មន្ត្រី​​សិទ្ធិ​មនុស្ស​​ថា​ សកម្មជន​​ព្រៃ​ឈើ​៧​នាក់​​នៅ​​រតន​គិរី​​គេច​​ចេញ​ពី​​ភូមិ​​ក្រោយ​​រង​​ការ​​គំរាម​កំហែង​​

ក្រុមពលរដ្ឋដែលត្រូវបានអះអាងថា បានទៅឡោមព័ទ្ធផ្ទះលោក ឆន ផល្លា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្សអាដ​ហុក អះអាង​ថា សកម្មជន​ព្រៃឈើ ៧នាក់​នៅខេត្ត​រតនគិរី បាន​រត់គេច​ចេញពី​ភូមិ​ដោយ​បារម្ភ​ពី​សុ​វត្ថិភាព ក្រោយ​រង​ការ​គំរាមកំហែង​ពី​បុគ្គល​មួយចំនួន ដែល​ជាប់​ឈ្មោះ​នៅក្នុង​បណ្ដឹង​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្សអាដ​ហុក លោក ស៊ឹង សែន​ករុណា បានឱ្យ​ដឹង​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន គឺ​កាលពី​ម្សិលមិញ​នេះ សកម្មជន​ព្រៃឈើ ៧នាក់ ដែល​សកម្ម​ក្នុង​ការ​រាយការណ៍ និង​បាន​ដាក់ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​មន្ត្រី​អាជ្ញាធរ និង​ពលរដ្ឋ​មួយចំនួន​នៅ​ខេត្ត​រតន​គិរី​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ទៅ​តុលាការ​នោះ បាន​នាំគ្នា​រត់គេច​ចេញពី​ភូមិ​ទៅ​កន្លែង​មាន​សុ​វត្ថិភាព ក្រោយ​ពួក​គេ​រង​ការ​គំរាមកំហែង។

លោក ស៊ឹង សែន​ករុណា បន្ថែម​ថា កាលពី​ថ្ងៃទី៨ ខែ​កក្កដា សកម្មជន​ព្រៃឈើ​ម្នាក់​ឈ្មោះ ឆន ផល្លា ត្រូវ​បាន​គេ​ព្រួត​គ្នា​វាយ​នៅចំពោះមុខ​អាជ្ញាធរ​ក្នុង​វេទិកាសាធារណៈ​មួយ ក្រោយពី​បុរស​រូប​នេះ​ឡើង​ថ្លែងប្រាប់​អាជ្ញាធរ​ពី​ការ​រីក​រាលដាល​នៃ​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្តរតនគិរី។

អ្នក​សិទ្ធិមនុស្ស​រូប​នេះ ឱ្យ​ដឹង​ទៀត​ថា ក្រៅពី​លោក ឆន ផល្លា រង​អំពើ​ហិង្សា ​សមាជិក​សកម្មជន​ព្រៃឈើ​ផ្សេងទៀតក៏​រង​ការ​គំរាមកំហែង​ដែរ ដោយ​សន្តិសុខ​ភូមិ​បាន​ទៅ​រករឿង។ លោក ស៊ឹង សែន​ករុណា បាន​ចាត់ទុក​ករណីនេះ​ថា ជា​ការប្រើ​អំពើ​ហិង្សា​ដោយចេតនា ដែល​សមត្ថកិច្ច​ត្រូវតែ​ចាត់វិធានការ និង​ផ្តន្ទា​ទោស​ជន​ប្រើ​អំពើ​ហិង្សា​នោះ​ទៅតាម​ផ្លូវច្បាប់។

លោក ស៊ឹង សែន​ករុណា បន្ថែម​ថា៖ «សន្តិសុខ​ភូមិ​ផ្សេង​ៗបាន​ទៅ​រករឿង​ឈ្មោះ​អ្នក​ដែល​បាន​ចូលរួម​ប្តឹង​ជាមួយ​លោក ឆន ផល្លា និង​សហគមន៍​ផ្សេងទៀត​ដែល​បាន​ប្តឹង​អំពី​ការ​បំផ្លិច​បំផ្លាញ​ព្រៃឈើ កាប់​រាន​យក​ដី​រដ្ឋដែល​ជា​អំពើខុស​ច្បាប់​ទាំងអស់​ហ្នឹង ត្រូវ​បាន​គេ​គំរាមកំហែង​ពួក​គាត់​រហូតដល់​ពួក​គាត់​អត់​ហ៊ាន​នៅផ្ទះ។ គាត់​បាន​រត់គេច​ខ្លួន​ចេញពីផ្ទះ​ទៅ​រក​កន្លែង​សុ​វត្ថិភាព​ជាដើម​ហ្នឹង។ អ៊ីចឹង វា​ជា​រូបភាព​មួយ​ដ៏​អាក្រក់​ណាស់។ អាជ្ញាធរ​ត្រូវតែ​ធ្វើការ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​នៅក្នុង​រឿង​ហ្នឹង ហើយ​ចាត់វិធានការ និង​ដាក់ទោស​ទៅតាមច្បាប់​ប្រទេស​យើង»។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្សអាដ​ហុក​រូប​នេះ បានឱ្យ​ដឹង​ទៀត​ថា សកម្មជន​ព្រៃឈើ​លោក ឆន ផល្លា និង​សមាជិក​ក្រុម​គ្រួសារ បាន​ប្តូរ​កន្លែង​ព្យាបាល​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្ថិតនៅ​រាជធានី​ភ្នំពេញ​ ដោយសារ​បារម្ភ​ពី​សុ​វត្ថិភាព​របស់​ពួក​គេ។

លោក ខាំ នីន ដែល​ជាស​មា​ជិ​កសហគមន៍​ម្នាក់​មក​ពី​ភូមិ​សា​មុ​ត្រ​ក្រោម គឺ​ស្ថិតនៅ​ក្នុងចំណោម​សកម្មជន​ព្រៃឈើ​ទាំង ៧នាក់​នោះ បាន​ប្រាប់​ថា ពួក​គាត់​បានសម្រេច​ចាកចេញ​ពី​ភូមិ​មួយ​រយៈ​ដោយសារ​បារម្ភ​ពី​សុវត្ថិភាព ក្រោយពី​សន្តិសុខ​ភូមិ ១០នាក់ បាន​ចុះ​ឃ្លាំមើល​រូប​គាត់ និង​តាម​រក​រូបលោក​ដល់​ផ្ទះ​ជាច្រើន​ដងដោយ​មិនបាន​ប្រាប់​មូលហេតុ។ ប៉ុន្តែ លោក​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​ទីតាំង​ជាក់លាក់​ដែល​លោក និង​សកម្មជន​ព្រៃឈើ​ដទៃទៀត កំពុង​ស្នាក់នៅ។

លោក ខាំ នីន ប្រាប់​ថា៖ «ខ្ញុំ​អត់​ដឹង​ថា គេ​មករ​កខ្ញុំ​ទេ គម្រោង​ខ្ញុំ​តិច​ទៀត​ខ្ញុំ​ទៅផ្ទះ​ហើយ ប៉ុន្តែ កូន​ខ្ញុំ​តេ​ប្រាប់​ថា ប៉ា​អើយ​ពួក​សន្តិសុខ​ភូមិ​គេ​មករ​កប៉ា​ឯង។ អ៊ីចឹង​ហើយ​ខ្ញុំ​បារម្ភ​សុ​វត្ថិភាព ព្រោះ​ក្រុម​អាជ្ញាធរ​គេ​ចង់​ធ្វើបាប។ ខ្ញុំ​មិនដឹង​ថា គម្រោង​គេ​ចង់​ធ្វើ​យ៉ាងម៉េច​ចំពោះ​ខ្ញុំ​ទេ»។

មេភូមិ​សា​មុ​ត្រ​ក្រោម លោក ខំា ផសាវ៉ា​ត សុំ​មិន​ធ្វើ​អធិប្បាយ​លើ​រឿង​នេះ​ទេ ដោយ​ប្រាប់​ថា លោក​កំពុង​មានទុក្ខ​ ព្រោះ​កូនស្រី​របស់​លោក​បាត់បង់ជីវិត។

ស្នងការ​នគរបាល​ខេត្តរតនគិរី លោក យិន ចំណាន បាន​ច្រានចោល​នូវ​ការ​អះអាង​ថា មាន​គេ​ប្រើ​អំពើ​ហិង្សា​លើ​លោក ឆន ផល្លា និង​ឡោមព័ទ្ធ​ផ្ទះ​របស់​គាត់​ពីសំណាក់​ក្រុម​អ្នកភូមិ និង​កងកម្លាំង​នគរបាល។ លោក​ថា ព័ត៌មាន​នេះ​មិន​ពិត និង​គ្មាន​ការប្រើ​អំពើ​ហិង្សា ឬគំរាមកំហែង​ណាមួយ​ទៅលើ​លោក ឆន ផល្លា ដូច​ការ​លើកឡើង​ឡើយ ហើយ​ថា សមត្ថកិច្ច​ក៏​គ្មាន​វិធានការ​អ្វី​ដែរ។

លោក យិន សំណាង បន្ថែម​ថា៖ «គ្មាន​ពីណា​ទៅ​វាយដំច្រំធាក់​គាត់​ទេ។ គាត់​ចេះតែ​ប្រាប់​អ្នកសារព័ត៌មាន​អញ្ចេះ​អញ្ចុះ​ថា មានការ​ប្រើ​អំពើ​ហិង្សា​ទៅលើ​គាត់ រឿង​ហ្នឹង​មិន​ពិត​ទេ។ គ្មាន​រឿង​អីចឹង​កើតឡើង​ទៅលើ ឆន ផល្លា ហ្នឹង​ទេ»។

ក្នុង​លិខិត​វិញ្ញា​បន​បត្រ​សុខភាព​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​រតន​គិរី លោក​វេជ្ជបណ្ឌិត ហ៊ួ​ត ចិន្តា បានឱ្យ​ដឹង​ថា លោក ឆន ផល្លា បាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កាលពី​ថ្ងៃទី៨ ខែ​កក្ក​ដា។ វេជ្ជបណ្ឌិត​រូប​នេះ អះអាង​ក្នុង​លិខិត​ពិនិត្យ​សុខភាព​នោះ​ថា ក្រោយ​ពិនិត្យ​លើ​លោក ឆន ផល្លា រួច គឺ​គ្មាន​របួស​ស្លាកស្នាម​អ្វី​នោះ​ទេ ប៉ុន្តែ មាន​ជំងឺ​ប្រចាំ​កាយ​ដូចជា​ជំងឺលើសឈាម និង​ជំងឺ​ទឹកនោមផ្អែម។

កាលពី​ម្សិលមិញ​នេះ ស្នងការ​នគរបាល​ខេត្តរតនគិរី ក៏បាន​ចេញ​លិខិត​បំភ្លឺ​មួយ​ផង​ដែរ ដោយ​បាន​បដិសេធ​ចំពោះ​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​វី​អូ​ឌី​ខ្មែរ ដែល​ចុះផ្សាយ​ថា លោក ឆន ផល្លា ត្រូវ​គេ​វាយ​ចំពោះមុខ​សមត្ថកិច្ច​ក្នុង​កម្មវិធី​វេ​ទិ​កា​សាធារណៈ​មួយ​នៅ​ខេត្តរតនគិរី។

នគរបាល​ខេត្តរតនគិរី​លើកឡើង​ថា អ្នកយកព័ត៌មាន​របស់​វី​អូ​ឌី ប្រមូល​ព័ត៌មាន​មិន​គ្រប់ជ្រុងជ្រោយ និង​យក​ព័ត៌មាន​តែមួយ​ជ្រុង គ្មាន​មូលដ្ឋាន និង​ភស្តុតាង​ច្បាស់លាស់។

ទោះជាយ៉ាងណា ថ្ងៃកើតហេតុ​នោះ វី​អូ​ឌី​បាន​សុំ​ការ​បញ្ជាក់​ពីអ​ភិបាល​ស្រុក​លំផាត់ លោក នូ ថេរ ដែរ ប៉ុន្តែ លោក​សុំ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ទេ ដោយ​តម្រូវ​ឱ្យ​ចុះ​ដល់កន្លែង​កើតហេតុ​ផ្ទាល់។

ចំណែក​មេភូមិ​សា​មុ​ត្រ​ក្រោម លោក ខំា ផសាវ៉ា​ត ដែល​ចូលរួម​វេទិកា​នោះ​ដែរ បាន​អះអាង​ថា ពលរដ្ឋ ៤ភូមិ​នៅ​តំបន់​នោះ​មិន​ពេញចិត្ត​ទង្វើ​របស់​លោក ឆន ផល្លា នោះ​ទេ ដោយ​ថា បុរស​នោះ​បាន​ប្តឹង​គេ​គ្រប់គ្នា។

មេភូមិ​រូប​នេះ អះអាង​ទៀត​ថា វេទិកាសេរី​នេះ អាជ្ញាធរ​មិនបាន​អញ្ជើញលោក ឆន ផល្លា មក​ចូលរួម​ទេ តែ​លោក​ថា លោក ឆន ផល្លា បាន​មក​ចូលរួម​ដោយខ្លួនឯង ហើយ​ឡើង​និយាយ​ខុស​ប្រធានបទ រិះគន់​រឿង​បទល្មើស​ព្រៃឈើ និង​យក​ទូរសព្ទ​ថត​មុខ​អភិបាលស្រុក មេ​ប៉ុស្តិ៍ ក្នុង​វេទិកា ​ធ្វើ​ឱ្យ​អ្នកភូមិ​ផ្ទុះ​កំហឹង។

បើ​លិខិត​បំភ្លឺ​របស់​ស្នងការ​នគរបាល​ខេត្តរតនគិរី ករណី​គេ​ប្រើ​អំពើ​ហិង្សា​លើ​លោក ឆន ផល្លា និង​ការ​គំរាមកំហែង​លើ​សកម្ម​ជន​ព្រៃឈើ​ផ្សេងទៀត​នេះ មានការ​អន្តរាគមន៍​ពី​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុកការ​ងារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផង​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ