ក្រុមព្រះសង្ឃ និងក្រុមយុវជនបរិស្ថាន ដែលព្យាយាមធ្វើដំណើរទៅកាន់ខេត្តតាកែវ ដើម្បីរំឭកខួប ៤ឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគនយោបាយដ៏ល្បីល្បាញ លោកបណ្ឌិត កែម ឡី ត្រូវបានសមត្ថកិច្ចរារាំងនៅថ្ងៃត្រង់នេះ។
ក្រុមព្រះសង្ឃ និងយុវជនបរិស្ថាននេះ នៅព្រឹកថ្ងៃនេះ បានព្យាយាមចូលទៅប្រារព្ធពិធីបែបសាសនាមួយនៅក្នុងបរិវេណការ៉ាស់សាំងកាល់តិច ស្ថិតនៅម្ដុំស្តុបបូកគោ ជាទីដែលលោកបណ្ឌិត កែម ឡី ត្រូវបានបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃចែសកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ប៉ុន្តែ ក្រុមព្រះសង្ឃ និងយុវជនទាំងនោះ ត្រូវបានក្រុមសន្តិសុខចម្រុះខណ្ឌចំការមន រារាំងមិនឲ្យពួកគេប្រារព្ធពិធីបែបសាសនានោះឡើយ ហើយពួកគេបានសម្រេចធ្វើដំណើរទៅកាន់ស្រុកកំណើតលោកបណ្ឌិត កែម ឡី ស្ថិតនៅក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
សកម្មជនបរិស្ថាន កញ្ញា កែវ រស្មី បានប្រាប់វីអូឌីថា ក្បួនធ្វើដំណើររបស់ព្រះសង្ឃ និងក្រុមយុវជនបរិស្ថាន ត្រូវបានរារាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតម្ដុំសង្កាត់ចាក់អង្រែក្រោម ក្នុងរាជធានីភ្នំពេញ។
យុវតីរូបនេះ បានឲ្យដឹងថា ក្រុមសមត្ថកិច្ចបានដាក់ពង្រាយរបាំងកាត់ផ្លូវ ដើម្បីរារាំងដំណើររបស់ក្រុមព្រះសង្ឃ និងក្រុមយុវជន។
កញ្ញា កែវ រស្មី ឲ្យដឹងទៀតថា ក្រុមព្រះសង្ឃ និងយុវជន បានសម្រេចធ្វើដំណើរត្រឡប់ក្រោយវិញ បន្ទាប់ពីមានការរារាំងពីក្រុមសមត្ថកិច្ចបែបនេះ៕