ក្រុ​ម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ជំរុញ​រដ្ឋា​ភិបាល​ឱ្យ​ពង្រឹង​កង​កម្លាំង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​

កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មន្ត្រីស្នងការនគរបាល​ខេត្ត​កណ្ដាល បាន​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ស្ថិតនៅ​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល ដោយឃើញតង់​ចំនួន ៩កន្លែងដែល​ទាហាន​វៀតណាមសាងសង់​នៅ​តំបន់​ភាគី​កម្ពុជា​-វៀតណាម​មិនទាន់​ឯកភាព​គ្នា។ (ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province)

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​កងកម្លាំង​ការពារ​តាម​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​កុំឱ្យ​កម្លាំង​អាជ្ញាធរ​ប្រទេសជិតខាង​ចូល​មក​ក្នុង​ដែន​អធិបតេយ្យ​ភាព​នៃ​ប្រទេស​កម្ពុជា។

ការជំរុញ​នេះ ធ្វើឡើង​បន្ទាប់ពី​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​នាំគ្នា​ចុះទៅ​ពិនិត្យ​និង​ជួប​ប្រជាពលរដ្ឋ​ចំនួន១០៦គ្រួសារ​នៅកន្លែង​ដី​មាន​ទំនាស់​ត្រង់​បង្គោលព្រំ​ដែន​លេខ១១៤ ដល់​លេខ១១៩ ស្ថិតនៅ​ភូមិសាស្ត្រ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។

សេចក្ដីថ្លែង​ការណ៍​ចុះ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ របស់​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ដែល​បាន​ចុះទៅ​ជួប​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ឱ្យ​ដឹង​ថា បើ​តាម​ប្រជា​ពល​រដ្ឋ​ចាស់​ៗដែល​មាន​អាយុ​ជាង៧០ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំងផ្លុង​អះអាង​ថា ដី​ដែល​អ្នកភូមិ​រស់នៅ​តាំងពី​ទសវត្សរ៍​ឆ្នាំ៧០ គឺ​មាន​ចម្ងាយ​ឆ្ងាយ​ពី​បង្គោលព្រំ​ដែន​បច្ចុប្បន្ន៥០០ម៉ែត្រ ប៉ុន្តែ​ដី​នេះ​ត្រូវ​បាន​បាត់បង់​ជាបន្តបន្ទាប់​ក្រោយពេល​រដ្ឋាភិបាល​បោះបង្គោល​ព្រំដែន​រួចរាល់​ជាមួយ​ប្រទេស​វៀតណាម។

សេចក្ដីថ្លែង​ការណ៍​ដដែល​ថា ការ​បោះបង្គោល​ព្រំដែន​នៅ​ចំណុច​ភូមិ​ត្រពាំងផ្លុង​ក៏​មាន​ភាព​មិន​ប្រក្រតី ក្នុង​នោះ​ដី​ទំហំ៦០ហិ​កតា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ធ្លាប់​អាស្រ័យផល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចូល​មក​ដេញ​មិន​ឱ្យធ្វើ​បន្ត​ទៀត បើ​ទោះបីជា​ដី​នេះ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​ភាព​កម្ពុជា​ក៏ដោយ។

សេចក្ដីថ្លែង​ការណ៍​បញ្ជាក់​ថា អាជ្ញាធរ​វៀតណាម​បាន​ឆ្លង​ព្រំដែន​មក​ចូល​ដេញ​ប្រជាពលរដ្ឋ​ដល់​ក្នុង​ដីខ្មែរ​ជាង២០០ម៉ែត្រ​ពី​បង្គោលព្រំ​ដែន​ដែល​បាន​បោះ​រួច ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​មិនបាន​ធ្វើការ​ទប់ស្កាត់​សកម្មភាព​របស់​អាជ្ញាធរ​វៀតណាម​ឡើយ។

កុ្រម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​កងកម្លាំង​ការពារ​តាម​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​កុំឱ្យ​អាជ្ញាធរ​ប្រទេសជិតខាង​ចូល​មក​រំលោភបំពាន​អធិបតេយ្យ​ភាព​ប្រទេស​កម្ពុជា​បន្ត​ទៀត។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន បន្ថែម​ថា បើ​ទោះបីជា​កន្លងមក អាជ្ញាធរ​វៀតណាម​តែងតែ​រំលោភបំពាន​ចូល​ទឹកដី​កម្ពុជា​តាម​ខ្សែបន្ទាត់​ព្រំដែន​ដោយ​មិនបាន​ជូនដំណឹង​ក៏ដោយ លោក​សង្កេតឃើញ​ថា អាជ្ញាធរ​កម្ពុជា​ហាក់ដូចជា​មិនសូវ​ហ៊ាន​ធ្វើការ​ទប់ស្កាត់​ឡើយ។

លោក​ថា៖ «បើ​តាមយើង តាម​ខ្សែបន្ទាត់​ព្រំដែន​ខ្មែរយើង ហាក់​មាន​ភាព​ផុយ​ស្រួល មាន​ហានិភ័យ បើសិនជា​ខ្មែរយើង​ឈាន​ចូលក្នុង​ទឹកដី​គេ​បន្តិច គេ​នឹង​ឆ្លើយតប​មក​យើង​ភ្លាម​ៗ ប៉ុន្តែ​ចំពោះ​គេ​ចូល​មក​កម្ពុជា​យើង​វិញ មានការ​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយតប។ នៅ​ប្រទេស​យួន ប្រទេស​សៀម ឡាវ នៅ​តាម​បណ្ដោយ​ព្រំដែន​របស់​គេ​មានការ​អភិវឌ្ឍ បើ​ធៀប​នឹង​កម្ពុជា​យើង​គេ​មានការ​អភិវឌ្ឍ​មែនទែន។ អ៊ីចឹង​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ធ្វើការ​អភិវឌ្ឍ​តាម​បណ្ដោយ​ព្រំដែន​អ៊ីចឹង​ដែរ»។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំងផ្លុង អ្នកស្រី ហាក់ ម៉ៃ​ហ៊រ អះអាង​ថា អ្នកភូមិ​បាន​ធ្វើស្រែ ចម្ការលើ​ដី​ទំហំ៦០ហិ​កតា តាំងពី​ឆ្នាំ១៩៨២ ដល់​ឆ្នាំ១៩៩៧ អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​បាន​ហាមឃាត់​ពួក​គាត់​មិន​ឱ្យ​ចូល​ទៅ​តំបន់​ក្បែរ​ព្រំដែន ដោយ​រង់ចាំ​រដ្ឋាភិបាល​បោះបង្គោល​ព្រំដែន​រួចរាល់​សិន ប៉ុន្តែ​នៅពេល​បោះបង្គោល​ព្រំដែន​រួច បែរជា​អាជ្ញាធរ​មិន​ឱ្យទៅ​ស្រែ​របស់​ខ្លួន​ទៅវិញ។ អ្នកស្រី​អះអាង​ថា ក្រៅ​មិន​ឱ្យ​ពួក​គាត់​ទៅ​ធ្វើស្រែ​តំបន់​ក្បែរ​ព្រំដែន​ហើយ អាជ្ញាធរ​កម្ពុជា​ក៏បាន​ឱ្យ​ទាហាន​វៀតណាម​ចូល​មក​ដេញ​ពួក​គាត់​នៅក្នុង​ទឹកដី​ខ្មែរ​ផង​ដែរ។

អ្នកស្រី​អះអាង​ថា៖ «[ទាហាន​វៀតណាម​]មក​ដេញ​ប្រជាពលរដ្ឋ ខ្ញុំ​សួរ​គេ​ថា ម៉េច​មក​ដេញ​ប្រជាពលរដ្ឋ​កម្ពុជា ទាហាន​វៀតណាម​ថា អាជ្ញាធរ​កម្ពុជា​បញ្ជា​ឱ្យ​គេ​ដេញ បាន​គេ​មក​! ព្រោះអី​គេ​អត់មាន​គ្រប់គ្រង​ដី​ហ្នឹង​ទៀត​ទេ គេ​បោះបង្គោល​ដាច់ស្រេច​អស់ហើយ»។

អ្នកស្រី ហាក់ ម៉ៃ​ហ៊រ ស្នើ​ទៅ​រដ្ឋាភិបាល​និង​អាជ្ញាធរ​ឈប់​ដេញ​និង​ចេញ​បណ្ណ​សិទ្ធិ​ដីធ្លី​ឱ្យ​ពួក​គាត់​បាន​អាស្រ័យផល ដោយ​ថា បច្ចុប្បន្ន​ពួក​គាត់​ទាំង១០៦គ្រួសារ​គ្មាន​ដី​សម្រាប់​ធ្វើស្រែ​ចម្ការ​នោះ​ទេ។

ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក បែន រ័ត្ន សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ ដោយ​លោក​ឱ្យទៅ​សួរ​នាយក​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ ឌុង ដែល​ជា​អ្នកដឹកនាំ​ក្រុមការងារ​ធ្វើ​កិច្ចការ​ងារ​នេះ​ផ្ទាល់។

នាយក​រដ្ឋបាល​សាលាខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ ឌុង មានប្រសាសន៍​ថា លោក​ជាប់រវល់​ប្រជុំ។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បដិសេធ​ដោយ​ថា​កម្ពុជា​ពង្រឹង​កងកម្លាំង​ការពារ​តាម​ខ្សែបន្ទាត់​ព្រំដែន​មិន​មាន​អាជ្ញាធរ​ប្រទេសជិតខាង​ចូល​មក​ក្នុងទឹក​ដី​កម្ពុជា​ឡើយ។

លោក​ថា៖ «មិន​មាន​កងទ័ព​វៀតណាម​ចូល​មក​ក្នុងទឹក​ដី​កម្ពុជា​ទេ ព្រោះ​កន្លែង​នោះ​ជា​ខ្សែ​សីមា​បាន​ធ្វើរួច​ស្រេចហើយ អាហ្នឹង​ជា​ចំណុច​សំខាន់​មួយ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ការណ៍​នោះ គាត់​ទៅ​ធ្វើសកម្មភាព​ដែល​ជា​ចំណី​ខ្សែ​ខណ្ឌសីមា។ ការ​ទៅ​ធ្វើសកម្មភាព​លើ​ដី​ខណ្ឌសីមា​ជា​រឿង​ខុសច្បាប់ ព្រោះ​ដី​នៅ​ជាប់​ខណ្ឌសីមា​ហ្នឹង​ជា​ការ​ត្រួតពិនិត្យ​និង​ការទទួលខុសត្រូវ​របស់​រដ្ឋ»។

កម្ពុជា​មាន​ព្រំដែន​គោក​ជាប់​ប្រទេស​វៀតណាម​ប្រវែង១២៧០គីឡូម៉ែត្រ ហើយ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​បានសម្រេច​លើ​កិច្ចការ​បោះបង្គោល​ខណ្ឌសីមា​បាន​ចំនួន៨៤ភាគរយ ហើយ​នៅសល់១៦ភាគរយ​ទៀត​នឹង​ត្រូវ​ធ្វើ​បន្ត​ទៀត​នៅពេល​ទទួល​បាន​ផែនទី​ពី​ប្រទេស​បារាំង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ