ក្រុម​​ការ​ពារ​​សិទ្ធិ​​មនុស្ស​​ជាតិ​ និង​​អន្តរ​ជាតិ​​​ទាម​ទារ​​ឱ្យ​​មាន​​ក្រុម​​ស៊ើប​​អង្កេត​​ឯក​រាជ្យ​​លើ​​ឃាត​កម្ម​​លោក​ កែម ឡី

អ្នកស្រី ភោគ សេ ម្តាយលោកបណ្ឌិត កែម ឡី កំពុងជូតរៀបចំរូបថតរបស់កូន នៅមុខចេតិយ៍។ រូបភាព៖ សូត សុខប្រាថ្នា

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​ដល់​ទៅ ៣០​ស្ថាប័ន ​​បាន​ទាមទារ​​​​ទៅ​រដ្ឋាភិបាល​ឱ្យ​បង្កើត​ក្រុមឯករាជ្យ​មួយ​ ដើម្បី​​ស៊ើប​អង្កេត​​ទៅ​លើ​ការ​បាញ់​សម្លាប់​​លោក កែម ឡី ដែល​ការ​អំពាវ​នាវ​នេះ​បាន​កើត​ឡើង ១​ថ្ងៃ​មុន​​ខួប ៤​ឆ្នាំ​នៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ល្បាញ​រូប​នេះ។​

ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្សទាំង​៣០ បាន​ទាមទារ​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ចេញ​នៅ​ថ្ងៃ​នេះ មួយ​ថ្ងៃ​មុន​ខួប ៤​ឆ្នាំ​នៃ​ឃាតកម្ម​ទាំង​កណ្ដាល​ថ្ងៃ​ចែស​ទៅ​លើអ្នក​វិភាគ​នយោបាយ និង​បញ្ហា​សង្គម លោក កែម ឡី នៅ​ក្នុង​ម៉ាត​ស្ថិត​ក្នុង​ការ៉ាស់សាំង​កាល់តិច ម្ដុំ​ស្តុប​បូកគោ រាជ​ធានី​ភ្នំពេញ។

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៣០​ស្ថាប័ន បាន​លើក​ឡើង​ថា ពួកគេ​បាន​ទាមទារ​ជាច្រើន​ដង​ហើយ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​បង្កើត​ក្រុម​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក ប៉ុន្តែ ពួកគេ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​​ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​ពួកគេ​នោះ​ទេ។

អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​របស់​​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស (Human Right watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ប្រាប់​អ្នកសារព័ត៌មាន​តាម​អ៊ីម៉ែល​នៅ​ថ្ងៃ​នេះថា អាជ្ញាធរកម្ពុជាមិនបានប្រឹងប្រែងក្នុងការស៊ើបអង្កេត ហើយបានទុកសំណុំរឿងលោក កែម ឡី នៅចំហដដែល។ លោកចាត់ទុកការឡើងរបស់អាជ្ញាធរកម្ពុជាថា ការស៊ើបអង្កេតនេះគ្រាន់តែជាការដោះសារ នៅពេលដែលក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋទាមទារ​ក្នុងថ្ងៃរំលឹកខួបលោក កែម ឡី តែប៉ុណ្ណោះ។

លោក Phil Robertson ថា រដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈក្នុងការរកយុត្តិធម៌នៃឃាតកម្មលើលោក កែម ឡី នោះទេ។

លោក ហ្វីល រ៉ូប៊ឺតសុន រៀបរាប់​ថា​៖ «រដ្ឋាភិបាលកម្ពុជាបានឃុំខ្លួនឃាតករ​សិប្បនិម្មិត ស្របពេលដែលបណ្ដោយឱ្យមេខ្លោង​នៅមានសេរីភាព។ ដូច្នេះ វាច្បាស់ណាស់ថា ការស៊ើបអង្កេត​ដោយអាជ្ញាធរក្នុងស្រុកបានបរាជ័យ ហើយកិច្ចប្រឹងប្រែងដោយ​ឯករាជ្យ​ពី​អន្តរជាតិ ត្រូវ​ឈាន​ជើង ដើម្បីធានាមានគណនេយ្យភាព»

លោក ហ្វីល និយាយ​បន្ថែម​ថា​៖ «លោកថា អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលពាក់ព័ន្ធគួរតែដាក់សម្ពាធលើលោក ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យមានការស៊ើបអង្កេតជាអន្តរជាតិមួយ ព្រោះមានតែការធ្វើបែបនេះទេ ទើបមានលទ្ធភាពស្វែងរកយុត្តិធម៌ពិតជូនលោក កែមឡី»

អ្នកពាក្យនាំក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះ​អាង​ថា សំណុំ​រឿង​ឃាតកម្ម​មួយ​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​​របស់​តុលាការ​នៅឡើយ ប៉ុន្តែ​ លោក​ថា កម្ពុជា​មិន​ធ្វើ​តាម​ការ​ទាមទារ​របស់​ក្រុម​មួយ ដែល​ហៅ​ថា មាន​និន្នាការ​ប្រឆាំង និង​មាន​«គំនុំ​»ជាមួយ​រដ្ឋាភិបាល។

លោក ជិន ម៉ាលីន ប្រាប់ថា៖ «ក្នុងសំណុំរឿងនេះ ​ជនដៃដល់ត្រូវបានចាប់ខ្លួ​ន និងត្រូវបាន​ផ្ដន្ទាទោសតាមផ្លូវច្បាប់។ ចំណែកអ្នកពាក់ព័ន្ធផ្សេងទៀត កំពុងស្ថិតនៅក្នុងដំណើរការស៊ើបអង្កេត និង​នីតិវិធីតុលាការ។ នេះដែលហៅថា យុត្តិធម៌តាមផ្លូវច្បាប់​»

លោក ម៉ាលីន បន្ត​ថា​៖ «ហើយចំពោះយុត្តិធម៌តាមផ្លូវអារម្មណ៍របស់ក្រុម​ដែលមាននិន្នាការប្រឆាំង​ និងមានគំនុំជាមួយរដ្ឋាភិបាល​ ពួកយើងមិនអាចបំពេញបានទេ ព្រោះពួកគេយករឿងនេះធ្វើជារបរ ជាអាជីព​នយោបាយរបស់គេលើសាកសពលោកបណ្ឌិត កែម ឡី ហើយបែបហ្នឹង យើងមិនអាចផ្ដល់ឱ្យបានទេ»

ខណៈ​ដែល​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​ហាម​ឃាត់​ការ​ប្រារព្ធ​ពិធី​ជួប​ជុំ​រំឭក​ខួប​៤​ឆ្នាំ​នៃ​ឃាតកម្ម​នេះ​នៅ​ឯ​ទីកន្លែង​កើត​ហេតុ​នោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​រៀបចំ​ពិធី​បែប​សាសនា​មួយ​នៅ​ឯ​ទីស្នាក់ការ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​នៅ​ព្រឹក​ថ្ងៃ​នេះ។

ក្រៅ​ពី​រៀបចំ​ពិធី​រំឭក​ខួប​បែប​នេះ នាយករងអង្គការលីកាដូ លោក អំ សំអាត បាន​ប្រាប់ថា អង្គការសង្គមស៊ីវិល រួមទាំងប្រជាពលរដ្ឋ នៅតែចង់ឱ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតដោយឯករាជ្យ និង​ស្វែងរកអ្នកនៅពីក្រោយនៃឃាតកម្មលើលោក កែម ឡី មកផ្ដន្ទាទោស ដើម្បីផ្ដល់យុត្តធម៌ដល់រូបលោក និងក្រុមគ្រួសារ សង្គម និងជាការលើកកម្ពស់ស្មារតីទៅដល់អ្នកចូលរួមការពារសិទ្ធិមនុស្សនៅកម្ពុជា។

លោក អំ សំអាត ប្រាប់ថា៖ «យើងសូមឱ្យស្វែងរកយុត្តិធម៌​សម្រាប់លោក កែម ឡី ​តាមរយៈមានការស៊ើបអង្កេតដោយឯករាជ្យមួយសម្រាប់ផ្ដល់យុត្តិធម៌​លោកបណ្ឌិត កែម ឡី ដល់គ្រួសាររបស់លោក ​ក៏ដូចក្នុងសង្គម ក៏ដូចជាការចូលរួមដើម្បីលើកកម្ពស់នៃសេរីភាពរបស់វីរជន​ការពារសិទ្ធិមនុស្ស ឬក៏វីរជនក្នុងការលើកកម្ពស់លើសេរីភាពនៅក្នុងប្រទេសកម្ពុជាយើងហ្នឹង»

នៅថ្ងៃនេះ​ផង​ដែរ ​ក្រុម​ព្រះ​សង្ឃ ៨​អង្គ និង​ក្រុមយុវជន​ប្រហែល ២០​នាក់ បាន​បន្ត​ដំណើរ​របស់​ពួកគេ​ឆ្ពោះទៅ​កាន់​​ភូមិ​អង្គ​តាកុប ជា​ភូមិ​កំណើត​របស់​លោក កែម ឡី ស្ថិត​ក្នុង​ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ និង​ជា​កន្លែង​ដែល​សព​អ្នក​វិភាគ​រូប​នេះ ត្រូវ​បាន​បញ្ចុះ​នៅ​ទីនោះ។

​ព្រះ​សង្ឃ និង​ក្រុម​យុវជន​ទាំង​នោះ បាន​ធ្វើ​ដំណើរ​ជាក្បួន​ដោយមានកាន់ទង់ជាតិ ​រូបថតលោក និង​ចែកចាយ​សៀវភៅដែលមានរូបលោក កែម ឡី ដើម្បីរំឭកការចងចាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី  ប៉ុន្តែ ក្បួរ​ដង្ហែរ​បស់​ពួកគេ​ត្រូវបានសមត្ថកិច្ច​ខេត្ត​តាកែវ​ព្យាយាម​រារាំង។

សកម្មជនបរិស្ថានដែលបានចូលរួមធ្វើយុទ្ធនាការ លោក ថុន រដ្ឋា ប្រាប់វីអូឌីនៅថ្ងៃនេះថា អាជ្ញាធរដែលមានទាំងស្លៀកពាក់ស៊ីវិល និងឯកសណ្ឋាន បាន​ដាក់​របាំង​ធំៗ​ជាច្រើន​ផ្ទាំង​នៅ​ត្រង់​ចំណុច ៤​កន្លែង​ផ្សេង​គ្នា​នៅ​ក្នុង​ក្រុង​ដូនកែវ។

លោក ថុន រដ្ឋា ប្រាប់ថា៖ «សម្រាប់ពួកយើង គឺមានតែកម្លាំងចិត្តបន្តទៅមុខដូចកាលពីព្រឹកមិញ ទោះបីជាមានអាជ្ញាធររារាំង ក៏ពួកយើងបន្តដំណើរទៅមុខ។ យើងយល់ច្បាស់ថា សកម្មភាពយើងមិនខុសច្បាប់​​ ហើយអាជ្ញាធរក៏គាត់មិនអនុវត្តច្បាប់ដែរ។ អ៊ីចឹងព្រឹកមិញ យើងគ្មានអ្វីប៉ះពាល់ជាមួយអាជ្ញាធរ​ទេ ព្រោះយើងធ្វើដើម្បីផ្សព្វផ្សាយពីវីរភាពរបស់លោកគ្រូ កែម ឡី ដែលយើងស្រឡាញ់តែប៉ុណ្ណឹង»

ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ក៏​បាន​ទាមទារ​ទៅ​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ និង​ការយាយី​ទៅលើ​បុគ្គល​នានា​ ដែលគ្រាន់​តែ​រៀបចំ​ការ​​​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​លោក​ដោយ​សន្តិវិធី។

លោក​ កែម​ ​ឡី​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចែស​​​នៅក្នុង​ស្តាម៉ាត​ ក្នុង​បរិវេណ​​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​ម្ដុំ​ស្តុ​បបូ​កគោ​ រាជធានី​ភ្នំពេញ​ កាល​ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៦​ ដែល​ឃាតកម្ម​នេះបាន​កើត​ឡើង​ក្រោយ​ពី​លោក​​ ​កែម​ ឡី​ ធ្វើ​អត្ថាធិប្បាយ​បន្ថែម​​ទៅលើ​របាយការណ៍​ស៊ើបអង្កេត​របស់​អង្គការ​អន្តរជាតិ​ ​Global Witness​ បានលាតត្រដាង​ពី​ការ​ក្តោប​ក្តាប់​មុខ​ជំនួញ​របស់​គ្រួសារ​​លោក ហ៊ុន សែន។

នៅ​ក្នុង​រយៈ​ពេល ៤​ឆ្នាំ​មក​នេះ មាន​តែ​បុរស​ម្នាក់​ឈ្មោះ អឿត អាង ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាមៗ​​ក្រោយ​ឃាតកម្ម​កើត​ឡើង​ ហើយ​ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ​សម្រេច​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ