ប្រជា​​សហ​គមន៍​​នៅ​​ខេត្ត​​ត្បូង​ឃ្មុំ​​ចោទ​​អាជ្ញាធរ​​ថា​ ប្រើ​​អាវុធ​​បាញ់​​គំរាម​​ពួក​​គេ​​ដើម្បី​​ការពារ​​ដី​​ឱ្យ​​ក្រុម​ហ៊ុន​​

​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ប្រជា​សហគមន៍​ប្រហែល ១០០នាក់ ដែល​អះអាង​ថា តំណាង​ឱ្យ​ប្រជាពលរដ្ឋ ១២៧គ្រួសារ​ នៅ​ភូមិ​ស្រែប្រាំង បាន​ប្រមូល​ផ្តុំគ្នា​ដាក់​ញត្តិ​នៅ​សាលាខេត្ត​ត្បូងឃ្មុំសុំអន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លីជាមួយក្រុមហ៊ុន ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន។ (ប្រជាសហគមន៍ខេត្តត្បូងឃ្មុំ)

ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​ចោទ​អាជ្ញាធរ​ថា បាន​ប្រើប្រាស់​អាវុធ​បាញ់​គំរាម​ពួក​គេ ដើម្បី​ការពារ​ដី​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពីរ​ដ្ឋ​នៅ​តំបន់​នោះ ដែល​អ្នកភូមិ​អះអាង​ថា ប៉ះពាល់​លើ​ដី​អាស្រ័យផល​របស់​ពួក​គេ។

កាលពី​ម្សិលមិញ ​ប្រជា​សហគមន៍​ប្រហែល ១០០នាក់ ដែល​អះអាង​ថា តំណាង​ឱ្យ​ប្រជាពលរដ្ឋ ១២៧គ្រួសារ​ នៅ​ភូមិ​ស្រែប្រាំង បាន​ប្រមូល​ផ្តុំគ្នា​ដាក់​ញត្តិ​នៅ​សាលាខេត្ត​ត្បូងឃ្មុំ ដើម្បី​ស្នើ​ទៅ​អភិបាលខេត្ត​មួយ​នេះឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី និង​បញ្ឈប់​ការ​បាញ់​គំរាមកំហែង​ពី​កម្លាំង​សមត្ថកិច្ចដែល​ចុះ​ការពារ​ដី​ក្រុមហ៊ុន។

ក្នុង​ញត្តិ​ដាក់​ទៅ​សាលាខេត្ត​ត្បូងឃ្មុំ​កាលពី​ម្សិលមិញ ប្រជា​សហគមន៍​លើកឡើង​ថា ចាប់តាំងពី​ឆ្នាំ២០១៩មក ក្រុមហ៊ុន​ចិន ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន បាន​ដាក់គ្រឿង​ចក្រ និង​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ចូល​ទៅ​ឈូស​ឆាយដីដំណាំ​របស់​អ្នកភូមិ និង​ឈូស​ផ្តាច់​ផ្លូវ​មិន​ឱ្យធ្វើ​ដំណើរ រួម​ទាំង​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​បាញ់​គំរាមកំហែង​ទៅលើ​ពលរដ្ឋ​ចេញ​តវ៉ា​ផង​ដែរ។

ញត្តិ​ដដែល​នេះបាន​ចោទ​ក្រុមហ៊ុន​ថា បាន​ប្រើប្រាស់​កម្លាំង​សន្តិសុខ​ឱ្យ​ប្រើ​ដំបង​ឆក់​ទៅលើ​ស្ត្រី​ទើប​សម្រាលកូន​ម្នាក់ទៀត​ផង ហើយ​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​អើពើ​ជួយ​អន្តរាគមន៍​នោះ​ឡើយ។

លោក ហឿន ស៊ី​នា​ត ដែល​អះអាង​ថាជា​តំណាង​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ស្រែប្រាំង ប្រាប់​វី​អូ​ឌី​បន្ថែម​ថា ពេល​ដែល​ក្រុមហ៊ុន​ដាក់គ្រឿង​ចក្រ​ចុះ​ឈូស​ឆាយ​ផលដំណាំ​ប្រជា​ពល​រដ្ឋ​ម្តង​ៗ អាជ្ញាធរ​មូលដ្ឋាន​មិនបាន​ជួយ​ពលរដ្ឋ​នោះ​ទេ បែរជាគំរាមកំហែង​មក​លើ​ពួក​គាត់ទៅ​វិញ ហើយ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន។

លោក ហឿន ស៊ី​នា​ត ប្រាប់​ថា៖ «កន្លងមក ក្រុមហ៊ុន​បាន​ដាក់គ្រឿង​ចក្រ​ឈូស​ឆាយ​ប៉ះពាល់​ដំណាំ​ដំឡូង ស្វាយចន្ទី និង​មានការ​កាយ​ផ្តាច់​ផ្លូវ ដើម្បី​មិន​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចូល​ទៅ​អាស្រ័យផល​លើ​ដី​សហគមន៍ ហើយ​ក្រុមហ៊ុន​បាន​គំរាមកំហែង​ដោយ​បាន​បាញ់​អាវុធ​ចំនួន ៥គ្រាប់ និង​បាន​បើក​គ្រឿង​ចក្រ​បំ​បុក​ប្រជាពលរដ្ឋ​ដែល​ចេញ​តវ៉ា​ផង​ដែរ។ មួយទៀត សន្តិសុខ​ក្រុមហ៊ុន​បាន​ប្រើ​ដំបង​ឆក់​មក​ស្ត្រី​ទើប​សម្រាលកូន​បាន ៦ខែ​ទៀតផង»។

បើ​តាម​លោក ហឿន ស៊ី​នា​ត ការ​ដាក់​ញត្តិ​នៅ​សាលាខេត្ត​ត្បូងឃ្មុំ​កាល​ម្សិលមិញ​នេះ គឺ​មន្ត្រី​សាលាខេត្ត​បាន​ចេញ​មក​ទទួល​ញត្តិ ប៉ុន្តែ មិនបាន​ផ្ដល់​ការសន្យា​អ្វី​ជាមួយ​អ្នកភូមិ​នោះ​ទេ។

វី​អូ​ឌី​មិន​អាច​សុំ​ការ​ឆ្លើយតប​ពីអ​ភិបាល​ខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទ​សោភ័ណ្ឌ បានទេ​ពាក់ព័ន្ធ​ករណីនេះ ​ដោយ​ទូរសព្ទ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល។

ក្នុង​សេចក្តី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី១៣ ខែ​កក្កដា រដ្ឋបាល​ស្រុក​តំបែរ បាន​បញ្ជាក់​ថា ដីធ្លី​នៅ​ខាងក្រោយ​ភូមិ​បុស្ស​ស្នោ​រ និង​ភូមិ​ស្រែប្រាំង ដែល​ប្រជាពលរដ្ឋ​កំពុង​ទាមទារ​ដី គឺជា​កម្មសិទ្ធិ​ស្របច្បាប់​របស់​ក្រុមហ៊ុន ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន មាន​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​កាន់កាប់​ត្រឹមត្រូវ។

សេចក្តី​ជូនដំណឹង​ដដែល​នេះ ឱ្យ​ដឹង​ថា កន្លងមក​ រដ្ឋបាល​ស្រុក​ធ្លាប់​បាន​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ឈប់​តវ៉ា​ដែរ ដោយ​អះអាង​ថា មាន​ពលរដ្ឋ​មួយចំនួន​ធំបាន​ឈប់​តវ៉ា ខណៈ​ពលរដ្ឋ​មួយចំនួន​ទៀត​នៅតែ​បន្ត​តវ៉ា។

រដ្ឋបាល​ស្រុក​តំបែរ លើកឡើង​ថា ករណី​ពលរដ្ឋ​មួយចំនួន​នៅតែ​បន្ត​តវ៉ា​នោះ គឺ​ដោយសារតែ​ជឿ​តាម​ការ​ញុះញង់​របស់​ជនខិលខូច​មួយចំនួន ដោយ​ថា ពលរដ្ឋ​ដែល​កំពុង​តវ៉ា​នោះ សមត្ថកិច្ច​ស្រាវជ្រាវ និង​ចាត់វិធានការ​ផ្លូវច្បាប់​ដើម្បី​បញ្ចប់​វិវាទ។

អភិបាលស្រុក​តំបែរ លោក សុខ សារិ​ទ្ធ មានប្រសាសន៍​ថា ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន ត្រូវ​បាន​ដោះស្រាយ​ចប់​អស់​យូរហើយ។ លោក​ថា ពុំ​មាន​ដី​សហគមន៍​នៅ​តំបន់​នោះ​ទៀត​ឡើយ គឺ​ប្រជាពលរដ្ឋ​បាន​លក់​ឱ្យ​ក្រុមហ៊ុន​អស់ហើយ។

អភិបាលស្រុក​រូប​នេះបាន​ច្រាន​ចោលការ​ចោទប្រកាន់​របស់​ពលរដ្ឋ​ ដែល​ថា ក្រុមហ៊ុន​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​បាញ់​គំរាម​ទៅ​លើពលរដ្ឋ។

លោក សុខ សារិ​ទ្ធ ប្រាប់​ថា៖ «គ្មាន​អាណា​បាញ់​គំរាមកំហែង​ពួក​គាត់​ទេ។ គាត់​មួលបង្កាច់​អាជ្ញាធរ។ ប្រជាពលរដ្ឋ​ភាគច្រើន​គាត់​យល់​ហើយ នៅតែ​ប៉ុន្មាន​នាក់​ហ្នឹង​ទេ​ដែល​នៅតែ​តវ៉ា។ តែ​អ្នក​ដែល​តវ៉ា​ហ្នឹង យើង​នៅតែ​ផ្តល់​ឱកាស​ពន្យល់​គាត់​ឱ្យ​គាត់​បាន​យល់​អំពី​ផ្លូវច្បាប់ ពីព្រោះ​យើង​មិន​អាច​ទៅ​ប៉ះពាល់​កម្ម​សិទ្ធ​របស់​គេ ប្រឈមមុខនឹង​ផ្លូវច្បាប់។ ឥលូវអាជ្ញាធរ​កំពុង​ស្រាវជ្រាវ​ចាត់វិធានការ​ចំពោះ​អ្នក​ញុះញង់»។

ពលរដ្ឋ​ម្នាក់ លោក ថា លីដា បាន​ច្រានចោល​ការ​លើកឡើង​របស់​រដ្ឋបាល​ស្រុក​តំបែរ​នេះ ដោយ​ថា ការ​តវ៉ា​របស់​អ្នកភូមិ គឺ​ពុំ​មានការ​ញុះញង់​ពី​បុគ្គល​ណា​ម្នាក់​ដូច​ការចោទប្រកាន់​របស់​រដ្ឋបាល​ស្រុក​តំបែរ​នោះ​ទេ។ លោក​ថា អ្វី​ដែល​ប្រជាពលរដ្ឋ​តវ៉ា​សព្វថ្ងៃ​នេះ គឺ​ទាមទារ​ដី​ដែល​ពួក​គេ​ធ្លាប់​បាន​អាស្រ័យផល​ពី​ដូនតា។

លោក ថា លីដា បន្ត​ថា កន្លងមក ក្រសួងមហាផ្ទៃ​បាន​ចេញ​លិខិត​មួយ​បញ្ជា​ទៅ​អភិបាលខេត្ត​ត្បូងឃ្មុំ​កាត់​ដី​មួយ​ផ្នែក​ចេញពី​ដី​ក្រុមហ៊ុន ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន ប្រគល់​ជូន​ប្រជា​សហគមន៍​វិញ​ផង​ដែរ ប៉ុន្តែ លោក​ថា រហូត​ពេលនេះ អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​នេះមិន​អនុវត្ត​តាម​ឡើយ។

លោក ថា លីដា ប្រាប់​ថា៖ «ករណី​អាជ្ញាធរ​ចោទប្រកាន់​ថា មាន​អង្គការ ឬខាងណា​នៅ​ពីក្រោយខ្នង​ប្រជាពលរដ្ឋ​តវ៉ា​ហ្នឹង ខ្ញុំ​អត់​ថា ការចោទប្រកាន់​របស់​គាត់​ហ្នឹង គាត់​យល់ឃើញ​ដូចម្តេច​នោះ​ទេ ប៉ុន្តែ ជាក់ស្តែង​ដី​ដែល​ប្រជាពលរដ្ឋ​តវ៉ា​ហ្នឹង​ជា​ដី​ដែល​គាត់​អាស្រ័យផល​ពី​ដូន​ពី​តាម​ក។»

លោក លីដា បន្ត​ថា៖ «ចំណែក​ក្រុមហ៊ុន​ទៅ​ធ្វើ​ប្លង់​ឆ្នាំ២០១៩ ហើយ​អាជ្ញាធរ​គេ​នៅតែ​អះអាង​ថាជា​ដី​របស់​ក្រុមហ៊ុន។ ប្រជាពលរដ្ឋ​បានឱ្យ​ក្រុម​ហ៊ុន​បង្ហាញ​ភស្ដុតាង​ទិញ​លក់​ពី​ប្រជាពលរដ្ឋ​មួយ​ណា​ដែល​បាន​លក់​ដី​ឱ្យ​ក្រុមហ៊ុន។ ក្រុមហ៊ុន​អត់​មា​នភ​ស្តុតាង​បញ្ជាក់​ថា ប្រជាពល​រដ្ឋ​លក់​ដី​ឱ្យ​ក្រុមហ៊ុន​ទេ។ អ៊ីចឹង ពលរដ្ឋ​គាត់​នៅតែ​តវ៉ា​ដើម្បី​ទាមទារ​ដី​របស់​ពួក​គាត់​មកវិញ»។

កាលពី​ខែកុម្ភៈ ​ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ​បាន​ចេញ​លិខិត​មួយ​បញ្ជា​ទៅ​អភិបាល​ខេ​ត្ត​ត្បូង​ឃ្មុំ​ឱ្យ​ពិនិត្យមើល​ឡើងវិញ​ចំពោះ​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន ហា​ម៉ឹ​នី វីន អ៊ិ​នវេ​សមេន ឱ្យ​បាន​ច្បាស់លាស់។

ក្រសួងមហាផ្ទៃ​បញ្ជាក់​ថា ក្នុងករណី​ពិនិត្យ​ឃើញថា ក្រុមហ៊ុន​រំលោភ​យក​ដី​សហគមន៍​រដ្ឋបាល​ខេត្ត​ ត្រូវ​ចាត់វិធានការ​បន្ទាន់​ដើម្បី​ដោះស្រាយ និង​ថែរក្សា​ដី​ព្រៃ​សហគមន៍។

តំណាង​សហគមន៍​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ស្ទាក់​ចាប់​នៅ​ភូមិ​ស្រែប្រាំង កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ ហា​ម៉ឹនី វីន អ៊ិ​នវេ​សមេន។

ស្ត្រី​ម្នាក់បាន​អះអាង​ថាជា​តំណាង​ក្រុមហ៊ុន ហា​ម៉ឹ​នី វីន អ៊ី​នវេ​សមេន ប៉ុន្តែ បាន​បដិសេធ​បញ្ចេញ​ឈ្មោះ​គាត់។ ស្ត្រី​រូប​នេះបាន​ច្រានចោល​ការចោទប្រកាន់​របស់​ប្រជា​សហគមន៍ ហើយ​ចោទ​ទៅ​អ្នកភូមិ​ទាំងនោះ​វិញ​ថា បាន​ប្រើ​អំពើ​ហិង្សា និង​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន។

ស្ត្រី​រូប​នេះ​បន្ថែម​ថា ក្រុមហ៊ុន​មក​វិនិយោគ​នៅ​តំបន់​នោះ គឺ​មានការ​អនុញ្ញាត​ពី​រដ្ឋាភិបាល និង​មាន​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ត្រឹមត្រូវ​ទៅតាម​ផ្លូវច្បាប់ ហើយ​ថា ពលរដ្ឋ​បាន​ចូល​ទៅ​បង្កបង្កើនផល​លើ​ដី​ដែល​ក្រុមហ៊ុន​បាន​ឈូ​សឆាយ​រួចរាល់​ហើយ។

ស្ត្រី​រូប​នោះ​ប្រាប់​ថា៖ «តើ​កន្លែងណា​ដែល​ថាក្រុមហ៊ុន​ប្រើ​សមត្ថកិច្ច​ឱ្យ​បាញ់​គំរាមកំហែង​ទៅលើ​ពួក​គាត់​? ហើយ​កន្លែងណា​ដែល​សន្តិសុខ​ប្រើ​ហិង្សា​ទៅលើ​ពួក​គាត់ សុំ​ឱ្យ​ពួក​គាត់​បង្ហាញ​មក។ មានតែ​ពួក​គាត់​ប្រើ​អំពើ​ហិង្សា​ម​កលើ​ក្រុមហ៊ុន។ ពួក​គាត់​មិនបាន​ថត​កន្លែង​ដែល​ពួក​គាត់​ប្រើ​អំពើ​ហិង្សា​មក​ក្រុមហ៊ុន​ទេ។ មានតែ​ពួក​គាត់​ប្រើ​ចម្ពាម​បាញ់​មក​លើ​កម្មករ​ក្រុមហ៊ុន បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន វាយ​ទៅលើ​បុគ្គលិក​របស់​ក្រុមហ៊ុន​ដែល​បណ្តាល​ឱ្យ​របួស​ស្នាម ដែល​ក្រុមហ៊ុន​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​រួចហើយ»។

កាលពី​ឆ្នាំ២០១៩ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អះអាង​ថា ដី​ទំហំ ៤២,១៧០ហិ​កតា ស្ថិត​ក្នុង​ភូមិ​ស្រែប្រាំង ភូមិ​ត្រពាំងព្រីង នៅ​ស្រុក​តំបែរ ដែល​ក្រុមហ៊ុន ហាម៉ឹនី វីន អ៊ិ​នវេ​សមេន ទទួល​បាន​សិទ្ធិ​វិនិយោគ​នោះ គឺ​ក្រុមហ៊ុន​ចិន​មួយ​នេះ​ដោះស្រាយ​ផល​ប៉ះពាល់​ជូន​ពលរដ្ឋ​រួចរាល់​ហើយ ហើយ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត ក៏បាន​ចុះបញ្ជី​ដីធ្លី​ជូន​ក្រុមហ៊ុន​រួចរាល់​ហើយដែរ។

ក្នុង​ញត្តិ​ដាក់​ទៅ​សាលាខេត្ត​កាលពី​ម្សិលមិញ គឺ​ប្រជា​សហគមន៍​ទាមទារ​ដក​ដី​ទំហំ ១,២៣០ហិ​កតា ចេញពី​ដី​ក្រុមហ៊ុន ស្នើ​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ប៉ះពាល់​លើ​ដី​សហគមន៍ ហើយ​អាជ្ញាធរ និង​ក្រុមហ៊ុន​ត្រូវ​បង្ហាញ​លិខិត​ទិញ​លក់​ថា ​ពលរដ្ឋ​មួយ​ណា​ជា​អ្នកលក់​ដី​ឱ្យ​ក្រុមហ៊ុន​ពិត​ប្រាកដ។

អាជ្ញាធរ​ត្រូវ​បង្ហាញ​ឱ្យ​បាន​ច្បាស់​លាស់​នូវ​ទីតាំង​ដី​ដែល​រដ្ឋបាល​ស្រុក​តំបែរ និង​មន្ទីររៀ​បចំ​ដែនដី​ខេត្ត​បានចុះបញ្ជី​ដីធ្លី​ឱ្យ​ក្រុមហ៊ុន ៤២,១៧០ហិ​កតា។

ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​នេះ​ដែរ សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី០៣ ខែមិថុនា បានសម្រេច​ផ្តន្ទា​ទោស​តំណាង​សហគមន៍​ភូមិ​ស្រែប្រាំង​ម្នាក់ គឺ​លោក សែម សាង ឱ្យ​ជាប់ពន្ធ​នា​គារ ៧ឆ្នាំ ក្រោម​ការចោទប្រកាន់​ថាបាន​កំហែង​យក​ដោយមាន​អាវុធ។

តំណាង​សហគមន៍​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ស្ទាក់​ចាប់​នៅ​ភូមិ​ស្រែប្រាំង កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ពាក់ព័ន្ធ​នឹង​រឿង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ហាម៉ឹនី វីន អ៊ិ​នវេ​សមេន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ