អភិបាល​ខេត្ត​​កណ្តាល​​សន្យា​​ពន្លឿន​​ដំណោះ​ស្រាយ​​ឱ្យ​​កម្មករ​​រោង​ចក្រ​២ ក្រោយ​​ពួក​​គាត់​​ហែ​​ក្បួន​​តវ៉ា​​

ក្រុមកម្មករ​នៅ​រោងចក្រ ឌី​កនើធី នី​តធើរ លីមីត​ធី​ត (Dignity Knitter Limited​) និង​រោងចក្រ អ៊ី​ខូ​បេស ប្រមូលម្ដុំគ្នាហែក្បួនដាក់ញត្តិទៅសាលាដំបូងខេត្តកណ្ដាល និងទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ករណីថៅកែមិនទាន់ដោះស្រាយសំណងត្រឹមត្រូវតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អភិបាលខេត្ត​កណ្តាល លោក គង់ សោភ័ណ្ឌ នៅ​ថ្ងៃនេះ បាន​សន្យា​ចំពោះមុខ​ក្រុម​កម្មករ​ថា​លោក​នឹង​ជំរុញ​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​ពន្លឿន​ការដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជូន​កម្មករ​នៅ​រោងចក្រ ឌី​កនើធី នី​តធើរ លីមីត​ធី​ត (Dignity Knitter Limited​) និង​រោងចក្រ អ៊ី​ខូ​បេស ក្រោយពី​កម្មករ​រោងចក្រ​ទាំង២ហែ​ក្បួន​រក​អន្តរា​គមន៍ពី​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។ 

ការសន្យា​របស់​អភិបាលខេត្ត​រូប​នេះ​ធ្វើឡើងក្រោយពី​ក្រុម​កម្មករ​រាប់​រយ​នាក់​របស់​រោងចក្រ ឌីកនើធី នី​តធើរ លីមីត​ធី​ត (Dignity Knitter Limited​) និង​រោងចក្រ អ៊ី​ខូ​បេស ស្ថិត​ក្នុង​សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល បាន​នាំគ្នា​ដើរ​ហែ​ក្បួន​ចេញពី​រោងចក្រ​នៅ​ព្រឹក​នេះ ឆ្ពោះទៅ​សាលាដំបូង​ខេត្ត និង​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​អន្តរាគមន៍​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជូន​ពួក​គាត់។

ទោះ​យ៉ាងណាក៏ដោយ ​ការ​ហែ​ក្បួន​របស់​ពួក​គាត់​ត្រូវ​បាន​រារាំង​ពី​អាជ្ញាធរ​ត្រង់​ចំណុច​សួនច្បារ​មាត់ទន្លេ​ក្រុងតា​ខ្មៅ ក្រោយ​ពួក​គាត់​ចេញពី​រោងចក្រ​បាន​ចម្ងាយ​ប្រហែល ១៥គីឡូម៉ែត្រ។

លោក ភិន សុភា ដែល​អះអាង​ថា ជា​តំណាង​កម្មករ​នៅ​រោងចក្រ ឌី​កនើ​ធី នី​តធើរ លីមីត​ធី​ត និង​រោងចក្រ អ៊ី​ខូ​បេស ប្រាប់​វី​អូ​ឌី​កន្លែង​សមត្ថកិច្ច​រារាំង​ថា រោងចក្រ ឌី​កនើ​ធី នី​តធើរ និង​រោងចក្រ អ៊ី​ខូ​បេស មាន​ថៅកែ​តែមួយ។ លោក​ថា វិវាទ​ការងារ​នៅ​រោងចក្រ​ទាំងពីរ​នេះ​បាន​កើតឡើង​តាំងពី​ដើមឆ្នាំ២០២០ រហូត​មកដល់ពេលនេះ មិនទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ។

តំណាង​កម្មករ​រូប​នេះ​ឱ្យ​ដឹង​ថា ក្រោម​ការសម្រប​សម្រួល​ដោះស្រាយ​ពី​ភាគី​ពាក់ព័ន្ធ​កន្លងមក គឺ​ភាគី​ថៅកែ​បាន​សន្យា និង​ព្រមព្រៀង​ផ្តល់​សំណង​ជូន​កម្មករ​ចំនួន ៤ចំណុច ហើយ​កម្មករ​ក៏​យល់ព្រម ប៉ុន្តែ​ដល់ពេល​បើកលុយ គឺ​ភាគី​រោងចក្រ​មិនដែល​អនុវត្ត​បាន​នូវ​កិច្ច​ព្រមព្រៀង​នោះ​ទេ។

លោក ភិន សុភា បន្ត​ថា ក្រោយពី​ថៅកែ​មិន​គោរព​កិច្ច​ព្រមព្រៀង គឺ​ក្រុម​កម្មករ​បានសម្រេច​ដា​ក់​បណ្តឹង​ទៅ​តុលាការ ដើម្បី​សុំ​ដីកា​រក្សា​ការពារ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន​លក់​ឡាយឡុង​យកលុយ​ទូទាត់​សំណង​ជូន​កម្មករ ប៉ុន្តែ​ លោក​ថា កម្មករ​មិន​អាច​លក់​ឡាយឡុង​សម្ភារ​រោងចក្រ​បានទេ ដោយសារ​មាន​ក្រុមហ៊ុន​ផ្សេង​មួយទៀត​ដែល​ថៅកែ​ជំពាក់​លុយ​ដែរ​នោះ បាន​ប្តឹង​ទៅ​តុលាការ​សុំ​ដីការ​ក្សាការពារ​ទ្រព្យសម្បត្តិ​របស់​រោងចក្រ​នេះ​ដែរ។

តំណាង​កម្មក​រ លោក ភិន សុភា បន្ថែម​ថា គោលបំណង​ក្រុម​កម្មករ​ដើរ​ហែ​ក្បួន​នៅ​ថ្ងៃនេះ គឺ​ទៅ​សាលាដំបូង​ខេត្តកណ្តាល​ដើម្បី​សុំ​ទៅ​តុលាការ​លុបចោល​ដីកា​រក្សា​ការពារ​របស់​ក្រុមហ៊ុន​មួយ​ដែល​ប្តឹង​រក្សា​ការពារ​ទ្រព្យសម្បត្តិ​រោងចក្រ និង​បន្តដំណើរ​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ជួយ​ដោះស្រាយ​បញ្ចប់​វិ​វា​ទការងារ​នេះ។

លោក​បន្ថែម​ថា៖ «អីចឹង​ក្នុង​គោលបំណង​ហែមក​ថ្ងៃនេះ ទី១ សុំ​ឱ្យ​តុលាការ​ជួយ​អន្តរាគមន៍​ចេញដីកា​លុបចោល​ដីកា​រក្សា​ការពារ​ចាស់ និង​ជំរុញ​រឿង​ហ្នឹង​ឱ្យ​ឆាប់​ចប់​ដល់​ពួក​ខ្ញុំ។ ហើយ​ទី២ យើង​ហែ​ទៅផ្ទះ​សម្តេច​ ហ៊ុន ​សែន ​ដើម្បី​សុំ​ឱ្យ​លោក​ជួយ​អន្តរា​គមន៍បញ្ចប់​វិវាទ​ការងារ​រួម​នៅ​រោងចក្រ​ទាំងពីរ​នេះ ពីព្រោះ​ពួក​ខ្ញុំ​ដាក់​យាម​មុខ​រោងចក្រ​ហ្នឹង​ទាំងយប់​ទាំង​ថ្ងៃ ហាល​ផ្គរ​ហាលភ្លៀង​ជាង៦ខែ​ហើយ»។

ក្រោយ​សមត្ថកិច្ច​រារាំង​ក្រុម​កម្មករ​ប្រហែល​កន្លះម៉ោងមិន​ឱ្យធ្វើ​ដំណើរ​ទៅ​ប្រមូល​ផ្តុំ​តវ៉ា​មុខ​សាលាដំបូង​ខេត្ត និង​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ នោះ អភិបាលខេត្ត​កណ្តាល​លោក គង់ សោភ័ណ្ឌ បាន​ចុះទៅ​សម្របសម្រួល​ដោះស្រាយ​ផ្ទាល់​នៅ​ចំណុច​សួនច្បារ​មាត់ទន្លេ​ក្រុង​តាខ្មៅ។

នៅ​ចំពោះមុខ​ក្រុម​កម្មករ និង​អ្នកសារព័ត៌មាន​ផង​នោះ លោក គង់ សោភ័ណ្ឌ ស្នើ​ទៅ​មេធាវី និង​ព្រះរាជអាជ្ញា​ដែល​ចុះ​ដោះស្រាយ​ជាមួយ​លោក​នោះ បំពេញ​នីតិ​វិធី ដោយ​លុបចោល​ដីកា​រក្សា​ការពារ​របស់​ក្រុមហ៊ុន និង​ដាក់​ដីកា​រក្សា​ការពាររបស់​ក្រុម​កម្មករ​ ដើម្បី​ឱ្យ​កម្មករ​អាច​លក់​ឡាយឡុង​សម្ភារ​របស់​រោងចក្រ​បាន។ 

លោក​បន្ថែម​ថា៖ «ក្នុងនាម​អភិបាលខេត្ត ក្នុងនាម​តំណាង​ឱ្យ​អង្គភាព​តំណាង​តុលាការខេត្ត​កណ្តាល គឺថា​ លោក​ព្រះរាជអាជ្ញា​រង​ លោក​ក៏​អញ្ជើញ​មក​ទីនេះ​ដែរ ហើយ​សុំ​ឱ្យ​មន្ទី​រការងារ មេធាវី​រដ្ឋាភិបាល និង​ព្រ​រាជអាជ្ញា​ដែល​ចូលរួម​ជួយ​ក្នុង​កិច្ចការ​ងារ​នេះ បំពេញ​នីតិវិធី​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​លុប​ដីកា​រក្សា​ការពារ​របស់​ក្រុមហ៊ុន ហើយ​ដាក់​តម្កល់​ដីកា​រក្សា​ការពារ​របស់​កម្មករ រួចហើយ​ដាក់​ចូល​តាម​នីតិវិធី​តុលាការ​លក់​ឡាយ​ឡុង​សម្ភារ​របស់​រោងចក្រ ​យក​លុយ​ទូទាត់​ជូន​បងប្អូន​កម្មករ»។

មន្រ្តី​ផ្នែក​ច្បាប់ និង​ដោះស្រាយ​វិវាទ​នៅ​សម្ព័ន្ធ​សហជីព​ស៊ី​ខៅ​ឌូ លោក ស៊ាង យ៉ូ​ត មានប្រសាសន៍​ថា រោងចក្រ ឌី​កនើ​ធី នី​តធើរ លីមីត​ធី​ត (Dignity Knitter Limited​) និង​រោងចក្រ អ៊ី​ខូ​បេស មានកម្ម​ករ​សរុប ១២២៣នាក់ និង​សំណង​ដែល​ថៅកែ​ជំពាក់​កម្មករ​សរុប​ជាង ១លាន ១៦ម៉ឺន​ដុល្លារ។

មន្ត្រី​សហជីព​រូប​នេះ​លើកឡើង​ថា ការ​លក់​ឡាយឡុង​សម្ភារ​របស់​រោងចក្រ អាច​ដោះស្រាយ​សំណង​ជូន​កម្មករ​បាន​គ្រប់ ប្រសិនបើ​ការ​លក់​នោះ​មានការ​ដេញថ្លៃ​ត្រឹម​ត្រូវ និង​មាន​តម្លាភាព។

បើ​តាម​លោក ស៊ាង យ៉ូ​ត ដើម្បី​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជូន​កម្មករ​ឱ្យ​បាន​ឆាប់​ និង​ដើម្បី​កុំឱ្យ​កម្មករ​រងទុក្ខ​លំបាក​យូរ​ ​គឺ​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​បញ្ចេញ​ប្រាក់​បុរេប្រទាន​ដោះស្រាយ​ជូន​កម្មករ​មុន​សិន ហើយ​រដ្ឋាភិបាល​ដោះស្រាយ​ជាមួយ​ភាគី​ថៅកែ​តាម​ក្រោយ។

លោក​បន្ថែម​ថា៖ «ដោយសារ​បងប្អូន​កម្មករ​មួយចំនួន​អត់​បានការ​ងារ​ធ្វើ អត់មាន​លុយ​បង់ថ្លៃ​ទឹក​ភ្លើង កម្មករ​មួយចំនួន​ត្រូវ​បាន​គេ​ដេញចេញ​ពី​ផ្ទះ​ជួល។ អីចឹង​រដ្ឋាភិបាល​គួរតែ​បញ្ចេញ​ប្រាក់​របស់​ខ្លួន​ដោះស្រាយ​ជូន​បងប្អូន​កម្មករ​មុន ហើយ​ដោះស្រាយ​ជាមួយ​និយោជក​តាម​ក្រោយ»។

កម្មការិនី​ម្នាក់ ​អ្នកស្រី ហេង ស្រីម៉ៅ បម្រើការ​ងារ​នៅ​រោងចក្រ ឌី​កនើ​ធី នី​តធើរ ១៤ឆ្នាំ​ ប្រាប់​វី​អូ​ឌី​កន្លែង​រារាំង​ថា អ្នកស្រី​ជួប​បាន​បញ្ហា​សេដ្ឋកិច្ច ដោយសារ​បាត់បង់​ការងារ និង​ថៅកែ​មិនបាន​ដោះស្រាយ​សំណង​ជូន​កម្មករ​ទាន់ពេល​វេលា។

កម្មការិនី​រូប​នេះ លើកឡើង​ថា ម្ចាស់​បន្ទប់​ជួល​បាន​ព្រមាន​ដេញ​អ្នកស្រី​ចេញពី​បន្ទប់​ជួល​ច្រើនដង​ហើយ ក្រោយពី​អ្នកស្រី​គ្មាន​លុយ​បង់ថ្លៃ​បន្ទប់។ អ្នកស្រី​បាន​អំពាវនាវ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ប្រមុខ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​វិវាទ​ការងារ​នៅ​រោង​ចក្រ​ ឌី​កនើ​ធី នី​តធើរ លីមីត​ធី​ត (Dignity Knitter Limited​) និង​រោងចក្រ អ៊ី​ខូ​បេស ឱ្យ​បាន​ឆាប់​ ដើម្បី​កុំ​ឱ្យពួក​គាត់​បន្ត​ជួប​ការ​លំបាក។

អ្នកស្រី​បន្ថែម​ថា៖ «ខាង​ម្ចាស់​បន្ទប់​ជួល​គេ​ថា ប្រសិនបើ​ខ្ញុំ​នៅតែ​គ្មាន​លុយ​បង់​ឱ្យ​គេ​ទេ គេ​ឱ្យ​ខ្ញុំ​ចេញពីផ្ទះ​គេ​ ព្រោះ​គេ​ថា ​គេ​គ្មាន​សមត្ថភាព​បង់ថ្លៃ​ទឹក​ភ្លើង​ជំនួស​ខ្ញុំ​ទេ»។

ក្រុម​កម្មករ​ព្រមាន​ថា ប្រសិនបើ​អភិបាលខេត្ត​សន្យា​ហើយ​ដោះស្រាយ​មិនបានទេ ពួក​គាត់​នឹង​នាំគ្នា​ដើរ​ហែ​ក្បួន​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្តង​ទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ