សហជីព​​មួយ​​អំពាវ​នាវ​​រដ្ឋា​ភិបាល​​ពន្លឿន​​សាច់​ប្រាក់​៤០​ដុល្លារ​​ជូន​​កម្មករ​​ឱ្យ​​ទាន់​ពេល​​វេលា​​

កម្មករ-កម្មការិនីរោងចក្រ ឃែន​ធើ​រេន (Canteran Apparel​) និង​រោង​ចក្រ ​ខ្វ​លី​ធី តេ​ក្ស​ស្ទីល (Quality Textiles​) ជា​រោងចក្រដែល​មាន​ម្ចាស់​តែមួយ ធ្វើការតវ៉ាជាថ្មី ករណីថៅកែបើកខែមិនគ្រប់ និងយឺតយ៉ាវ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

សហភាព​សហជីព​កម្ពុជា ស្នើឱ្យ​រាជរដ្ឋាភិបាល​ពន្លឿន​កិច្ច​អន្តរាគមន៍​ចំពោះ​សាច់ប្រាក់​ឧបត្ថម្ភ​ចំនួន៤០ដុល្លារ ជូន​កម្មករ-កម្មការិនី និយោជិត​ឱ្យ​បាន​ទាន់ពេល​វេលា។ 

ក្នុង​លិខិត​ចុះ​ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ សហភាព​សហជីព​កម្ពុជា ហៅ​កាត់​ថា (CCU) បាន​ស្នើសុំដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ឱ្យ​ជួយ​អន្តរាគមន៍ និង​ពន្លឿន​ការឧបត្ថម្ភ​សាច់ប្រាក់​ជូនកម្មករ-កម្មការិនី និយោជិត​ឱ្យទាន់ពេល​ ក្រោយពី​ពួក​គាត់រងគ្រោះ​ពី​ការ​ព្យួរកា​រងា​រ និង​រោងចក្រ​មួយចំនួន​ប្រកាស​បិទទ្វារ។ 

ក្នុង​លិខិត​នោះ​សរសេរ​ថា៖ «ក្នុង​កំឡុង​ពេល​មានការ​ឆ្លង​រាតត្បាត​មេរោគ​កូ​វីដ១៩ ធ្វើ​ឱ្យ​រោងចក្រ​មួយចំនួន​ព្យួរ និង​បិទ នាំ​ឱ្យ​បងប្អូន​កម្មករនិយោជិត​បាត់បង់​ការងារ និង​ប្រាក់ចំណូល​ដែល​ពួក​គាត់​សង្ឃឹមលើ​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល គ្រាន់​បាន​សម្រាល​បន្ទុក ប៉ុន្ដែ​ ការ​បើក​ជូន​កម្មករ​និយោជិត​មានការ​យឺតយ៉ាវ ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ជួប​ការ​លំបាក​ចំពោះ​ជីវភាពរស់នៅ ថ្លៃផ្ទះ ឬថ្លៃ​បន្ទប់ និង​បំណុល​ជាដើម»។ 

កាលពី​ព្រឹក​ថ្ងៃទី០៧ ខែមេសា​កន្លងទៅ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន​ បាន​ថ្លែង​ថា កម្មករ-កម្មការិនី នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​អំឡុង​ពេល​រោង​ចក្រ​ព្យួ​រការងារ ចំនួន​ទឹកប្រាក់ ៧០ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ រដ្ឋ​នឹង​ចេញ ៤០ដុល្លារ ខណៈ​ដែល​ថៅកែ​រោងចក្រ​នឹង​ចេញ ៣០ដុល្លារ។

ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកយកព័ត៌មានVOD កាលពី​ថ្ងៃទី២ ខែកក្កដា ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ការងារ​ លោក អ៊ុ​ក ចាន់​ធូ មានប្រសាសន៍​ថា ​ការ​បើកប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋ​គឺ​ធ្វើឡើង​តាម​ធនាគារឯកជន ដែល​ក្នុង​មួយ​ខែ​ត្រូវ​បើក​ចំនួន២ដង ខណៈ​លោក​ថា ​រហូតមកដល់​ពេលនេះ​មិន​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ​ចំពោះ​ការ​បើកប្រាក់​នេះ។ 

លោក​ថា៖ «យើង​បាន​ធ្វើការ​យ៉ាង​ច្បាស់លាស់​ដល់​បងប្អូន​កម្មករ​និយោជិត​ គឺ​ក្រសួងការងារ​ចេញ​លិខិតអនុញ្ញាត​ព្យួរ​ មាន​ចំនួន​កម្មករ​និយោជិត​ត្រឹមត្រូវ​ មានឈ្មោះ មាន​លេខទូរស័ព្ទ​ច្បាស់លាស់ មាន​អត្ដ​សញ្ញាណ​បណ្ណ​សញ្ញា​តិ​ខ្មែរ​ត្រឹមត្រូវ​ដាក់​ឱ្យ​ក្រសួងការងារ។ ក្រសួងការងារ​នឹង​ផ្ដល់​ទៅ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ក្រសួងសេដ្ឋកិច្ច​នឹង​ផ្ដល់​ទៅ​ធនាគារ​ឯក​ទេ​សវីង ធនាគារ​ឯក​ទេ​សវីង​គេ​ឃើញ​តារាង​ឈ្មោះ​របស់​កម្មករ​និយោជិត​ដែល​បាន​ព្យួរ​កិច្ចសន្យា​ការងារ​នេះ ធនាគារ​នឹង​ទម្លាក់​លុយ​ទៅ​ឱ្យ​បងប្អូន​កម្មករ​និយោជិត​តាម​ប្រព័ន្ធ​សារ​ទូរស័ព្ទ»។ 

បើ​តាម​លោក អ៊ុ​ក ចាន់​ធូ គិត​ត្រឹម​ដើមខែ​កក្កដា ​មាន​រោងចក្រ​សហគ្រាស​ចំនួន ៤៥៨រោងចក្រ​ដែល​បាន​ព្យួរការងារ​បុគ្គលិក ដែល​បាន​ប៉ះពាល់​ដល់​កម្មករ​និយោជិត​ជាង ១៦ម៉ឺន​នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ