ពលរដ្ឋ​ជាង​១០០​នាក់​មក​ពី​ខេត្ត​កំពង់ឆ្នាំង​រក​កិច្ច​អន្តរា​គមន៍​ពី​រដ្ឋា​ភិបាល​ឱ្យ​ជួយ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​​ជា​មួយ​​យោធា​

ក្រុម​ពលរដ្ឋ​​មក​ពី​ខេត្ត​កំពង់ឆ្នាំង ប្រមូល​ផ្ដុំ​នៅ​ឯ​ទីស្ដីការ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២០។ (ផ្ដល់​ឱ្យ)

ប្រជាពលរដ្ឋជាង ១០០នាក់មក​ពី​ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង អះអាងថា ពួកគេបារម្ភខ្លាចបាត់បង់ដីជាង ៨០០​ហិកតា ដែលបានអាស្រ័យផលយូរឆ្នាំហើយ បើរដ្ឋាភិបាលមិនជួយអន្តរាគមន៍ទាន់ពេលទេនោះ។

ប្រជាពលរដ្ឋជាង ១០០នាក់ តំណាង​ឱ្យ​អ្នក​ភូមិ​ជាង ៣០០​គ្រួសារ​នៅភូមិប៉ាតឡាង ឃុំក្រាំងលាវ បាននាំគ្នាឡើងមកដាក់ញត្តិនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ នៅថ្ងៃនេះ ហើយ​ស្នើ​ឱ្យជួយដោះស្រាយបញ្ហាដីធ្លី ដែលពួកគេអះអាងថា ត្រូវ​កងទ័ពអាកាសប្រចាំការនៅតំបន់ព្រលានយន្តហោះធ្វើរបងព័ទ្ធផ្ទះ និង​ដីស្រែដោយមិនដោះស្រាយសំណងឱ្យពួកគេ។

បន្ទាប់ពីដាក់ញតិនៅក្រសួងរៀបចំដែនដី​ហើយ​ ​ពលរដ្ឋ​ម្នាក់​មកពី​ភូមិប៉ាតឡាង លោក អ៊ិន ស៊ីវ៉ាន ប្រាប់វីអូឌី​ថា ដីស្រែ​ និង​ដី​ភូមិ​ទំហំ​ជាង ៨០០​ហិកតា​ ដែល​ស្ថិត​នៅ​ជាប់​នឹង​ទីតាំង​ព្រលាន​យន្តហោះ​សម័យ​ខ្មែរ​ក្រហម​នោះ បាន​រស់​នៅ​លើ កាន់​កាប់ និង​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​១៩៨១។

អ្នក​ភូមិ​រូប​នេះ អាះ​អាង​ថា ​មេ​បញ្ជាការ​កង​ទ័ព​ជើង​អាកាស​ខេត្ត​កំពង់ឆ្នាំង លោក កែវ វណ្ណដេត បាន​ធ្វើ​របង​ហ៊ុំ​ព័ទ្ធ​ដី​ស្រែ និង​ដី​ភូមិ​របស់​ពួកគាត់​ដោយ​មិនដោះស្រាយសំណងឱ្យពួកគាត់នោះទេ។

លោកបន្តថា កងព័ទអាកាសបានធ្វើរបងព័ទ្ធផ្ទះនឹងដីស្រែរបស់ប្រជាពលរដ្ឋកាលពីខែមេសា ឆ្នាំ២០១៩ ដោយមិនបានបង្ហាញផែនការ ឬគម្រោងឱ្យប្រជាពលរដ្ឋបានដឹងនោះឡើយ។

លោក អ៊ិន ស៊ីវ៉ាន ស្នើរដ្ឋាភិបាលជួយអន្តរាគមន៍ចំពោះរឿងនេះ បើមិនបានដូច្នេះទេ លោកថា បាត់បង់ដីផ្ទះ និង​ដីស្រែរបស់​ពួកគាត់ ដោយសារ បច្ចុប្បន្ន អាជ្ញាធរខេត្តកំពង់ឆ្នាំងមិនបានធ្វើប្លង់កម្មសិទ្ធិឱ្យនោះទេ បើទោះបីជាពួកគាត់រស់នៅ និងអាស្រ័យលើជាច្រើន​ឆ្នាំ​ក៏​ដោយ។

 លោក អ៊ិន ស៊ីវ៉ាន ប្រាប់ថា៖ «ប្រជាពលរដ្ឋក្នុងភូមិគាត់ចង់បានប្លង់កម្មសិទ្ធិដីធ្លី ព្រោះប្រជាពលរដ្ឋទូទាំងប្រទេសគេមានអស់ហើយ។ អ៊ីចឹងគាត់មានទុកកង្វក់​​កាលពីគេធ្វើរបងហើយជាដីរបស់គេហើយ អ៊ីចឹងប្រជាពលរដ្ឋដីដែលខ្លួនកាន់កាប់​ទៅជាដីរបស់គេអស់ហើយ។ អ៊ីចឹងគាត់អត់មានអីទេ បាតដៃទទេហើយ ព្រោះគាត់អត់មានដំណោះស្រាយអីឱ្យផង។ ការសង់ក៏អត់មានប្រាប់អីប្រជាពលរដ្ឋជាសាធារណផង ​អត់មានបង្ហាញប្លង់គោល ឬខាងរដ្ឋាភិបាលប្រាប់អីក៏អត់»

ពលរដ្ឋម្នាក់ទៀតលោក ផន សាយ លើកឡើថា អ្នកភូមិបានរស់នៅនិងអាស្រ័យផលលើដីនេះរយៈពេល៤០ ឆ្នាំមកហើយ។ លោកស្នើទៅរដ្ឋាភិបាលឱ្យជួយអន្តរាគមន៍ ដោយថា រាល់ថ្ងៃពួកគាត់ខ្លាចបាត់បង់ដីធ្លីរស់នៅ និងអាស្រ័យផល ខណៈដែលកន្លងមករឿងនេះធ្លាប់កើតឡើងចំពោះអ្នកភូមិនៅជាប់នោះរួចហើយ។

លោក ផន សាយ ប្រាប់ថា៖ «បារម្ភខ្លាច់បាត់ដី ព្រោះក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់រស់នៅពឹងផ្អែកទាំងស្រុង លើផ្នែកកសិកម្ម និងលំនៅឋាន បើយើងអត់ផ្ទះ អត់ដីតើឱ្យខ្ញុំទៅនៅណា ទៅរកស៊ីអី យើងរាល់ថ្ងៃមុខបបរចិញ្ចឹមខ្លួន ចិញ្ចឹមគ្រួសារ ​ពឹងផ្អែកធ្វើស្រែហ្នឹងហើយ»។​

លោក ផន សាយ បន្តថា កន្លងមក ពួកគាត់បានរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តឱ្យជួយដោះស្រាយដែរ ប៉ុន្តែ អាជ្ញាធរមិនមានដំណោះស្រាយ ទើបពួកគាត់នាំគ្នាឡើងមករាជធានីភ្នំពេញ ដើម្បីសុំឱ្យរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជួយអន្តរាគមន៍ ដោយចេញប្លង់សិទ្ធិដីធ្លីដល់ពួកគាត់។​

វីអូឌីមិនអាសុំការអត្ថាធិប្បាយពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល ក្រោយ​ពី​អ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត សុំមិនធ្វើអត្ថាធិប្បាយ ដោយលោកថា ជាប់រវល់ប្រជុំ។

វីអូឌីមិនអាសុំការអត្ថាធិប្បាយពីអភិបាលរងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ បានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល។

មន្ត្រីសម្របសម្រួលសមាគមន៍អាដហុកប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា ជំរុញឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីកុំឱ្យប្រជាពលរដ្ឋឡើងមកតវ៉ាម្ដងហើយម្ដងទៀត។

លោក សំ ចាន់គា ប្រាប់ថា៖ «រដ្ឋាភិបាល ជាពិសេសអាជ្ញាធរ គួរតែប្រកាសប្រាប់ អំពីតំបន់ដែលត្រូវអភិវឌ្ឍន៍​ ឬតំបន់ដែលត្រូវដកហូតយកទៅធ្វើជាសម្បត្តិសាធារណៈ ។ គួរតែពិនិត្យមើលរកដំណោះស្រាយ​តាមរដ្ឋធម្មនុញ្ញក៏ដូចជាច្បាប់ភូមិ​។ យើងមិនគួរធ្វើស្ងាត់ៗ ធ្វើឱ្យមានការច្របូកច្របល់​ យើងគួរតែប្រកាសជាផ្លូវការទៅ ហើយអ្នកដែលពាក់ព័ន្ធត្រូវបា្រប់អ្វីដែលរដ្ឋាភិបាលចង់បាននោះ»

លោក អ៊ិន ស៊ីវ៉ាន អះអាងថា ក្រោយពីតវ៉ា​ប្រហែល ១​ម៉ោង មន្ត្រីក្រសួងដែនដីបានចេញមកទទួលញត្តិពីពួកគាត់ ប៉ុន្តែ មិនបានសន្យាថា នឹងដោះស្រាយពេលណានោះទេ។ លោក អ៊ិន ស៊ីវ៉ាន អះអាងថា កងទ័ពអាកាសប្រចាំការនៅតំបន់ព្រលានយន្តហោះខេត្តកំពង់ឆ្នាំង បានសាងសង់របងព័ទ្ធប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង ១៥០​គ្រួសារ និង​ពលរដ្ឋ ២០០​គ្រួសារ​ទៀត ប៉ះពាល់ដី​ស្រែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ