​សហជីព​មួយ​ស្នើ​រដ្ឋ​មន្ត្រី​ការងារ​ជួយ​ដោះ​ស្រាយ​វិវាទ​ជូន​កម្មករ​រោង​ចក្រ​វ៉ាយអូលែត​ក្រោយ​ថៅកែ​ប្រកាស​បិទ​ទ្វារ​

លោក រ៉ុង ឈុន និងក្រុមគ្រូបង្រៀនទៅដាក់ពាក្យបណ្តឹង ប្តឹងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ សូត សុខប្រាថ្នា

សហភាពសហជីពកម្ពុជារបស់លោក រ៉ុង ឈុន បានស្នើទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ឱ្យ​ជួយអន្តរាគមន៍ទៅថៅកែរោងចក្រ វ៉ាយអូលែត ដោះស្រាយសំណងជូនកម្មករតាមផ្លូវច្បាប់ ដោយថា ថៅកែរោងចក្រនេះ ប្រកាសបិទទ្វារមិនបានដោះស្រាយសំណងត្រឹមត្រូវជូនកម្មករ។

ក្នុងលិខិតមួយនៅថ្ងៃនេះ សហភាពសហជីពកម្ពុជាបានលើកឡើងថា រោងចក្រ វ៉ាយអូលែត ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​ បានព្យួរការងារកម្មកររយៈពេល ២ខែក្នុង​​ខែឧសភា និងខែមិថុនា ដោយកំណត់ឱ្យកម្មករចូលធ្វើការងារវិញនៅថ្ងៃទី១ ខែ​កក្កដា។

សហភាពសហជីពកម្ពុជា អះអាងថា ពេលដែលកម្មករត្រឡប់ចូលធ្វើការងារវិញ ថៅកែរោងចក្រ វ៉ាយអូលែត ប្រកាសបិទទ្វារ​អាជីវកម្មភ្លាមៗ ដោយមិនបានជូនដំណឹងមុនតាមនីតិវិធីច្បាប់ឡើយ។

លិខិតដដែលនេះ បានចាត់ទុកករណីថៅកែរោងចក្រមិនបានជូនដំណឹងមុន និងមិនទូទាត់អត្ថប្រយោជន៍ជូនកម្មករនោះ គឺជាការរំលោភច្បាប់ស្តីពីការងារ។

បើតាមលិខិតដដែលនេះ គឺក្រុមកម្មករ​រោងចក្រ វ៉ាយអូលែត បានទាមទារដោះស្រាយសំណងចំនួន ៥ចំណុច មានប្រាក់ជូនដំណឹងមុន ប្រាក់សំណងជំងឺចិត្ត ប្រាក់ដំណាច់ឆ្នាំ ប្រាក់អតីតភាពការងារ និងប្រាក់ខែចុងក្រោយ។

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា លោកបានដាក់លិខិតនេះទៅក្រសួងការងាររួចហើយនៅព្រឹកមិញ ដោយមន្ត្រីការិយាល័យក្រសួងជាអ្នកទទួល។

លោក រ៉ុង ឈុន បន្ថែមលើលិខិតថា ថៅកែរោងចក្រ វ៉ាយអូលែត ប្រកាសបិទទ្វារភ្លាមៗដោយដោះស្រាយសំណងជូនកម្មករត្រឹមតែ ៣ចំណុចប៉ុណ្ណោះ មានប្រាក់ឈ្នួលចុងក្រោយ ប្រាក់អតីតភាពការងារ និងប្រាក់ដំណាច់ឆ្នាំ។ លោកថា ផ្តល់សំណងជូនកម្មករត្រឹមតែ ៣ចំណុច គឺមិនត្រឹមត្រូវតាមផ្លូវច្បាប់ឡើយ។

លោក រ៉ុង ឈុន ប្រាប់ថា៖ «អ៊ីចឹង ថៅកែក្រុមហ៊ុន វ៉ាយអូលែត ហ្នឹង ត្រូវទទួលការខុសត្រូវ និងគិតគូរអត្ថប្រយោជន៍ជូនកម្មករ ៥ចំណុចទៅតាមច្បាប់ស្តីពីការងារ»

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ប្រាប់វីអូឌី​តាមប្រព័ន្ធ​តេឡេក្រាម​ថា មន្ត្រីក្រសួងការងារបានឈរជើងដោះស្រាយវិវាទការងារនៅរោងចក្រ វ៉ាយអូលែត តាំងពីថ្ងៃផ្ទុះវិវាទ។ លោកថា មន្ត្រីក្រសួងបន្តផ្សះផ្សាវិវាទដោយផ្អែកលើគោលការណ៍ច្បាប់ មិនផ្អែកលើទម្លាប់ ឬការយល់ឃើញរបស់បុគ្គលណាមួយឡើយ។

បម្រើការ​ងារ​ផ្នែក​កាន់​ឃ្លាំង​នៅ​រោង​ចក្រ​ វ៉ា​យអូលែ​ត រយៈពេល ១៧ឆ្នាំ កម្មការិនី អ្នកស្រី អ៊ុង ចាន់​ធឿន ប្រាប់វីអូឌីថា កាលពីចុងសប្តាហ៍​កន្លង​​មក​នេះ ក្រុមកម្មករបានដាក់​បណ្តឹងមួយទៅក្រសួងការងារដែរ ដើម្បីឱ្យពន្លឿនដំណោះ​ស្រាយជូនកម្មករ។

កម្មការិនី​រូប​នេះ បន្តថា ក្រុមកម្មករនៅតែរក្សាជំហរទាមទារទៅថៅកែឱ្យទូទាត់អត្ថប្រយោជន៍ជូនកម្មករចំនួន ៥ចំណុចដដែល ខណៈកម្មករភាគច្រើនបម្រើការងារចន្លោះពី ១០ទៅ ១៧ឆ្នាំ និងមានវ័យចំណាស់។

អ្នកស្រី អ៊ុង ចាន់ធឿន ប្រាប់ថា៖ «ផលប៉ះពាល់ដល់កម្មករធំជាងគេគឺបំណុល។ កម្មករធ្វើការងារមួយខែសម្រាប់រស់តែមួយខែទេ។ ចុះបើរោងចក្របិទទ្វារអត់បានប្រាក់សំណងសម្រាប់កម្មករផង តើពួកគាត់រំពឹងអី ហើយកម្មករមួយចំនួនគាត់មានវ័យចាស់ គាត់រំពឹងថា នឹងមានប្រាក់សោធននិវត្ត។ តែដល់ពេលរោងចក្របិទភ្លាមៗអ៊ីចឹង គឺលុយកាក់របស់គាត់ត្រូវបាត់បង់ ហើយជីវភាពរស់នៅរបស់ពួកគាត់ត្រូវជួបការលំបាក។ ការរកការងារថ្មីក៏រកមិនបាន»

ប្រធានរដ្ឋបាលរោងចក្រ វ៉ាយអូលែត លោក ប៊ូ សំណាង ប្រាប់ថា រោងចក្របិទទ្វារដោយសារគ្មានការបញ្ជាទិញ ខណៈមានវិបត្តិសុខភាពសកល ហើយ​ថា ថៅកែ​បាន​អនុវត្តទៅតាមគោលការណ៍​ច្បាប់ត្រឹមត្រូវ​ក្នុង​ការ​ទូទាត់​សំណង​ដល់​កម្មករ។

លោក ប៊ូ សំណាង ប្រាប់ថា៖ «អ៊ីចឹង អ្វីដែលពួកគាត់ទាមទារនោះ យើងមិនអាចឆ្លើយថា យ៉ាងម៉េចបានទេ។ សំខាន់ បច្ចុប្បន្ននេះ យើងបានធ្វើទៅតាមផ្លូវច្បាប់ដែលខាងក្រសួងគេបានចូលរួមដោះស្រាយដែរ»

កាលពីថ្ងៃទី១ ខែកក្កដា មេ​សហជីព​មួយ​​ អ្នកស្រី យ៉ាង សុភ័ណ្ឌ ត្រូវបានក្រសួងការងារ​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ និង​រំលាយ​សហជីព​នេះ​ចោល បន្ទាប់ពី​មេ​សហជីព​រូប​នោះត្រូវ​បាន​ចោទ​ថា បាន​ដឹកនាំ​កម្មករ​របស់​រោងចក្រ វ៉ាយអូលែត​ តវ៉ា​ទាមទារ​អត្ថ​ប្រយោជន៍​ផ្សេង​ៗ។

រោងចក្រ វ៉ា​យអូ​លែ​ត អឹ​ភែ​រឹល (ខេម​បូ​ឌា​) ផលិត​សម្លៀកបំពាក់​ឱ្យ​ក្រុមហ៊ុន​បញ្ជាទិញ​សម្លៀកបំពាក់​យីហោ ណៃ​គី (Nike​) និង​មានកម្ម​ករ​សរុប ១,២៨៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ