អាជ្ញាធរថៃចាប់ខ្លួនពលរដ្ឋខ្មែរចំនួន៥៩នាក់ឆ្លងដែនខុសច្បាប់

ពលរដ្ឋខ្មែរ១ក្រុមឆ្លងដែនខុសច្បាប់ ត្រូវអាជ្ញាធរខេត្តស្រះកែវ របស់ថៃ ចាប់ខ្លួនកាលពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០(រូបពីបាងកកប៉ុស្តិ៍)

សមត្ថកិច្ចការពារព្រំដែនខេត្តស្រះកែវរបស់ថៃ បានចាប់ខ្លួនពលរដ្ឋខ្មែរចំនួន៥៩នាក់ កាលពីថ្ងៃទី១០ខែកក្កដាម្សិលមិញ ដោយចោទពួកគេថា ព្យាយាមលួចឆ្លងកាត់ព្រំដោយខុសច្បាប់ដើម្បីស្វែងរកការងារធ្វើ។​

អនុប្រធានក្រុមប្រឹក្សារដ្ឋបាលខេត្តស្រះកែវ និងជាអតីតមេបញ្ជាការកងពលថៃ ប្រចាំខេត្តស្រះកែវ​ លោក ថោងវ៉ារ៉ាម៉ាក ម៉ាខុន បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៍មានវិអូឌីនៅថ្ងៃនេះថា ប្រជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ទាំងអស់នោះត្រូវបានអជ្ញាធរថៃបន្តឃុំឃាំងនៅអធិការដ្ឋានខេត្តស្រះកែវនៅឡើយ។ លោក បន្តថាខាងអាជ្ញាធរកម្ពុជាមិនទាន់បានទំនាក់ទំនងមកអាជ្ញាធរថៃដើម្បីដោះស្រាយ និងធ្វើកិច្ចព្រមព្រៀងគ្នាជាមួយប្រជាជនដែលឆ្លងព្រំដែនខុសច្បាប់នៅឡើយមកដល់ពេលនេះ។

នៅព្រឹកថ្ងៃទី ១០ ខែកក្តដា ឆ្នាំ២០២០ កាសែតបាងកកប៉ុស្តិ៍របស់ថៃបានចុះផ្សាយថា ប្រជាពលរដ្ឋខ្មែរចំនួន៥៩នាក់ត្រូវអាជ្ញាធរថៃចាប់ខ្លួន ក្រោយពីពួកគេទាំងអស់នោះបានប្រមូលផ្តុំគ្នានៅក្នុងស្រុកតាប្រាយ៉ានៃខេត្តស្រះកែវរបស់ប្រទេសថៃ ដោយពួកគេកំពុងធ្វើដំណើរទៅធ្វើការនៅក្នុងប្រទេសថៃដោយខុសច្បាប់។

ការចុះផ្សាយដដែលនោះបានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋខ្មែរចំនួន៥៩នាក់ខាងលើ មានស្ត្រីចំនួន ២៥ នាក់។ ប្រជាពលរដ្ឋខ្មែរដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួននោះ បានរៀបរាប់ថា ការចូលមកនេះ គឺពួកគេបានបង់ប្រាក់ឲ្យក្រុមជួយរត់ការ(មេខ្យល់) ចំនួន៣ពាន់បាត ក្នុងម្នាក់ដើម្បីបានចូលទឹកដីថៃរកការងារធ្វើ។

ឧត្តមសេនីយ៍ទោ Tharapong Malakham បានថ្លែងក្នុងកាសែតបាងកកប៉ុស្តិ៍ថា ប្រជាពលរដ្ឋខុសច្បាប់ទាំងនេះប្រហែល ចេញពីចក្រប៉ោយប៉ែត ខេត្តបន្ទាយមានជ័យតាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជាថៃ ត្រង់ចំណុចត្រួតពិនិត្យបន្ទាត់ព្រំដែនលេខ ១៤ និង១៥។

លោកថ្លែងថា ៖បច្ចុប្បន្នជនជាតិខ្មែរទាំងនោះត្រូវបានបញ្ជូនទៅឃុំឃាំងនៅឯអធិការដ្ឋាននគរបាលស្រុកតាប្រាយ៉ា​ (Ta Phraya​ Police Station)ខេត្តស្រះកែវ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ