ចលនា​​និស្សិត​​ជំរុញ​​តុលាការ​​ផ្តល់​​យុត្តិធម៌​​អ្នក​​ដែល​គេ​​ធ្វើ​ឃាត​២០​នាក់​​រួម​​ទាំង​​លោក​ កែម ឡី​

អ្នកស្រី ភោគ សេ ម្តាយលោកបណ្ឌិត កែម ឡី កំពុងជូតរៀបចំរូបថតរបស់កូន នៅមុខចេតិយ៍។ រូបភាព៖ សូត សុខប្រាថ្នា

ចលនា​និស្សិត​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស ជំរុញ​តុលាការ​កម្ពុជា​ឱ្យបើក​ការស៊ើបអង្កេត​ឡើងវិញ​លើ​សំណុំរឿង​ឃាតកម្ម ២០ករណី ក្នុង​នោះ​មាន​ទាំង​ឃាតកម្ម​លើ​អ្នកវិភាគ​នយោបាយ​លោក កែម ឡី និង​តារា​សម្តែង​ អ្នកស្រី ពិសិដ្ឋ ពី​លី​កា ផង​ដែរ ដោយ​ថា ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​រងគ្រោះ និង​ស្តារ​មុខមាត់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

ការ​លើកឡើង​របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នេះ ធ្វើឡើង​តាមរយៈ​សេចក្តី​ថ្លែងការណ៍​មួយ​ចុះ​ថ្ងៃអង្គារ​នេះ ពោល​គឺ​ធ្វើឡើង៣ថ្ងៃមុន​ខួប៤ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។

ពីរ​ដ្ឋ​ធានី​វ៉ាស៊ីងតោន ប្រធាន​ចលនា​និស្សិត លោក ទូច វិបុល និយាយ​ក្នុង​លិខិត​នោះ​ថា ឃាតកម្ម​លើ​លោក កែម ឡី កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ តុលាការ​មិនទាន់​វែកមុខ​ឃាតករ​ពិត និង​អ្នក​ពាក់ព័ន្ធ​យក​ទៅ​ផ្តន្ទា​ទោស​នៅឡើយ​ទេ ក្រៅពី​ចោទប្រកាន់​បុរស​ម្នាក់​ឈ្មោះ អឿត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់។ លោក ទូច វិបុល បាន​ចាត់ទុក​បុរស​រូប​នេះ​ថា​ជា​ឃាតករ​«សិប្បនិម្មិត»នៅក្នុង​សំណុំរឿង​ឃាតកម្ម​មួយ​នេះ។

បុរស​ឈ្មោះ អឿត អាង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅ​ថ្ងៃកើត​ហេតុ ហើយ​តុលាការ​រាជធានី​ភ្នំពេញ​ បានសម្រេច​ផ្តន្ទា​ទោស​ឱ្យជាប់ពន្ធ​នា​គារ​អស់មួយជីវិត។

ប៉ុន្តែ ចំណាត់ការ​នេះ ត្រូវ​បាន​អ្នកឃ្លាំមើល​ខ្លះ​ដាក់​ការសង្ស័យ​ថា ឃាតកម្ម​កើតឡើង​កណ្តាល​ទីក្រុង​នោះ មាន​អ្នក​រៀបចំឡើង ព្រោះ​ប៉ុន្មាន​ថ្ងៃមុន​ឃាតកម្ម លោក កែម ឡី បាន​វិភាគ​បន្ថែម​លើ​របាយការណ៍​ស៊ើបអង្កេត​ថ្មី​មួយ​របស់​អង្គការ Global Witness ដែល​ដាក់​ចំណងជើង​ថា «អាណាចក្រ​ជំនួញ​ត្រកូល​ហ៊ុន» ដែល​បាន​ទម្លាយ​ថា ក្រុម​គ្រួសារ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គ្រប់គ្រង​ក្រុម​ហ៊ុន​ធំៗ​ក្នុង​ប្រទេស​ដល់ទៅ១១៤។

លោក ទូច វិបុល និយាយ​ទៀត​ថា ដើម្បី​ជម្រះ​មន្ទិលសង្ស័យ​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ និង​ដើម្បី​ស្តារ​មុខមាត់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ឡើងវិញ តុលាការ​ត្រូវ​មាន​សេចក្តី​ក្លាហាន​បង្ហាញ​អង្គ​ចងចាំ​នៃ​ប្រព័ន្ធ​កា​ម៉េ​រា​សុវត្ថិភាព​នៅ​ស្តារ​ម៉ា​តស្តុ​បបូ​កគោ​ ស្ថិតក្នុង​ខណ្ឌចំការមន​ ដែល​ជា​កន្លែង​ឃាតករ​បាញ់សម្លាប់​លោក កែម ឡី នោះ ឱ្យសា​ធារ​ណជន​ជឿ​ទុកចិត្ត។

ប្រធាន​ចលនា​និស្សិត​រូប​នេះ ទទូច​ផង​ដែរឱ្យ​តុលាការ​បើក​ការស៊ើបអង្កេត​ឡើងវិញ​សំណុំរឿង​ឃាតកម្ម ១៩នាក់​ទៀត មាន​ឃាតកម្ម​លើ​អតីត​អ្នកនយោបាយ​គាំទ្រ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច (FUNCINPEC​) មាន​លោក ហូ សុខ និង​លោក ចៅ សម្បត្តិ ឃាតកម្ម​លើ​តារា​សម្ដែង​ អ្នកស្រី ពិសិដ្ឋ ពីលី​កា ឃាតកម្ម​លើ​ព្រះសង្ឃ សំ ប៊ុ​នធឿន ឃាតកម្ម​លើ​មេ​សហជីព​ លោក ជា វិជ្ជា ឃាតកម្ម​លើស​កម្ម​ជន​បរិស្ថាន​ លោក ឈុត វុទ្ធី និង​ឃាតកម្ម​លើ​អ្នកកាសែត​ លោក ឃឹម សំបូរ ជាដើម។

ប្រធាន​ក្រុមប្រឹក្សា​ចលនា​នេះ លោក ម៉ែ​ន ណាត ឱ្យដឹង​បន្ថែម​ថា វា​មាន​សារសំខាន់ បើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​អាច​ស៊ើបអង្កេត​សំណុំរឿង​ឃាតកម្ម​ទាំងនោះ​ឡើងវិញ ហើយ​ផ្តល់​យុត្តិធម៌​ដល់​គ្រួសារ​ជនរងគ្រោះ និង​ទប់ស្កាត់​បទឧក្រិដ្ឋ​ផង​ដែរ។

លោក ម៉ែ​ន ណាត ប្រាប់​ថា៖ «យើង​និយាយ​បាន​ថា​ ការ​សម្លាប់​ទាំងអស់​នេះ​ជា​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​ផង ជា​បទឧក្រិដ្ឋ​ប្រឆាំង​សង្គ្រាម​ផង​ក្នុង​ព្រឹត្តិការ​ណ៍ឆ្នាំ១៩៩៧។ អ៊ីចឹង​ទេ រដ្ឋាភិបាល ហ៊ុន សែន និង​តុលាការ​ ត្រូវតែ​បើក​ការស៊ើបអង្កេត​ឡើងវិញ​ដែរ ព្រោះថា ​រឿង​ហ្នឹង​វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ ហើយ​វា​ជា​គំរូ​អាក្រក់​ដែល​បិទ​ការស៊ើបអង្កេត​ទៅលើ​ប្រព័ន្ធ​ផ្លូវច្បាប់»។

វី​អូ​ឌី​បាន​ស្វែងរក​ការ​បកស្រាយ​តាម​បណ្ដាញ​តេឡេក្រាម​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង ដើម្បី​សាកសួរ​អំពី​ករណី​ឃាតកម្ម​ទាំងនេះ​ផង​ដែរ ប៉ុន្តែ លោក​ពុំ​បាន​ឆ្លើយតប​នោះ​ឡើយ​រហូត​មកដល់​ល្ងាច​ថ្ងៃនេះ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ​លោក ជិន ម៉ា​លីន និយាយ​ថា សេចក្តី​ថ្លែងការណ៍​នោះ​មាន​ចេតនា​វាយ​ប្រហាររ​ដ្ឋា​ភិបាល​ បម្រើ​ផលប្រយោជន៍​ឱ្យក្រុមប្រឆាំង មិន​ឆ្លុះបញ្ចាំង​ពី​ការ​ខំប្រឹង​ប្រែង​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ទេ។

លោក ជិន ម៉ា​លីន ប្រាប់​ថា៖ «ក្រសួង​យល់ថា សេចក្តី​ថ្លែងការណ៍​ហ្នឹង​ជា​អាជីវកម្ម​នយោបាយ សម្រាប់​ក្រសួង​គេ​បំពេញភារកិច្ច​ទៅតាម​នីតិវិធី​ច្បាប់​ដែល​មាន​ជាធរមាន​រួចអស់ហើយ»។

ភរិយា​លោក កែម ឡី គឺ​អ្នកស្រី ប៊ូ​ រចនា និង​កូនប្រុស​ទាំង ៥របស់​គាត់​ដែល​ភៀសខ្លួន​ទៅ​រស់នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​នោះ និយាយ​ថា អ្នកស្រី​នៅតែ​បន្ត​ស្វែងរក​យុត្តិធម៌​ដល់​ស្វាមី​របស់​អ្នកស្រី​ដដែល ប៉ុន្តែ អ្នកស្រី​ថា គ្មាន​ជំនឿ​ទៅលើ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​នោះ​ទេ។

អ្នកស្រី ប៊ូ រចនា ប្រាប់​ថា៖ «របប​នេះ​យើង​ដឹង​ស្រាប់ហើយ សទៅ​ជា​ខ្មៅ ខ្មៅ​ទៅ​ជាស យើង​គ្មាន​សង្ឃឹមថានឹង​រក​យុត្តិធម៌​ឱ្យយើង​ទេ ពី​ព្រោះ​គាត់​ចាប់បាន​តែ​ឃាតករ​ដែល​យើង​​គិតថា​ជា​ឃាតករ​សិប្ប​និម្មិត គឺ​រឿង​ហ្នឹង​វា​បញ្ជាក់​ឱ្យ​ច្បាស់​អ៊ីចឹង​ថា យើង​គ្មាន​សង្ឃឹម​ទទួល​បាន​យុត្តិធម៌​ទេ បើ​គ្មាន​ការ​ផ្លាស់​ប្តូរ»។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី និយាយ​ថា តាម​រ​បាយ​ការណ៍​នានា កម្ពុជា​មាន​នីតិរដ្ឋ​ទាប បើ​ធៀប​ទៅ​នឹង​បណ្តា​ប្រទេស​មួយចំនួន​កំពុង​អភិវឌ្ឍន៍​ដូចគ្នា។

អ្នកឃ្លាំមើល​រូប​នេះ ផ្តល់​ជា​យោបល់​ថា វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ​ឡើងវិញ ព្រោះថា ប្រទេស​ដែល​មាន​នីតិរដ្ឋ​រឹងមាំ វា​បាន​ធានា​ទាំង​ស្ថិរភាព​នយោបាយ និង​ទាក់ទាញ​អ្នក​វិ​និ​យោ​គធំៗ​ក្នុង​ការជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច និង​ស្តារ​ជីវភាព​ប្រជាពលរដ្ឋ។

លោក ប៉ិច ពិសី ប្រាប់​ថា៖ «ប្រព័ន្ធ​តុលាការ​ជា​ស្ថាប័ន​មួយ​អាច​ធានា​នូវ​ទំនុកចិត្ត​ពីសា​ធារ​ណជន ប្រជាពលរដ្ឋ និងអ្នកវិនិយោគ ប្រសិនបើ​យើង​អាច​ពង្រឹង​នីតិរដ្ឋ​ឱ្យមាន​តម្លាភាព​ផ្តល់​យុត្តិធម៌​បាន អាច​បង្ក​លទ្ធភាព​ឱ្យមានការ​ជឿជាក់​លើ​ការ​វិ​និ​យោ​គផ្សេង​ៗដែល​ជួយ​ជំរុញ​ដល់​ការលូតលាស់​សេដ្ឋកិច្ច​របស់​យើង»។

របាយការណ៍​វាយតម្លៃ​សន្ទស្សន៍​នីតិរដ្ឋ​ចេញ​ដោយ​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក​នៅដើម​ឆ្នាំ២០២០នេះ បាន​បង្ហាញថា កម្ពុជា​មាន​សន្ទស្សន៍​នីតិរដ្ឋ​ទាប​ស្ថិតនៅ​លំដាប់ថ្នាក់១២៧ នៅក្នុងចំណោម​ប្រទេស និង​ដែនដី​សរុប ១២៨ នៅ​ទូទាំង​ពិភពលោក ពោល​គឺ​កម្ពុជា​ប្រសើរ​ជាង​ប្រទេស​វេ​ណេហ៊្សុយ​អេ​ឡា​តែមួយ​ប៉ុណ្ណោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ