លោក ហ៊ុន សែន អំពាវ​នាវ​​ឱ្យ​ពលរដ្ឋ​​ចូល​រួម​​ការពារ​​ព្រៃ​ឈើ​​ដើម្បី​​ប្រយោជន៍​​មនុស្ស​ជាតិ​​គ្រប់​​ជំនាន់​​

រូបភាពថតជុំគ្នារវាងអ្នកចូលរួម និងអាជ្ញាធរ មន្ត្រីបរិស្ថាន ក្នុងឱកាសកម្មវិធីដាំកូនឈើ ថ្ងៃទី២៣ ដល់២៥ ខែកញ្ញា ឆ្នាំ២០១៨។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​នៅ​ថ្ងៃនេះ​ទៅ​ពលរដ្ឋ​ឱ្យ​ចូលរួម​ការពារ​ព្រៃឈើ និង​ដាំ​កូនឈើ​ឡើងវិញ ជា​អ្វី​ដែល​លោក​ថា ដើម្បី​ជា​ប្រយោជន៍​សហគមន៍ ប្រព័ន្ធ​ជីវៈចម្រុះ​ជា​សម្បត្តិ​របស់​មនុស្សជាតិ​គ្រប់​ជំនាន់។

លោក ហ៊ុន សែន អំពាវនាវ​បែបនេះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃនេះ ចំ​ថ្ងៃ​ដែល​កម្ពុជា​ប្រារព្ធ​បុណ្យ​«រុក្ខទិវា» ដែល​ត្រូវ​បាន​ផ្ដួចផ្ដើម​ឱ្យ​មានការ​ប្រារព្ធ​ពិធីបុណ្យ​នេះ​ចាប់តាំងពី​ឆ្នាំ១៩៥២មក ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះ​បរម​រត​នកោដ ព្រះ​មហា​វីរក្សត្រ សម្តេច​ព្រះ នរោត្តម សីហនុ ក្នុង​គោលបំណង​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើងវិញ។

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន សរសេរ​ថា៖ «សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ចូលរួម​ស្រឡាញ់​ថែរក្សា​ការពារ​ព្រៃឈើ និង​ចូលរួម​ដាំដុះកូនឈើ​ ថែរក្សា​ការពារ​បរិស្ថាន​ធម្មជាតិឱ្យបាន​គង់វង្ស​នៅ​គ្រប់​ទីកន្លែង ដើម្បី​ជា​ប្រយោជន៍​ដល់​ការរស់នៅ​របស់​ខ្លួន​យើង​ផង សហគមន៍​យើង​ផង និង​ជីវិត​សត្វព្រៃ​គ្រប់​ប្រភេទ​ផង ព្រមទាំង​ប្រព័ន្ធ​ជីវៈ​ចម្រុះ​ជាច្រើន​ផង​ដែរ ដែល​ជា​សម្បត្តិ​របស់​មនុស្សជាតិ​នៅ​គ្រប់​ជំនាន់»។

របាយការណ៍​ស្រាវជ្រាវ​របស់​សាកល​វិទ្យាល័យ​អន្តរជាតិ​មួយ ដែល​បាន​សិក្សា​រួមគ្នា​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត ចេញផ្សាយ​កាលពី​ថ្ងៃទី២៤ ខែមិថុនា​ឆ្នាំនេះ បង្ហាញថា គម្រប​ព្រៃឈើ​នៅ​តំបន់​ការពារ​ព្រៃ​ឡង់​របស់​កម្ពុជា បាន​រង​ការ​បំផ្លិច​បំផ្លាញ​កាន់តែ​ធំជាង​មុន​ទៀត។

របាយការណ៍​ចំហ​ជា​លើក​ទីពីរ​របស់​សាកល​វិទ្យាល័យ ខូ​ប៉ែន​ហា​ក (Copenhagen​) របស់​ប្រទេស​ដាណឺម៉ាក ឱ្យដឹង​ដែរ​ថា ទំហំ​ការបាត់បង់​ព្រៃឈើ​នៅ​កម្ពុជា​កើនឡើង​យ៉ាង​ឆាប់រហ័ស ជាពិសេស​នៅ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក្នុង​ឆ្នាំ២០១៩ រហូត​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ស្ថិតនៅ​លំដាប់​ទី១០ ក្នុងនាម​ជា​ប្រទេស​បាត់បង់​គម្រប​ព្រៃឈើ​ច្រើនជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។

របាយការណ៍​ចំហ​រៀបរាប់​ថា៖ «កំណើន​នៃ​ការបាត់បង់​ព្រៃឈើ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ បាន​កើតឡើង​ព្រមគ្នា​ជាមួយ​ក្រសួងបរិស្ថាន​ដែល​បាន​ហាមឃាត់​សហគមន៍​មូលដ្ឋាន​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ និង​ធ្វើ​របាយការណ៍​អំពី​បទល្មើស​ព្រៃឈើ»។

របាយការណ៍​របស់​សាកល​វិទ្យាល័យ ម៉ារី​លែន បង្ហាញថា កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ដល់ទៅ ៦៣,០០០ហិ​កតា​នៅក្នុង​ឆ្នាំ២០១៩កន្លងមក ហើយ​បាត់បង់​គម្រប​ព្រៃឈើ​ដល់ទៅ ២៦ភាគរយ ឬទំហំ ២.៣លាន​ហិ​កតា​គិត​ចាប់តាំងពី​ឆ្នាំ២០០០មក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ