អគ្គនាយកដ្ឋានពន្ធដារប្រកាសថា ក្នុងរយៈពេល៦ខែឆ្នាំ២០២០នេះនេះ ចំណូលពន្ធអាករដែលប្រមូលបានហើយដាក់បញ្ចូលក្នុងថវិកាជាតិ មានចំនួនជាង១៦០០លានដុល្លារ ដែលចំនួននេះកើនឡើង១២ភាគរយ។
នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០អគ្គនាយកដ្ឋានពន្ធដារបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលពន្ធប្រចាំខែមិថុនា និងឆមាសទី១ឆ្នាំ២០២០បានឲ្យដឹងថា អគ្គនាយកដ្ឋានទទួលបានចំណូលប្រមាណជាង១ ៦៨៤ លានដុល្លារអាមេរិក ស្មើនឹងប្រមាណជិត៦០ភាគរយ នៃផែនការប្រចាំឆ្នាំ ហើយបើធៀបនឹងរយៈ ៦ខែដំបូងឆ្នាំ២០១៩ គឺមានការកើនឡើង១២ភាគរយ។
របាយការណ៍ដដែលបានបង្ហាញថា ចំណូលពីប្រភេទពន្ធ០២ នៅរក្សាកំណើនគួរឱ្យកត់សម្គាល់ក្នុងនោះ អាករលើតម្លៃបន្ថែមចំនួន ១ ៣៨៥,០៦ប៊ីលានរៀល ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើង ៦៣,៧៩ ប៊ីលានរៀល ប្រមាណ៤,៨ភាគរយ និងពន្ធលើប្រាក់ចំណូលចំនួន ២ ៧១០,១៨ប៊ីលានរៀល ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើង ៥០៧,២៦ ប៊ីលានរៀល ប្រមាណ២៣ភាគរយ។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារមានប្រសាសន៍ថា ដើម្បីធានានូវប្រសិទ្ធភាព ក្នុងការអនុវត្តការប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ ចំនួនប្រមាណ ១១ ៥៤៣,៣១ ប៊ីលានរៀល (ប្រមាណ ២ ៨៨៥,៨៣ លាន ដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតនូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល៕