សកម្មជន​ការពារ​ព្រៃ​ឈើ​ម្នាក់​នៅ​ខេត្ត​រតន​គិរី​ត្រូវ​គេ​ព្រួត​វាយ​ក្នុង​វេទិកា​នៅ​មុខ​អាជ្ញាធរ​

សកម្មជនព្រៃឈើ លោក ឆន ផល្លា ក្រោយពីរងការវាយតប់ពីសំណាក់ពលរដ្ឋក្នុងវេទិកាសាធារណៈនៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅសាលាឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។ (សមាគមអាដហុកប្រចាំខេត្តរតនគិរី)

​ពល​រដ្ឋ​អះអា​ងថា​ ​សក​ម្មជ​នកា​រពារ​ព្រៃឈើ​ម្នាក់​នៅ​ខេ​ត្តរ​តន​គិរី​ ត្រូវបា​នគេ​ព្រួត​គ្នា​វាយ​នៅចំពោះមុខ​អាជ្ញាធរ​ក្នុងវេ​​ទិ​កា​សាធារណៈមួ​​យ ​ក្រោយពីបុ​រស​រូបនោះឡើ​ងថ្លែ​ងប្រាប់អាជ្ញាធរពីការរីករាលដាលនៃបទល្មើសព្រៃឈើ​នៅក្នុងតំបន់នោះ។

បុរសជនជាតិដើមភាគតិចម្នាក់សុំមិនបញ្ចេញឈ្មោះ​ ដោយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ប្រាប់ VOD នៅព្រឹកមិញនេះថា លោក ឆន ផល្លា ដែលធ្លាប់ប្តឹង និងរាយការណ៍​ពីបទល្មើសព្រៃឈើ ត្រូវបានគេព្រួតគ្នាវាយឱ្យរងរបួសក្នុងវេទិកាសាធារណៈមួយ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅសាលាឃុំសេដា​​ដោយ​អាជ្ញាធរ​ស្រុ​ក​លំផាត់ ខេត្តរតនគិរី។

បុរស​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ប្រាប់ថា៖ «គេវាយគាត់ធ្ងន់ធ្ងរហើយ ប្រជាពលរដ្ឋវាយ​[…] មូលហេតុមកពីគាត់ប្តឹងគេ។ គេវាយគាត់នៅក្នុងប្រជុំ។ ប្រជុំវេទិកាសេរី»។

បុរសរូបនេះអះអាងទៀតថា ពេលនេះ លោក ឆន ផល្លា កំពុងសម្ងំក្នុងផ្ទះដែលឡោមព័ទ្ធដោយក្រុម​អ្នកភូមិ និងកងក​ម្លាំ​ង​នគរបាល។

វីអូឌី​បាន​ទាក់ទង​ទៅ​លោក ឆន ផល្លា ដោយ​ផ្ទាល់​តាម​រយៈ​លេខ​ទូរស័ព្ទ​របស់​លោក ប៉ុន្តែ គ្មាន​នរណា​ទទួល​នោះ​ឡើយ។

ក្នុង​​សារ​ជា​សំឡេង​ដែល​ផ្ដល់​ដោយ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី លោក ឆន ផល្លា ដែលរស់នៅភូមិសាមុត្រក្រោម ឃុំសេដា និយាយដែរថា ពេលអ្នកភូមិផ្សេងទៀតព្រួតគ្នាវាយលោក លោកបានរត់ទៅឱ្យមេប៉ុស្តិ៍ និងអភិបាលស្រុកដែលមានវត្តមាននៅទីនោះជួយដែរ តែលោកថា ពួកគេហាក់ធ្វើមិនដឹងមិនឮ។

លោក ឆន ផល្លា និយាយ​ថា៖ «គេវាយខ្ញុំនៅមុខប៉ូលិស ខ្ញុំរត់ទៅឱ្យប៉ូលិសជួយ ហើយនៅតែឱ្យពួកហ្នឹងវាយទៀត ឱ្យខ្ញុំទុកចិត្តពួកគាត់[សមត្ថកិច្ច]យ៉ាងម៉េច? ខ្ញុំសំណូមពរខាងសិទ្ធិមនុស្សឱ្យជួយខ្ញុំយកចេញពីផ្ទះផង»

អភិបាលស្រុកលំផាត់ លោក នូ ថេ សុំមិនធ្វើអត្ថាធិប្បាយទេ ដោយតម្រូវឱ្យចុះដល់កន្លែងកើតហេតុផ្ទាល់។ ប៉ុ​ន្តែ ​មេភូមិសាមុត្រក្រោម លោក ខំា ផ​សាវ៉ាត ដែលចូលរួមវេទិកានោះដែរ បានអះអាងថា ពលរដ្ឋ ៤ភូមិនៅ​តំបន់នោះមិនពេញចិត្តទង្វើរបស់លោក ឆន ផល្លា នោះទេ ដោយថា បុរសនោះបានប្តឹងគេគ្រប់គ្នា។

មេភូមិរូបនេះ អះអាងទៀតថា វេទិកាសេរីនេះ អាជ្ញាធរមិនបានអញ្ជើញលោក ឆន ផល្លា មកចូលរួមទេ តែលោក​ថា លោក ឆន ផល្លា បានមកចូលរួមដោយខ្លួនឯង ហើយឡើងនិយាយខុសប្រធានបទ រិះគន់រឿងបទល្មើ​សព្រៃឈើ និងយកទូរសព្ទថតមុខអភិ​បាលស្រុ​ក មេប៉ុស្តិ៍ ក្នុងវេទិកាធ្វើឱ្យអ្នកភូមិផ្ទុះកំហឹង។

លោក ខាំ ផសាវ៉ាត ប្រាប់ថា៖ «គាត់ហ្នឹងឃុំស្រុកអីក៏ប្តឹងហ្មង បរិស្ថានស្រុក បរិស្ថានខេត្តអីក៏គេប្តឹងដែរ ប្តឹងទាំងអស់ហ្មងម្នា​ក់ហ្នឹង លើសគេលើសឯង។ ម្នាក់ហ្នឹងមកពីកំពង់ចាម។ គេលែងត្រូវការហើយមនុស្សហ្នឹង ឱ្យអភិ​បា​លស្រុកយកទៅណាយកទៅ»

ស្នងការ​រង​នគរបាល​ខេត្ត​រតនគិរី លោក អឹម ផានី បាន​ប្រាប់​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អំពី​ករណី​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​លោក ឆន ផល្លា ទេ។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិ​មនុស្ស​អាដហុកប្រចាំខេ​ត្តរ​តន​គិរី ​លោក​ ឌិ​ន ខន្នី​ និយាយថា ​លោក ឆន ផល្លា ជាសកម្មជនការពារព្រៃសហគមន៍ និងព្រៃដែនជម្រក​អភិរក្សនៅតំបន់នោះចាប់ពីឆ្នាំ២០១៧មក។

មន្ត្រីការពារសិទ្ធិមនុស្សរូបនេះ អះអាងថា តាមរយៈសកម្មភាពនេះ លោក ឆន ផល្លា បានប្ដឹងទាំងជនល្មើសព្រៃឈើ ប្រជាសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធ ទៅតុលាការចំនួន ៧បណ្តឹង។ លោក ខន្នី បន្ថែមថា បច្ចុប្បន្ន បណ្តឹងខ្លះរបស់លោក ឆន ផល្លា នៅសាលាដំបូង និងខ្លះទៀតឡើងដល់សាលាឧទ្ធរណ៍ហើយ។

លោក ឌិន ខន្នី ប្រាប់ថា៖ «ខ្ញុំសោកស្តាយករណីដែលអាជ្ញាធរមានទាំងស្រុក មានទាំងឃុំ មានទាំងភូមិ ឱ្យគេវាយប្រជាពលរដ្ឋដែលជាអ្នកស្របច្បាប់បាន មានន័យថា វាជាគំរូដ៏អាក្រក់មួយនៅក្នុងសង្គម»

អ្នកការពារសិទ្ធិមនុស្សរូបនេះ ជំរុញឱ្យអាជ្ញាធរថ្នាក់ជាតិចាត់វិធានការករណីនេះ ដើម្បីធានាថា សកម្មជនការពារព្រៃឈើមិនត្រូវបានគេរើសអើង បណ្តេញចេញពីភូមិ ឬព្រួតគ្នាវាយឱ្យរងរបួសចំពោះមុខអាជ្ញាធរមានសមត្ថកិច្ចបែបនេះទេ។

យ៉ាងនេះក្តី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងពិធីមួយនៅក្រសួងមហាផ្ទៃកាលពីម្សិលមិញ បាននិយាយថា អ្ន​កធំៗ​បាន​នាំគ្នា​សម្រុក​ទៅ​ចាប់ដី​នៅ​ខេត្តមណ្ឌលគិរី​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ​សប្ដាហ៍​មុន បានចេញសេចក្តីស​ម្រេ​ច​មួយប្រាប់ទៅអង្គភាពប្រឆាំងអំពើពុករលួយថា ដល់ពេលវះកាត់មន្ត្រីឃុបឃិតគ្នារំលោភយកដីពលរដ្ឋ និងដីរដ្ឋខុសច្បាប់ហើយ។

ប៉ុន្តែ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ លោក ឌិន ខន្នី អះអាងថា វាជាគំរូអាក្រក់មួយដល់សង្គម បើរដ្ឋាភិបាលមិនអាចចាត់វិធានការលើមន្ត្រីខិលខូចឃុបឃិតគ្នាទន្ទ្រានយកដីរដ្ឋរួចពីសំណាញ់ច្បាប់ ហើយមិនអន្តរាគមន៍ជួយសកម្មជនការពារព្រៃឈើនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ