ពល​រដ្ឋ​៣០​គ្រួសារ​​នៅ​​កំពង់ធំ​​ស្នើ​​រដ្ឋា​ភិបាល​​ដក​​ដី​​ជាង​៦០​ហិ​កតា​​ពី​​អាជ្ញាធរ​​ស្រុក​​ឱ្យ​​គាត់​​វិញ​​

ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បុរសម្នាក់តំណាងឱ្យពលរដ្ឋ ៣០គ្រួសារដែលមានវិវាទដីធ្លី នៅស្រុក២ក្នុងខេត្តកំពង់ធំ មកតវ៉ានៅមុខក្រសួងរៀបចំដែនដី ដោយចោទថា អាជ្ញាធរស្រុកឃុបឃិតជាមួយឈ្មួញយកដីពួកគេ។ (ខាន់ លក្ខិណា)

អ្នកមាន​ជម្លោះដីធ្លី​ចំ​នួន ៣០គ្រួសារ​មក​ពី២ស្រុកក្នុង​ខេត្តកំពង់ធំ​ ស្នើ​ឱ្យ​រដ្ឋាភិបាល​ដកហូត​ដី​ទំហំ​ជាង ៦០ហិ​កតា​ឱ្យ​ពួក​គាត់​អាស្រ័យផល​វិញ ដោយ​ចោទ​ថា ​អាជ្ញាធរ​ស្រុក​បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​យក​ដី​ពួក​គាត់ ហើយ​ថែមទាំង​គំរាម​មិន​ឱ្យធ្វើ​ការ​តវ៉ា​ទៀត។ 

ប្រជាពលរដ្ឋ ៩នាក់ តំណាង​ឱ្យ​ប្រជាពលរដ្ឋ ៣០គ្រួសារ​មក​ពី​ឃុំ​ចំនួន៣ រួមមាន​ ឃុំ​រុងរឿង ឃុំ​ព្រះដំរី ស្រុក​ស្ទោង និង​ឃុំ​ដំរីស្លាប់​ ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​ នៅ​ថ្ងៃនេះ​ បាន​នាំគ្នា​ឡើង​មករ​កកិច្ច​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម និង​សំណង់ ឱ្យ​ដកហូត​ដី​ទំហំ ៦៨.៤១ហិ​កតា ដោយ​ពួក​គាត់​អះអាង​ថា ត្រូវ​បាន​អភិបាលរងស្រុក​កំពង់ស្វាយ លោក គី សាវុ​ថា ក្រុមប្រឹក្សា​ឃុំ​ដំរីស្លាប់ ភិន សំ​អុន និង​ឈ្មួញ​ដី​ឈ្មោះ សៀន ឆេង​កូ ឱ្យ​ពួក​គាត់​វិញ។ 

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិវល្លិ៍​យាវ ឃុំ​ដំរីស្លាប់ ស្រុក​កំពង់ស្វាយ លោក សយ សៀ ប្រាប់​វី​អូ​ឌី​នៅមុខ​ក្រសួង​ដែនដីថា កាលពី​ខែឧសភា ឆ្នាំ២០១៩ អភិបាលរងស្រុក​កំពង់ស្វាយ លោក គី សាវុ​ថា ក្រុមប្រឹក្សា​ដំរីស្លាប់ ភិន សំ​អុន និង​ឈ្មួញ​ដី​ឈ្មោះ​ សៀន ឆេង​កូ ​បាន​បង្ខំ​ឱ្យ​ពួក​គាត់ ៣០គ្រួសារ​លក់​ដីស្រែ ​ក្នុង១ហិ​កតាបាន​ប្រាក់​ចន្លោះ​ពី ៨០ម៉ឺន ទៅ ១លាន ២សែន​រៀល ប៉ុន្តែ​ពួក​គាត់​មិនព្រម​លក់។

លោក​បន្ត​ថា អាជ្ញាធរ​ឃុំ​ស្រុក និង​បុគ្គល​ឈ្មោះ ឆេង​កូ គំរាមកំហែង​អ្នកភូមិ​ឱ្យ​លក់​ដី​ជិត ៧០ហិ​កតា ប៉ុន្តែ​ ប្រសិនបើ​មិនព្រម​លក់​ទេ ពួក​គាត់​នឹង​បាត់បង់​ដី​ដោយ​មិនបាន​សំណង​អ្វី​ទាំងអស់។

លោក​ថា៖ «គាត់​ឱ្យ​ខ្ញុំ​យក​លុយ​ តែ​ខ្ញុំ​មិន​យក ព្រោះ​ដី​ខ្ញុំ​អត់​បាន​លក់​អត់​បាន​ដូរ ហើយ​មេដៃ​ខ្ញុំ​ក៏​អត់មាន​ដែរ។ មូលហេតុ​អី​បាន​គាត់​ឱ្យ​ខ្ញុំ​យក​លុយ​ពេលនោះ ខ្ញុំ​មិន​យក​ទេ។ គាត់​ថា បើ​មិន​យក​ក៏​អស់ បើ​យក​គ្រាន់បើ​ជាង​មិន​យក។ លើក​ទី២ ហៅ​ទៀត គាត់​និយាយ​អ៊ីចឹង​ទៀត ហើ​យគាត់​ថា ម៉េច​ចង់​ជាប់គុក ជាប់​ច្រ​វ៉ា​ក់? ​ខ្ញុំ​ពិបាកចិត្ត​ដែរ ជ្រើសរើស​ផ្លូវ​ដើរ​មិនឃើញ ក៏​រត់គេច​ខ្លួន»។

ពលរដ្ឋ​ម្នាក់ទៀត​ អ្នកស្រី យាង ហយ រស់នៅ​ឃុំ​ព្រះដំរី ស្រុក​ស្ទោង អះអាងថា កាលពី​ខែឧសភា ​ឆ្នាំ២០១៩ អភិបាលរងស្រុក​កំពង់ស្វាយ ក្រុមប្រឹក្សា​ឃុំ​ដំរីស្លាប់ និង​ឈ្មួញ​ដី បាន​ចុះ​វាស់វែង​ដី ៦៨.៤១ហិ​កតា និង​ឱ្យ​ប្រជា​ពល​ដ្ឋ​ប្រាប់​ទំហំដី​ម្នា​ក់​ម្ដង​ៗ ដោយ​អាជ្ញាធរ​ប្រាប់​ពួក​គាត់​ថា ដើម្បី​ងាយស្រួល​ដោះស្រាយ។

អ្នកស្រី​បន្ត​ថា នៅពេល​បាន​ឯកសារ​ពី​ពួក​គាត់​អស់ អាជ្ញាធរ​បែរជា​មិន​ដោះស្រាយ ហើយ​បង្ខំ​ឱ្យ​ពួក​គាត់លក់​ដីស្រែ​ដែល​កំពុង​អាស្រ័យផល​ទៅវិញ។ 

អ្នកស្រី​ថា៖ «គេ​ថា​មាន​ឯកសារ​ត្រឹមត្រូវ​អស់ហើយ ឯង​ទៅ​ប្ដឹង​ណា​ប្ដឹង​ទៅ ​ឱ្យ​ខ្ញុំ​វាស់វែង​ដឹង​ព្រំប្រទល់ រួច​ដឹង​ព្រំប្រទល់​ពីអ​តី​ត បច្ចុប្បន្ន គាត់​យក​ទៅ​ធ្វើ​ប្លង់ ធ្វើបាប​ប្រជាជន​ណាស់។ ខ្ញុំ​យំ​អស់​ទឹកភ្នែក ដី​ខ្ញុំ​ធ្វើ​តាំងពី​ទឹកត្រី​ទុំ​កួយ បើ​ខ្ញុំ​អស់​ដី​ ខ្ញុំ​សុខចិត្ត​ស្លាប់។ បើស​ម្ដេច​មិន​ដោះស្រាយ​ទេ ខ្ញុំ​សុខចិត្ត​ស្លាប់ រស់​នៅ​ក៏​អត់មាន​ន័យ​អីដែរ បើ​ប្រជាជន​រស់នៅ​ដើម្បី​ស្រែ ដីធ្លី ធ្វើស្រែ​ចិញ្ចឹម​កូន បើ​អត់​ដីស្រែ ​រស់នៅ​ដើម្បីអ្វី?»

អ្នកស្រី យាង ហយ អះអាង​ថា អាជ្ញាធរ​ និង​ឈ្មួញ​ដី បាន​យក​ដី​ និង​បាន​គំរាមកំហែង​ចាប់​ពួក​គាត់​ដាក់គុក បើសិនជា​ពួក​គាត់​ហ៊ាន​ចេញមុខ​តវ៉ា​ទាមទារ​ដី​យក​មកវិញ។

អ្នកស្រីស្នើ​ទៅ​រដ្ឋាភិបាល ​និង​ក្រសួង​ពាក់ព័ន្ធឱ្យ​ជួយ​អន្តរាគមន៍​ដកហូត​ដី​មក​ឱ្យ​ពួក​គាត់​វិញ ដោយ​ថា បច្ចុប្បន្ន​ ដីស្រែពួកគាត់​ត្រូវ​បានគេ​យក​អស់ ហើយជំពាក់បំណុល​ធនាគារ​ទៀត។

អ្នកស្រី​ថា៖ «សម្ដេច​ក៏ដោយ ខាងណា​ក៏ដោយ ខ្ញុំ​អត់​សូវ​ចេះនិយាយ អត់​សូវ​ស្គាល់ សូម​ជួយ​ខ្ញុំ​ផង បើ​មិនបាន​ដី ខ្ញុំ​ស៊ូស្លាប់ ខ្ញុំ​អត់មាន​អី​ឱ្យ​ហូប អ្នកក្រតាម​ជនបទ​រស់នៅ​ដើម្បី​ស្រែ បើ​គ្មាន​ស្រែ​ហើយ​រស់នៅ​ធ្វើ​អី?» 

អភិបាលស្រុក​កំពង់ស្វាយ​ លោក អ៊ុន បុត្រ បាន​ច្រានចោល​ការចោទប្រកាន់​នេះ ដោយសារ អាជ្ញាធរ​​ស្រុក​មិនដែលបាន​គំរាមកំ​ហែង និង​យក​ដី​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ។ 

លោក​ថា៖ «គាត់​តវ៉ា​មករ​ដ្ឋ​បាល​ស្រុក បើសិនជា​គាត់​មាន​ឯកសារណាមួយ​ដែល​អាជ្ញាធរ​មាន​អំណាចនៅ​ទីនោះ​ អះអាង​ថាជា​ដី​របស់​គាត់ អាហ្នឹងយើង​ដោះស្រាយ​ជូន​គាត់ ប៉ុន្តែ​ គាត់​អត់មាន​ឯកសារ​អីទាំងអស់ ហើយ​ភាគី​គេអ្នក​ទិញ គេ​សុទ្ធតែ​មាន​ឯកសារ មេដៃ​ប្រជាពលរដ្ឋ​ផ្ដិត​លក់​ឱ្យ​គេ។ រឿង​តែ​ប៉ុណ្ណឹង​ទេ យើង​រង់ចាំ​ដោះ​ស្រាយ គាត់​អត់​ប្ដឹង​មក​ខេត្ត អត់​ប្ដឹង​មក​ស្រុក»។

អភិបាលខេត្ត​កំពង់ធំ​ លោក សុខ លូ មានប្រសាសន៍​ថា លោក​នឹង​ចាត់​មន្ត្រី​ចុះទៅ​សិក្សា​ករណីនេះ ។

លោក​ថា៖ «អាហ្នឹង​ខ្ញុំ​បានដឹង​រឿង ដើម្បី​យក​ឯកសារ​ហ្នឹង​មក​ពិនិត្យ ដោះស្រាយ ចុះ​ស្រាវជ្រាវ យ៉ាងម៉េច!»

វី​អូ​ឌី​មិន​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី លោក សេង ឡូត បានទេ ដោយ​ទូរស​ព្ទ​ចូល​គ្មានអ្នក​ទទួល។

បើ​តាម​ពលរដ្ឋ​មក​ដាក់​ញត្តិ​នៅ​ក្រសួង​ លោក សយ សៀ អះអាង​ថា ពួក​គាត់​មាន​ជម្លោះដីធ្លី​ជាមួយ​អភិបាលរងស្រុក​កំពង់ស្វាយ​ លោក គី សាវុ​ថា ក្រុមប្រឹក្សា​ដំរីស្លាប់ ភិន សំ​អុន និង​ឈ្មួញ​ដី​ឈ្មោះ សៀន ឆេង​កូ តាំងពី​ឆ្នាំ២០១៥មក​ម៉្លេះ។ លោក​អះអាង​ថា អ្នកភូមិ ៣០គ្រួសារ បាន​អាស្រ័យផល​លើដី​ទំហំ ៦៨.៤១ហិ​កតា ​ឆ្នាំ១៩៧៩ និង​អ្នកខ្លះចូល​អាស្រ័យផល​នៅ​ឆ្នាំ១៩៨៨ ដោយមាន​អាជ្ញាធរ​ភូមិ​ដឹង​លឺ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ