វិភាគ៖ ភាព​ជា​​គំរូ​​របស់​​លោក​ កែម​ ឡី​ ក្នុង​នាម​​ជា​​បញ្ញ​វន្ត​​

លោក កែម ឡី ផ្ដល់បទសម្ភាសន៍មួយដល់អ្នកកាសែត កាលពីឆ្នាំ២០១៣។ (ហ៊ី ឆាយ)

បញ្ញវន្ត​ជើងចាស់​មួយ​រូប​ដែល​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​កិច្ចការ​សង្គម លោក ឡៅ ម៉ុង​ហៃ បាន​ហៅ​លោក កែម ឡី​ ថាជា​«អធិរាជ​នៃ​ការពិត» ដែល​បាន​វិភាគ​វែកញែក​រាល់​បញ្ហា​សង្គម ដែល​អ្នក​ផ្សេង​មិនដឹង ឬដឹង​ហើយ​មិន​ហ៊ាន​និយាយ ប្រាប់​ទៅ​មហាជន​ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ​ឡើយ។

ក្រៅពី​លោក​ ឡៅ ម៉ុង​ហៃ ក៏​មាន​សាធារណជន​ផ្សេងទៀតបានឱ្យ​ងារ​លោក កែម ឡី ផ្សេង​ៗគ្នា​ដែរ ដូចជា បុរស​សម្តី​មាស លោកគ្រូធំអ្នក​រូត​វាំងនន​បង្ហាញ​ការពិត​នៃ​សង្គម ជាដើម។

ចាប់តាំងពី​អំឡុង​ឆ្នាំ២០១០ ពេល​ដែល​លោក កែម ឡី វិភាគ​វែកញែក​បញ្ហា​សង្គម​តាមប្រព័ន្ធ ផ្សព្វផ្សាយ​នានា​នោះ លោក​បាន​ស្រាវជ្រាវ បាន​បង្ហាញ​ច្រើន​ពីបញ្ហា និងដំណោះស្រាយ​លើ ដំណើរការ​អភិវឌ្ឍន៍​ប្រទេស។ ជុំវិញ​ការអភិវឌ្ឍ លោកលើកឡើង​ថា ត្រូវ​មានច្បាប់​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​កុំឱ្យ​មាន​គ្រោះថ្នាក់។

លោក កែម ឡី៖ «ក្នុង​ប្រទេស​មួយ​ដែល​មិន​មានច្បាប់​គ្រប់គ្រាន់ មិន​មានការ​បង្ក​បរិយាកាស​វិនិយោគ​បាន​ត្រឹមត្រូវ គឺ​ការ​វិនិយោគ​វា​បានផល​រីកចម្រើន ប៉ុន្តែ​ ផល​ដែល​បាន​ពី​ការអភិវឌ្ឍ វា​រត់​ទៅ​រក​ផ្លូវ​មួយ​មាន​គ្រោះថ្នាក់។ ផ្លូវ​មាន​គ្រោះថ្នាក់ ​ខ្ញុំ​ចង់​សំដៅលើ​វិសមភាព​សេដ្ឋកិច្ច វិសមភាព​សេដ្ឋកិច្ចចង់សំដៅលើ​អ្នកមាន​គឺ​មាន​ដាច់​ច្រើន អ្នក​ក្រកាន់តែច្រើន ហើយគម្លាត​អ្នកក្រ និងអ្នកមាន​កាន់តែ​ខ្លាំង។»

លោក កែម ឡី មិនមែន​គ្រាន់តែ​វិភាគវែកញែក​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ុណ្ណោះទេ លោកក៏តែងតែ​ចូលរួម​ផ្ទាល់​ផង​ដែរ​ ដូចជា សកម្មភាព​ការពារ​បរិស្ថាន ការពារ​ធនធាន​ធម្មជាតិ និង​ការ លើកស្ទួយ​សិទ្ធិមនុស្ស​ជាដើម រហូតដល់​មាន​ក្រុម​ខ្លះ​ហៅ​លោក​ថា ជា​បណ្ឌិត​ដើរ​លើ​ដី មិនមែន​ជា​បណ្ឌិត​នៅតែ​ក្នុង​ការិយាល័យ​នោះ​ទេ។ ពេល​ដែល​ឃាតករ​បាញ់សម្លាប់​លោក​ក្នុង​ឆ្នាំ២០១៦ គឺ​ពេលនោះ​លោក​កំពុងតែ​ដំណើរការ​ស្រាវជ្រាវ​បញ្ហា​នៅ​តាម​ព្រំដែន គឺ​លោក​ទៅ​ស្នាក់នៅ​តាម​ភូមិ​ជាមួយ​ពលរដ្ឋដើម្បីស្រាវជ្រាវ ដែល​លោក​ហៅថា «បេសកកម្ម១០០រាត្រី»

ត្បិត​តែ​មានការ​ចោទ​ប្រកាន់​ផ្សេង​ៗ ដោយក្រុម​ខ្លះ​ថា លោកធ្វើ​កិច្ចការឱ្យ​បក្ស​ប្រឆាំង ក្រុម​ខ្លះ​ថា លោក​ធ្វើសកម្មភាព​បំបែក​បក្ស​ប្រឆាំង​ក៏ដោយ ប៉ុន្តែ​លោក កែម ឡី នៅតែបន្ត​បេសកកម្ម​របស់​លោក ដោយ​ពន្យល់​ពលរដ្ឋ​ឱ្យ​មានការ​យល់ដឹង​កើនឡើង និងស្វែងរក​វិធី​សាស្រ្ត​សម្រាប់​ការដឹកនាំ​ប្រទេស​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។

ចំណេះ​ជំនាញ​ដែល​លោក​បាន​ស្រាវជ្រាវ​ដឹង ក្រៅពី​វិភាគ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក​ក៏បាន រៀបចំ​គំនិត​ទាំងនោះ​ផ្តល់​ទៅ​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់អំណាច​ដូចគ្នា​ដែរ។ ដំណោះស្រាយ​មួយពាក់ព័ន្ធ​កុំឱ្យ​មានការ​សងសឹក​នយោបាយ លោក កែម ឡី ធ្លាប់​ជំរុញឱ្យ​មានការ​បង្កើត​ច្បាប់​ការពារ​ថ្នាក់ដឹកនាំ ទាំង​សុវត្ថិភាព និង​ជីវភាព​ពេល​អស់ពី​តំណែង។

លោក កែម ឡី៖ «បើ​យើង​រៀប​ច្បាប់​មួយ​ស្តី​ពី​ច្បាប់​គាំពារអ្នក​ដែល​ចុះចេញ​ពី​តំណែង ​ពេល​ដែល​គាត់​លាលែង​ពី​តំណេ​ង ឬលាលែង​ពី​តំណែង​ពេល​ធ្វើ​អី​ខុសហើយ​ត្រូវ​ទទួលខុសត្រូវ។ ទី២ ពេល​ដែល​គា​ត់ចាញ់ឆ្នោត។ ​ទី៣ ពេល​ដែល​គាត់​បាត់បង់​សមត្ថភាព ជួន​ពេល​កំពុង​បំពេញការងារ​បាត់បង់​សមត្ថភាព គាត់​ត្រូវ​ចុះចេញ​ពី​តំណែង​ក្នុង​ប្រការ​ណាមួយ កន្លែង​ហ្នឹង​ត្រូវ​រៀប​ចំ។»

ខ្លឹមសារ​វិភាគ​វែកញែក​នានាត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ឡើងវិញ ខណៈ​ខួប ៤ឆ្នាំ​នៃ​ឃាតកម្ម​សម្លាប់​លោក កែម ឡី កាន់តែ​ខិត​ជិត​ចូល​មកដល់។ ក្រុម​ខ្លះ​ធ្វើសកម្មភាព​ជា​លក្ខណៈ​ស្ថាប័ន ហើយ​ក្រុម​ខ្លះទៀត​ធ្វើសកម្មភាព​ជា​លក្ខណៈ​បុគ្គល​ក្នុង​ការ​រំឭក​ពី​ការ​លះបង់​របស់​លោក កែម ឡី។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បាន​រៀបចំ​កម្មវិធី​ឱ្យ​មានការ​ឆ្លើយសំណួរពាក់ព័ន្ធ​លោក កែម ឡី ដើម្បី​ផ្តល់​ជា​រង្វាន់។ ចំណែក​សមាគម​មូលនិធិ ​កែម ឡី ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​ពិធីបុណ្យ​រំឭក​ខួប​លោក កែម ឡី នៅ​ស្តុ​បស្តា​ម៉ាត​បូកគោ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែកក្កដា ​ឆ្នាំ២០២០

លោក កែម ឡី ជា​បញ្ញវន្ត​មួយ​រូប​ស្ថិតនៅ​ក្នុងចិត្ត​របស់​មហាជន ដោយមាន​ការ​តែង​ជា​ចម្រៀង កំណាព្យ ឬសរសេរ​សៀវភៅ​រៀបរាប់​ពី​លោក កែម ឡី។ លើស​ពីនេះ ក៏​មានការ​ធ្វើជា​រូបសំណាក​របស់​លោក ដើម្បី​ជា​ការ​រំឭក​ដល់​គុណសម្បត្តិ​របស់លោក​ផង​ដែរ។

តួនាទី​របស់​បញ្ញវន្ត ​គឺ​​និយាយ​ការពិត ដើម្បី​លុបបំបាត់​ការកុហក​បោកប្រាស់​នានា​នៅក្នុង​សង្គម។ នេះ​ជា​ការ​លើកឡើង​របស់​អ្នក​ទស្សនវិជ្ជា​ជនជាតិ​អាមេរិក​ លោក Noam Chomsky

ចំពោះ​លោក កែម ឡី លោកធ្លាប់​ជំរុញ​ឱ្យ​បញ្ញវន្ត​ថា​ «និយាយ​ការពិត កុំ​និយាយ​ការពារ» «បើ​យើង​ដឹង​ហើយ​មិន​ធ្វើ ទុក​ឱ្យ​អ្នកណា​ធ្វើ?» ជា​ដើម​។

អ្នក​ទស្សនវិជ្ជា​ល្បីល្បាញ​លើ​ពិភពលោក គឺ​លោក Plato និង Aristotle លើកឡើង​ថា បញ្ញវន្ត​ដើរតួ​នាទី​សំខាន់ណាស់​នៅក្នុង​សង្គម ​ក្នុង​ការស្រាវជ្រាវ និង​ផ្តល់​គំនិត​ដល់​រដ្ឋាភិបាល។ 

ក្នុង​ការសិក្សា​ស្រាវជ្រាវ​មួយ​របស់ Global Research ស្តី​ពី​តួនាទី​របស់​បញ្ញវន្ត​នៅក្នុង​សតវត្សរ៍​ទី២១ បញ្ញវន្ត​មាន​តួនាទី​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម និង​ដំណោះស្រាយ ហើយ​យក​ទៅ​បង្ហាត់បង្ហាញ​តាម​សាលារៀន វេទិកា​នានា កម្ម​វី​ធី​វិទ្យុ ទូរទស្សន៍ ឬសរសេរជា​សៀវភៅ​ជាដើម។

បើ​និយាយ​ពី​បណ្ឌិត​បញ្ញវន្ត​នៅ​កម្ពុជា ​ក៏​មាន​ចំនួន​មិន​តិច​ទេដែល​បាន​បញ្ចប់​ថ្នាក់​កម្រិត​ឧត្តម​សិក្សា​រៀងរាល់​ឆ្នាំ រហូតដល់​កាលពី​ចុងឆ្នាំ២០១៩ លោកនាយក​រដ្ឋមន្ត្រី​លើកឡើងពី​ក្តី​បារម្ភ​ករណី​អ្នកទទួល​ងារ​ជា​បណ្ឌិត តែ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់។ ជុំវិញ​ករណីនេះ ក៏​មានការ​លើកឡើង​ពី​ក្រុម​បណ្ឌិត​មួយ​ក្រុម​ពី​ផែនការ​ស្រាវជ្រាវ​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​អ្នកទទួល​បាន​ងារ​ជា​បណ្ឌិត​ផង​ដែរ។

បើ​ទោះជា​កម្ពុជា​មាន​បណ្ឌិត​បញ្ញវន្ត​ច្រើន ប៉ុន្តែ ​បញ្ហា​ធំៗ​របស់​សង្គម ដូចជា អយុត្តិធម៌​សង្គម គ្រឿងញៀន បរិស្ថាន​ ជាដើម ​គឺ​មិនសូវ​សម្បូរបណ្ឌិត ឬបញ្ញវន្តចេញ​និយាយ​វែកញែក​ពន្យល់​ពលរដ្ឋ​នោះ​ទេ។

ដោយសារ​បរិបទ​ដែល​មើលឃើញ​ថា បណ្ឌិត​បញ្ញវន្ត​មិនសូវ​សកម្ម​ចេញមុខក្នុង​ការ​ពន្យល់​សាធារណជន​ពី​អ្វី​ដែល​ខ្លួន​បាន​រៀនសូត្រ បាន​ស្រាវជ្រាវ ឬបាន​ចេះដឹង​នោះ ទើប​លោក Albert Einstein បាន​ពោល​ថា ​«ពិភពលោក​នេះ មិន​ត្រូវ​បាន​បំផ្លាញ​ដោយ​ពួក​មនុស្ស​អាក្រក់​តែឯង​នោះ​ទេ តែ​ក៏ដោយ​សារ​ពួក​មនុស្ស​ល្អ ដែល​ពួក​គេ​បាន​ឈរ​ឱបដៃ​មើល»

នៅក្នុង​ពិភពលោក ឬសង្គម​មួយ ពេល​ដែល​រង​ការបំផ្លាញ មិនមែន​គ្រោះថ្នាក់​តែមនុស្ស​ដែល​ទទួលការ​អប់រំ​តិច​នោះ​ទេ ​គឺ​រួមទាំ​ងបញ្ញវន្ត និង​កូនចៅ​របស់​ពួក​គេ​ក៏​រងគ្រោះ​ដែរ​ ដូច​ករណី​សម័យ​ខ្មែរក្រហម ក្រុម​នាយទុន ​និងបញ្ញវន្ត ក្លាយជា​ក្រុម​គោលដៅ​ដែល​ត្រូវ​សម្លាប់ ហើយ​បើ​មើលក្នុង​ស្ថានភាព​សង្គ្រាមលោក​លើក​ទី១ និង​លើក​ទី២ គឺ​គ្រោះថ្នាក់​ក៏​កើតមាន​លើ​មនុស្ស​គ្រប់គ្នា​មិន​ប្រកាន់ឋានៈ តួនាទី ឬជីវភាព​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ