បួនឆ្នាំហើយដែលលោក កែម ឡី ឃ្លាតពីផែនដីទៅ។ លោកត្រូវឃាតករបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ ពេលវេលាកន្លងទៅមែន តែការចងចាំចំពោះរូបលោកនៅតែដក់ជាប់ក្នុងសន្ដានចិត្តអ្នកគាំទ្រ និងសាច់ញាតិរបស់លោកនៅឡើយ។
កំពុងអង្គុយជជែកជាមួយម្តាយរបស់ខ្លួនក្នុងរោងដែលសង់នៅពីមុខចេតិយ លោក កែម រិទ្ធិសិត ជាប្អូនប្រុសបង្កើតរបស់លោក កែម ឡី និងជាប្រធានគណបក្សខ្មែរតែមួយ បានប្រាប់ថា ជារៀងរាល់ថ្ងៃ ពលរដ្ឋខ្មែរជាច្រើននាក់បានចូលមកហូរហែ ដើម្បីគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី។ លោកថា អ្នកផងមកគោរពផ្នូរព្រោះតែគេយល់តម្លៃនៃការលះបង់របស់លោកបណ្ឌិត កែមឡី ដែលហ៊ានលាតត្រដាងការពិតក្នុងសង្គម។
លោក កែម រិទ្ធិសិត មានប្រសាសន៍ថា៖ «តាំងពីមុនកូវីដមក មានមនុស្សចូលមកច្រើនហូរហែរមក ខ្ញុំមិនបានរាប់ថាប៉ុន្មាននាក់ទេក្នុងមួយថ្ងៃៗ។ គេចូលមកលេង ចូលមកអុជធូប សួរសុខទុក្ខយាយ[ម្ដាយ]។ ពលរដ្ឋស្រឡាញ់លោកបណ្ឌិត ព្រោះតែគាត់លះបង់ខ្ពស់ដើម្បីសង្គមជាតិ»។
សព្វថ្ងៃនេះ លោក រិទ្ធិសិត ជាសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី។ លោកអះអាងថា លោកកំពុងរស់នៅមើលថែម្ដាយជរាក្នុងបរិវេណចេតិយបណ្ឌិត កែម ឡី។
ម្ដាយរបស់សពលោក កែម ឡី គឺអ្នកស្រី ភោគ សេ នៅឆ្នាំនេះមានអាយុ ៧៩ឆ្នាំហើយ។ អ្នកស្រីថ្លែងប្រាប់វីអូឌីថា សុខភាពរបស់គាត់មិនអំណោយផលឡើយ ម្ដងឈឺម្ដងជាតាមជរាភាព។ អ្នកស្រីបន្ថែមថា គាត់នឹកកូនគាត់ទាំងយប់ទាំងថ្ងៃ តាំងពីកូនរបស់គាត់ត្រូវគេសម្លាប់។
អ្នកស្រី ភោគ សេ បាននិយាយទាំងសំឡេងអួលដើមកថា៖ «នឹកកូន! នឹកមិនដឹងនិយាយថាម៉េចទេ តែនឹក។ នឹកចៅ [កូនលោក កែម ឡី] តែសំខាន់វារស់នៅបានសុខបានហើយ។»
បើតាមការអះអាងរបស់ម្ដាយ និងប្អូនលោក កែម ឡី បុណ្យខួបបួនឆ្នាំរបស់សពលោក កែម ឡី នឹងត្រូវធ្វើមួយព្រឹកប៉ុណ្ណោះ គឺថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នាភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ការបង្រួមពិធីបុណ្យនេះ គឺដោយសារស្ថានភាពជំងឺកូវីដ១៩ និងមិនមានប្រាក់កាសបរិបូណ៌។
អ្នកស្រីថា បុណ្យនេះ អ្នកស្រីប្រាប់តែញាតិក្នុងភូមិផងរបងជាមួយប្រមាណជា ១០០នាក់ប៉ុណ្ណោះ។ ទោះបីជាពិធីបុណ្យដែលត្រូវធ្វើឡើងតែមួយព្រឹកក៏ដោយ ក៏អ្នកស្រី ភោគ សេ នៅតែអំពាវនាវដល់សាធារណជនដែលគោរពស្រឡាញ់លោក កែម ឡី ចូលរួមពិធីបុណ្យនោះ។
អ្នកស្រីមានប្រសាសន៍ថា៖ «នាំគ្នាមក! ចូលរួមមក! ទិញនំបញ្ចុកត្រៀមច្រើនណាស់»។
កាលពីថ្ងៃទី០៦ ខែកក្កដា នៅម៉ោងប្រមាណជា ១២ថ្ងៃត្រង់ ពេលដែលក្រុមអ្នកសារព័ត៌មានវីអូឌី កំពុងតែសម្ភាសជាមួយម្តាយ និងប្អូនប្រុសលោក កែម ឡី យុវជនមួយក្រុមមានគ្នា ៤នាក់បានជិះម៉ូតូចំនួន ២ចូលមកក្នុងបរិវេណគេហដ្ឋានអ្នកស្រី ភោគ សេ។
យុវជនទាំងនោះបានលើកដៃសំពះសួរក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ហើយបានជជែក និងបានសាកសួរសុខទុក្ខ និងថតរូបជាមួយម្តាយលោកបណ្ឌិត កែម ឡី បន្ទាប់ពីគាត់បានបញ្ចប់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។
នៅក្នុងរោងនៅពីមុខចេតិយលោកបណ្ឌិត កែម ឡី មានកន្លែងអុជធូបមួយដែលដាក់សម្រាប់អ្នកដែលទៅគោរពវិញ្ញាណក្ខន្ធលោក។ ម្តាយលោក កែម ឡី បានប្រាប់លោក កែម រិទ្ធិសិត ឱ្យទៅរកដែកកេះ ព្រោះក្រុមយុវជនទាំងនោះបានសួររក ដើម្បីយកទៅអុជធូបគោរពវិញ្ញាណក្ខន្ធលោក។
ក្រុមយុវជនទាំងនោះបានអះអាងថា ការហ៊ាននិយាយការពិត លាតត្រដាងពីបញ្ហាសង្គម ជាវីរភាពរបស់លោក កែម ឡី ដែលជាហេតុធ្វើឱ្យពួកគេធ្វើដំណើរពីឆ្ងាយដោយមិនគិតពីការនឿយហត់ និងចំណាយថវិកាផ្ទាល់ខ្លួន។
យុវតីវ័យ ១៨ឆ្នាំ មកពីខេត្តកំពង់ចាម កញ្ញា ជា គន្ធីន រៀបរាប់ថា នាងមិនដែលជួបលោក កែម ឡី ម្ដងណាទេកាលលោកនៅរស់។ ប៉ុន្តែ នាងតែងតែបានស្ដាប់សំឡេងរបស់លោក កែម ឡី តាមវិទ្យុដែលឪពុកនាងតែងតែបើកស្ដាប់ជារៀងរាល់ថ្ងៃតាំងពីពេលដែលខ្លួនរៀនថ្នាក់ទី៩។
កញ្ញាបញ្ជាក់ថា នាងនៅតែចាំជានិច្ចនូវប្រសាសន៍របស់លោក កែម ឡី ដែលហ៊ាននិយាយជាសាធារណៈ លាតត្រដាងបញ្ហាអសកម្មនៅក្នុងសង្គម និងនយោបាយកម្ពុជា ។
និស្សិតឆ្នាំទី១រូបនេះ បានប្រាប់ទៀតថា៖ «ការដែលគាត់ហ៊ាននិយាយការពិតហ្នឹងហើយជាអ្វីដែលយុវជនគួរយកជាគំរូតាម។ ក្នុងនាមជាយុវជន ខ្ញុំមិនអាចបំភ្លេចគាត់បានទេ ខ្ញុំនៅតែចងចាំគាត់ និងចង់បានយុត្តិធម៌សម្រាប់គាត់»។
ទន្ទឹមនឹងនេះ អ្នកគាំទ្រម្នាក់ទៀតវ័យ ២៥ឆ្នាំ លោក មួង សុភ័ក្ត្រ លើកឡើងថា លោកបានព្យាយាមរៀនសូត្រ និងដើរតាមគំរូរបស់លោក កែម ឡី បើទោះជាចំណេះដឹង និងលទ្ធភាពរបស់ខ្លួននៅស្តួចស្ដើងក៏ដោយ។
អតីតជាងឡានរូបនេះបាននិយាយថា ដោយមើលឃើញពីវីរភាពរបស់បណ្ឌិត កែម ឡី ពីការហ៊ាននិយាយមិនខ្លាចអ្នកមានអំណាច ទើបធ្វើឱ្យលោកសម្រេចចិត្តលះបង់ការងារ និងធ្វើការងារសង្គមវិញ។
លោក មួង សុភ័ក្ត្រ៖ «ខ្ញុំចងចាំវីរភាពរបស់គាត់គ្មានថ្ងៃភ្លេចទេ គាត់ជាមនុស្សដែលក្លាហានហ៊ានរូតវាំងននសង្គម។»
រយៈពេល ២ឆ្នាំចុងក្រោយនេះ ពលរដ្ឋដែលចង់រំលឹកខួបនៃព្រឹត្តិការណ៍បាញ់សម្លាប់លោក កែមឡី នៅបរិវេណទីតាំងកើតហេតុនោះ មិនងាយស្រួលប៉ុន្មានទេ។ កាលពីឆ្នាំទៅ យុវជន ២នាក់ គឺសួង នាគព័ន្ធ និង គង់ រ៉ៃយ៉ា ត្រូវបានអាជ្ញាធរចាប់ដាក់គុក បន្ទាប់ពីលក់អាវយឺតដែលមាន សរសេរអក្សរដែលសម្រង់ប្រសាសន៍លោក កែម ឡី ថា «ទោះជាអ្នកមិនធ្វើអីសោះក៏រងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ»។
អាជ្ញាធរបក្សកាន់អំណាចចោទយុវជនទាំង២ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ បច្ចុប្បន្ន យុវជនទាំងពីរបានភៀសខ្លួនទៅរស់នៅក្រៅប្រទេស។
លោក គង់ រ៉ៃយ៉ា ថ្លែងប្រាប់វីអូឌីពីក្រៅប្រទេសថា លោកគ្មានស្ដាយស្រណោះបន្តិចសោះឡើយ បើទោះជាត្រូវអាជ្ញាធរចាប់ដាក់គុកអស់ជាច្រើនខែព្រោះតែរំលឹកពីលោក កែម ឡី ក៏ដោយចុះ។
លោកបញ្ជាក់ថា អ្នកចេះដឹងនៅស្រុកខ្មែរមានច្រើន តែអ្នកចេះដឹងដែលមានឥរិយាបថដូចលោក កែម ឡី ពិបាករកណាស់។
លោក គង់ រ៉ៃយ៉ា៖ «នៅស្រុកខ្មែរមានអ្នកចំណេះដឹងខ្ពង់ខ្ពស់ជាងលោកបណ្ឌិត កែម ឡី និងប្រហាក់ប្រហែលមានច្រើន ប៉ុន្តែ អ្នកដែលហ៊ាននិយាយការពិតហ្នឹងមិនមានទេ អីចឹងហើយគាត់គឺជាវីរជនមួយរូបដែលពលរដ្ឋខ្មែរគួរយកគំរូតាមគាត់ ដើម្បីសេចក្ដីសុខខ្លួនឯងផង និងការរីកចម្រើននៃសង្គមជាតិផង។»
អ្នកស្រាវជ្រាវបញ្ហាសង្គម លោកបណ្ឌិត មាស នី បានសរសេរក្នុងបណ្ដាញសង្គមដោយរំលឹកថា ២ខែមុនព្រឹត្តិការណ៍បាញ់សម្លាប់លោក កែម ឡី រូបលោក និងលោក កែម ឡី បានពិភាក្សាគ្នាពីសេណារីយ៉ូទាក់ទិននឹងការរំលាយគណបក្សប្រឆាំង។
លោក មាស នី អះអាងថា ពួកគាត់ទាំងពីរនាក់ពិភាក្សាគ្នាជុំវិញពាក្យស្លោកមួយមកថា«ប្រជាធិបតេយ្យជាឧបករណ៍កំដររបបផ្ដាច់ការ តែដល់ពេលធំធាត់កាលណាគេនឹងបំផ្លាញចោលទៅវិញ»។
លោក មាស នី បានបួងសួងឱ្យព្រលឹងរបស់លោក កែម ឡី ស្ថិតក្នុងឧត្តមគតិយុវជនខ្មែរ។
មុនត្រូវគេសម្លាប់ លោក កែម ឡី ជាវាគ្មិនសកម្មក្នុងវេទិកានានារបស់ស្ថាប័នសារព័ត៌មាន និងសង្គមស៊ីវិល។ នៅពេលដែលលោកស្លាប់ទៅ កម្រងទស្សនៈមួយចំនួនរបស់លោកត្រូវបានបោះពុម្ព និងចងក្រងជាសៀវភៅចែកចាយបន្ត ខណៈដែលខ្លឹមសារមួយចំនួនទៀតត្រូវបានផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួន។
ពាក្យស្លោកមួយចំនួនរបស់លោក កែម ឡី ដែលគេនិយមនិយាយតៗគ្នា រួមមាន «ជូតទឹកភ្នែករួចបន្តដំណើរទៅមុខ» «បើអ្នកមិនធ្វើអ្វីសោះក៏នៅតែរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ »។ល។
និយាយពីដំណើរការនៃការសាងសង់ចេតិយសពលោក កែម ឡី វិញ ចេតិយនេះសង់គ្រប់ជិតត្រឹមដំបូល និងខឿនសងខាង។
លោក កែម រិទ្ធិសិត អះអាងថា ចេតិយនេះត្រូវផ្អាកសង់សិនដោយសារខ្វះលុយ បន្ទាប់សង់អស់ប្រាក់ជាង ៧ម៉ឺនដុល្លាររួចទៅហើយ។ លោកថា បើសិនមានថវិកាគ្រប់គ្រាន់ លោកនឹងហៅក្រុមជាងមកសង់បង្ហើយ។
លោក កែម រិទ្ធិសិត៖ «យើងនៅខ្វះខាតលុយកាក់សម្រាប់សង់បង្ហើយ ខ្ញុំគិតថាអាចខ្វះ តិចណាស់ក៏បី ឬបួនម៉ឺនដុល្លារទៀតដែរ។»
បើតាមលោក រិទ្ធិសិត ដដែល ថវិកាដែលចំណាយរួចនោះជាថវិកាចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងមួយផ្នែកធំជាថវិការបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បើទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានសទ្ធាចូលបច្ច័យសង់ចេតិយជូនសពលោក កែមឡី ក៏ដោយ តែការជួបជុំរំលឹកខួបនៃហេតុការណ៍បាញ់សម្លាប់លោក កែម ឡី មិនត្រូវបានអាជ្ញាធររដ្ឋាភិបាលអនុញ្ញាតិនោះទេ។
នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ព្រះសង្ឃ និងក្រុមយុវជនប្រមាណ ២០ អង្គ/នាក់ បានព្យាយាមជួបជុំនៅស្ថានីយប្រេងឥន្ធនៈកាល់តិចស្ដុបបូកគោ ជាទីដែលលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ដើម្បីធ្វើពិធីបែបសាសនា តែត្រូវអាជ្ញាធរហាមឃាត់។ អ្នកទាំងនោះបានសម្រេចចិត្តធ្វើពិធីនៅលើចិញ្ចើមផ្លូវនៅក្បែរទីតាំងនោះជំនួសវិញ ប៉ុន្តែ បន្តិចក្រោយមក អាជ្ញាធរបំបែកទៀត។
យុវជន និងព្រះសង្ឃបានសម្រេចធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅស្រុកកំណើតរបស់លោកបណ្ឌិត កែម ឡី នៅខេត្តតាកែវ ជាទីដែលសពរបស់លោកត្រូវបានបញ្ចុះនៅទីនោះវិញ។
សំណុំរឿងឃាតកម្មលើលោក កែម ឡី ត្រូវបានបំបែកជាពីរ មួយគឺផ្តោតលើបុគ្គលឈ្មោះ អឿត អាង និងមួយទៀតផ្តោតលើការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធ និងអ្នកនៅពីក្រោយខ្នងបុគ្គលនេះ។
បុគ្គល អឿត អាង នេះ ត្រូវបានតុលាការកំពូលផ្តន្ទាទោសឱ្យជាប់គុក១ជីវិត កាលពីខែឧសភាឆ្នាំ២០១៩។ ចំណែកឯសំណុំរឿងមួយទៀតស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរនៅឡើយ។ សាច់ញាតិ និងអ្នកគាំទ្ររបស់លោក កែម ឡី នៅតែទទូចឱ្យអាជ្ញាធរវែកមុខរកអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មនេះ៕