនជាតិដើមភាគតិចនៅតំបន់នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ