ក្រុម​​អតីត​CNRP​នៅ​​ក្រៅ​ប្រទេស​​ធ្វើ​​យុទ្ធនា​ការ​​បញ្ចប់​​វប្បធម៌​​និទណ្ឌ​ភាព​​នៅ​​កម្ពុជា​​

អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ធ្វើសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២០ ក្នុងថ្ងៃខួបគម្រប់ ៤ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ (ហ្វេសប៊ុកលោក សម រង្ស៊ី)

អតីត​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រៅប្រទេស ​បាន​ប្រកាស​យក​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ជា​ថ្ងៃ​ចាប់ផ្តើម​នៃ​យុទ្ធនាការ​បញ្ចប់​វប្បធម៌​និទណ្ឌភាព​នៅ​កម្ពុជា ខណៈ​មន្រ្តី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​កម្ពុជា​ហៅ​យុទ្ធនា​ការ​នេះ​ថា ​ជា​យុទ្ធ​សាស្រ្ត​កេង​ចំណេញ​នយោបាយ។ 

ការប្រកាស​នេះធ្វើឡើង​ស្របគ្នា​នឹង​ខួប​គម្រប់ ៤ឆ្នាំ​នៃ​ការ​បាញ់សម្លាប់​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍសង្គម លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​ឃាតករ​បាញ់ប្រហារ​កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​ប្រកាស​ក្នុង​វី​ដេ​អូឃ្លី​បជិត ១០នាទី ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ថា វប្បធម៌​និទណ្ឌភាព​ជាវ​ប្ប​ធម៌​ព្រៃផ្សៃ វប្បធម៌​ហិង្សា វប្បធម៌​អយុត្តិធម៌ និង​វប្បធម៌​ឧក្រិដ្ឋ​ ដែល​អ្នកមាន​អំណាច​អាច​ធ្វើអ្វី​បាន​តាមចិត្តហើយ​រួចខ្លួន​ជានិច្ច ព្រមទាំង​ជា​កម្អែលប​ន្សល់​ទុក​ពី​របប​ខ្មែរក្រហម​មក​ផង​ដែរ។ 

លោក​បញ្ជាក់​ថា យុទ្ធនាការ​នេះ​មាន​គោលបំណង​ដើម្បី​បញ្ចប់​វប្បធម៌​និទណ្ឌភាព​នៅ​កម្ពុជា ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ ​និង​គ្រួសារ​ពួក​គេ ព្រមទាំង​ធានា​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ក្នុង​សង្គម​មួយ​ដែល​មានការ​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ពិតប្រាកដ។

លោក សម រង្ស៊ី មានប្រសាសន៍​ថា៖ «យុទ្ធនាការ​បញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​ក្រុម​គ្រួសារ​ជនរងគ្រោះ និង​ដើម្បី​បញ្ចប់​ទម្លាប់​ហិង្សា​នយោបាយ​នៅ​ប្រទេស​កម្ពុជា។ នេះ​ជា​ការចាំបាច់ និង​ស្របតាម​ឆន្ទៈ​របស់​ប្រជារាស្ត្រ​ខ្មែរ ដែល​ចង់​រស់នៅ​ក្នុង​សង្គម​មួយ​អហិង្សា មាន​សេរីភាព​ពេញលេញ ប្រប​កដោយ​យុត្តិធម៌ ​និង​គោរព​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​យ៉ាង​ត្រឹមត្រូវ»។ 

សំណុំរឿង​ឃាត​កម្ម​ធំៗដែល​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា​ជា​ករណី​និទណ្ឌភាព​នោះ រាប់​តាំងពី​ការ​សម្លាប់​មន្ត្រី​របស់​គណ​បក្ស​ហ្វ៊ុ​នស៊ិន​ប៉ិច កាល​រដ្ឋប្រហារ​ថ្ងៃទី៥​ និងទី៦ ខែកក្កដា​ឆ្នាំ១៩៩៧។ ហេតុការណ៍​បោក​គ្រាប់បែក​មក​លើ​ក្រុម​បាតុករ​ដែល​ដឹកនាំ​ដោយ​លោក​កាលពី​ថ្ងៃទី៣០ ខែ​មិនា ឆ្នាំ១៩៩៧ បណ្តាល​ឱ្យ​មនុស្ស​ជាង ១០នាក់​ស្លាប់ ​និង​របួស​ជាង ១០០នាក់ និង​ឃាតកម្ម​លើ​តារា​សម្តែង ​អ្នកស្រី ពិសិដ្ឋ ពី​ល្លិ​កា កាលពី​ឆ្នាំ១៩៩៩ រួម​ទាំង​ឃាតកម្ម​លើ​ព្រះតេជព្រះគុណ សំ ប៊ុ​នធឿន នៅ​ឆ្នាំ២០០៣។

ក្រៅពី​នេះ ​សំណុំរឿង​ឃាតកម្ម​លើ​អតីតប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ​លោក ជា វិជ្ជា នៅ​ឆ្នាំ២០០៤ សំណុំរឿង​បាញ់ប្រហារ​លើ​អតីតប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ​លោក ​ឈុត វុទ្ធី កាលពី​ឆ្នាំ២០១២ ព្រមទាំង​អំពើ​ឃាតកម្ម​នៅ​កណ្តាល​ក្រុងភ្នំពេញ​ទាំង​កណ្តាល​ថ្ងៃ ទៅលើ​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម ​លោកបណ្ឌិត កែម ឡី កាលពី​ថ្ងៃទី១០ ខែកក្កដា ​ឆ្នាំ២០១៦ ក៏​ត្រូវ​បាន​លោក សម រង្ស៊ី ចាត់ទុក​ចូលក្នុង​ករណី​នោះ​ដែរ។

លោក​ សម រង្ស៊ី​ ថាសំណុំរឿង​ទាំងនោះ​ជាវ​ប្ប​ធម៌​និទណ្ឌភាព ត្បិត​យុត្តិធម៌​ពិត​សម្រាប់​ជនរងគ្រោះ ​និង​ក្រុម​គ្រួសារ​ពួក​គេ ​នៅតែ​គ្មានពន្លឺ​រហូតដល់​ពេល​បច្ចុប្បន្ន។ 

អនុប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្រៅប្រទេស​ លោក អេង ឆៃ​អ៊ា​ង បញ្ជាក់​មួយថ្ងៃ​ក្រោយពេល​លោក​ សម រង្ស៊ី ចេញ​សេចក្តី​ថ្លែងការណ៍​ថា យុទ្ធនាការ​នេះ​នឹង​មានការ​ប្រមែ​ប្រមូល​ញត្តិ​គាំទ្រ​ពី​ពលរដ្ឋខ្មែរ​ និង​បរទេស​ប្រមាណ ៥០ម៉ឺន​ញ​ត្តិ ដែល​ធ្វើតាម​ប្រព័ន្ធ​អន​ឡាយ​ដោយ​រក្សា​ការសម្ងាត់​ដល់​អ្នកគាំទ្រ ដើម្បី​ដាក់ពាក្យ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ។

លោក​ថា ផែនការ​នៃ​យុទ្ធនាការ​នេះ ដូចជា​ការ​ចងក្រង​រាល់​សំណុំរឿង​ឃាត​កម្ម​ធំៗ​ក្រោយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ា​រីស​ឆ្នាំ១៩៩១ បញ្ចូល​ក្នុង​សៀវភៅ​«ស»មួយ និង​ចងក្រង​ជា​វីដេអូ​ដើម្បី​លាតត្រដាង​ការពិត​រាល់​សំណុំរឿង​ទាំងអស់​នោះ ព្រមទាំង​ស្វែង​រកការ​គាំទ្រ​ពី​អ្នកច្បាប់​អន្តរជាតិ ពលរដ្ឋខ្មែរ ក្រុម​គ្រួសារ​ជនរងគ្រោះ​ ជាដើម។ លោក​បន្ថែម​ថា ​ការ​បញ្ចប់​វប្បធម៌​និទណ្ឌភាព​នេះ​មិន​អាច​កើត​ចេញពី​រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ឡើយ។ 

លោក​ អេង ឆៃ​អ៊ា​ង បន្ថែម​ថា៖ «បើ​យើង​ពឹង​ទៅលើ​ច្បាប់​ប្រទេស​កម្ពុជា យើង​ពឹង​តែ​ទៅលើ​តុលាការ​កម្ពុជា ​គឺ​យើង​មិន​អាច​បញ្ចប់​នូវ​និទណ្ឌភាព​ហ្នឹង​បានទេ ព្រោះ​យើង​ដឹង​ហើយ​ថា​តុលាការ​នៅ​កម្ពុជា​បច្ចុប្បន្ន​ គឺជា​តុលាការ​ស្ថិតនៅ​ក្រោមអំណាច​របស់​លោក​ ហ៊ុន សែន ហើយ​អត់មាន​ឯករាជ្យ​ទេ ជា​តុលាការ​ស្តាប់​តាម​បញ្ជា ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​និយម​ហៅថា​ជា​តុលាការ​តេឡេជាដើម​អីចឹង»។

យ៉ាងនេះ​ក្តី អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ​ជិន ម៉ា​លីន មានប្រសាសន៍​ប្រាប់​វី.អូ.ឌីតាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ថ្ងៃទី១៣ ខែកក្កដា​ ថា​រាល់​សំណុំ​រឿង​ធំៗ​នៅ​កម្ពុជា​មិន​មាន​និទណ្ឌភាព​ទេ ត្បិត​រាល់​សំណុំរឿង​ឃាតកម្ម​កន្លងមក​ តុលាការ​តែងតែ​ដំណើរការ​រហូត​មក ដោយ​គ្រាន់តែ​សំណុំរឿង​ខ្លះ​បាន​បញ្ចប់ និង​សំណុំរឿង​ខ្លះទៀត​កំពុង​បន្ត​នៅឡើយ។

ចំពោះ​យុទ្ធនាការ​បញ្ចប់​វប្បធម៌​និទណ្ឌភាព ​និង​ដាក់ពាក្យ​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​របស់​ក្រុម​បក្ស​ប្រឆាំង​នៅ​ក្រៅប្រទេស​វិញ​ លោក ជិន ម៉ា​លីន​ ថា គឺជា​មុខរបរ​របស់​ពួក​គេ​ប៉ុណ្ណោះ ត្បិត​សូម្បីតែ​សាកសព​ក៏​ពួក​គេ​អាច​ឆ្លៀត​កេង​ចំណេញ​ផ្នែក​នយោបាយ​បាន​ដែរ។

លោក ​ជិន ម៉ា​លីន បន្ត​ថា៖ «ដូច​រដូវ​កាល​នេះ​អីចឹង គឺជា​រដូវ​កាល​ពេញនិយម​សម្រាប់​ក្រុមប្រឆាំង ក្នុង​ការ​ធ្វើអាជីវកម្ម​ទៅលើ​សាកសព​របស់​លោក​បណ្ឌិត​ កែម ឡី ដែលគេ​តែង​ធ្វើជា​រៀងរាល់​ឆ្នាំ។ ហើយ​ការ​ប្តឹង​ហ្នឹង​ ក្រុម​ហ្នឹង​[ក្រុមប្រឆាំង​]មិនមែន​មិនធ្លាប់​ប្តឹង​ទេ គឺ​បាន​ប្តឹង​ទៅ​គ្រប់​អស់ហើយ រួម​ទាំង​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ផង​ដែរ ប៉ុន្តែ​កន្លងមក ​គេ​មិន​ដោះស្រាយ​ឱ្យ ដោយសារ​វា​មិនមាន​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់ ហើយ​ធ្វើ​គ្រាន់តែ​ថា ​ធ្វើ​ឱ្យ​បាន​ធ្វើ​ ដើម្បី​កេង​ចំណេញ​លើ​សាកសព​ និង​គ្រួសារ​ជនរងគ្រោះ​តែប៉ុណ្ណោះ»។

អ្នកស្រាវជ្រាវ​ការអភិវឌ្ឍសង្គម ​លោក​បណ្ឌិត សេង សារី យល់ឃើញ​ថា ​យុទ្ធនាការ​របស់​ក្រុម​បក្ស​ប្រឆាំង​នៅ​ក្រៅប្រទេស​នេះ​ជា​រឿង​ល្អ បើ​ទោះបីជា​គេ​នៅ​មិនទាន់​អាច​វាយតម្លៃ​ពី​លទ្ធផល​នៃ​យុទ្ធនាការ​នេះ​បាន​ក៏ដោយ។ លោក​បន្ត​ថា ការ​បញ្ចប់​នូវ​វប្បធម៌​និទណ្ឌភាព ដោយ​ជំនួស​នូវ​ការ​ផ្តល់​យុត្តិធម៌​ពិតប្រាកដ​ដល់​ជនរងគ្រោះ​ ឬគ្រួសារ​ពួក​គេ គឺជា​រឿង​សំខាន់​សម្រាប់​សង្គម ត្បិត​យុត្តិធម៌​ជា​មូលដ្ឋាន​គ្រឹះ​របស់​សង្គម​មួយ។ 

លោក​បន្ត​ថា៖ «ដោយសារ​សង្គម​មួយ​អាច​ឈរជើង​ទៅ​បាន គឺ​គ្រឹះ​យុត្តិធម៌​សំខាន់ណាស់ សូម្បីតែ​ប្រទេស​ប្រកាន់​លទ្ធិ​កុម្មុយនីស្ត ក៏​គេ​ឈរនៅ​លើ​ការ​ផ្តល់​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ដែរ។ សូម្បីតែ​សិទ្ធិ​សេរីភាព​មួយចំនួន​នៅក្នុង​ប្រទេស​កុម្មុយនីស្ត​ត្រូវ​បាន​បិទបាំង​ក៏ដោយ ប៉ុន្តែ​យុត្តិធម៌​មួយ​គឺ​គេ​ផ្តល់​អាទិភាព​តែម្តង ព្រោះ​អាហ្នឹង​ជា​គន្លឹះ​ដែល​ធ្វើ​ឱ្យ​បែកបាក់​សង្គម»។ 

របាយការណ៍​របស់​គម្រោង​យុត្តិធម៌​ពិភពលោក (World Justice Project​) ស្តី​ពី​នីតិរដ្ឋ​នៅ​កម្ពុជា ឆ្នាំ២០២០ ដែល​ចេញផ្សាយ​កាលពី​ខែ​កុ​មុ្ភៈ បាន​ផ្តល់​ពិន្ទុ​ឱ្យ​កម្ពុជា​ជាប់លេខ ១២៧ ក្នុងចំណោម ១២៨ប្រទេសនៅ​ជុំវិញ​ពិភពលោក ដោយ​ចំណាត់ថ្នាក់​នេះ​បង្ហាញថា ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​អាក្រក់​បំផុត​នៅក្នុង​លោក ពោល​គឺ​ល្អ​ជាង​ប្រទេស​វេ​ណេហ្សុយ​អេ​ឡា​តែមួយ​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ